កណ្ដាលៈ នគរបាល​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្តកណ្ដាល​បាន​សម្រេច​ឃុំខ្លួន​មនុស្ស​ ៤ ​នាក់​ជា​បណ្ដោះអាសន្ន​ និង​តាម​ចាប់ខ្លួន​ម្នាក់ ដោយហេតុ​ទទួល​ផែនការ​អូសទាញ​ចលនា​ប្រជាពលរដ្ឋ​ឲ្យ​ងើប​គាំទ្រ​ការវិលត្រឡប់​មកវិញ​របស់​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​ប្រកាស​ជារឿយៗ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​។


លោក អ៊ាវ ចំរើន ស្នងការ​នគរបាល ខេត្ត​កណ្ដាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​ទាំងនោះ​មាន​ឈ្មោះ ផុន សុភា ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ឈ្មោះ ឈុន ថៃ ឈ្មោះ លី ម៉េងឃៀង ឈ្មោះ លី លីន ត្រូវ​ចោទប្រកាន់​ពីបទ​រួម «​រួមគំនិត​ក្បត់​» និង​បាន​សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅក្នុង​ពន្ធនាគារ​រួចហើយ​។

លោក សូ សារិន អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្តកណ្តាល​បាន​ថ្លែង​ថា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៩ បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឈ្មោះ ភ្លឺ ប៊ុនស៊ុន ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ចូលរួម​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់​រៀបចំ​ដោយ​លោក សម រង្ស៊ី​។

សេចក្ដី​ប្រកាស​ព័ត៌មាន​អ្នកនាំពាក្យ​រូបនេះ​បាន​ឲ្យ​ដឹងថា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៩ បានសម្រេច​ចោទប្រកាន់​ឈ្មោះ ផុន សុភា ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ឈ្មោះ ភ្លឺ ប៊ុនស៊ុន ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ និង​គូកន​ពីបទ «​រួមគំនិត​ក្បត់​» តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ខុសច្បាប់ រៀបចំ​ដោយ​លោក សម រង្ស៊ី​។ ជន​ទាំង ​២ និង​គូកន​បាន​ទៅ​ជួប​ទណ្ឌិត សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​ ១៥ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ដើម្បី​ទទួល​ផែនការ​អូសទាញ ចលនា​ប្រជាពលរដ្ឋ​ឱ្យ​ងើបឡើង​ប្រឆាំង​រាជរដ្ឋាភិបាល​ក្រោម​ឧបាយកល «​ផែនការ​នៃ​ការវិល​ត្រលប់​វិញ​របស់​ទណ្ឌិត សម រង្ស៊ី​» នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩»​។

លុះ​ពេល​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ ជន​ទាំង​ ២ ​នេះ​ និង​គូកន​មួយ​ចំនួន​ទៀត​បាន​ចាប់ផ្តើម​សកម្មភាព​អនុវត្តតាម​ផែនការ​ខាងលើ​ដោយ​បាន​ចែករំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ខ្លឹមសារ​វាយប្រហារ​រាជរដ្ឋាភិបាល បំផុសបំផុល ញុះញង់ ឃោសនា ប្រមូលផ្ដុំ​ពលរដ្ឋ​ដើម្បី​ចាំ​ទទួល​ការវិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី និង​បង្កចលាចល បង្ក​ភាពអសន្តិសុខ​សង្គម ញុះញង់​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ប្រឆាំង​រាជរដ្ឋាភិបាល​។


អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​ពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល នឹង​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​តាមច្បាប់​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​អាច​ជាប់ទោស​ពី ៥ ​ឆ្នាំ ទៅ ១០​ ​ឆ្នាំ​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើកលែង​តែ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូល​ខ្លួន​មក​សារភាព​ទាន់ពេលវេលា​ដែល​ពួកគេ​អាច​នឹងត្រូវ​លើកលែង​ឱ្យ​រួច​ពី​ទោស​តាម​បញ្ញត្តិ​ពិសេស​មាត្រា​ ៤៥៤ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។

ដោយឡែក​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​ ១៧ ខែ​ តុលា ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានសម្រេច​ចោទប្រកាន់​ឈ្មោះ ដួង ចន្ត្រា ហៅ ត្រា ភេទ​ប្រុស និង​គូកន​ពីបទ​រួមគំនិត​ក្បត់​យោង​តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ដួង ចន្ទ្រា ហៅ ត្រា ព្រម​ទាំង​គូកន​បាន​បំផុសបំផុល​ប្រជាពលរដ្ឋ​ដោយ​ចេតនា​តាមរយៈ​បណ្តាញ​សង្គម Facebook ឈ្មោះ Duong Chantra ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខ​។

ការចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ ​កើតមានឡើង​ពេល​លោក​ សម រង្ស៊ី ថា លោក​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​ខ្មែរ​ដោយ​ដើរ​ឆ្លងកាត់​តាម​ព្រំដែន កម្ពុជា-ថៃ​៕