
ផ្សារសាលាលេខ ៥ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានបើកដំណើរការឡើងវិញ ក្រោយពីបិទខ្ទប់បង្ការការឆ្លងកូវីដ ១៩។ រូបថត សហការី
ភ្នំពេញ៖ ផ្សារសាលាលេខ ៥ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង និងភូមិរកាធំ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ត្រូវបានបើកដំណើរការចេញចូលឡើងវិញ ចាប់ពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ នេះតទៅ បន្ទាប់ពីទីតាំងទាំងពីរនេះបានធ្វើការបិទជាបណ្តោះអាសន្នកាលពីចុងខែមេសា កន្លងមកនេះ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានប្រកាសសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារសាលាលេខ ៥ ដែលស្ថិតក្នុងភូមិសាស្ត្រភូមិសាលាលេខ ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកបានឱ្យដឹងថា៖ «ការឱ្យបើកដំណើរការឡើងវិញនូវផ្សារសាលាលេខ ៥ នេះ នឹងចាប់ផ្តើមពីថ្ងៃទី ១០ នេះតទៅ ប៉ុន្តែប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ ត្រូវបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលគឺ ៣ ការពារ ៣ កុំ ឱ្យបានខ្ជាប់ខ្ជួន»។
ដោយឡែក លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំក៏បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិរកាធំ ដែលស្ថិតក្នុងឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ចាប់ពីថ្ងៃទី ១០ ខែឧសភា តទៅដែរ។
លោកបានលើកឡើងថា៖ «ទន្ទឹមនឹងការបញ្ចប់បិទខ្ទប់ភូមិនេះក៏ដោយ ក៏ត្រូវអនុវត្តឲ្យបានហ្មត់ចត់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ៣ ការពារ និង ៣ កុំ និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ»។
គួរបញ្ជាក់ផងដែរថា ផ្សារសាលាលេខ ៥ នេះ ត្រូវបានសម្រេចបិទជាបណ្តោះអាសន្នកាលពីថ្ងៃទី ២៤ ខែមេសា និងការបិទខ្ទប់ភូមិរកាធំ កាលពីថ្ងៃទី ២៧ ខែ មសា ឆ្នាំ ២០២១ កន្លងមកនេះ ដោយសារមានករណីអ្នកវិជ្ជមានវីរុសកូវីដ ១៩៕