ភ្នំពេញៈ ឪពុកម្តាយ ឬ អាណាព្យាបាល ដែល​មាន​កូនៗ​ធ្លាក់ខ្លួន​ក្នុង​ផ្លូវ​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន បង្ហាញ​ក្តី​ព្រួយបារម្ភ​ខ្លាំង ខណៈ​ដែល​បញ្ហា​គ្រឿងញៀន បាននិង​កំពុង​រីករាលដាល​កាន់តែ​ខ្លាំង​នៅតាម​ទីជនបទ ស្រុកស្រែ​ចម្ការ ដែល​បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ដោយ​ពួកគេ​ទាមទារ​ឲ្យ​មាន​ការទប់ស្កាត់​ជាបន្ទាន់​។

អ្នកស្រី ព្រំ រ៉ា គឺជា​ម្តាយ​មួយរូប​ដែល​ត្រូវ​ទទួល​រ៉ាប់រង​បន្ទុក​ទាំងស្រុង​នៅក្នុង​គ្រួសារ ខណៈ​កូនប្រុស​របស់​អ្នកស្រី​បាន​ធ្លាក់ខ្លួន​តាម​ការអូសទាញ​ពី​ក្រុម​មិត្តភក្តិ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​។ ក្នុង​អំឡុងពេល​មក​សួរសុខទុក្ខ​កូនប្រុស​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​អ្នកញៀន​គ្រឿងញៀន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ អ្នកស្រី​ ព្រំ រ៉ា បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា កូនប្រុស​អ្នកស្រី​បាន​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ម្តងហើយ​ម្តងទៀត បើទោះបី​ជា​បាន​យក​មក​ព្យាបាល​ជាច្រើន​ដង​ហើយ​ក៏ដោយ​។

ស្ត្រី​សម្បុរ​ស្រអែម វ័យ​ ៦១ ​ឆ្នាំ​រូបនេះ​បាន​បន្ទោស​ទៅលើ​មជ្ឈដ្ឋាន​ទូទៅ​នៅក្នុង​សហគមន៍​ដែល​ពោរពេញ​ទៅដោយ​អ្នកប្រើប្រាស់​គ្រឿងញៀន ហើយ​ការចរាចរ​គ្រឿងញៀន​នៅក្នុង​សហគមន៍​ក៏មាន​យ៉ាង​អនាធិបតេយ្យ ដោយ​អាច​រក​ទិញ​បាន​នៅ​គ្រប់​ទីកន្លែង​។


មិន​បង្អង់​យូរ អ្នកស្រី ព្រំ រ៉ា ក៏​បាន​បន្លឺសំឡេង​ខ្លាំង​បន្តិច ដោយ​និយាយ​ថា​៖ «​វា​រញ៉េរញ៉ៃ​មែនទែន ពពាក់ពពូន​គ្នា​ពេញ​ហ្នឹង ជក់​ពេញ​ភូមិ​ហ្នឹង​។ ជាពិសេស ក្មេងៗ ប្រើ​គ្រឿងញៀន​ឡើង​ពេញ​ហ្នឹង បើ​គាត់​រកទិញ (​គ្រឿងញៀន​) ​ស្រួល​យ៉ាងហ្នឹង​។ ខ្ញុំ​បារម្ភ​ណាស់ បារម្ភ​កូន​ខ្ញុំ ចេញ​មក​នៅ​តែ​ប្រព្រឹត្ត​ដដែល​ជា​ដដែល​ទៀត បើ​យ៉ាងហ្នឹង​»​។

ស្រដៀង​គ្នា​នេះដែរ អ្នកស្រី អ៊ឹម សាវាត អាយុ​ ៧៣ ​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ព្រែកកាត់ សង្កាត់​តាក្តុល ខេត្តកណ្តាល បាន​និយាយថា សហគមន៍​អ្នកស្រី​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។ ការចរាចរ​គ្រឿងញៀន ចេះតែ​មាន​ភាពទូលាយ​ទៅៗ ហើយ​ការអូសទាញ​របស់​ក្រុម​ជនទុច្ចរិត​ឲ្យ​ងាក​មករក​គ្រឿងញៀន​ក៏​រឹតតែ​សម្បូរបែប ដែល​ធ្វើឲ្យ​ក្មេងៗ ងាយ​ធ្លាក់ខ្លួន​កាន់តែខ្លាំង​ឡើង​។


អំឡុងពេល​កូនប្រុស​ធ្លាក់​ខ្លួន​ចូលក្នុង​អន្ទាក់​នៃ​គ្រឿងញៀន អ្នកស្រី សាវាត បាន​រងទុក្ខ​ឈឺចិត្ត និង​ខាតបង់​ថវិកា​ជាច្រើន ព្រោះ​នៅពេល​ដែល​កូនប្រុស​ត្រូវការ​ប្រើប្រាស់​គ្រឿងញៀន គឺ​គាត់​ហាក់​ដូចជា​មនុស្ស​ម្នាក់ ដែល​បាត់បង់​ស្មារតី និង​មិន​អាចធ្វើ​ការរកស៊ី​ជួយ​ការងារ​អ្វី​បាន​នោះទេ​។

ដោយហេតុ​តែ​បារម្ភ​ពី​ស្ថានភាព​កូន អ្នកស្រី សាវាត មិន​បង្អង់​យូរ​ដោយ​បាន​បញ្ជូន​កូនប្រុស​របស់ខ្លួន​មក​ព្យាបាល​ដើម្បី​បន្សាប​គ្រឿងញៀន​នៅ​មណ្ឌល​អប់រំ​មួយកន្លែង​។ អ្នកស្រី រំពឹងថា កូនប្រុស​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មាន​ស្មារតី​ធម្មតា​ដូចដើម​វិញ ហើយនឹង​លែង​បារម្ភ​បន្តទៀត បើ​ស្ថានភាព​ក្នុង​សហគមន៍ ក៏ត្រូវ​បាន​ទប់ស្កាត់​ជុំវិញ​ការរីក​សាយភាយ​គ្រឿងញៀន​ដ៏​ខ្លាំងក្លា​នេះ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​សូម​ឲ្យ​រដ្ឋាភិបាល​បិទ​ការចរាចរ​គ្រឿងញៀន​ហ្នឹង​ឲ្យ​អស់ កុំ​ឲ្យ​មាន​អ៊ីចឹង​ទៀត​ឲ្យ​សង្គម​នេះ​ល្អ​ទៅមុខ​។ ព្រោះ​បើ​មិន​អ៊ីចឹង​ទេ កូន​ខ្មែរ​ខូច​ស្ទើរ​ ១០០ ​ភាគរយ បើទោះជា​កូន​អ្នក​ល្អជា​ប៉ុនណា ក៏​វង្វេង​ជាមួយ​គ្រឿងញៀន​អស់​ដែរ តាមរយៈ​ការអូសទាញ​ពី​សង្គម​ដែល​ពោរពេញ​ដោយ​គ្រឿងញៀន​នេះ​»​។

ហួស​ឆ្ងាយ​ពី​ស្ថានភាព​ដែល​អ្នកស្រី សាវាត ជួបប្រទះ​ក្នុង​ខេត្តកណ្តាល សម្រាប់​អ្នកស្រី វ៉ាន់ ធី ដែល​ត្រូវជា​ម្តាយកូន​ប្រុស​ស្រី​តូចៗ​ចំនួន​ ២ ​នាក់​ ដែល​កំពុង​រស់នៅក្នុង​ឃុំ​វាលរេញ ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ​បាន​និយាយថា ក្នុង​នាម​ជា​ម្តាយ នៅពេល​ឃើញ​ស្ថានភាព​ផ្ទាល់​ភ្នែក​ពី​ការរីកសាយភាយ​គ្រឿងញៀន​កាន់តែ​ខ្លាំង​ក្នុង​សហគមន៍ ពិតជា​បារម្ភ​។ ការបារម្ភ​របស់​អ្នកស្រី ព្រោះថា នៅពេល​ដែល​កូនៗ​របស់ខ្លួន​ធំធាត់​ឡើង​ក៏​អាច​នឹង​ធ្លាក់ខ្លួន​ជា​ទាសករ​នៃ​គ្រឿងញៀន​នេះដែរ​។

អ្នកស្រី​បាន​បង្ហាញ​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​ថា​៖ «​ពីមុន ទោះ​យើង​មាន​ប្រាក់ ក៏​យើង​ពិបាក​រក​ដែរ ប៉ុន្តែ​ពេលនេះ​ឲ្យ​តែ​មាន​ប្រាក់ គឺ​ទិញ​គ្រឿងញៀន​ស្រួល​តែម្តង​ឲ្យ​តែ​ថា​មាន​លុយ គឺ​រក​ទិញ​បាន​គ្រប់កន្លែង​។ ការលក់​គ្រឿងញៀន​នេះ គឺ​ដូច​លក់​ស្ករគ្រាប់​អ៊ីចឹង​»​។

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពី​ហិង្សា​លើ​ស្ត្រី ឆ្នាំ​ ២០១៩-២០២៣ កាលពី​ថ្ងៃទី​ ១៩ ខែមករា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏បាន​លើកឡើង​ពី​ក្តីបារម្ភ​ជុំវិញ​បញ្ហា គ្រឿងញៀន ដែល​វា​ស្ថិតក្នុង​កម្មវិធី​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព​ក្នុង​ការអនុវត្ត​នាពេល​កន្លងទៅ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ការទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គឺ​ទទួលបាន​លទ្ធផល​ច្រើន ហើយ​ចំនួន​ចាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន និង​វត្ថុតាង​គ្រឿងញៀន​មក​ដាក់ទោស​ក៏បាន​កាន់តែ​ច្រើន​ដែរ​។ ប៉ុន្ដែ​ស្ថានភាព​នៃ​ការរីក​រាលដាល​ចូល​សហគមន៍ គឺ​មិនទាន់​ធូរស្រាល​នោះទេ​។

លោក ស ខេង បញ្ជាក់​ថា​៖ «​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ ឆ្នាំ​ ២០១០-២០២០ គឺ​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ ភូមិ-ឃុំ​មាន​សុវត្ថិភាព​នេះ​គឺ​ទទួលបាន​ជោគជ័យ​ធំណាស់​។ ប៉ុន្ដែ​ទោះបី​យ៉ាង​ណា យើង​ឃើញ​ថា នៅមាន​បញ្ហា​ខ្លះ​ដែល​នៅតែ​ជា​បញ្ហា ហើយ​អាច​ធំ​ជាង​ពី​មុន​ថែមទៀត ឧទាហរណ៍​បញ្ហា​គ្រឿងញៀន ដោយសារ​ទីផ្សារ​គ្រឿងញៀន វា​រីករាលដាល​ធំ​»​។

កាលពី​ឆ្នាំ​ ២០១៩ សមត្ថកិច្ច បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត​ ១ ​ម៉ឺន​ករណី​ដោយ​មាន​ការកើនឡើង​ជាង​ ២២ ​ភាគរយ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាង​ ២ ​ម៉ឺន​នាក់​កើនឡើង​ជាង​ ២ ​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ចំណែក​ក្នុង​ឆ្នាំ​ ២០២០ ​កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំង​ប្រទេស​ជាង​ ១ ​ម៉ឺន​ករណី ដោយ​ឃាត់​មនុស្ស​ជាង ២ ​ម៉ឺន​នាក់​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្នុង​ ១ ​ឆ្នាំនេះ សមត្ថកិច្ច​ដកហូត​ថ្នាំញៀន និង​សារធាតុញៀន​ផ្សេងទៀត សរុប​ចំនួន​ជាង ៣ ០០០ ​គីឡូក្រាម​។

លោក ហង្ស ពិទូរ នាយកការិយាល័យ​រដ្ឋបាល​មណ្ឌលស្តារនីតិសម្បទា ព្យាបាល អ្នកញៀន​គ្រឿងញៀន ឌីធីអេ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា មាន​ហេតុផល​ច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​យុវជន និង​កុមារ​ចាប់ផ្ដើម​ប្រើប្រាស់​គ្រឿងញៀន ដូចជា ការបង្ខំ​ពី​មិត្តភក្តិ ការប្រើ​តាម​គ្នា ឬ​មាន​គេ​លួច​ដាក់​ឲ្យ​ប្រើ​ដោយ​មិនដឹង​ខ្លួន ហើយ​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ញៀន​។

លោក​បន្តថា គ្រឿងញៀន​បាន​បង្ក​ផលប៉ះពាល់​ជាច្រើន​ចំពោះ​ផ្លូវចិត្ត ផ្លូវកាយ និង​ជះឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ និង​សង្គមជាតិ​ដែល​បង្ក​ឲ្យ​មាន​អំពើ​លួច ឆក់ ប្លន់ និង​ការកាប់សម្លាប់​នៅក្នុង​សហគមន៍​ជាច្រើន​។ លោក​ថា បញ្ហា​គ្រឿងញៀន បើ​កាន់តែ​រីករាលដាល​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ នោះ​ភាពអសន្តិសុខ​ក្នុងសង្គម​ក៏​ពិបាក​គ្រប់គ្រង​ទៅតាម​នោះដែរ​។

បើតាម​លោក ហង្ស ពិទូរ មណ្ឌល​ស្តារនីតិសម្បទា និង​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​របស់​លោក​គឺ​មាន​អ្នកញៀន​គ្រឿងញៀន​មក​ទទួល​ការព្យាបាល​ជិត​ ៤០០ ​នាក់​ ហើយ​តួលេខ​នេះ​ចេះតែ​កើន​ច្រើន​ឡើងៗ ខណៈ​ស្ថានភាព​នៃ​ការប្រើប្រាស់ ចេះតែ​ធ្ងន់ធ្ងរ​ទៅៗ​។ អាណាព្យាបាល ដែល​នាំ​កូនៗ​មក​ព្យាបាល មិន​ត្រឹម​តែ​មាន​នៅក្នុង​ទីប្រជុំជន ឬ​ទីក្រុង​នោះទេ បច្ចុប្បន្ន​តួលេខ​អ្នក​មកពី​តាម​សហគមន៍​ដាច់ស្រយាល​ក៏​មាន​មិនតិច​នោះដែរ​។

លោក​រៀបរាប់ថា​៖ «​កាលពី​មុន យើង​ឃើញ​ថ្នាំញៀន កើត​មាន​តែ​កន្លែង​ទីប្រជុំជន ឬ​កន្លែង អនាធិបតេយ្យ​មួយចំនួន​។ ប៉ុន្តែ​ពេលនេះ ស្រាប់តែ​មានការ​ចែកចាយ និង​ប្រើប្រាស់​យ៉ាង​ហូរហែ មិន​ថា​កន្លែង​ដាច់ស្រយាល​ប៉ុនណា ក៏​មាន​ការចែកចាយ និង​ប្រើប្រាស់​ដែរ​។ បើ​ស្ថានភាព​នៅតែ​បន្ត មិនមាន​ការចុះ​ថមថយ នោះ​ផលប៉ះពាល់​ជា​អវិជ្ជមាន​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើងដល់​សង្គម ជាពិសេស​សុខ​សុវត្ថិភាព​របស់​ក្រុមគ្រួសារ​នីមួយៗ​»​។

ទន្ទឹមនឹង​ការព្រួយបារម្ភ​នេះ​លោក ហង្ស ពិទូរ រំពឹង​ថា រដ្ឋាភិបាល ជាពិសេស​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បង្កើន​ការបង្ក្រាប ទប់ស្កាត់​បន្ថែមទៀត​។ ជាងនេះ​ទៀត​ត្រូវ​ស្វែងរក​មេខ្លោង​ធំ ដែល​នៅ​ពីក្រោយ​ការចរាចរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​យក​មក​ផ្តន្ទាទោស​ឲ្យ​បាន​។ ការពង្រឹង​ទប់ស្កាត់​នៅតាម​សហគមន៍ គឺជា​រឿង​ចាំបាច់ ដើម្បី​ឲ្យ​ប្រាកដ​ថា ក្នុង​សហគមន៍​គ្មាន​ការចរាចរ​គ្រឿងញៀន​៕