ភ្នំពេញៈ មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងថា រហូតមកដល់ពេលនេះរថយន្តប្រហែល ៦០ ភាគរយ ពុំទាន់បានមកត្រួតពិនិត្យបច្ចេកទេស (ឆៀក) នៅឡើយ ខណៈចាប់ពីថ្ងៃទី ១ ខែកក្កដាខាងមុខតទៅ ក្រសួងនឹងចាប់ផ្ដើមផាកពិន័យរថយន្តហួសសុពលភាពឆៀកក្នុង ១ ថ្ងៃ ២ ០០០ រៀល។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា យានយន្តដែលបានចុះបញ្ជីទាំងអស់នៅក្រសួងសាធារណការ និងដឹកជញ្ជូនគឺមានជិត ៦ លានគ្រឿងក្នុងនោះ ៨០ ភាគរយ គឺជាទោចក្រយានយន្ត។
លោកបន្តថា ក្នុងចំណោមយានយន្តទាំងនោះគឺមានរថយន្តជិត ១ លានគ្រឿង ហើយក្នុងនោះមានប្រមាណ ៦០ ភាគរយ ពុំទាន់បានមកត្រួតពិនិត្យបច្ចេកទេសនៅឡើយ។ លោកថា៖ «នៅពេលខ្ញុំឱ្យមន្ត្រីស្រង់ទិន្នន័យជាក់ស្ដែង គឺរថយន្តខ្លះមិនដឹងហួសសុពលភាពប៉ុន្មានឆ្នាំហើយមកទេ ហើយឡានខ្លះគឺអត់ដែលមកឆៀកតែម្ដង។ ដូច្នេះទើបមានការជជែកគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ប្រសិនបើយើងមិនផាកពិន័យរថយន្តហួសសុពលភាពឆៀកទេពេលអនុវត្តច្បាប់ម្ដងៗច្បាស់ជាប្រឈមនឹងបញ្ហាហ្នឹងទៀតហើយ»។
អគ្គស្នងការនគរបាលជាតិបានប្រកាសថា សមត្ថកិច្ចបានពន្យារពេលផាកពិន័យ ចំពោះរថយន្តហួសសុពលភាពក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយមិនទាន់បានកំណត់ពេល ក្រោយពីសង្កេតឃើញមានពលរដ្ឋនាំគ្នាយករថយន្តសម្រុកទៅធ្វើឆៀកធ្វើឱ្យកកស្ទះនៅតាមច្រកចូលកន្លែងឆៀកនានា ស្របពេលនគរបាលចរាចរណ៍បានចាប់ផ្ដើមរឹតបន្តឹងច្បាប់តាមអនុក្រឹត្យថ្មីដោយផាកពិន័យកើនទៅដល់ ៣ ឬ ៤ ដងនៃអនុក្រឹត្យចាស់ចាប់ពីថ្ងៃទី ១ ខែឧសភាមក។
លោក ឈួន វ៉ន់ បញ្ជាក់ថាចាប់តាំងពីមានការរឹតបន្តឹងច្បាប់នេះមកគឺក្នុង ១ ថ្ងៃសង្កេតឃើញពលរដ្ឋយករថយន្តទៅឆៀកបានកើនឡើងរហូតទៅដល់ ៤ ដងខណៈក្នុងថ្ងៃធម្មតានៅទូទាំងប្រទេសមានពលរដ្ឋយករថយន្តទៅឆៀកប្រហែល ៨០០ គ្រឿង ប៉ុន្តែពេលនេះបានកើនដល់ ៤ ពាន់គ្រឿង និងបានតម្រូវឱ្យមន្ត្រីធ្វើការងារទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយថ្ងៃខ្លះត្រូវធ្វើការបន្ថែមម៉ោងរហូតដល់ពាក់កណ្ដាលយប់។
លោកបានស្នើឱ្យពលរដ្ឋត្រូវភ្ញាក់រឭកយករថយន្តមកឆៀកឱ្យបានមុនពេលកំណត់គឺនៅមុនថ្ងៃទី ១ ខែកក្កដា ព្រោះបន្ទាប់ពីថ្ងៃនោះទៅរថយន្តដែលហួសសុពលភាពឆៀកក្នុង ១ ថ្ងៃនឹងត្រូវផាកពិន័យចំនួន ២ ពាន់រៀល។
លោកថា៖ «ហើយការពិន័យនៅកន្លែងយើងនេះគឺយើងគិតចំនួនថ្ងៃនៃការហួសសុពលភាពឆៀកគឺក្នុង ១ ថ្ងៃ ២ ពាន់រៀល ប៉ុន្តែឥឡូវយើងទុកពេលជូនដោយយើងមិនចង់នៅពេលចាប់រឹតបន្តឹងភ្លាម អនុវត្តភ្លាមនោះទេគឺទុកពេលដល់បងប្អូនយើងរហូតដល់ថ្ងៃ ១ ខែ ៧ ដើម្បីទុកឱកាសក្នុងអំឡុងពេលហ្នឹងត្រូវមកឆៀកឱ្យហើយទៅ»។
ចំណែកលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងនៅក្នុងសន្និសីទនេះដែរថា ក្នុងការរឹតបន្តឹងច្បាប់រយៈពេល ១១ ថ្ងៃ ក្នុងខែឧសភានេះគឺនគរបាលចរាចរណ៍បានផាកពិន័យយានយន្តល្មើសច្បាប់មានចំនួន ១៩ ០០៤ ករណី ក្នុងនោះម៉ូតូមានចំនួន ១៤ ២៧១ ករណី ស្មើ ៧៥ ភាគរយ និងរថយន្តគ្រប់ប្រភេទមានចំនួន ៤ ៧៣៣ ករណី ស្មើ ២៥ ភាគរយ។
លោកបន្តថា ការបើកបរម៉ូតូគ្មានមួកសុវត្ថិភាពគឺកើតឡើងច្រើនជាងគេបំផុត ក្នុងចំណោមបទល្មើសផ្សេងៗខណៈការបើកបរមិនពាក់មួកសុវត្ថិភាព ងាយធ្វើឱ្យប្រឈមនឹងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកបញ្ជាក់ថា ការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានរហូតទៅដល់ ៧៩ ភាគរយ ស្របពេលការល្មើសអត់ស្លាកលេខមានចំនួន ១០ ភាគរយ ល្មើសភ្លើងសញ្ញា និងស្លាកសញ្ញាមាន ៨ ភាគរយ ប្រើទូរស័ព្ទ ដឹកលើសចំណុះ និងបញ្ហាគ្រឿងស្រវឹងមាន ២ ភាគរយ។
លោកបន្ថែមថា ចំពោះរថយន្តវិញ បញ្ហាល្មើសដែលមានច្រើនជាងគេ គឺមិនពាក់ខ្សែក្រវាត់មាន ៤៨ ភាគរយ ល្មើសល្បឿន ២៦ ភាគរយ ល្មើសសញ្ញាចរាចរណ៍ ៦ ភាគរយ ល្មើសដោយដឹកលើសចំណុះ៦ភាគរយ ប្រើទូរស័ព្ទ ៦ ភាគរយគ្មានបណ្ណបើកបរ ៤ ភាគរយ និងអត់ស្លាកលេខ និងស្រវឹងចំនួន ៣ ភាគរយ។
លោក ហ៊ឹម យ៉ាន ថ្លែងថា រដ្ឋាភិបាលបានទុកពេល ៤ ខែហើយ ដើម្បីឱ្យពលរដ្ឋដែលជាម្ចាស់យានយន្តត្រូវតែបំពេញកាតព្វកិច្ចឱ្យបានសមស្របតាមច្បាប់ ប៉ុន្តែលោកសោកស្ដាយចំពោះពលរដ្ឋមួយចំនួនដែលធ្វេសប្រហែស និងទើបតែយករថយន្តទៅត្រួតពិនិត្យបច្ចេកទេស ឬទៅប្រឡងយកប័ណ្ណបើកបរ នៅពេលមន្ត្រីបានចាប់ផ្ដើមរឹតបន្តឹង។
លោកថា៖ «សូមជម្រាបថា ការរឹតបន្តឹងនេះគឺមានជាបន្តជារៀងរហូត ព្រោះថាខាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជារាជរដ្ឋាភិបាល បានកំណត់ថា ឆ្នាំ ២០២០ នេះជាឆ្នាំនៃការរឹតបន្តឹងច្បាប់ ហើយការប្រកាសរឹតបន្តឹងច្បាប់នេះត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០ ដើម្បីឱ្យពលរដ្ឋបានជ្រាបជាដំណឹងដើម្បីត្រៀមខ្លួនជាមុនដើម្បីបំពេញទៅតាមកាតព្វកិច្ចច្បាប់ ដូចជាទៅធ្វើប័ណ្ណបើកបរ និងកាតព្វកិច្ចផ្សេងៗទៀតឱ្យបានសមស្របឱ្យហើយ»៕