ភ្នំពេញៈ អ្នកឃ្លាំមើលការបោះឆ្នោត និងសមាជិកអតីតគណបក្សប្រឆាំងអះអាងថា ខណៈពេលការបោះឆ្នោតខិតជិតមកដល់ប្រជាពលរដ្ឋកំពុងត្រូវបានគំរាមកំហែងជំរុញឲ្យពួកគេទៅបោះឆ្នោត បើមិនដូច្នោះទេ ប្រជាពលរដ្ឋណាដែលមិនទៅបោះឆ្នោតនឹងជួបបញ្ហាលំបាកក្នុងការសុំធ្វើឯកសារផ្លូវច្បាប់ផ្សេងៗពីអាជ្ញាធររដ្ឋបាល។
មន្ត្រីជំនាញខាងការបោះឆ្នោតលោក យឿង សុធារ៉ា ដែលធ្លាប់ជាទីប្រឹក្សាច្បាប់របស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា (COMFREL) កត់សម្គាល់ឃើញថាបរិយាកាសមុនការបោះឆ្នោតនាចុងខែកក្កដា ២០១៨ នេះមានសភាព «ធ្ងន់ធ្ងរ» បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាឆ្នាំមុន។
លោក យឿង សុធារ៉ា បច្ចុប្បន្នជាមន្ត្រីគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាហៅកាត់ថា (ស៊ីស៊ីស៊ី) ដែលថ្លែងក្នុងនាមបុគ្គលលោកផ្ទាល់នោះ លើកឡើងពីការបង្ក្រាបមួយចំនួនរបស់អាជ្ញាធររដ្ឋាភិបាលមកលើក្រុមដែលត្រូវបានចាត់ទុកថាជាក្រុមប្រឆាំងគឺរាប់ចាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ ការធ្វើទុក្ខបុកម្នេញទៅលើសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធការបោះឆ្នោតដូចជាការបិទ «បន្ទប់ស្ថានការណ៍» ដែលជាបណ្តុំអង្គការសង្គមស៊ីវិល ដើម្បីឃ្លាំមើលការបោះឆ្នោត ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយការដាក់សម្ពាធលើពលរដ្ឋម្ចាស់ឆ្នោតឲ្យទៅបោះឆ្នោតជាដើម។
លោក សុធារ៉ា ថ្លែងថា៖ «កន្លងមកនេះមានការដាក់សម្ពាធផ្លូវចិត្តច្រើនលើម្ចាស់ឆ្នោតរួមទាំងការព្រមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមិនបានទៅបោះឆ្នោត ជ្រលក់ម្រាមដៃនឹងទឹកខ្មៅ បញ្ហាផ្សេងៗដែលជាសម្ពាធមួយសម្រាប់គាត់ក្នុងការពិបាកសម្រេចចិត្តខ្លាំង។ អ្នកខ្លះពិបាកសម្រេចចិត្តថា តើគួរទៅបោះឆ្នោតឬអត់?»។
លោកបន្តថា៖ «សរុបរួមមកបរិយាកាសមុនការបោះឆ្នោតនេះមើលទៅឃើញធ្ងន់ធ្ងរ។ អន្តរជាតិក៏មានការរិះគន់ច្រើនដែរ ចំពោះស្ថានការណ៍ចំពោះសិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋាន ឆន្ទៈ និងសេរីភាពមានបញ្ហា។ ទោះបីជាការបោះឆ្នោតទៅខាងមុខប្រព្រឹត្តទៅតាមនិយាមអ្វីដែលបានកំណត់ទុកគឺថាចង់ ឬមិនចង់វាមានកត្តាមួយចំនួនប៉ះពាល់ដល់គោលការណ៍សេរី និងយុត្តិធម៌»។
ដោយឡែកលោក គង់ ម៉ាស់ អតីតក្រុមការងារនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំប្រចាំខេត្តស្វាយរៀង ថ្លែងថាបើទោះបីជាគណបក្សរបស់លោកត្រូវបានរំលាយក៏អតីតមន្ត្រីមូលដ្ឋានរបស់លោកត្រូវទទួលការ «បំភិតបំភ័យ» ជាបន្តបន្ទាប់មុនការបោះឆ្នោតមកដល់តាមរយៈការដាក់សម្ពាធផ្នែកផ្លូវចិត្ត។
លោកថ្លែងថា៖ «គេបំភិតបំភ័យតាមរូបភាពឲ្យពលរដ្ឋ [ទៅបោះឆ្នោត] បើមិនមានស្នាមទឹកថ្នាំជ្រលក់ដៃទេគេនៅក្នុងភូមិក្នុងក្រុមគេដឹង។ បើអត់មានស្នាមទឹកខ្មៅជ្រលក់ដៃក្នុងមូលដ្ឋានគេទេ គឺគេគំរាមកំហែង គេមិនធ្វើឯកសារ គេមិនរត់ការឯកសារពាក់ព័ន្ធនឹងផ្លូវរដ្ឋបាលដល់ពួកគាត់ដូចជាការធ្វើសំបុត្រកំណើត ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ និយាយរួមទៅឯកសារផ្សេងៗពាក់ព័ន្ធការរកស៊ីរបស់គាត់»។
លោក គង់ ម៉ាស់ បន្ថែមថា៖ «គេគំរាមកំហែង បើមានក្រុមបក្សប្រឆាំងណាដើរខ្សឹបខ្សៀវ មិនឲ្យពលរដ្ឋទៅបោះឆ្នោតទេ អ្នកហ្នឹងនឹងទទួលទោសព្រហ្មទណ្ឌ តាមរូបភាពបន្លាចយើង។ ឥឡូវរឿងថ្មីៗនៅតាមខេត្ត គឺក្រុមការងារគេចុះមូលដ្ឋានឃុំរបស់គេ គេនិយាយពីបញ្ហាបក្សប្រឆាំងថា បក្សប្រឆាំងគឺជាពួកឧទ្ទាម ពួកក្បត់ជាតិរលាយហើយ ប្រសិនបើពលរដ្ឋជឿអាហ្នឹងពលរដ្ឋហ្នឹងចូលរួមបក្សប្រឆាំងស្មើនឹងក្រុមក្បត់ជាតិដូចគេថាអ៊ីចឹង»។
សកម្មភាពបែបនេះលោកចាត់ទុកជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងប៉ះពាល់ធ្ងន់ធ្ងរដល់អារម្មណ៍ពលរដ្ឋម្ចាស់ឆ្នោត។ លោកបញ្ជាក់ថា៖ «សម្រាប់សម្មភាពរបស់ខ្ញុំកន្លងមកនៅខេត្តស្វាយរៀង ចាប់ពីមន្ត្រីខេត្តរហូតដល់មេភូមិតែងតែតាមដានសកម្មភាពដែលខ្ញុំបានរស់នៅស្នាក់អាស្រ័យម្តងម្កាល។ ជួនកាល ១ អាទិត្យ ឬ ២ អាទិត្យតែងតែមកផ្តាំផ្ញើម្ចាស់ផ្ទះ ថាម្ចាស់ផ្ទះកំពុងលាក់ទុកអ្នកនយោបាយដែលរដ្ឋាភិបាលបានរំលាយហើយ»។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថាកម្ពុជាកំពុងដើរចំទិសដៅនៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ហើយថាការលើកឡើងរបស់ក្រុមប្រឆាំងមិនមានអ្វីថ្មីទេ គឺគ្រាន់តែជាការបរិហារចំពោះការបោះឆ្នោត។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបន្តនូវវប្បធម៌ក្នុងការគោរពសិទ្ធិអំណាចរបស់មហាជនដើម្បីចូលរួមជ្រើសអ្នកតំណាងរបស់គេ។ កាលពីអាណត្តិមុន យើងឃើញមានតែ ៨ គណបក្សចូលរួម ប៉ុន្តែអាណត្តិនេះយើងឃើញមានដល់ ២០ គណបក្ស។ នេះជាសេរីភាពនៃការចូលរួមនយោបាយ។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការចុះឈ្មោះបោះឆ្នោត ហើយជាលទ្ធផលនៃប្រជាធិបតេយ្យមួយដែលកំពុងតែពង្រឹងឲ្យបន្តទៅមុខទៀត»។
លោកបន្តថា៖ «វាមិនសុក្រឹត ១០០ ភាគរយទេ យើងទទួលស្គាល់មានកន្លែងខ្លះមិនប្រក្រតីដែរ ក៏ប៉ុន្តែយើងធ្វើទៅតាមគោលការណ៍»។
តាមការគ្រោងទុកយុទ្ធនាការឃោសនាបោះឆ្នោតជាតិនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ ២៧ ខែកក្កដា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ដោយគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធក្នុងឱកាសជួបជាមួយកម្មករក្នុងខេត្តតាកែវប្រាប់អាជ្ញាធរមូលដ្ឋានឲ្យបង្កលក្ខណៈងាយស្រួលដល់បក្សនយោបាយធ្វើការឃោសនា ឬជួបជុំ។
លោកថ្លែងថា៖ «ខ្ញុំក៏សុំយកឱកាសនេះអំពាវនាវសាជាថ្មីម្តងទៀតសម្រាប់អាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋានត្រូវបង្កលក្ខណៈងាយស្រួលឲ្យបណ្តាបក្សនយោបាយដទៃធ្វើសកម្មភាពតាមរយៈការជួបជុំសមាជិកសមាជិកាគណបក្សរបស់គេតាមរយៈការលើកស្លាកសញ្ញានៅតាមទីកន្លែងនានា»៕