ព្រះសីហនុៈ អនុប្រធាន​បេសកកម្ម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Michael Newbill បាន​ជួប​ជជែក​គ្នា​ជាមួយ​លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា ខណៈ​អាមេរិក​ចង់​នាំ​ក្រុមហ៊ុន​ឲ្យ​មក​វិនិយោគ​ក្នុង​ខេត្ត​នេះ​ជា​អ្វីដែល​មន្ត្រី​ថា​ជា​ជំនួប​បឋម មុន​មាន​កិច្ចពិភាក្សា​មួយទៀត​រវាង​លោក គួច ចំរើន និង​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ។


លោក ឃាង ភារម្យ មន្ត្រី​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា លោក Michael Newbill បាន​ប្រាប់​ទៅ​លោក គួច ចំរើន ពី​បំណង​របស់​អាមេរិក​ដែល​ចង់​ជួយ​​ និង​ចង់​វិនិយោគ​នៅក្នុង​ព្រះសីហនុ​ដូចជា ការចង់​ផ្ដល់​អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ការជួយ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​ភាសា​អង់គ្លេស និង​កីឡា​ និង​បំណង​នាំ​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅក្នុង​ខេត្ត​នេះ​។

លោក​ ភារម្យ បន្ត​ថា​ បើ​តាម​លោក​ Michael Newbill គឺ​នៅពេល​ខាងមុខ​ដ៏ខ្លី លោក​ Patrick Murphy អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​នឹង​ជួប​ជាមួយ​លោក គួច ចំរើន ដើម្បី​ពិភាក្សាគ្នា ប៉ុន្តែ​លោក ភារម្យ មិនទាន់​ដឹង​ច្បាស់​ពី​ប្រធានបទ​អ្វី​ឡើយ​។

លោក​ថា​៖ «​នេះ​គឺជា​ជំនួប​មួយ​ដែលជា​ចំណុច​ផ្ដើមដំបូង​គេ ហើយ​បន្ទាប់មក​នឹងមាន​ជំនួប​មួយទៀត​រវាង​ឯកឧត្តម​អភិបាលខេត្ត​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អាមេរិក​។ ​ពេលវេលា​មិនទាន់​​កំណត់​ទេ ប៉ុន្តែ​ប្រហែល​មិន​យូរ​ទេ »​។

មន្ត្រី​នាំពាក្យ​ខេត្ត​ព្រះសីហនុ​រូបនេះ​​បាន​បន្ថែមថា លោក គួច ចំរើន បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​អាមេរិក​ដែល​ចង់​ផ្ដល់​អ្នកជំនាញ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស និង​កីឡា​នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​ចំពោះ​ការចង់​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន​អាមេរិក​វិញ គឺជា​ឆន្ទានុសិទ្ធិ​របស់​ថ្នាក់ជាតិ មិនមែន​ថ្នាក់​ខេត្ត​ឡើយ​។


លោក ឃាង ភារម្យ បាន​បន្ថែម​ថា​ សម្រាប់​លោក គួច ចំរើន វិញ​គឺ​បាន​សំណូមពរ​ឱ្យ​អាមេរិក​ផ្ដល់​ជំនួយ​សម្រាប់​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស​ និង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ប្រសើរ និង​ស្នើឱ្យ​ស្ថានទូត​អាមេរិក​ជួយ​ផ្សព្វផ្សាយ​កៀរគរ​អ្នកទេសចរ និង​អ្នកវិនិយោគ​អាមេរិក​ឲ្យ​មក​បោះទុន​លើ​វិស័យ​នានា​ដែល​កំពុង​មាន​សក្ដានុពល​ក្នុង​ខេត្ត​ព្រះសីហនុ​។

ដោយឡែក​នៅលើ​ហ្វេសប៊ុក​របស់​លោក​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ចុះផ្សាយ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា និង​អាមេរិក​គឺមាន​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ល្អ​។ សម្រាប់​ខេត្ត​ព្រះសីហនុ​គឺ​អាមេរិក​បាន​ជួយ​ដល់​កងទ័ព​ជើងទឹក មូលដ្ឋាន​សមុទ្រ ការសាងសង់ និង​ជួសជុល​អគារ​សម្រាប់​បម្រើ​ដល់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ និង​ជួយ​បញ្ជា​ទិញ​ទំនិញ​ពី​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​តាំងពី​ឆ្នាំ​ ២០០០ ​ជាដើម​។

មន្ត្រី​នាំពាក្យ​ស្ថានទូត​អាមេរិក​លោកស្រី Emily Zeeberg បញ្ជាក់​​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា លោក​ គួច ចំរើន និង​លោក Michael Newbill បាន​ពិភាក្សា​ពី​ការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​នៅ​ខេត្ត​ព្រះសីហនុ និង​ពិភាក្សា​ពី​របៀប​ដែល​ភាគី​ទាំង​អាច​ធ្វើការ​រួម​គ្នា​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការការពារ​បរិស្ថាន សុវត្ថិភាព​សាធារណៈ និង​ច្បាប់​។

លោកស្រី​បន្ថែមថា​៖ «​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​រៀបចំ​ដើម្បី​សម្របសម្រួល​ការទាក់ទង​សម្រាប់​ក្រុម​ជំនាញ​ដែល​អាច​ជួយ​សិក្សា​ពី​ប៉ះពាល់​បរិស្ថាន ផែនការ​គ្រប់គ្រង​កាកសំណល់ និង​បញ្ហាសំខាន់ៗ​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​នាំ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​»​។

លោក ឃាង ភារម្យ មន្ត្រី​នាំពាក្យ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ដែរ​ថា លោក គួច ចំរើន ក៏បាន​ប្រាប់​ទៅ​លោក Michael Newbill មន្ត្រី​ស្ថានទូត​អាមេរិក​អំពី​ផែនការ​ដ៏ច្បាស់លាស់​ក្នុង​ការអភិវឌ្ឍ​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ទៅជា Smart City ផង​ដែរ​ដើម្បី​ឱ្យ​រាល់​ការគ្រប់គ្រង​ទាំងអស់​គឺ​ត្រូវ​ប្រើ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដូចជា ការគ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព និង​ទេសចរណ៍​ជាដើម​។ លោក​បន្ត​ថា​៖ « ផែនការ​នេះ​គឺ​យើង​បានរៀបចំ និង​កំពុង​ធ្វើ​ជា​បណ្ដើរៗ​ហើយ​»៕