យូនីសេហ្វៈ ​ទារក​​កម្ពុជា​កើត​ថ្ងៃទី​ ១ ​មករា​ រំពឹងថា​មាន​​អាយុ​លើស​ ៨១ ​ឆ្នាំ

Content image - Phnom Penh Post
ឪពុក​លើក​បី​ទារក​ដែល​ទើប​កើត​នៅ​មន្ទីរពេទ្យ​ឯកជន​ ១ ​ក្នុង​ខែមករា​នេះ​។ ហុង មិនា

ភ្នំពេញៈ ​ទារក ទារិកា​កម្ពុជា​ជិត​ ១ ០០០ ​នាក់​ ក្នុង​ចំណោម​ជាង​ ៣៧ ​ម៉ឺន​នាក់​ នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ចាប់​កំណើត​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​ថ្មី ថ្ងៃទី​ ១ មករា ត្រូវបាន​អង្គការ​យូនីសេហ្វ​ព្យាករ​ថា​នឹងមាន​អាយុកាល​រំពឹងទុក​ច្រើនជាង​មនុស្ស​ជំនាន់​មុនៗ ដែល​មាន​រហូតដល់​លើសពី ៨១ ​ឆ្នាំ​។

អង្គការ យូនីសេហ្វ បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​កាលពី​ថ្មីៗ​នេះ​ថា ទារក ទារិកា កម្ពុជា​ប្រមាណ​ ១ ០០០ ​នាក់​ ដែល​បានចាប់​កំណើត​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​ចូលឆ្នាំ​សកល​ថ្មី គឺជា​ការចាប់ផ្ដើម​ជីវិត​ថ្មី​ពោរពេញ​ដោយ​ក្ដីសង្ឃឹម ស្របពេល​អង្គការ​យូនីសេហ្វ​ចាត់​ទុក​ឆ្នាំ​ ២០២១ ដែលជា​ខួប​ទី​ ៧៥ ​ឆ្នាំ​របស់​ខ្លួន ដើម្បី​គិតគូរ​សាជាថ្មី​អំពី​ពិភពលោក​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​។

អង្គការ​នេះ​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​ឆ្នាំ​ ២០២១ ​នេះ​មាន​ទារក ទារិកា​ចំនួន​ ៩៧១ ​នាក់ ​កើត​នៅក្នុង​ប្រទេស​កម្ពុជា នេះ​បើ​តាម​ការប៉ាន់ប្រមាណ​​របស់​យូនីសេហ្វ​។ ​ពួកគេ​ទាំងនេះ​ស្ថិត​ក្នុង​ក្រុម ទារក ទារិកា​ចំនួន ៣៧១ ៥០៤ ​នាក់​ ដែល​កើត​នៅ​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០២១ នៅ​ទូទាំង​ពិភពលោក​។ ​មានការ​ព្យាករ​ថា ទារក ទារិកា​កម្ពុជា​ទាំងនេះ​នឹងមាន​អាយុកាល​រំពឹងទុក​ច្រើនជាង​មនុស្ស​ជំនាន់​មុនៗ​ជាមួយ​នឹង​អាយុកាល​រំពឹងទុក​ ៨១,២ ​ឆ្នាំ​»​។

អង្គការ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ទូទាំង​សកលលោក​មាន​ការព្យាករ​ថា ទារក ទារិកា ពាក់កណ្ដាល​ក្នុងចំណោម​ចំនួន​ ៣៧១ ៥០៤ ​នាក់ ​ដែល​កើត​នៅ​​ថ្ងៃ​ចូលឆ្នាំថ្មី​ដោយ​រាប់​តែ​ក្នុងប្រទេស​ ១០ ​ប៉ុណ្ណោះ​ដូចជា ឥណ្ឌា​ (៥៩ ៩៩៥​ នាក់​) ​ចិន​ (៣៥ ៦១៥ នាក់​) នីហ្សេរីយ៉ា​ (២១ ៤៣៩ ​នាក់​) ប៉ាគីស្ថាន​ (១៤ ១៦១ ​នាក់​) ​ឥណ្ឌូនេស៊ី​ (១២ ៣៣៦ ​នាក់​) អេត្យូពី​ (១២ ០០៦ ​នាក់​) ​សហរដ្ឋអាមេរិក​ (១០ ៣១២ ​នាក់​) អេហ្ស៊ីប​ (៩ ៤៥៥ ​នាក់​) បង់ក្លាដែស​ (៩ ២៣៦ ​នាក់​) ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (៨ ៦៤០ ​នាក់​)​។

លោក មាស ប៊ុនលី មន្ត្រី​ជំនាញ​ផ្នែក​ទំនាក់ទំនង​យូនីសេហ្វ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ការប៉ាន់ប្រមាណ​លម្អិត​អំពី​កំណើត​ទារក ទារិកា នៅក្នុង​ប្រទេស និង​ដែនដី​ចំនួន​ ២៣៦ ត្រូវបាន​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​ពី​ការចុះ​អត្រា​នុកូលដ្ឋាន និង​ទិន្នន័យ​ដែល​បាន​មកពី​ការអង្កេត​តាម​ខ្នង​ផ្ទះ ដែល​តំណាង​ឲ្យ​ប្រទេស​ទាំងមូល ដើម្បី​ប៉ាន់ប្រមាណ​ពី​ភាគរយ​នៃ​ការសម្រាល​កូន​ប្រចាំខែ​ និង​ប្រចាំថ្ងៃ​។

លោក​បន្ត​ថា យូនីសេហ្វ​បាន​ប្រើប្រាស់​តួលេខ​នៃ​ការសម្រាល​កូន​ប្រចាំឆ្នាំ ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់ និង​អាយុកាល​រំពឹងទុក​ចេញពី​គេហទំព័រ​ប្រជាជន​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​។ ​លោក​បាន​ពន្យល់ថា អាយុព្យាករ​នេះ​គឺអាច​ទៅរួច ដោយ​ស្របតាម​លក្ខខណ្ឌ ដរាប​ណា​កុមារ​ត្រូវបាន​គេ​ផ្តល់ឱកាស​យុត្តិធម៌ និង​​ស្មើៗ​ភាព​គ្នា​ដើម្បី​រស់រានមានជីវិត និង​រីកចម្រើន​រួមទាំង​សិទ្ធិ​ទទួលបាន​នូវ​បរិស្ថាន​ជុំវិញ (​រួមទាំង​បរិស្ថាន​ធម្មជាតិ​) ​ល្អ គ្មាន​ការបំពុល និង​បំផ្លាញ​។

លោក​បញ្ជាក់ថា​៖ «​រាប់​ចាប់តាំងពី​ចាប់កំណើត​ក្នុង​ផ្ទៃ​ភ្លាម ការផ្តល់​សេវា​សុខភាព​គ្រប់គ្រាន់ អាហារូបត្ថម្ភ​គ្រប់គ្រាន់ ថ្នាំ​បង្ការ ការអប់រំ (​ចាប់តាំងពី​ថ្នាក់​មត្តេយ្យ​) ​ទទួល​ទឹកស្អាត និង​អនាម័យ ទទួល​កិច្ចការពារ​ពី​ការរំលោភបំពាន ការការពារ​ពី​ច្បាប់​ពេល​កុមារ​ប្រឈមមុខ​ច្បាប់​ជាដើម​។ សេវា​ទាំងនេះ​មាន​លក្ខណៈ​ប្រសើរ​ជា​បន្តបន្ទាប់ ហើយ​ប្រសិនបើ​ពួកគាត់ (​ដែល​ចាប់​កំណើត​ក្នុង​ឆ្នាំ​ថ្មី​នេះ​) ​ទទួលបាន​សិទ្ធិ និង​សេវា​កាន់តែ​ប្រសើរ អាយុ​រំពឹងទុក​របស់​ពួកគាត់​អាច​ដល់​អាយុ​ដែល​​យូនីសេហ្វ​ព្យាករ​ទុក​»​។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ​នាយិកាយូនីសេហ្វ ប្រចាំ​កម្ពុជា​បាន​ស្វាគមន៍​ទារក ទារិកា ដ៏​ស្រស់ស្អាត​ប្រមាណ​ ១ ០០០ ​នាក់​ ដែល​កើត​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​នេះ​។ លោកស្រី​បន្តថា ឆ្នាំ​ ២០២០ គឺជា​ឆ្នាំ​ដ៏សែន​លំបាក ជាពិសេស​សម្រាប់​កុមារ​។ ទោះជា​យ៉ាងណា​ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល និង​រក្សា​ចំនួន​ករណី​ជំងឺ​កូវីដ​១៩ ឲ្យ​ទាប​ជាង​ប្រទេស​ភាគច្រើន ហើយ​លោកស្រី​សង្ឃឹម​ថា និន្នាការ​នេះ​អាច​នឹង​នៅតែ​បន្តទៀត​។

លោកស្រី​បញ្ជាក់ថា​៖ «​តាមរយៈ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​ព្រមទាំង​ប្រជាជន​កម្ពុជា យូនីសេហ្វ​នឹង​បន្ត​គិតគូរ​សាជាថ្មី​អំពី​ពិភពលោក​កាន់តែ​ប្រសើរ​សម្រាប់​កុមារ​កម្ពុជា​ក្នុង​ការចម្រើន​វ័យ​។ កុមារ​ម្នាក់ៗ​សម​នឹង​ទទួល​បាន​ឱកាស​សម្រេច​សក្ដានុពល​ក្នុង​ជីវិត​របស់ខ្លួន ហើយ​យើង​សន្យាថា នឹង​ខិតខំ​ធ្វើការ ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ​នៅក្នុង​ឆ្នាំ​ខួប​ទី​ ៧៥ របស់​យើង​ក៏​ដូចជា​ក្នុង​ឆ្នាំ​បន្តបន្ទាប់​»​។

ស្រប​ពេលដែល​មានការ​ធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច ការកើនឡើង​នូវ​ភាពក្រីក្រ និង​វិសមភាព ដោយសារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​សកលលោក​នៅ​បន្ត​ជួបប្រទះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ​បាន​លើកឡើង​ថា បញ្ហា​ទាំងអស់​នេះ​ទាមទារ​នូវ​សកម្មភាព​រួមគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចូលរួម​ធ្វើការ​ជាមួយ​កុមារ​ក្នុង​ការផ្តល់ និង​ការពារ​សិទ្ធិ​របស់​ពួកគេ​។ ​ការចូលរួម​ដូច្នេះ​ទើប​ទារក ទារិកា ដែល​បានចាប់កំណើត​ក្នុង​ឆ្នាំ​ ២០២១ ​នេះ និង​ឆ្នាំក្រោយៗ​ទៀត​ទទួល​បាន​នូវ​ឱកាស​យុត្តិធម៌ និង​ស្មើៗ​ភាព​គ្នា ដើម្បី​រស់រានមានជីវិត និង​រីកចម្រើន​៕

ព័ត៌មានថ្មីៗ