ភ្នំ​ពេញៈ លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុងធ្វើការ​ពិចារណា​ផ្តល់​ម៉ាស់ និង​បរិក្ខារ​ពេទ្យ​មួយចំនួន​ទៅដល់​ប្រទេស​ទី​ម័​រ​ខាងកើត ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​ ១៩ បន្ទាប់ពី​លោក​បាន​ផ្តល់នូវ​សម្ភារ​ទាំងអស់នេះ​ ទៅដល់​ប្រទេស​ចំនួន​ ២ ​រួចមកហើយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ គឺ​ប្រទេស​ឡាវ និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​


លោក​ ហ៊ុន សែន​ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ទី ​២៥ ខែវិច្ឆិកា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​ចំនួន ​១៥៣ ​នាក់​ នៅ​វិមាន​សន្តិភាព​ថា លោក​កំពុង​ពិចារណា​ក្នុងការ​ផ្តល់នូវ​ម៉ាស​ និង​សម្ភារ​បរិក្ខារ​ពេទ្យ​ទៅដល់​ប្រទេស​ទី​ម័​រ​ខាងកើត​ផងដែរ​។​

លោក​បាន​មានប្រសាសន៍ថា​៖ «​កម្ពុជា​មិនមែន​គ្រាន់តែ​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ វិស័យ​ផ្នែក​ពេទ្យ​នេះ​ទៅដល់​មិត្ត​ឡាវ និង​មី​យ៉ាន់​ម៉ា ហើយ​ខ្ញុំ​ត្រៀម​ទុក និង​អន្តរាគមន៍​ដល់​ប្រទេស​ទី​ម័​រ​ខាងកើត​»​។​

លោក​បន្តថា​៖ «​មាន​អ្នកខ្លះ​ឌឺ​មក​ខ្ញុំ​ថា ខ្លួនឯង​ដោះស្រាយ​មិន​ចេញ​ផង​ទៅ​គិតដល់​រឿង​គេ​។ បាទ​! សុំ​អ្នក​និយាយ​អី​និយាយ​ចុះ ក៏ប៉ុន្តែ​ក្នុងឋានៈ​ជា​អ្នក​ដែល​ចូលរួមចំណែក​នៅក្នុង​សហគមន៍​អន្តរជាតិ ខ្ញុំ​មាន​កាតព្វកិច្ច​ចូលរួម​ជាមួយនឹង​រដ្ឋ​ដទៃទៀត ប្រជាជាតិ​ដទៃទៀត ដើម្បី​ផ្តល់ជំនួយ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​»​។​

កាលពី​ថ្ងៃទី ​២៦ ខែវិច្ឆិកា លោក ​ម៉ម ប៊ុនហេង បាន​ដឹក​នាំយក​ម៉ាស់​ជាង ​២ ​លាន និង​បរិក្ខារ​ពេទ្យ​មួយចំនួន​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ផ្តល់ជូន​រដ្ឋាភិបាល​និង​ប្រជាជន​មី​យ៉ាន់​ម៉ា​។​


លោក​ ម៉ម ប៊ុនហេង ​បាន​មានប្រសាសន៍​មុនពេល​ឡើង​យន្តហោះ​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ម៉ាស់ និង​បរិក្ខា​ពេទ្យ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រើប្រាស់ ហើយ​ជំនួយ​នេះ​គឺជា​ការជួយ​គ្នា​ដោយ​ស្មារតី​សប្បុរសធម៌​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​នៅពេល​មាន​គ្រោះអាសន្ន​ដូចជា​ករណី​កូ​វីដ​ ១៩ ​នេះ​។​

លោក​បាន​ថ្លែងថា៖ «​សម្ភារ​ម៉ាស់ និង​បរិក្ខា​ពេទ្យ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​ក្នុងការ​ការពារ​ពី​ការចម្លង​ជំងឺ​កូ​វីដ ​១៩»​។​

លោក​ ម៉ម ប៊ុនហេង​ បានលើកឡើង​ទៀតថា ទោះបីជា​ប្រទេស​កម្ពុជា​ ផ្តល់ជំនួយ​ទាំងនេះ​ដល់​ប្រទេស​ជា​មិត្ត​មែន ប៉ុន្តែ​សម្រាប់​ការ​ស្តុក​ទុក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ គឺ​មិនមាន​ការខ្វះខាត​នោះឡើយ ដោយសារ​លោកនាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​ក្រសួងសុខាភិបាល​ទិញ​សម្ភារ​ទាំងនេះ​ទុក​ក្នុង​ឃ្លាំង​បំពេញ​វិញ​ដែរ​។​

អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រួមមាន ម៉ាស់​ចំនួន​ ២​ លាន​, ម៉ាស់​ក្រណាត់​ ១០ ​ម៉ឺន​, ម៉ាស់ N95 ចំនួន ​២​ ម៉ឺន​, វែ​នតា​សុវត្ថិភាព​ចំនួន​ ២ ​ម៉ឺន​, សម្លៀកបំពាក់​សុវត្ថិភាព​សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​ ២ ​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ​ចំនួន​ ៥០០, របាំងមុខ​ចំនួន​ ២​ ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម​សម្រាប់​ប្រ​យោធ​នក​ម្មចំនួន​ ២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​ ២០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​ គីឡូក្រាម​ក្នុង ​១​ ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០​ កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​ ១ ​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ ពាន់​គូ​។​

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​ ១៦ ខែវិច្ឆិកា កម្ពុជា​បាន​ជួយ​ជំនួយ​ដល់​ប្រទេស​ឡាវ​នូវ ម៉ាស់​ធម្មតា​ចំនួន​ ២​ លាន​ម៉ាស់ ម៉ាស់​ក្រណាត់​ ដែល​កម្ពុជា​ផលិត​ដោយ​ខ្លួនឯង បូករួម​នឹង​សម្ភារ​វេជ្ជសាស្ត្រ​ដទៃៗ​ទៀត ដែលមាន​តម្លៃ​ ២ ២២៤ ០០០​ ដុល្លារ​អាមេរិក​៕