ភ្នំពេញ: ក្រុម​ពលរដ្ឋ​ដែល​អះអាង​ថា មកពី​មជ្ឈដ្ឋាន​ផ្សេងគ្នា​សរុប​ចំនួន​ ២៦៨ ​នាក់​បានចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ ១ ​ដោយ​បង្ហាញ​ពី​ក្ដីកង្វល់ និង​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ និង​ការទទួល​បាន​យុត្តិធម៌​តែ​នៅ​រំពឹង​ថា​នឹង​មាន​ដំណោះស្រាយ​​ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​ការសម្ដែង​ដែល​មិន​​អាច​ទទួល​យក​បាន​។


សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​ ៩ ​កញ្ញា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​សរុប ២៦៨ ​នាក់​ (​ស្ត្រី​ ១៣៤ ​នាក់​) ​មកពី​សហគមន៍​ដីធ្លី ព្រៃឈើ នេសាទ កសិករ ជនជាតិដើម​ភាគតិច អ្នកការពារ​សិទ្ធិមនុស្ស អ្នកការពារ​បរិស្ថាន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល គ្រូបង្រៀន មន្ត្រីរាជការ សហជីព កម្មករ-កម្មការិនី អ្នក​ប្រកបរបរ​រកស៊ី​ផ្លូវភេទ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នកមាន​ពិការភាព យុវជន សិល្បករ បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​ប្រឈម ក្ដីកង្វល់​ដែល​ពួកគេ​កំពុង​ជួបប្រទះ​ព្រមទាំង​កំណត់​បញ្ហា និង​តម្រូវការ​អាទិភាព​ដើម្បី​ដាក់ជូន​ដល់​អ្នក​តាក់តែង អ្នក​អង្កេត​គោលនយោបាយ និង​ប្រមុខ​ថ្នាក់ដឹកនាំ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​ឲ្យ​បាន​ជ្រាប និង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទាំងនោះ​។

លិខិត​បន្តថា​ពួកគេ​បាន​លើក​បញ្ហា​ប្រឈម និង​កង្វល់​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ការទទួល​បាន​យុត្តិធម៌​។ រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​តែ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ប៉ុន្ដែ​មិនបាន​ខិតខំ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​យន្ត​ការធានា​ការគោរព​សិទ្ធិសេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ទេ​។ ការចូលរួម​សកម្មភាព​សង្គម​ដែល​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​សិទ្ធិ​សេរីភាព និង​អង្គការ​សង្គម​ស៊ីវិល​ត្រូវបាន​ជ្រៀតជ្រែក និង​រារាំង​ដោយ​អាជ្ញាធរ​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​យើង​សង្ឃឹមថា សំឡេង និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព​ពេញលេញ និង​កង្វល់​របស់​យើង​ត្រូវបាន​ដោះស្រាយ​ដើម្បី​ធានា​ថា រាល់​ការអភិវឌ្ឍ និង​គោល​នយោបាយ​របស់​អាស៊ាន​ទាំងអស់​ពិតជា​បាន​ទុក​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​។

អ្នក​តាក់តែង អ្នកអនុវត្ត​គោលនយោបាយ និង​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា និង​រដ្ឋ​សមាជិក​អាស៊ាន​ត្រូវតែ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ស្របតាម​គោលការណ៍​មិន​ទុក​នរណា​ម្នាក់​ចោល​...»​។


លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​បាន​ថ្លែងថា រដ្ឋាភិបាល​ត្រូវ​បើក​លម្ហ​សេរីភាព ធានា និង​លើកកម្ពស់​សិទ្ធិ​ក្នុង​ការប្រើ​អ៊ីនធឺណិត និង​បច្ចេកវិទ្យា​ថ្មី​ដល់​ពលរដ្ឋ​ឲ្យ​ទូលំទូលាយ​ដោយ​អនុលោម​តាម​លិខិតូបករណ៍​អន្តរជាតិ​ដែល​ការពារ​សិទ្ធិមនុស្ស ស្ដ្រី​។​ល​។

លោក​បន្តថា​ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​លើ​ការ​នាំចូល​ចំណីអាហារ​ពី​ប្រទេស​ជិតខាង ព្រោះ​វា​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​សុខុមាលភាព​សង្គម​ឲ្យ​មានការ​ធ្លាក់​ចុះ​ «​ក្នុង​នោះ​ដែរ​បញ្ហា​គ្រឿង​ស្រវឹង​វិញ​គឺ​ត្រូវ​បាន​គេ​លើកទឹកចិត្ត​គ្រប់​រូបភាព​ទាំង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ផ្ដល់​រង្វាន់​ដល់​អ្នក​ផឹក​ជាដើម​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា នោះ​គ្រាន់​តែ​ជា​ការសម្ដែង​ឆាកនយោបាយ​បង្ហាញ​ពី​ការភ័យព្រួយ​របស់​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ជា​ការប្រឆាំង​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ថា​៖ «​យើង​បានរៀបចំ​វេទិកា​ពិភាក្សា​គ្នា​ជាច្រើនលើក ប៉ុន្ដែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​បោះបង់​ភាពជា​ដៃគូ​ដោយ​មិន​ចូល​ទេ នេះ​គឺ​ចូល​ជា​លក្ខណៈ​ទុច្ចរិត​ដែល​យើង​មិន​​អាច​ទទួល​យក​បាន និង​គួរ​ឲ្យ​សោកស្ដាយ​។ ដូច្នេះ​អង្គការ​ទាំងនោះ​កំពុង​រៀបចំ​ខ្លួន​ជា​រូបភាព​នយោបាយ​ប៉ុណ្ណោះ​ដើម្បី​បង្កើត​ឱកាស​មួយ​គឺ​ឱកាស​​ជា​ជនរងគ្រោះ​»​។

យ៉ាងណាក្ដី​បើ​តាម​លោក ផៃ ស៊ីផាន រាល់​របាយការណ៍​ ឬ​សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ត្រូវ​បាន​រាជរដ្ឋាភិបាល​​ទទួល​យក​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​ពួកគាត់​បាន​រកឃើញ​។ ប៉ុន្តែ​លោក​បាន​រិះគន់​ថា មាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​ដើរ​ជា​អាយ៉ង​បរទេស​ដែល​មិនមែន​មក​ជួយ​កម្ពុជា​ដោយ​ស្មោះ​នោះទេ​៕