
កម្មករចេញមកតវ៉ា ទាមទារអោយរោងចក្រ ជីន យី បើកប្រាក់ខែអោយខ្លួន។ រូបថត នគរបាលជាតិ
កំពង់ឆ្នាំងៈ រោងចក្រកាត់ដេរសម្លៀកបំពាក់កីឡារបស់ជនជាតិចិនឈ្មោះ ជីន យី ហ្គាមេន ស្ថិតនៅខេត្តកំពង់ឆ្នាំងបានជំពាក់មិនបើកប្រាក់ខែកាលពីខែកញ្ញាឱ្យកម្មករជាង ៣ ពាន់នាក់ បន្ទាប់ពីរោងចក្រនេះបានបាត់បង់អ្នកបញ្ជាទិញដ៏ធំរបស់ខ្លួនដែលធ្វើឱ្យកម្មករប្រមាណជាង ៣ ០០០ នាក់ ធ្វើកូដកម្មតវ៉ាបិទផ្លូវកាលពីថ្ងៃទី ២២ តុលា។ អ្នកតំណាងរោងចក្រអះអាងថា រោងចក្រកំពុងប្រឈមនឹងការបិទទ្វារ ប៉ុន្តែថៅកែនឹងរកគ្រប់មធ្យោបាយដើម្បីបើកប្រាក់ខែឱ្យកម្មករ។
លោក អេង ចាន់ដារ៉ា ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រ ជីន យី ហ្គាមេន បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ២៣ តុលា ថា កម្មករជាង ៣ ៧០០ នាក់ កាលពីថ្ងៃទី ២២ តុលា បាននាំគ្នាធ្វើកូដកម្មតវ៉ាបិទផ្លូវ ដោយសារខឹងសម្បានឹងថៅកែរោងចក្រដែលមិនបានបើកប្រាក់ខែឱ្យពួកគាត់ក្នុងខែ ៩ មិនគ្រប់ចំនួន និងប្រាក់សម្រាប់សម្រាលកូន។
លោកបន្តថា ចំណែកកម្មករខ្លះទៀតដែលដាក់ពាក្យលាឈប់ពីការងារ និងខ្លះត្រូវរោងចក្រមិនបន្តកិច្ចសន្យាការងារកាលពីខែកុម្ភៈ និងមីនាក៏ត្រូវបានថៅកែមិនបានបើកខែចុងក្រោយឱ្យដែរ និងថែមទាំងជំពាក់ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដូចជាប្រាក់ដំណាច់ឆ្នាំជាដើម។
ប៉ុន្តែលោកថា ក្រុមកម្មករបានសម្រេចបញ្ឈប់ការតវ៉ាវិញនៅថ្ងៃដដែលនោះ បន្ទាប់ពីភាគីថៅកែរោងចក្របានជួបសម្របសម្រួលជាមួយកម្មករ និងសន្យាបើកប្រាក់ដែលជំពាក់ទាំងនោះឱ្យអស់ត្រឹមថ្ងៃទី ២ ខែ ១២ ខាងមុខ។
លោកបញ្ជាក់ថា៖ «សះជាគ្នាហ្នឹង ដោយសារភាគីថៅកែបានសន្យាថា ប្រាក់ខែក្នុងខែ ៩ ដែលសេសសល់ហ្នឹងនឹងត្រូវបើកនៅថ្ងៃទី ២៦ ខែតុលា។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា នឹងបើកប្រាក់ខែក្នុងខែតុលា និងនៅថ្ងៃទី ២ ខែធ្នូ ថៅកែនឹងបើកប្រាក់ខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែលបានដាក់ពាក្យលាឈប់ និងកម្មករមិនបានបន្តកិច្ចសន្យាការងារកាលពីខែ ២ និងខែ ៣ និងរួមទាំងប្រាក់សម្រាប់សម្រាលកូន»។
រោងចក្រកាត់ដេរ ជីន យី ហ្គាមេន ស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋកិច្ច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក ហឹម ហឿម ជំនួយការ និងជាអ្នកបកប្រែឱ្យថៅកែចិននៅរោងចក្រ ជីន យី បានលើកឡើងថា ក្រុមកម្មករបានទទួលប្រាក់ខែក្នុងខែ ៩ មួយចំនួនហើយ និងនៅសល់ប្រហែលម្នាក់ពី ៣០ ទៅ ៤០ ដុល្លារទៀតប៉ុណ្ណោះ។ លោកថាមូលហេតុដែលខាងរោងចក្រជំពាក់ប្រាក់ខែកម្មករនេះ គឺដោយសារអ្នកបញ្ជាទិញដ៏ធំបំផុតរបស់ខ្លួនប្រចាំនៅប្រទេសបារាំងឈប់បញ្ជាទិញខោអាវពីរោងចក្រតាំងពីខែមីនាមក។ ថ្វីដ្បិតពេលនេះមិនទាន់មានប្រាក់បើកឱ្យកម្មករ ប៉ុន្តែថៅកែបានប្រកាន់ជំហរថានឹងរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកប្រាក់បើកឱ្យកម្មករដោយមិនត្រូវខ្វះ ១ រៀលនោះទេ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង គោលជំហរគាត់គឺនឹងឱ្យទាំងអស់។ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ថា គាត់នឹងត្រូវលក់អីវ៉ាន់ (ក្នុងរោងចក្រ) ចេញឬយ៉ាងណាទេ ដើម្បីរកប្រាក់ឱ្យទាន់ថ្ងៃកំណត់។ ប៉ុន្តែគាត់ថាគាត់នឹងព្យាយាមឱ្យអស់លទ្ធភាពដូចថាទៅខ្ចីមិត្តភក្ដិ ដើម្បីឱ្យទាន់តាមការសន្យាជាមួយកម្មករ»។
លោក ហឹម ហឿម បន្ថែមថារោងចក្រ ជីន យី ហ្គាមេន បានបើកដំណើរការតាំងពីឆ្នាំ ២០១២។ លោកបន្តថា ក្រុមកម្មករបាននាំគ្នាឈប់ធ្វើការតាំងពីថ្ងៃកូដកម្មបិទផ្លូវ និងមានកម្មករប្រហែល ៣០ ភាគបានទៅធ្វើតេស្ដការងារនៅរោងចក្រផ្សេង។
លោកអះអាងថានៅថ្ងៃទី ២ ខែធ្នូខាងមុខបន្ទាប់ពីត្រូវទូទាត់ប្រាក់ដែលជំពាក់កម្មកររួចរាល់ ថៅកែនឹងជួបប្រជុំជាមួយតំណាងកម្មករដើម្បីសម្រេចថាតើរោងចក្រត្រូវដំណើរការបន្ត ឬត្រូវបិទទ្វារ។
លោក ស៊ឹម សុវឌ្ឍនៈ អនុប្រធានមន្ទីរការងារខេត្តកំពង់ឆ្នាំងដែលចូលរួមសម្របសម្រួលរវាងកម្មករ និងថៅកែរោងចក្រមិនអាចសុំបញ្ជាក់អំពីរឿងនេះទេពីម្សិលមិញដោយលោកនិយាយថា ជាថ្ងៃឈប់សម្រាក។
យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថានៅពេលកម្មករធ្វើកូដកម្មបិទផ្លូវជាតិលេខ ៥ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក ខូវ លី ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងចុះការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ដើម្បីបញ្ចៀសអំពើហិង្សាកើតឡើង៕