កំពង់ចាម៖ អាជ្ញាធរ​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ១៩ មេសា បាន​រៀបចំ​កិច្ច​ប្រជុំ ពិនិត្យ និង​ពិភាក្សា ស្តីពី​ការ​ស្នើ​បង្កើត​ភូមិ​ថ្មី ការ​ស្នើសុំ​បំបែក​ភូមិ ការ​ស្នើ​លុប​ភូមិ ការ​ស្នើ​សុំ​កាត់​ភូមិ និង​ការ​កំណត់​ឈ្មោះ​ភូមិ របស់​រដ្ឋបាលខេត្ត​កំពង់ចាម។


លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ថ្លែង​ថា ចំពោះ​ភូមិ​ដែល​រដ្ឋបាល​ឃុំ-សង្កាត់ បាន​ស្នើសុំ​បង្កើត​ភូមិ​ថ្មី ការ​បំបែក​ភូមិ និង​ការ​លុប​ភូមិ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម សម្រាប់​ឆ្នាំ ២០២១ រួម​មាន ការ​ស្នើសុំ​បង្កើត​ភូមិ​ថ្មី​ចំនួន ៧ ភូមិ ​ដែល​ត្រូវ​ស្នើ​សុំ​បំបែក​ចំនួន ៤១ ភូមិ​ស្នើ​សុំ​លុប​ចំនួន ៨ និង​ភូមិ​ដែល​ត្រូវ​ស្នើ​សុំ​កាត់​ចេញ​ចំនួន ២ ភូមិ។

លោក​អភិបាល​ខេត្ត​ថ្លែង​ថា៖ "ខេត្ត​កំពង់ចាម បច្ចុប្បន្ន​មាន​ស្រុក-ក្រុង ចំនួន ១០។ ឃុំ-សង្កាត់ ១០៩ និង​ភូមិ ចំនួន ៩១៦ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ភូមិ​ដែល​ត្រូវ​បាន​ស្នើសុំ​បង្កើត​ថ្មី​នៅ​ឡើយ​ទេ"៕