ស្ទឹងត្រែងៈ អ្នកភូមិជាជនជាតិដើមភាគតិចព្នង និងយុវជនមកពីភូមិក្បាលរមាស និងស្រែគនៃឃុំក្បាលរមាស ស្រុកសេសានប្រមាណជាង ១០០ នាក់កាលពីម្សិលមិញអះអាងថាពួកគេសុខចិត្តស្លាប់ និងមិនព្រមទទួលយកសំណងជាថ្នូរនឹងការចាកចេញពីភូមិចាស់ជាដាច់ខាត បើទោះបីជាត្រូវប្រឈមនឹងការរស់នៅដោយលិចទឹកក្តី។
ការថ្លែងនេះធ្វើឡើងនៅក្នុងវេទិកាមួយក្រោមប្រធានបទ «ព្រេងនិទាន ទ្រាញ់យ៉ាំង» បកប្រែថារឿងរ៉ាវអំពីដែនដីភាគឦសានខេត្តស្ទឹងត្រែងដើម្បីបង្ហាញពីស្ថានភាពរស់នៅប្រចាំថ្ងៃការប្រមូលផលអនុផលព្រៃឈើ ទន្លេសេសាន និងពលរដ្ឋជនជាតិដើមភាគតិចភាគឦសានរាប់ពាន់នាក់ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម ២។
អ្នកស្រី សារុន សាខុម ពលរដ្ឋភូមិស្រែគថ្លែងថាបញ្ហាក្តៅដែលសហគមន៍កំពុងតែប្រឈមខ្លាំងនោះគឺនយោបាយសំណងដែលក្រុមហ៊ុន និងអាជ្ញាធរបានរៀបចំរួចជាស្រេចដោយអាជ្ញាធរមិនបានបើកឱកាសឲ្យប្រជាសហគមន៍ និងភាគីពាក់ព័ន្ធចូលរួមជជែកពិភាក្សាឲ្យបានពេញលេញក្នុងការរកដំណោះស្រាយពីផលប៉ះពាល់ទាំងនោះ។ «កត្តាជំរុញឲ្យខ្ញុំ និងប្រជាសហគមន៍តាំងចិត្តស៊ូស្លាប់មិនចេញពីដីភូមិនោះព្រោះវាជាដីតាំងពីដូនតាដីដែលស្ថិតនៅតាមដងទន្លេងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ការនេសាទ កសិកម្ម។
អាជ្ញាធរបានឃុបឃិតជាមួយឈ្មួញរៀបចំសំណងជូនពលរដ្ឋដោយគ្មានតម្លាភាពហើយបានគំរាមកំហែងឲ្យពលរដ្ឋត្រូវចាកចេញហើយទទួលយកសំណងដែលបានរៀបចំទុកឲ្យបានមុនឆ្នាំ ២០១៧ ។ ពួកខ្ញុំមិនអាចទទួលយកបានទេ»។
អ្នកស្រី ច្រូ ដាំ អាយុជាង ៤០ ឆ្នាំមកពីភូមិក្បាលរមាសបានលើកឡើងថា ពលរដ្ឋទាំងនេះមិនចង់បានអ្វីក្រៅពីដីភូមិឋានចាស់របស់ខ្លួន និងដីព្រៃរបស់សហគមន៍ដែលធ្លាប់តែអាស្រ័យផលតាំងពីដូនតាមកនោះទេ បើទោះបីជាមានសំណងច្រើនលើសលប់យ៉ាងណាក៏ដោយ។ «ពួកខ្ញុំសូមឲ្យរដ្ឋាភិបាលរកដំណោះស្រាយធ្វើយ៉ាងណាកុំឲ្យមានទឹកលិចភូមិ និងកុំបណ្ដេញពលរដ្ឋជនជាតិដើមភាគតិចចេញពីភូមិចាស់»។
អ្នកស្រី ស្រាំង ឡាញ់ តំណាងសហគមន៍ក្បាលរមាសលើកឡើងថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ មានភាពមិនប្រក្រតីជាច្រើនទាក់ទិននឹងបញ្ហាសំណងការកាប់បំផ្លាញព្រៃឈើលើសពីគម្រោងស្តារបាតអាងទំនប់មានចំនួនរាប់ម៉ឺនហិកតាយ៉ាងអនាធិបតេយ្យ។
លោក ហែម ឧត្តម អ្នកប្រឹក្សាយោបល់ឯករាជ្យថ្លែងថាជនជាតិភាគតិចគឺជាជនជាតិដែលងាយរងគ្រោះជាងគេបង្អស់ដែលស្ថិតនៅក្រោមស្លាកថាអភិវឌ្ឍដូច្នេះបានជាអង្គការសហប្រជាជាតិបានចេញសេចក្ដីប្រកាសមួយស្ដីពីសិទ្ធិជនជាតិដើមភាគតិចដើម្បីជំរុញឲ្យរដ្ឋាភិបាលគោរព និងឲ្យតម្លៃទៅលើពួកគាត់។
លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងថ្លែងថាបញ្ហាដែលពួកគាត់ចង់ទៅរស់នៅកន្លែងចាស់នោះគឺមិនអាចទៅរួចទេ ព្រោះពេលនេះទឹកកំពុងលិចភូមិរបស់ពួកគាត់ ហើយក៏មិនទាន់ដឹងថាពេលណាវាស្រកវិញទេ។
លោកបានបញ្ជាក់ថា៖ «យើងនៅតែរង់ចាំទទួលពួកគាត់មកទទួលសំណងដែលយើងបានផ្ដល់ឲ្យស្មើៗគ្នា»៕