ព្រះសីហនុៈ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ធ្វើ​លិខិត​ទៅ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​សុំ​ឲ្យ​ដោះលែង​ពលរដ្ឋ​ ៤ ​នាក់​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​មុន​ពេល​ដំណើរការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ក្នុង​បំណង​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំគ្នា​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​នៅក្នុង​អំឡុងពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។


យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​ ១៥ ខែ​មិថុនា ឆ្នាំ​ ២០១៨ ចុះ​ហត្ថលេខា​ដោយ​លោក យន្ត មីន ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​៖ «​ពាក់ព័ន្ធ​នឹង​ករណី​នេះ បើ​សិន​ជា​លោកស្រី​ព្រះរាជអាជ្ញា និង​លោក​ប្រធាន​សាលា​ដំបូង​ខេត្ត​អាច​ពិនិត្យ​លទ្ធភាព​ក្នុង​ការឃុំ​ខ្លួន​បណ្ដោះអាសន្ន​ត្រឹម​មុន​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​ ២០១៨ ដែល​ជា​ថ្ងៃ​បើក​យុទ្ធនា​ការបោះឆ្នោត​នោះ​រដ្ឋបាល​ខេត្ត​នឹង​មាន​ភាព​ធូរស្រាល​ក្នុង​ការទទួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​តែងតែ​មក​ទាមទារ​តវ៉ា​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ​ស្ទើរ​រាល់ថ្ងៃ​។ រីឯ​យន្តការ​ផ្លូវ​ច្បាប់​គឺ​នៅ​តែ​បន្ត​តាម​នីតិវិធី​ដដែល​»​។

ពលរដ្ឋ​ទាំង​ ៤ ​រូប​នោះ​មាន​ឈ្មោះ លុច ទូច (​ឡុច ទូច​), កៅ ហេង (​កៅ ចឹក​), ញ៉ាញ់ ជាតិ​, និង ម៉ែន ខេន ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី​ ៨ ខែ​ឧសភា​ដោយ​ពួកគេ​ត្រូវ​បាន​តំណាង​អយ្យការ​សម្រេច​ឃុំ​ខ្លួន​ក្នុង​រយៈពេល​អតិបរមា​ចំនួន​ ៣ ​ខែ​។

ប៉ុន្តែ​ពួកគេ​បាន​ជាប់​ឃុំ​ជាង​ ១ ​ខែ​ហើយ​មក​ដល់​ពេល​នេះ​ហើយ​ការស្នើសុំ​ដោះលែង​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​ពលរដ្ឋ​ ៦២០ ​គ្រួសារ​ដែល​បាន​ស្នើសុំ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ​ទាំង​ ៤ ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។

កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា​ពលរដ្ឋ ៦ ​នាក់​ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា​ម្នាក់ តែ​តុលាការ​បាន​ចោទប្រកាន់​តែ​ពលរដ្ឋ​ ៤ ​នាក់​ប៉ុណ្ណោះ​ពី​បទ​ប្រើ​ហិង្សា​។


លោក យឹម ប៊ុណ្ណារ៉េត ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ និង​អ្នក​នាំ​ពាក្យ​អយ្យការ​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​អត្ថាធិប្បាយ​ដោយបាន​រុញ​សំណួរ​ពីមួយ​ទៅ​មួយ​។ ខណៈ លោក ហ៊ី រ៉ា ដែល​ត្រូវ​ជា​កូនប្រុស​របស់​អ្នកស្រី លុច ទូច បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ពី​ភាគី​តុលាការ​នៅ​ឡើយ​ទេ​។

លោក ស៊ឹង សែងករុណា មន្ដ្រី​ផ្នែក​ស៊ើបអង្កេត​ Adhoc បាន​ថ្លែង​ថា​អាជ្ញាធរ​ចាត់​វិធានការ​នេះ​ដោយសារ​ការទាមទារ​ពី​ប្រជាពលរដ្ឋ​នៅ​មុន​ដំណាក់កាល​បោះឆ្នោត​មក​ដល់​៕