កម្ពុជា​ប្រារព្វ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក នៅ​ថ្ងៃទី​១ ក្រោម​ព្រះរាជអធិបតី​ព្រះ​មហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ព្រះ​រាជ​ទាន​បំភ្លឺ​ប្រ​ទីប​ខណៈ​មន្ត្រី អះអាង​ថា ស្ថាន​ភាព​ក្នុង​ពិធី​ប្រព្រឹត្ត​ទៅ​ជាធម្មតា។


លោក ប៊ុន វាសនា មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា នា​ពេល​រសៀល ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​យាង​ចូលរួម​ក្នុង​ពិធី​បំភ្លឺ​ប្រ​ទីប​ ដែល​នឹង​មាន​ប្រទីប​តំណាង​ស្ថាប័ន​រដ្ឋ​ជាច្រើន បណ្តែត​នៅមុខ​ព្រះរ​បម​រាជវាំង តាម​ការ​គ្រោង​ទុក។ ចំណែក​ឯក​ការ​ប្រណាំង​ទូក និង​ស្ថានភាព​ទូទៅ លោក​អះអាង​ថា បាន​ដំណើរ​ការ​ទៅ​យ៉ាង​ប្រក្រតី។

ក្នុង​ឱកាស​នោះ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល ដែល​រួម​មាន​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង ដោយ​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន ក៏​អញ្ជើញ​ចូល​អម​ដំណើរ ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ផង​ដែរ។

លោក វាសនា បញ្ជាក់​ថា៖ «ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃ​ទីមួយ​នេះ មាន​សភាព​ធម្មតា​ដូចជា​រាល់​ឆ្នាំ អស់​មាន​បញ្ហា​អ្វី​ទេ។ រហូត​មក​ដល់​ពេល​នេះ មិន​មាន​ករណី​អ្វី​ខុសប្លែក​ទេ។ ពេលព្រឹក​យើង​បាន​បញ្ចប់​ពិធី​ប្រណាំង​ទូក ជើង​ទី ១ ហើយ។ ចំណែក​ពេល​រសៀល​យើង​មាន​ការ​ប្រណាំង​ជើង​ទី ២ បន្ត​ទៀត»។

រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​រយៈពេល ៣ ថ្ងៃនេះ បាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​សរុប​ជិត ២ ម៉ឺន​នាក់ ដើម្បី​ថែរក្សា​សន្ដិសុខ សណ្ដាប់​ធ្នាប់ នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០១៩។


ជាមួយ​នឹង​ការ​អបអរ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​ថា ទិដ្ឋភាព​នៅ​មាត់​ទន្លេ​មុខ​ព្រះ​បរមរាជវាំង នៅ​ទីតាំង​ចំណុះ​ទូក​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត គឺមាន​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​មក​ពី​គ្រប់​ទិសទី​មក​កម្សាន្ត​ប្រកបដោយ​ស្នាម​ញញឹម​រីករាយ។

លោក​បន្តថា បងប្អូន​កង​កម្លាំង​សមត្ថកិច្ច គឺ​កំពុងតែ​ឈរជើង​ការពារ សុខ​សុវត្ថិភាព សណ្ដាប់​ធ្នាប់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ រួមទាំង​កីឡាករ​ប្រណាំង​ទូក​ផង​ដែរ។

លោក​បញ្ជាក់ថា៖ «ក្រៅពី​ការ​ទស្សនាការ​ប្រណាំង​ទូក​ង​នៅ​មាត់​ទន្លេ បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​ទស្សនា និង​ទិញ​ទំនិញ​តាម​ស្តង់​តាំង​ពិព៌ណ​ទំនិញ​ជាច្រើន​នៅតាម​ទីតាំង​នីមួយៗ​ផង​ដែរ។ សូម​ជូនពរ​បងប្អូន​ជន​រួម​ជាតិ និង​កូនក្មួយ​ទាំង​អស់​បាន​សប្បាយ​រីករាយ និង​ជួបតែ​សំណាង​ល្អ​គ្រប់ៗ​គ្នា​កុំបី​ខាន»។

លោក សុជា ជា​យុវជន​ម្នាក់​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា ខណៈ​កំពុង​អង្គុយ​នៅ​មាត់​ទន្លេ​ថា លោក និង​មិត្តភក្តិ ពិត​ជា​ចូលចិត្ត​មើល​ការ​ប្រណាំង​ទូក ដែល​ជា​ប្រពៃណី​ខ្មែរ ហើយ​មាន​តែ​មួយ​ឆ្នាំម្តង។

លោក​បន្តថា ជា​ទូទៅ​ លោក​តែង​តែ​ចូលរួម​ទស្សនា​កម្មវិធី​នេះ​ស្ទើរ​រាល់​ឆ្នាំ។

សម្រាប់​ឆ្នាំ​នេះ ក្រៅ​ពី​ចង់​មើល​ការ​ប្រណាំង​ទូក លោក សុជា ក៏​ចង់​ដឹង​ពី​ស្ថានការណ៍​នៅ​កន្លែង​អុំទូក ដោយ​លោក​និយាយ​ថា៖ «ខ្ញុំ​ចង់​ដឹង​ដែរ​​ថា មានអ្នក​ចូលរួម​ដូច​រាល់​ឆ្នាំ​ឬ​ទេ? សម្រាប់​ទិដ្ឋភាព​នៅ​ថ្ងៃ​ដំបូង​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​សូវ​អ៊ូអរ​ដូច​រាល់ឆ្នាំ​នោះ​ទេ។ តែ​ខ្ញុំ​មិន​ដឹង​ថា នៅ​ថ្ងៃស្អែក​មាន​មនុស្ស​ច្រើន​ជាង​មុន​អត់​ទេ»។

ចំណែក​អ្នក​កំពុង​អង្គុយ​ទស្សនា​ម្នាក់​ទៀត កញ្ញា ដូន ឡី វ័យ ២៤ ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ដែរ​ថា កញ្ញា មិន​មាន​ការ​ព្រួយ​​បារម្ភ​​នោះ​ទេ បើ​ទោះ​បី​ជា​ឆ្នាំ​នេះ​មាន​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច។

កញ្ញា​បញ្ជាក់​ថា៖ «តាម​ផ្លូវ​គឺ​ល្អ​ប្រសើរ​ណាស់ ព្រោះ​មក​នេះ​មាន​ការ​ការពារ​តាម​ផ្លូវ គាត់​យក​ចិត្ត​ទុក​ដាក់​បាន​ល្អ មែន​ទែន។ មក​នេះ ខ្ញុំ​អត់​មាន​ការ​បារម្ភ​អ្វី​ផង ព្រោះ​មក​នេះ គឺ​ខ្ញុំ​ផ្តោត​ទៅ​លើ​ការ​ប្រណាំង​ទូក ហើយ​សប្យាយ​មែនទែន តាំង​ពី​មក​អង្គុយ​កន្លែង​ហ្នឹង គឺ​សប្បាយ​រហូត»៕