
កម្មករ-កម្មការនីស្នាក់នៅបន្ទប់ជួល អំឡុងពេលបិទខ្ទប់។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រជាង ២០០ កន្លែង បានបិទទ្វារជាបណ្តោះអាសន្ន រហូតមកដល់ថ្ងៃទី ២៨ ខែមេសានេះ បន្ទាប់ពីរកឃើញថាមានការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលទៅក្នុងតំបន់រោងចក្រ ហើយមានកម្មករ ១ ៦៧៣ នាក់ មានផ្ទុកជំងឺ និងកម្មករជាង ១ ម៉ឺននាក់ កំពុងធ្វើចត្តាឡីស័ក។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នាថ្ងៃទី ២៨ ខែមេសានេះ លោក ហេង សួរ បានថ្លែងទៀតថា រោងចក្រកាត់ដេរទាំងជាង ២០០ នេះ គឺមាននៅរាជធានីភ្នំពេញចំនួន ១៣៤ រោងចក្រ ដែលមានកម្មករជិត ១ ៦០០ នាក់ មានវិជ្ជមានកូវីដ ១៩ ក្នុងចំណោមរោងចក្រដែលមាននៅខេត្តកណ្តាល ២៣ រោងចក្រ ខេត្តតាកែវ ២៦រោងចក្រ ខេត្តព្រះសីហនុ ១៦ រោងចក្រ ខេត្តស្វាយរៀង ៤ រោងចក្រ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម មានតែរោងចក្រមួយប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ចំនួនទាំងនេះ នឹងអាចមានការកើនឡើង ឬប្រែប្រួល ព្រោះបច្ចុប្បន្ននេះ រោងច្រកនៅស្រុកអង្គស្នួល ខេត្តកណ្តាលនេះ យើងកំពុងបន្តធ្វើតេស្ត និងរកអ្នកពាក់ព័ន្ធផ្ទាល់បន្ថែមទៀត។ កិច្ចការងារចំពោះមុខបន្តទៅទៀត គឺព្យាយាមឲ្យសភាពការណ៍វិលទៅរកស្ថានភាពប្រក្រតីឡើងវិញឲ្យបានលឿន»។
ជាមួយនឹងផលប៉ះពាល់នេះ លោក ហេង សួរ បានអះអាងថា នៅក្នុងខែមេសានេះ កម្មករកាត់ដេរនៅតំបន់បិទខ្ទប់ ពោល គឺនៅភ្នំពេញ និងនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលរោងចក្រកាត់ដេរ ផ្អាកដំណើរការ នឹងទទួលបានប្រាក់ខែ ៥០ ភាគរយ។
លោកបន្ថែមថា ក្រសួងកំពុងតែធ្វើការជាមួយម្ចាស់រោងចក្រ ឬម្ចាស់អាជីវកម្មផ្សេងទៀត ដែលស្ថិតនៅក្នុងតំបន់លឿង ដើម្បីកំណត់នូវវិធានការយ៉ាងណា បន្ថយហានិភ័យឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ ឬរោងចក្រ ឬក្រុមហ៊ុន។
លោកបញ្ជាក់ថា៖ «ក្នុងកាលៈទេសៈនេះ គឺលំបាកទាំងអស់គ្នា។ ដូច្នេះហើយ ទាំងខាងនិយោជក និងទាំងនិយោជិត ជាកម្មករទាំងអស់ ត្រូវមានការយោគយល់គ្នាក្នុងគ្រាដ៏លំបាកនេះ។ នៅពេលដែលមានការកំណត់តំបន់នេះ ក្រសួងព្យាយាមសម្របសម្រួលការងារការចល័តកម្មករក្នុងតំបន់មួយចំនួន ដើម្បីចេញបណ្ណអនុញ្ញាតទៅកាន់កម្មករនិយោជិតឲ្យពួកគាត់អាចទៅបន្តការងារបាន»។
លោក ហេង សួរ ថ្លែងថា ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនេះ គឺមានរោងចក្រប្រមាណ ៦៩០ បានរងផលប៉ះពាល់ ខណៈសរុបទាំងក្រុមហ៊ុន សហគ្រាសទូទៅ ចាប់ពីតូចដល់ធំជាង ៧ ០០០ ស្ថាប័នបានប៉ះពាល់ ហើយកម្មករជាង ១ លាន ២ សែននាក់ បានរងផលប៉ះពាល់។
លោក ហេង សួរ អះអាងថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានធ្វើការបែងចែករាជធានីភ្នំពេញ និងក្រុងតាខ្មៅជា ៣ តំបន់យ៉ាងដូច្នេះ គឺនឹងនាំឲ្យរោងចក្រប្រមាណជា ៦០ (កម្មករជិត ២០ម៉ឺននាក់) និងក្រុមហ៊ុនតូចៗនៅក្នុងតំបន់ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ទាប (តំបន់លឿង) អាចនឹងដំណើរការឡើងវិញផងដែរ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្នុងពេលនេះ កម្មករ គួរតែទទួលបានប្រាក់ខែពេញ ១០០ ភាគរយ ស្របច្បាប់ការងារ តាមតែអាចធ្វើទៅបាន។ ការទទួលបាននេះ ក៏គួរតែបើកជូនកម្មករក្នុងពេលភ្លាមៗ ដើម្បីឲ្យពួកគេអាចយកលុយទាំងនេះ ទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ មិនគួរណាផ្តល់ឲ្យក្រោយចប់ការបិទខ្ទប់នោះទេ ព្រោះថា ស្ថានភាពក្នុងពេលនេះ គឺមានការប្រែប្រួលរហូត ដែលធ្វើឲ្យស្ថានភាពកម្មករដែលកំពុងជាប់គាំងក្នុងផ្ទះ ប្រឈមនឹងការលំបាក។
លោកបញ្ជាក់ថា៖ «ជារួម រដ្ឋត្រូវចេញគោលការណ៍ ប៉ុន្តែទន្ទឹមនឹងចេញគោលការណ៍បិទខ្ទប់នេះ រដ្ឋត្រូវគិត ទី១ គឺអំពីអាហារហូបចុកគ្រប់ប្រភេទ ត្រូវផ្តល់ឲ្យបានគ្រប់គ្រាន់ ទី២ ជួយសម្រួលការខ្វះខាតសម្ភារផ្សេងៗ ទី៣ គឺសម្រួលការព្យាបាល និងការធ្វើចត្តាឡីស័កឲ្យបានល្អ ហើយជំរុញការចាក់វ៉ាក់សាំង រួមទាំងជំរុញឲ្យក្រុមហ៊ុនមានវិធានការអនាម័យឲ្យបានកាន់តែខ្លាំង»។
ជាមួយនឹងការលើកឡើងយ៉ាងដូច្នេះ លោក អាត់ ធន់ បានសាទរចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការផ្តល់នូវការគាំទ្រតាមរយៈវិធានការនានា និងគ្រឿងបរិភោគផ្សេងៗក្នុងពេលកម្មករជួបវិបត្តិនេះ។ ប៉ុន្តែ លោកជំរុញឲ្យរដ្ឋាភិបាលគួរគិតគូរបន្ថែមទៀត ក្នុងការជួយដល់កម្មករបន្ថែមទៀត ដើម្បីឲ្យពួកគេអាចបន្តជីវភាពមួយដែលសមរម្យ និងអាចរស់បានក្នុងអំឡុងពេលជាប់គាំងក្នុងផ្ទះ៕