ភ្នំពេញៈ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ កឹម សុខា ទាំង​ ៤ ​រូប​បាននាំគ្នា​ដើរ​ចេញពី​បន្ទប់​សវនាការ​នៅ​ពាក់កណ្ដាល​ទី​កាលពី​ព្រឹក​ម្សិលមិញ​ក្រោយពី​សម្តែង​ការមិន​សប្បាយចិត្ត​ចំពោះ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដែល​មិន​ផ្ដល់ឱកាស​ឱ្យ​ពួកគេ​បាន​និយាយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​តំណាង​អយ្យការ និង​មេធាវី​តំណាងឱ្យ​រដ្ឋាភិបាល​ធ្វើឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ហៅ​ទង្វើ​មេធាវី​លោក​ កឹម សុខា ថា ជា​ «​ក្រុម​មេធាវី​ទំនើង​»​។


សវនាការ​រយៈពេល​ ១ ​ព្រឹក​ថ្ងៃ​ម្សិលមិញ​បាន​ដំណើរការ​ដោយ​មាន​ការជជែក​ដេញដោល​ដ៏តានតឹង​ខុសពី​រាល់ដង​ជុំវិញ​ការប្រើប្រាស់​ឯកសារ​ជា​ភ័ស្ដុតាង​មួយ​ដោយ​តំណាង​អយ្យការ​ដែល​ក្រុម​មេធាវី​លោក កឹម សុខា សង្ស័យ​ថា​ជា​ភ័ស្ដុតាង​មាន​ភាពមិនប្រក្រតី និង​ទាមទារ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ធ្វើការ​បង្ហាញ​ពី​សុចរិតភាព​នៃ​ឯកសារ​ជា​ភ័ស្ដុតាង​នោះ​។ ការដើរ​ចេញពី​បន្ទប់​សវនាការ​នេះ​គឺ​ធ្វើ​ឡើង ខណៈ​សវនាការ​នឹង​ត្រូវ​បញ្ចប់​នៅ​រយៈពេល​ជិត​ ១ ​ម៉ោង​ខាងមុខ​ទៀត ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ​បាន​ប្រកាស​ឱ្យ​បន្ត​សវនាការ ថ្វីដ្បិត​លោក កឹម សុខា មិន​មាន​វត្តមាន​មេធាវី​ការពារ​ក្ដី​នៅ​ជាមួយ​នៅក្នុង​បន្ទប់​សវនាការ​ក្ដី​។

លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា​៖ «​ត្រូវ​កត់ត្រា​ក្នុង​កំណត់ហេតុ​អំពី​ចរិត​ច្រងេងច្រងាង និង​ទង្វើ​នេះ​។ ត្រូវ​ពិន័យ​ពី​សីលធម៌​លើ​មេធាវី​»​។

ភាពតានតឹង​ក្នុង​សវនាការ​នៅ​ថ្ងៃ​ម្សិលមិញ​បាន​កើតចេញ​ពី​រឿង​ឯកសារ​មួយ​ទំព័រ​ដែល​តំណាង​អយ្យកា​រលោក ប្លង់ សុផល បាន​ប្រើប្រាស់​សម្រាប់​សួរ​ដេញ​លោក កឹម សុខា កាលពី​ថ្ងៃ​ពុធ​គឺជា​ឯកសារ​ភ័ស្ដុតាង​ស្ដីពី​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដើម្បី​ឈានទៅ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​។

ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​បញ្ជាក់​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅពេល​នោះ​ថា ពួកគេ​មិនមាន​ឯកសារ​ភ័ស្ដុតាង​ដែល​តំណាង​អយ្យការ​កំពុង​ប្រើប្រាស់ ដើម្បី​សាកសួរ​ទៅ​កូនក្ដី​របស់ខ្លួន​ឡើយ និង​ស្នើសុំ​ឱ្យមាន​ការបង្ហាញ​ឯកសារ​នោះ​។


ថ្វីដ្បិត​មាន​ការបង្ហាញ​ហើយ​ថែមទាំង​តំណាង​មេធាវី​ការពារ​ក្ដី ឱ្យ​រដ្ឋាភិបាល តំណាង​អយ្យការ និង​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​នាំគ្នា​លើក​បង្ហាញថា ពួកគេ​មាន​ឯកសារ​ទាំងនេះ​ក្ដី​ក៏​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បញ្ជាក់​ថា ពួកគេ​រក​មិនឃើញ​ឯកសារ​នោះ​នៅក្នុង​សំណុំ​ឯកសារ​ជា​ភ័ស្ដុតាង​ដែល​ពួកគេ​ទទួល​បាន​ពី​តុលាការ​ឡើយ ហើយ​ក៏​មិន​ដែល​អាន​ជួបប្រទះ​ដែរ​។

ពួកគេ​ចាប់ផ្តើម​សង្ស័យថា ឯកសារ​នេះ​ទើបតែ​ដាក់​ចូលក្នុង​សំណុំរឿង​ថ្មីៗ​ដោយ​តុលាការ បន្ទាប់ពី​បានស្នើ​សុំ​ឯកសារ​ភ័ស្ដុតាង​របស់​អយ្យការ និង​ក្រុមប្រឹក្សា​ជំនុំជម្រះ​មក​ផ្ទៀងផ្ទាត់​គ្នា​បាន​ពិនិត្យ​ឃើញ​ថា មាន​ការបង់​លេខ​សម្គាល់​ខុសគ្នា​។ ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ទទូច​សូមឱ្យ​តុលាការ​បង្ហាញ​ពី​សុចរិតភាព​នៃ​ឯកសារ​នោះ​។

ទោះជា​យ៉ាងណា​ទាំង​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​អយ្យការ​បាន​អះអាងថា ឯកសារ​នេះ​គឺមាន​នៅក្នុង​សំណុំរឿង​តាំងពី​ដើម​ហើយ​គ្មាន​ហេតុផល​អ្វី​ត្រូវ​លួច​ដាក់​ភ័ស្ដុតាង​បន្ថែម​ដូច​ការ​ចោទប្រកាន់​នោះទេ​។

លោក​ កូយ សៅ បាន​បញ្ជាក់ថា ឯកសារ​នេះ​គឺ​មាន​ទាំង​ឯកសារ​បោះពុម្ព​ (Hard Copy) និង​ប្រភពដើម​ (Source) ​នៅក្នុង​ឌីស​រក្សា​ទុក​តាំងពី​ដំណាក់កាល​ក្រុមប្រឹក្សា​ស៊ើបសួរ ហើយ​ប្រហែល​ក្រុម​មេធាវី​លោក កឹម សុខា ​មិន​ស្នើសុំ​ចម្លង​ពី​តុលាការ ឬ​ចម្លង​ហើយ ប៉ុន្តែ​បាន​ធ្វើឱ្យ​បាត់​ឯកសារ​នោះ​។

ទាំង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល​បាន​ធ្វើការ​កត់សម្គាល់​ថា ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា តែង​លើកឡើង​ពី​ការខ្វះ​ឯកសារ​ជារឿយៗ​តាំងពី​ចាប់ផ្ដើម​សវនាការ​ដំបូង និង​ជាហេតុ​ធ្វើឱ្យ​តុលាការ​ត្រូវ​ខាត​ពេល​អត់​ប្រយោជន៍ ដោយសារ​ពុំ​សូវ​បាន​សួរ​ដេញដោល​លោក កឹម សុខា​។

ក្រុម​មេធាវី​លោក កឹម សុខា បាន​ព្យាយាម​សុំ​តុលា​ការឡើង​ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​ទាំងនេះ​ដោយ​សំអាងថា ពួកគេ​ជួប​ការពិបាក​ក្នុង​ការស្នើសុំ​ឯកសារ​ពី​តុលាការ ប៉ុន្តែ​ត្រូវ​បាន​លោក កូយ សៅ បញ្ជា​ឱ្យ​ឈប់​និយាយ និង​ឱ្យ​អង្គុយ​ចុះ​វិញ​ជាច្រើន​លើក​រហូត​ធ្វើឱ្យ​ក្រុម​មេធាវី​លោក កឹម សុខា មិន​សប្បាយចិត្ត​រួច​ដើរ​ចេញពី​តុលាការ​។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានឱ្យ​ក្រឡាបញ្ជី​ឡើង​រាយការណ៍​ពី​ការស្នើសុំ​ចម្លង​ឯកសារ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក សុខា ខណៈ​ក្រឡាបញ្ជី​បាន​ទទួលស្គាល់​ថា ខ្លួន​មិនបាន​ចម្លង​ឯកសារ​គ្រប់​ចំនួន​ប្រគល់​ទៅឱ្យ​មេធាវី​ទាំងនេះ​ទេ​ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​គ្មាន​ឯកសារ​។

ទោះជា​យ៉ាងណា​លោក​ កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​តែ​ឱ្យ​ក្រឡាបញ្ជី​ម្នាក់​ទៅ​យក​ឯកសារ​នៅក្នុង​សំណុំរឿង​ដើម និង​ឌីស​មកចាក់​បង្ហាញ​នៅក្នុងពេល​សវនាការ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ ថ្វីដ្បិត​គ្មាន​វត្តមាន​មេធាវី​លោក​ កឹម សុខា ដោយ​លើកឡើង​ថា ដើម្បី​កុំឱ្យ​មាន​ការយល់ច្រឡំ​ថា តុលាការ​បាន​ប្រើប្រាស់​ឯកសារ​ភ័ស្ដុតាង​គ្មាន​សុចរិតភាព​។

ក្រោយពី​ការផ្ទៀងផ្ទាត់​ចប់​លោក កូយ សៅ បានឱ្យ​លោក កឹម សុខា ​ធ្វើការ​សម្រេចចិត្ត ថា​តើ​នៅតែ​បន្ត​ពឹងពាក់​មេធាវី​ចាស់​ដដែល ឬ​ត្រូវ​ស្វែងរក​មេធាវី​ថ្មី​ដោយ​លោក​បាន​ប្រកាស​ថា នៅ​សប្ដាហ៍​ក្រោយ​មិនមាន​សវនាការ​ឡើយ​ដោយ​ទុកពេល​ឱ្យ​លោក កឹម សុខា ពិចារណា​អំពី​ការពឹងពាក់​មេធាវី និង​ដាក់​លិខិត​ស្នើសុំ​ចម្លង​ឯកសារ​មិនទាន់​ទទួលបាន​ពី​តុលាការ​។

លោក កឹម សុខា បាន​បញ្ជាក់ថា​លោក​នឹង​ពិគ្រោះ​ជាមួយ​ក្រុម​មេធាវី ដើម្បី​ឱ្យ​ដំណើរការ​សវនាការ​នាពេល​ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី​វិញ ខណៈ​លោក កូយ សៅ បញ្ជាក់​ថា​លោក​នឹង​ចាត់វិធានការ​ស្រប​ទៅ​តាម​ច្បាប់ ប្រសិន​បើ​សវនាការ​នាពេល​ខាងមុខ​ត្រូវបាន​ក្រុម​មេធាវី​លោក កឹម សុខា ធ្វើពហិការ​ដើរចេញ​ទៀត​៕