
លោករដ្ឋមន្ត្រី ឆាយ ថន ក្នុងពេលចូលបំភ្លឺនៅថ្ងៃទី ១៩ កុម្ភៈ។ សហការី
ភ្នំពេញៈ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការកាលពីថ្ងៃពុធបានដឹកនាំក្រុមការងារចូលបំភ្លឺជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពាក់ព័ន្ធករណីដំណើរការនៃការធ្វើជំរឿនកាលពីឆ្នាំមុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតតាមសំណើរបស់សមាជិក ១ រូបនៃឧត្តមក្រុមប្រឹក្សានេះ។
កិច្ចប្រជុំដែលដឹកនាំដោយប្រធានប្តូរវេនលោក នួន សុខាវី ប្រធានគណបក្សពន្លឺថ្មី បានដំណើរការកាលពីថ្ងៃពុធចាប់ពីម៉ោងជាង ៩ ព្រឹករហូតដល់ម៉ោងជាង ១២ ថ្ងៃត្រង់នៅទីស្តីការនាយករដ្ឋមន្ត្រីដោយមានវត្តមានសមាជិកឧត្តមក្រុមប្រឹក្សាមកពីគណបក្សចំនួន ១៣ និងមន្ត្រីនៃក្រសួងផែនការសរុបជិត ៧០ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រតិភូគណបក្សភាគច្រើនបានលើកឡើងពីបញ្ហាមិនប្រក្រតីនៃការធ្វើជំរឿនកាលពីឆ្នាំ ២០១៩ ដែលរៀបចំដោយក្រសួងផែនការជាពិសេសមានការបាត់តួលេខពលរដ្ឋដ៏ច្រើននៅរាជធានីភ្នំពេញ និងបណ្តាខេត្តបើធៀបនឹងតួលេខផ្លូវការដែលទទួលបាន។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ក្រៅពីនេះបញ្ហាបក្ខពួក ក្រុមគ្រួសារនិយមក្នុងក្រសួងផែនការរួមទាំងបញ្ហាសំខាន់ៗជាក់ស្តែងមួយចំនួនទៀតក៏ត្រូវបានលើកមកចោទជាសំណួរទៅកាន់គណៈប្រតិភូក្រសួងផែនការផងដែរ។
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកដែលបានស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងផែនការចូលបំភ្លឺជុំវិញបញ្ហាទាំងនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ការដែលចង់ឲ្យរដ្ឋមន្ត្រីរូបនេះចូលមកបំភ្លឺ ព្រោះតែលោកបានស្រាវជ្រាវឃើញមានភាពមិនប្រក្រតីក្នុងក្រសួងនេះជាច្រើនដូចជា ការបន្លំទិន្នន័យស្ថិតិប្រជាជន បញ្ហានៃការភូតកុហកលើការធ្វើជំរឿន និងបញ្ហាបក្ខពួកគ្រួសារនិយមជាដើម។
លោកបានឲ្យដឹងបន្តថា បន្ទាប់ពីមានការសាកសួរអស់ជាច្រើនម៉ោងឃើញថា បញ្ហាមួយចំនួនមិនត្រូវបានរដ្ឋមន្ត្រី និងក្រុមការងារនៃក្រសួងនេះទទួលស្គាល់នោះទេ ហើយថែមទាំងមានមូលហេតុជាច្រើនដើម្បីដោះសា ខណៈមានភ័ស្តុតាងជាច្រើនដូចជា ករណី មន្ត្រីធ្វើជំរឿនយកតែក្រដាសទៅបិទតាមផ្ទះដែលគ្មានមនុស្សនៅរួចបូកយកតួលេខមកបញ្ចូលក្នុងបញ្ជីតែម្ដង។
លោកបន្ថែមថា៖ «ការជំរឿនបាត់មនុស្ស ប៉ុន្តែបំប៉ោងទិន្នន័យ អានេះវាមានផលប៉ះពាល់ដល់ការរៀបចំផែនការអភិវឌ្ឍន៍ជាតិ គម្រោងវិនិយោគ ៣ ឆ្នាំ រំកិលហើយការវាស់តម្លៃ វិភាគសេដ្ឋកិច្ច វាប៉ះពាល់ទាំងអស់ ប្រសិនបើយើងយកស្ថិតិជំរឿន កើតឡើងពីការបន្លំយកមកធ្វើ។ កិច្ចប្រជុំនេះ គាត់ (ឆាយ ថន) អត់ទទួលស្គាល់អ្វីប៉ុន្មានផង មានការលើកហេតុផល អ៊ីចេះ-អ៊ីចុះ។ ប៉ុន្តែអត់ទេ យើងនឹងរៀបចំប្រមូលភ័ស្តុតាងនេះដាក់ជូនសម្តេចតេជោ ព្រោះយើងមានភ័ស្តុតាង»។
លោក ស្រី ជា អ្នកនាំពាក្យក្រសួងផែនការមិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេកាលពីថ្ងៃពុធ ដោយសារតែទូរស័ព្ទលោកមិនអាចទាក់ទងបាន។
តាមរបាយការណ៍ជំរឿនកាលពីឆ្នាំ ២០១៩ ដែលរៀបចំដោយក្រសួងផែនការ បានឲ្យដឹងថាតួលេខបណ្តោះអាសន្ននៃការធ្វើជំរឿនពលរដ្ឋទូទាំងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ មានប្រជាជនសរុបមានចំនួន ១៥ ២៨៨ ៤៨៩ នាក់ ដែលនៅក្នុងនោះមានប្រុស ៧ ៤១៨ ៥៧៧ នាក់ និងស្រី ៧ ៨៦៩ ៩១២ នាក់។ បើប្រៀបធៀបនឹងតួលេខជំរឿនឆ្នាំ ២០០៨ ប្រជាជនកម្ពុជាបានកើនឡើងប្រមាណជាង ១ លាន ៨ សែននាក់ ឬស្មើ ១៤,១ ភាគរយ។
ក្នុងនោះរាជធានីភ្នំពេញគឺមានប្រជាជនច្រើនជាងគេបំផុតដល់ទៅ ២ ១២៩ ៣៧១ នាក់ ដែលបន្តឈរលំដាប់ទី ១ ស្របពេលដែលខេត្តកណ្តាលឈរលំដាប់ថ្នាក់ទី ២ ហើយខេត្តកែបនៅតែបន្តឈរលំដាប់ចុងក្រោយគេបង្អស់ដែលមានប្រជាជនតិចជាងគេបំផុត គឺចំនួនត្រឹមតែ ៤១ ៧៩៨ នាក់។ នេះបើយោងតាមរបាយការណ៍ជំរឿន។
ប៉ុន្តែអ្វីដែលលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង រកឃើញបានបង្ហាញថា មានបាត់ប្រជាជនជាក់ស្ដែងដូចជា នៅខេត្តព្រៃវែងបាត់អស់ ២០ ម៉ឺននាក់បើប្រៀបធៀបនឹងតួលេខជាក់ស្តែងក្នុងឆ្នាំ ២០១៣។ ចំណែករបាយការណ៍ផ្លូវការនៃចំនួនពលរដ្ឋនៅរាជធានីភ្នំពេញគឺមានសរុបចំនួន ១ លាន ៤ សែននាក់នៅក្នុងឆ្នាំ ២០១៩ ប៉ុន្តែនៅក្នុងលទ្ធផលជំរឿនបែរជារកឃើញមានជាង ២ លាននាក់ដែលជាតម្រុយនៃការបំប៉ោងរបាយការណ៍៕