ភ្នំពេញ: មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ និង​សុវត្ថិភាព​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ស្បែកជើង​បាន​និង​កំពុង​សិក្សា​ធ្វើ​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​កាន់តែ​ប្រសើរ​ឡើង ខណៈ​ពួកគេ​ព្រួយបារម្ភ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ទៅ​លើ​កម្មករ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្ដែ​តំណាង​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​​កម្មករ​អះអាង​ថា ត្រូវ​សិក្សា​ឲ្យ​លម្អិត និង​ធ្វើជា​ដំណាក់កាល​។


លោក អ៊ឹម ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​គម្រោង​នៃ​អង្គការ​​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP Foundation) បាន​ថ្លែង​ក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដីពី «​ធ្វើឲ្យ​ប្រសើរ​នូវ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​រោងចក្រ​ឲ្យ​មាន​សុវត្ថិភាព​» កាលពី​ម្សិលមិញ​ថា អង្គការ AIP គឺជា​ស្ថាប័ន​កំពុង​ធ្វើការ​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​កំពុង​ធ្វើការ​លើ​ការដឹកជញ្ជូន​កម្មករ​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ផាសុកភាព​ដែរ​។

លោក​បន្ត​ថា​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​កម្មករ​បាន​និង​កំពុង​ចូលរួម​ពិភាក្សា ដើម្បី​ជំរុញ​ឲ្យ​អ្នក​ប្រកបរបរ​បើករថយន្ត​ដឹក​កម្មករ​ងាក​មកប្រើប្រាស់​រថយន្ត​ដឹក​មនុស្ស​វិញ ខណៈ​កន្លងមក​ពួកគាត់​បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ ប៉ុន្ដែ​យក​មក​ដឹក​កម្មករ ដែល​ធ្វើឲ្យ​មាន​បញ្ហា​ច្រើន​ចំពោះ​សុវត្ថិភាព និង​ផាសុកភាព​ដល់​កម្មករ​។

លោក​បញ្ជាក់ថា​៖ «​ការជំរុញ​ឲ្យ​ឈប់​ប្រើប្រាស់​ឡាន​ដឹក​ទំនិញ​យក​មក​ដឹក​កម្មករ ហើយ​ប្រាប់​ឲ្យ​អ្នកបើកបរ​ទិញ​រថយន្ត​ក្រុង ឬ​រថយន្ត​ដឹក​មនុស្ស​យក​ទៅ​ដឹក​កម្មករ​វិញ ដើម្បី​ធានា​សុវត្ថិភាព​ខ្ពស់​ជូន​ពួកគាត់​ក៏ដូចជា​ផាសុកភាព​អំឡុង​ពេល​ធ្វើ​ដំណើរ​»​។

លោក ប៉ែន នរៈវុធ នាយករង​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (​ប.ស.ស​) នៃ​ក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ និង​ជា​ក្ដីកង្វល់​របស់​រាជរដ្ឋាភិបាល​។ គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​លាក់​មុខ​ដែល​ធ្វើឲ្យ​មនុស្ស​ស្លាប់ របួស និង​ពិការ​ដោយ​បាន​បន្សល់ទុក​នូវ​សោក​នាដកម្ម​យ៉ាងច្រើន​ដែល​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​។


លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្ថាប័ន​គ្រប់ភាគី​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​កែប្រែ​ទម្លាប់​ការប្រើប្រាស់​រថយន្ត ក្នុង​នោះ​ក្រុម​ការងារ​ដែល​ជា​ស្ថាប័ន​ជំនាញ​នាំគ្នា​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​ធ្វើការ​អប់រំ​បន្ថែម​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

លោក Eliot Tang ប្រធាន​គ្រប់គ្រង​ទូទៅ​រោងចក្រ Carlington នៅ​ខេត្ត​កំពង់ចាម​បាន​ថ្លែងថា​កាលពី​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​នេះ អ្នក​ដឹកជញ្ជូន​កម្មករ​នៅ​រោងចក្រ​របស់​លោក​មិនទាន់​មាន​ការយល់ដឹង​ច្រើន​នៅ​ឡើយ​ពី​បញ្ហា​នានា​ទាក់ទង​សុវត្ថិភាព​កម្មករ ប៉ុន្ដែ​រហូត​មក​ដល់​ឆ្នាំ​ ២០១៩ ​នេះ​ពួកគាត់​មាន​ការយល់ដឹង​ច្រើន​ដោយ​បាន​ប្រុងប្រយ័ត្ន​ខ្ពស់​ជាង​មុន​ទាំង​ការចត​រថយន្ត ការបើកបរ និង​ការកែច្នៃ​រថយន្ត​ដឹក​កម្មករ​។

លោក​បន្តថា​សព្វថ្ងៃ​នេះ​រថយន្ត​ដែល​ដឹក​កម្មករ​នៅក្នុង​រោងចក្រ​របស់​លោក​សុទ្ធតែ​ធ្វើ​តាម​ស្ដង់ដា​ដោយ​ពួកគាត់​បាន​​ប្រើប្រាស់​រថយន្តក្រុង​សម្រាប់​ដឹកជញ្ជូន ហើយ​ពួកគាត់​ត្រូវ​បាន​មន្ត្រី​ជំនាញ​រោងចក្រ និង​អង្គការ​ AIP ចុះ​ទៅ​បង្ហាត់បង្រៀន​ពី​ច្បាប់ និង​ក្រមសីលធម៌​នៃ​ការបើកបរ​។

លោក​ថា​៖ «​កាលពី​ដំបូងៗ​ឡើយ​គឺ​យើង​ពិតជា​មាន​ការខ្វះ​ចន្លោះ​មែន ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ធ្វើ​កែទម្រង់​ច្រើន​ទៅ​លើ​សុវត្ថិភាព​ចរាចរណ៍​របស់​កម្មករ​យើង​»​។

លោក នាក់ ហេង ប្រធាន​សមាគម​ដឹកជញ្ជូន​កម្មករ និង​ការងារ​ក្រៅ​ប្រព័ន្ធ​បាន​ថ្លែងថា ការតម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ដែល​ដឹកជញ្ជូន​កម្មករ​ទៅ​ធ្វើការ​រាល់ថ្ងៃ​ប្រើប្រាស់​រថយន្ត​ថ្មី ឬ​រថយន្ត​ដែល​មាន​ផាសុកភាព​ដូចជា​រថយន្តក្រុង​នេះ គឺ​ម្ចាស់​យានយន្ត​ភាគច្រើន​នឹង​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​រថយន្ត​ថ្មី​តាម​ការចង់​បាន​របស់​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ទេ​។

លោក​បន្តថា ពួកគាត់​ត្រូវការ​ពេលវេលា​សន្សំ​លុយកាក់​សម្រាប់​ទិញ ព្រោះ​ការទទួល​ប្រាក់ឈ្នួល​ដឹកជញ្ជូន​ពី​កម្មករ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ម្ចាស់​រថយន្ត​ទទួល​បាន​ចន្លោះ​ពី ៥​ ដុល្លារ ដល់​ ១៥ ​ដុល្លារ​ម្នាក់​ក្នុង​ ១ ​ខែ ដោយ​ចំនួន​នេះ​សម្រាប់តែ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​អាច​ទិញ​រថយន្ត​ថ្មី​ភ្លាមៗ​បានទេ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ដែល​កំពុង​ប្រឈម​របស់​អ្នក​បើកបរ​ដឹកជញ្ជូន​កម្មករ គឺ​មាន​ច្រើន​ដូចជា ម្ចាស់​ឡាន​មិន​ទាន់​ផ្លាស់ប្ដូរ​ឡាន​ចាស់​ទិញ​ឡាន​ថ្មី​ភ្លាមៗ​បានទេ គឺ​ត្រូវ​ធ្វើ​តាម​ដំណាក់កាល បើ​មិន​ដូច្នេះ រដ្ឋាភិបាល​គួរ​ជួយ​សម្រួល​ពួកគាត់​ដូចជា ផ្ដល់ប្រាក់​កម្ចី​តម្លៃថោក​។

លោក​បន្ថែមថា​៖ «​ក្នុងនោះ​ផ្លូវ​នៅ​តាម​ភូមិ ឬ​ទីជនបទ​មួយ​ចំនួន​ពិបាក​ឲ្យ​ឡានក្រុង​ចូល​ទៅ​ដឹក​កម្មករ គឺ​តូចចង្អៀត និង​ជាប់ផុង​។ ជម្រើស​ចុងក្រោយ គឺ​ពួកគាត់​ត្រូវ​តែ​ដាក់​មនុស្ស​ឲ្យ​បាន​ច្រើន ដោយសារ​ប្រាក់កម្រៃ​ដែល​ទទួល​បាន​ពី​កម្មករ​តិចពេក ដោយ​មិន​អាច​ចំណាយ​រួច​ថ្លៃ​សាំង ប្រេងម៉ាស៊ីន និង​ការហូបចុក​ផ្ទាល់ខ្លួន​គ្រប់គ្រាន់​»​។

លោក លុយ ឈីន អនុប្រធាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងថា ការកែច្នៃ​រថយន្ត​ដឹក​កម្មករ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ពិតជា​ខុស​ច្បាប់​ច្រើនណាស់ សូម្បីតែ​យក​រថយន្ត​ទៅ​ឈៀក​ក៏​មន្ត្រី​មិនអាច​ឈៀក​ឲ្យ​បានដែរ ព្រោះ​ពួកគាត់​បាន​កែច្នៃ​រថយន្ត​ដឹកទំនិញ ហើយ​យក​មក​ដឹក​មនុស្ស គឺ​ពិតជា​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ​។

លោក​បន្ត​ថា​គណៈកម្មការ​បាន​ប្រជុំ​ដាក់ចេញ​ជា​រូបមន្ត​មួយ ទោះបី​ជា​ពួកគាត់​ប្រើ​រថយន្ត​ដឹកទំនិញ​យក​មក​ដឹក​កម្មករ​ក៏ដោយ​ត្រូវ​តម្រូវ​ឲ្យ​គាត់​យក​ទៅ​ដាក់​កែច្នៃ​ដាក់​កៅអី​ឲ្យ​កម្មករ​ងាយស្រួល​អង្គុយ​ឲ្យ​បាន​គ្រប់គ្នា ចៀសវាង​ការ​ជិះ​ឈរ​ចម្រុះ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ គឺ​បើ​គាត់​មាន​លទ្ធភាព​ត្រូវ​ឲ្យ​គាត់​ទិញ​រថយន្ត​សម្រាប់​ដឹក​មនុស្ស​តែម្ដង ប៉ុន្ដែ​បើ​គាត់​មិន​ទាន់​មានលទ្ធភាព​ទេ គឺ​តម្រូវ​ឲ្យ​គាត់​ដឹក​តាម​ស្ដង់ដា​ច្បាប់ ដោយ​ដាក់​កៅអី​សម្រាប់​ងាយស្រួល​ឲ្យ​កម្មករ​អង្គុយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ជិះ​ឈរ​ដូច​កាលពី​មុន​ទេ ដើម្បី​ចៀសវាង​ការ​មាន​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ​»​។

តាម​របាយការណ៍​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (​ប.ស.ស​) ចេញផ្សាយ​កាលពី​ខែ​កក្កដា​ឲ្យ​ដឹងថា នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៧៦៦ ​លើក គ្រោះថ្នាក់​ដោយសារ​រថយន្ត​ចំនួន ២០ ​លើក (​ក្នុងនោះ​មាន​ ៧ ​លើក រថយន្ត​ដឹក​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​) ម៉ូតូ​ចំនួន ៧០៥ ​លើក ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ចំនួន ៦ ​លើក កង់​ចំនួន ៦ ​លើក និង​ថ្មើរជើង​ចំនួន ២៩ ​លើក ដែល​មាន​ជនរងគ្រោះ​សរុប​ចំនួន ៩៤៤ ​នាក់​។ ក្នុងនោះ​ស្លាប់​ ២៤ ​នាក់ របួស​ធ្ងន់ ​១៥៩ ​នាក់ និង​ស្រាល​ ៧៦១ ​នាក់​៕