ព្រះសីហនុៈ មេឃុំ​បិតត្រាំង លោក មាចចាន់ កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ឲ្យ​ភាគី​វិវាទ​ដីធ្លី ចរចា​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈ្នះ​ទាំងសងខាង​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ​ចំនួន​ ៧៧ ​គ្រួសារ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើ​ករណី​វិវាទ​ដីធ្លី ជាមួយ​ឧកញ៉ា​ម្នាក់ និង​ឈ្មួញ​គួកជេដី​នៅ​ភូមិ​ពូធឿង​។


លោក មាច ចាន់ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ពលរដ្ឋ​ទាំង ៧៧ គ្រួសារ ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​លោក​ ឡាញ ភារ៉ា មាន​ងារ​ជា​ឧកញ៉ា និង​លោក ផូ ឆាំ ជា​អ្នក​គួកជេដី​ដែល​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​អាជ្ញាធរ​ឃុំ​ជា​បន្ដបន្ទាប់​ឲ្យ​ទៅ​ជួប​តំណាង​ក្រុមហ៊ុន ដើម្បី​ស្វែងរក​ដំណោះស្រាយ ព្រោះ​ករណី​វិវាទ​ដីធ្លី​នេះ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៧៧ គ្រួសារ​មាន​ពលរដ្ឋ​មួយចំនួន​បាន​លក់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​របស់​ឧកញ៉ា និង​មួយចំនួន​មិនទាន់​លក់​។

លោក​ថ្លែងថា​៖ «​រឿងនេះ យើង​បាន​ពិភាក្សា​ជាមួយ​ភាគី​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន ព្រោះ​គេ​មាន​ស្នាក់ការ​នៅ​ទីតាំង​ដី​នោះ​តែ​ម្ដង ដែល​មាន​ក្រុមការងារ​នៅ​ប្រចាំការ បើសិន​ជា​ពិនិត្យ​ឯកសារ​ទៅ​ឃើញថា ភាគី​ពលរដ្ឋ​មិនទាន់​បាន​លក់​ដី​ទេ​ខាង​ភាគី​ក្រុមហ៊ុន គេ​នឹង​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​វិញ​។ ប៉ុន្ដែ​ប្រសិន​បើ​ជា​ពលរដ្ឋ​បាន​លក់​ដី​ហើយ បន្លំ​យក​ដី​នោះ​ទៅ​លក់​ឲ្យ​គេ​ផ្សេង ហើយ​ឈ្មោះ​គាត់​នោះ​បាន​លក់​ហើយ នោះ​នឹង​គិតពី​នីតិវិធី​ផ្លូវច្បាប់​ដែល​ភាគី​ខាង​ក្រុមហ៊ុន​បាន​និយាយ​ច្បាស់​ណាស់​»​។

លោក មាច ចាន់ បាន​អះអាង​ថា​ពលរដ្ឋ​ទាំង ៧៧ គ្រួសារ ​ដែល​មាន​វិវាទ​ដី​ជាមួយ​ឧកញ៉ា និង​អ្នក​គួកជេដី​នេះ​គឺជា​ពលរដ្ឋ​រស់នៅ​ជាក់ស្ដែង​នៅក្នុង​ភូមិ ពូធឿង​នេះ​តែម្ដង​។ ប៉ុន្ដែ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ ៧៧ ​គ្រួសារ​នេះ​ មាន​ពលរដ្ឋ​មួយចំនួន​បាន​លក់​ដី​ទៅ​ឲ្យ​អ្នក​គួកជេដី លោក ផូ ឆាំ រួចហើយ​។

លោក​មេឃុំ​ឲ្យ​ដឹងថា ក្រោយ​ជួប​តំណាង​ប្រជាពលរដ្ឋ​ទាំង ៧៧ គ្រួសារ កាលពី​ពេល​ថ្មីៗ​នេះ​លោក​បាន​រកឃើញ​ថា មាន​ប្រជាជន​មួយ​ចំនួន​បាន​លក់​ដី​រួចហើយ បែរជា​ប្រាប់ថា មិនទាន់​លក់ ហើយ​ក្នុង​ទីតាំង​ដី​វិវាទ​នេះ ក៏​មាន​ប្រជាជន​មួយ​ចំនួន​គាត់​ជា​អ្នកទិញ​បន្ដ​ពី​ពលរដ្ឋ និង​ឈ្មួញ​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​មាន​ការស្មុគស្មាញ​ក្នុង​ការដោះស្រាយ​។ ប៉ុន្ដែ​ចំពោះ​លោក ឧកញ៉ា ឡាញ ភារ៉ា គឺមាន​ឆន្ទៈ​ក្នុង​ការដោះស្រាយ​លើ​បញ្ហា​នេះ​ជាមួយ​ពលរដ្ឋ​។


លោក​បញ្ជាក់ថា​៖ «​ដើម្បី​ជា​ដំណោះស្រាយ​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​គឺ​យើង​ចង់​ឲ្យ​ភាគី​ទាំង​ ២ ​ចរចា​គ្នា​។ បើសិន​ជា​ក្រុមហ៊ុន​មិនទាន់​ទិញ​ដី​ពលរដ្ឋ​ឲ្យ​ទិញ​ដី​ពលរដ្ឋ​នោះ​ទៅ បើសិន​ពលរដ្ឋ​មិន​ព្រម​លក់​ដី​ពួកគាត់​ទេ​យើង​ស្នើ​ឲ្យ​ក្រុមហ៊ុន​កាត់​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​វិញ​ទៅ​។ ​នេះ​ជា​ដំណោះស្រាយ​របស់​យើង​»​។

ករណី​វិវាទ​ដីធ្លី​នេះ​បាន​កើតឡើង​តាំងពី​អំឡុង​ឆ្នាំ ២០១០ ដោយ​ពលរដ្ឋ​ទាំង ៧៧ គ្រួសារ បានស្នើ​សុំ​កិច្ចអន្តរាគមន៍​ទៅកាន់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន សូម​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​។ ក្រោយមក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ដ្រី​កាលពី​ថ្ងៃទី​ ៨ ខែ​ មិថុនា ឆ្នាំ ២០១០ ​ក៏បាន​បញ្ជូន​លិខិត​ស្នើសុំ​អន្តរាគមន៍​នេះ​ទៅ​កាន់​ក្រសួង​យុត្ដិធម៌​ពិនិត្យ​។ ក្រោយពេល​ក្រសួង​យុត្ដិធម៌​ទទួលបាន​លិខិតស្នើ​សុំ​នេះ និង​ពិនិត្យ​រួច​នៅ​ថ្ងៃទី​ ៤ ខែ ​វិច្ឆិកា ឆ្នាំ ២០១០ ក៏បាន​ប្រាប់​ទៅ​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​ឲ្យ​ចុះ​អន្តរាគមន៍​។

ក្រោយ​កិច្ចអន្តរាគមន៍​របស់​តុលាការ​ខេត្ដ​ព្រះសីហនុ​នៅ​ថ្ងៃទី​ ២៤ ​ខែ​ មិថុនា ឆ្នាំ ២០១០ តុលាកា​ខេត្ដ​ព្រះសីហនុ​បាន​ទទួល​ស្គាល់​ និង​ប្រគល់​ដី​ដែល​មាន​វិវាទ​ទាំង ៩០ ហិកតា ​ទៅ​ដល់​ពលរដ្ឋ​វិញ​។

លោក ហាយ គក មេភូមិ​ពូធឿង​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ដោយបាន​ទទួលស្គាល់​ថា លោក ផូ ឆាំ ​ពិតជា​បានមក​ទិញ​ដី​ប្រជាពលរដ្ឋ​ទាំង ៧៧ គ្រួសារ​នោះ​មែន ប៉ុន្ដែ​មិន​បាន​ទិញ​ដី​ទាំង ៩០ ហិកតា​នោះ​ អស់ ១០០ ភាគរយ​ទេ​។

លោក​មេភូមិ​ប្រាប់ថា​៖ «​ខ្ញុំ​ក៏មាន​ដី​ដែរ​ប៉ុន្ដែ​តិចតួច​។ លោក ផូ ឆាំ គាត់​មក​ទិញ​ដី​នៅ​ក្នុងភូមិ​យើងខ្ញុំ​នេះ​តាំងពី​មុន​ខ្ញុំ​មក​ធ្វើជា​មេភូមិ​ក្នុង​ឆ្នាំ ១០១២ ទៅទៀត គាត់​មក​ទិញ​តាំងពី​ឆ្នាំ​ ១៩៩០ ​ជាង​ម្ល៉េះ​កាលនោះ​ខ្ញុំ​នៅ​ជា​ពលរដ្ឋ​ធម្មតា​ដែរ​។ ដូច្នេះ​ចំពោះ​ថា​តើ​គាត់​ទិញ​ដី​បាន​ប៉ុន្មាន​នោះ​ខ្ញុំ​មិនដឹង​ទេ​»​។

លោក គុយ ម៉ាប់ ពលរដ្ឋ​ ១ ​រូប ​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ៧៧ គ្រួសារ ​ដែល​មាន​វិវាទ​ដីធ្លី​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា យុទ្ធសាស្ដ្រ​របស់​ក្រុមហ៊ុន​គឺ​មក​សង់ផ្ទះ​នៅ​លើដី​ទាំង ៩០ ហិកតា ​ដែល​កំពុងមាន​ជម្លោះ​នោះ ហើយ​បើ​សង់​ចំ​ដី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ជាក់ស្ដែង​ពលរដ្ឋ​បាន​តវ៉ា​ភ្លាម ហើយ​ក្រុមហ៊ុន​ក៏​ឈប់​សាងសង់​។ ប៉ុន្ដែ​បើ​ក្រុមហ៊ុន​សាងសង់​ចំ​ដី​ដែល​មាន​ម្ចាស់​នៅឯ​ភ្នំពេញ ឬ​នៅ​ខេត្ដ​ឆ្ងាយ ហើយ​ម្ចាស់​ដី​មិនដឹង​គឺ​មិន​មាន​អ្នក​តវ៉ា​ទេ​។

លោក​បាន​ប្រាប់ថា​៖ «​ពេល​ក្រុមហ៊ុន​មក​សាងសង់ ពលរដ្ឋ​ឃើញ​ចុះ​ទៅ​ឃាត់ គេ​ព្រមាន​ថា មិនមែន​ដី​របស់​ខ្លួនឯង កុំ​ចេះតែ​មក​ឃាត់​ប្រយ័ត្ន​មានរឿង​។ កន្លែង​ដី​ខ្ញុំគេ​មិនទាន់​សាងសង់​មក​ដល់​ទេ គេ​ចាប់ផ្ដើម​សង់ផ្ទះ​ម្ដង​ ៤ ​ហិកតា​ម្ដង​ ៤ ​ហិកតា​ ក្នុង​ដី ៩០ ហិកតា​នេះ​។ យើង​បានដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ដែរ ប៉ុន្ដែ​មិនមាន​ការដោះស្រាយ​អី​សោះ ឥឡូវ​កំពុង​ស្វែងរក​ការ​អន្តរាគមន៍​បន្ថែមទៀត​»​។

លោក បាន សីយុទ្ធ មេធាវី​តំណាង​ភាគី ឧកញ៉ា ឡាញ ភារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ភាគី​ម្ចាស់​ដី​ខាង​លោក​ឧកញ៉ា​មាន​ជំហរ​ក្នុងការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ផ្អែក​ទៅលើ​ឯកសារ​ច្បាស់លាស់​។

លោក​ថ្លែងថា​៖ «​គោលជំហរ​ដោះស្រាយ អ្នកណា​ចូលទៅ​ចាក់ដី​ហើយ​អស់​លុយ​ថ្លៃ​ដី ដោយ​ពួកគាត់​អត់​ដឹងថា គេ​​មាន​ប្លង់រឹង គាត់​ទៅ​ទិញ​តាម​ប្លង់​ក្រោយ​គេ​ជ្រុល ហើយ​ទៅ​ចាក់ដី​អស់ថ្លៃ​ដី ១ ​ម៉ឺន​យើង​ឲ្យ​ ១ ​ម៉ឺន​វិញ គឺ​ដោះស្រាយ​បែបនេះ​។ ជំហរ​មួយទៀត​ប្រសិន​បើ​ខាងយើង​មិន​បាន​ទិញ​ពិតប្រាកដ​ទេ យើង​នឹង​ពិនិត្យ​ទៅលើ​លទ្ធភាព​ប៉ុន្ដែ​ជាទូទៅ​ភាគច្រើន អ្នក​ដែល​មក​តវ៉ា​នោះ​បាន​លក់​ដី​ទៅ​ឲ្យ​គេ​អស់​ទៅហើយ ហើយ​មក​នៅ​កាន់កាប់​ដី​ហ្នឹង​ទៀត​»​។ លោក​អះអាង​ថា​៖ «​អ្នកខ្លះ ឪពុក​គាត់​លក់​ឲ្យ​គេ​ហើយ​តាំងពី​គាត់​នៅ​តូចៗ​ពេល ១០-២០ ឆ្នាំ​ក្រោយមក គាត់​រស់នៅ​កន្លែង​នោះ​គាត់​សុំ​សិទ្ធិ​កាន់កាប់​នៅលើ​ប្លង់រឹង​របស់​គេ (​ភាគី​ឧកញ៉ា​)»​។

លោក សីយុទ្ធ បញ្ជាក់ថា បើ​ពលរដ្ឋ​ដែល​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​ពិតប្រាកដ​ឲ្យ​យក​ឯកសារ​មក​បញ្ជាក់ នោះ​ភាគី​ខាង​លោក​ឧកញ៉ា​នឹង​បន្ដ​ដោះស្រាយ​ឲ្យ​៕