ភ្នំពេញ: គ្រាប់​យុទ្ធភណ្ឌ​ច្រើន​ប្រភេទ​ចំនួន ៣៨៥ គ្រាប់​ដែល​បន្សាប​ជាតិ​ផ្ទុះ​រួច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​ទៅ​ទុក​នៅ​អង្គការ​សារមន្ទីរ​គ្រាប់​មីន​របស់​លោក​ អាគីរ៉ា នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយ​ស្រី​ខេត្ត​សៀមរាប ដើម្បី​ដាក់​តាំង​បង្ហាញ​ភ្ញៀវទេសចរ​ទស្សនា បន្ទាប់​ពី​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​រួច​កាល​ពី​ថ្ងៃ​ទី ៩ ខែ​ មេសា។


លោក ឈុន បូរ៉ា គ្រូបង្វឹកបច្ចេកទេស​ក្រុមមន្ត្រី​ដោះមីន​នៃ​អង្គការ​ដោះមីន​កម្ពុជា (Cambodia Self Help Landmine) ដែល​ជា​ប្រតិបត្តិករ​ប្រមូល​គ្រាប់​ទាំង​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ក្រុម​ការងារ​លោក​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មីន អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុម​ជំនាញ​មីន​ដោយ​សមត្ថកិច្ច​ទាំង​នោះ បាន​មក​ត្រួត​ពិនិត្យ​រួចរាល់​ហើយ កាល​ពី​ថ្ងៃ​ទី ៩ មេសា ហើយ​ក៏​បាន​អនុញ្ញាត​ឲ្យ​លោក​យកគ្រាប់​ទាំង ៣៨៥ គ្រាប់​នោះ ទៅ​រក្សា​ទុក និង​ដាក់​តាំង​បង្ហាញ​នៅ​អង្គការ​សារមន្ទីរ​គ្រាប់មីន។

លោក​បន្តថា គ្រាប់​ទាំងនេះ នៅ​មិនទាន់​បានរៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ទេ ដោយ​កំពុង​លាង​សម្អាត​ដី និង​ក្លិន​រំសេវ ក៏​ដូចជា​ច្រែះ​ជាមុន​សិន ទើប​បុគ្គលិក​អង្គការ​សារមន្ទីរ​គ្រាប់​មីន​យក​ទៅ​ដាក់​នៅ​កន្លែង​ទាក់ទាញ និង​មាន​សុវត្ថិភាព​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា។ ម្យ៉ាង​ទៀត​អង្គការ​សារមន្ទីរ​គ្រាប់មីន​នឹង​លក់​សំបុត្រ​ថ្លៃ​ចូល​ទស្សនា ដើម្បី​យក​ថវិកា​មក​ទ្រទ្រង់​សកម្មភាព​បោស​សម្អាត​មីន​វិញ។

លោក បូរ៉ា បញ្ជាក់ថា៖ «គេ​អនុញ្ញាត​ឲ្យ​យើង​ដាក់តាំង​ក្នុង​អង្គការ​សារមន្ទីរ​គ្រាប់​មីន​ហ្នឹង​ហើយ។ គ្រាប់​ទាំង​នោះ គឺ​យើង​មិនមែន​រកបាន​ម្ដង​ទាំង​អស់​ទេ គឺ​យើង​សន្សំ​វា​រាប់​ខែ​ឆ្នាំ ហើយ​ពេល​បាន​ច្រើន​យើង​ក៏​សុំ​ការ​អនុញ្ញាត​បន្សាប​វា [ជាតិ​ផ្ទុះ] ហើយ​យក​ទៅ​ដាក់​នៅ​អង្គការ​សារមន្ទីរ​គ្រាប់មីន​ហ្នឹង»។

លោក​បន្ថែមថា ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ អង្គការ​ដោះមីន​កម្ពុជា បាន​ដោះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​បាន​ជាង ៤០០ គ្រាប់។ ប៉ុន្តែ​នៅ​សល់​គ្រាប់​បែក​ខ្លះ​កំពុង​ត្រូវបាន​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព និង​រង់ចាំ​ពេល​បន្សាប​រំសេវ ឬ​ជាតិ​ផ្ទុះ​ដើម្បី​ស្នើសុំ​យក​មក​ទុក​ក្នុង​អង្គការ​លោក​អាគីរ៉ា​បន្ថែម។


លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខា​ធិការ​អាជ្ញាធរ​មីន​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា អង្គការ​ឬ​សមាគម​ណាមួយ​ដែល​ចង់យក​គ្រាប់​មីន​ឬ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មក​ដាក់​តាំង​បង្ហាញ ឬ​រក្សា​ទុក​ក្នុង​បំណង​អ្វី​មួយ​គឺ​ត្រូវសុំ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ និង​ត្រូវ​ត្រួត​ពិនិត្យ​ពី​សុវត្ថិភាព​ជាមុន​សិន។

លោក​បាន​បន្តថា ការតម្រូវ​បែបនេះ​ព្រោះ​កន្លងមក​មាន​ពលរដ្ឋ​ខ្លះ​ដែល​គ្មាន​ជំនាញ​បាន​យក​គ្រាប់​ទាំង​នោះ​ទៅ​ច្នៃ​និង​ប្រើប្រាស់​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​បន្ត​បន្ទាប់។

លោក លី ធុជ បញ្ជាក់ថា៖ «យើង​ត្រូវតែ​ត្រួតពិនិត្យ​ហ្មត់ចត់​ណាស់​រឿងនេះ គេ​មិន​ឲ្យ​ធ្វើ​ផ្ដេស​ផ្ដាស​ទេ​គឺ​យើង​ពិនិត្យ​មើល​ថា តើ​វា​អស់​គុណភាព ១០០ ភាគរយ​ ពិត​ប្រាកដ​ទើប​បាន​ឲ្យ​យក​មក​ប្រើប្រាស់​ក្នុង​បំណង​ណាមួយ ប៉ុន្ដែ​យើង​មិន​លើក​ទឹកចិត្ត​អ្នក​គ្មាន​ជំនាញ​យក​វា​មក​ប្រើប្រាស់​ទេ»។

លោក អាគី​រ៉ា ស្ថាបនិក​អង្គការ​សារមន្ទីរ​គ្រាប់មីន​នៅ​ខេត្តសៀមរាប​មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។

ប៉ុន្ដែ​កញ្ញា សុ​ភិន សុ​ផា​រី បុគ្គលិ​ក​អង្គការ​សារមន្ទីរ​គ្រាប់មីន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អង្គការ​សារមន្ទីរ​គ្រាប់មីន​បាន​និង​កំពុង​រៀបចំ​កន្លែង​សមរម្យ ដើម្បី​ដាក់​តាំង​បង្ហាញ​គ្រាប់​យុទ្ធភណ្ឌ​ទាំង​នេះ​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា ព្រោះ​កន្លង​មក មាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​បរទេស និង​សិស្សា​នុសិស្ស​ដែល​ចង់​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ និង​សង្គ្រាម។

កញ្ញា​បន្តថា គ្រាប់មីន​ទាំងនេះ​ត្រូវបាន​ប្រមូល​មកពី​ទីកន្លែងផ្សេងៗ​គ្នា ហើយ​មុន​យក​មក​ដាក់​នៅ​ទីនេះ​គឺ​បាន​ស្នើសុំ​ការ​អនុញ្ញាត​និង​បន្សាប​ជាតិ​ផ្ទុះ និង​រំសេវ ព្រមទាំង​មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​យ៉ាង​ហ្មត់ចត់ ដើម្បី​ចៀស​វាង​គ្រោះថ្នាក់។

កញ្ញា​បញ្ជាក់ថា៖ «ខ្ញុំ​អត់​ទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់ ក្នុងការ​ដាក់តាំង​បង្ហាញ​ហ្នឹង​ទេ ព្រោះ​យើង​រៀបចំ​កន្លែង​មិន​ទាន់​រួចរាល់​ផង ហើយ​គ្រាប់​មីន​ទាំង​អស់​កំពុង​លាង​សម្អាត​ដែរ»។

តាម​របាយការណ៍​រប​ស់អា​ជ្ញាធរ​មីន​បានបង្ហាញ​កាលពី​ម្សិលមិញ​ថា គ្រាប់​យុទ្ធភណ្ឌ​ចំនួន ២៣ ប្រភេទ​ដែល​បាន​ស្នើសុំ​ចុះ​បញ្ជី​និង​សុំ​រក្សាទុក​នៅ​ក្នុង​អង្គការ​សារមន្ទីរ​គ្រាប់មីន​របស់​លោក អាគីរ៉ា នៅ​ខេត្ត​សៀមរាប។ ក្នុង​នោះ​មាន គ្រាប់​មីន​ចំនួន ១២៨ គ្រាប់ គ្រាប់​ផ្សេងៗ​លាយ​ឡំ​គ្នា​ចំនួន ២៤៩ គ្រាប់ និង​កាំភ្លើង​ធំ​មាន​ចំនួន ៨ កាណុង៕