លិខិត​ចំហ​ក្រុម​អ្នកការទូត​ឆ្លើយតប​ទៅ​អតីតមន្ត្រី​ការទូត​សិង្ហបុរី​ ដែល​ស្នើឱ្យ​អាស៊ាន​ដក​កម្ពុជា​ និង​ឡាវ​ចេញពី​សមាជិកភាព

Content image - Phnom Penh Post
អតីត​អ្នកការទូត​សិង្ហបុរី​លោក​ Bihalari Kausikan​។ រូប Mothership

ភ្នំពេញៈ ក្រុម​អ្នកការទូត​កម្ពុជា​ទាំង​ចូលនិវត្តន៍ និង​កំពុង​បំពេញ​ការងារ កាលពី​ថ្ងៃ​អង្គារ​បាន​សរសេរ​លិខិត​ចំហ​ ១ ​វាយបក​ទៅលើ​អតីត​អ្នកការទូត​សិង្ហបុរី​លោក Bihalari Kausikan ដែល​បានស្នើ​ឱ្យមាន​ការដក​សមាជិក​ភាព​កម្ពុជា និង​ឡាវ​ពី​សមាគម​អាស៊ាន​។ ក្រុម​អ្នក​ការទូត​មើលឃើញ​ថា ការលើកឡើង​របស់​បុគ្គល​រូបនេះ​គ្រាន់តែ​ជា​ការនឹករឭក​ដល់​ពេលវេលា​ល្អ​របស់លោក និង​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ឡើង​កុំ​ឱ្យគេ​ភ្លេច​រូបលោក​ប៉ុណ្ណោះ​។

កាលពី​ថ្ងៃទី​ ២៤ តុលា លោក Kausikan បាន​សរសេរ​អត្ថបទ​តាម​អនឡាញ​មួយ​ដែល​ដាក់​ចំណងជើង​ថា​ «​អាស៊ាន​ប្រហែល​ត្រូវ​កាត់​សមាជិក​ខ្លះ ប្រសិនបើ​ពួកគេ​នៅតែ​ត្រូវបាន​ដឹកនាំ​ដោយ​មហាអំណាច​ពី​ក្រៅ​»​។ លោក​ស្នើ​ចំៗ​ថា​អាស៊ាន​ប្រហែល​ជា​ត្រូវ​ដក​កម្ពុជា និង​ឡាវ​ចេញ ប្រសិន​បើ​ពួកគេ​ [​កម្ពុជា-ឡាវ​] ​ធ្វើការ​សម្រេចចិត្ត​ខុស​។

លោក Kausikan គឺជា​អតីតមន្ត្រី​ការទូត​នៃ​ក្រសួង​ការបរទេស​សិង្ហបុរី​ហើយ​បច្ចុប្បន្ននេះ​ជា​ប្រធាន​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​។ លោក​និយាយថា ការប្រកួត​ប្រជែង​គ្នា​រវាង​ចិន​ និង​សហរដ្ឋអាមេរិក​ក្នុង​តំបន់​អាស៊ាន​មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​មាន​ប្រទេស​ ២ ​ដែល​ជា​តំណាង​នៃ​មហាអំណាច​ពី​ខាងក្រៅ​។

កម្ពុជា និង​ឡាវ​ព្យាយាម​រក្សា​អព្យាក្រឹតភាព​របស់ខ្លួន​តាម​បែប​អកម្ម ដើម្បី​តែ​ប្រយោជន៍​របស់ខ្លួន​ប៉ុណ្ណោះ​។ លោក​បន្តថា​៖ «​ដើម្បី​ពន្យល់​បញ្ហា​នេះ​ឱ្យបាន​ច្បាស់លាស់ ខ្ញុំ​មើលឃើញ​ថា ប្រទេស​កម្ពុជា និង​ឡាវ​មាន​ទំនោរ​ឃ្លីងឃ្លោង ងាក​ទៅ​រក​កំហុស​ដូចគ្នា ដែល​នាំ​ឱ្យ​មាន​លទ្ធផល​គួរ​ឱ្យ​ខ្លោចផ្សា​បំផុត សម្រាប់​ប្រទេស​របស់​ពួកគេ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ និង ១៩៧០»​។

លោក​អះអាង​ថា កម្ពុជា និង​ឡាវ​ប្រហែល​ជា​មិនសូវ​ខ្វល់ខ្វាយ​រឿង​សមុទ្រ​ចិន​ខាងត្បូង​ទេ ប៉ុន្តែ​ពួកគេ​ខ្វល់ខ្វាយ​យ៉ាងខ្លាំង​អំពី​ការគ្រប់គ្រង​ទន្លេមេគង្គ​។ ពីព្រោះ​ទន្លេ​នេះ​គឺជា​កត្តា​អាទិភាព​សម្រាប់​ប្រទេស​ទាំង​ ២ ហើយ​វា​ប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​នៃ​ពលរដ្ឋ និង​របប​គ្រប់គ្រង​នៃ​ប្រទេស​ទាំង​ ២​។

លោក Kausikan បន្តថា​៖ «​យើង​នឹង​ឃើញ ពួកគេ​មាន​ជម្រើស​ដ៏លំបាក​ខ្លះ​ដែល​ត្រូវ​ជ្រើសរើស​។ ប្រសិន​បើ​ពួកគេ​សម្រេចចិត្ត​ខុស ពួកគេ​នឹង​ប្រឈមមុខ​នឹង​សមាគម​អាស៊ាន​ទាំងមូល​ដោយ​ជម្រើស​ដ៏លំបាក​។ យើង​ប្រហែល​ត្រូវ​ដក​ប្រទេស​ទាំង​ ២ ​នេះ ដើម្បី​សង្គ្រោះ​ដល់​ប្រទេស​ ៨ ​ផ្សេង​ទៀត​»​។

ក្រុម​អ្នកការទូត​កម្ពុជា​ថ្លែងថា​នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ​ដែល​ «​អ្នក​ចម្បាំង​ចចក​» ​សិង្ហបុរី​រូបនេះ​បានលើកឡើង​នូវ​ការស្នើ​បែបនេះ​។ «​អ្នក​ចម្បាំង​ចចក​» រូបនេះ​បាន​និយាយ​រួច​ម្ដង​ហើយ​កាលពី​ខែ​កក្កដា ២០១៦ នៅលើ​ទំព័រ​ហ្វេសប៊ុក​ដោយ​អំពាវនាវ​ឱ្យមាន​ការរិះគន់​កាន់តែ​ខ្លាំង​ទៅលើ​កម្ពុជា ដើម្បីឱ្យ​កម្ពុជា​លាលែង​ចេញ​ពី​អាស៊ាន ហើយ​ការធ្វើ​បែប​នេះ​ក៏​ធ្វើ​ទៅលើ​ប្រទេស​ឡាវ​ផងដែរ​។

ក្រុម​អ្នកការទូត​ដដែល​អះអាង​ថា​អតីត​អ្នកការទូត​រូបនេះ​ប្រហែល​ជា​មាន​ជរាភាព និង​មាន​ការភ្លេចភ្លាំង​ច្រើន ហើយ​មិនបាន​គិតដល់​គោលការណ៍​គ្រឹះ​ដែល​មាន​ចែង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍​។ គោលការណ៍​ណែនាំ​របស់​អាស៊ាន​ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​អន្តររដ្ឋ​នៅ​អាស៊ីអាគ្នេយ៍ និង​ប្រទេស​ផ្សេងទៀត គឺ​ការគោរព​គ្នា​ទៅវិញ-ទៅមក ដើម្បី​អធិបតេយ្យភាព​ស្មើមុខ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា និង​ការសម្រេចចិត្ត​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស​។

លិខិត​ចំហ​របស់​ក្រុម​អ្នកការទូត​កម្ពុជា​សរសេរ​ថា​៖ «​នៅពេល​ដែល​គាត់​អះអាង​ថា ការទម្លាក់​កម្ពុជា និង​ឡាវ គឺ​ដើម្បី​រក្សា​ការពារ​សមាជិក​ ៨ ផ្សេងទៀត​នោះ​បាន​ន័យថា គាត់​គឺជា​មនុស្ស​ខ្ជិល​ខាង​បញ្ញា​ស្មារតី​ដោយ​សន្មត​ថា ប្រទេស​ ៨ គឺជា​តំណាង​កុងសង់ស៊ីស​របស់​តំបន់​។ ប៉ុន្តែ តើ​វា​ជា​កុងសង់ស៊ីស​តំបន់​ដែរ​ឬ​យ៉ាងណា​នៅពេល​ដែល​គ្មាន​កម្ពុជា និង​ឡាវ​?»​។

លិខិត​ដដែល​បន្តថា​៖ «​កុងសង់ស៊ីស​បែបនេះ​ជា​កុងសង់ស៊ីស​ទន់ជ្រាយ ហើយ​ដូចដែល​គាត់​លើក​ហើយ​ថា ប្រទេស​ទាំង​ ៨ ក៏ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះ​ផលប្រយោជន៍​ជាតិ​របស់ខ្លួន​ដែរ ហើយ​ផលប្រយោជន៍​ទាំងនោះ​មិនអាច​ដូចគ្នា​ទាំងស្រុង​នោះឡើយ​។ ការពិត​គឺ​នៅ​ត្រង់​ថា សមាជិក​អាស៊ាន​ទាំងអស់​កំពុង​តែ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ការប្រកួត​ប្រជែង​របស់​មហាអំណាច​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​»​។

ប្រទេស​កម្ពុជា​មិនដែល​ព្រងើយ​កន្តើយ​លើ​អព្យាក្រឹតភាព និង​ការមិន​ចូលបក្ស​សម្ព័ន្ធ​ទេ ពីព្រោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​តែងតែ​រំឭក​ដល់​ប្រជាជន​កម្ពុជា​ថា ការបោះបង់​ចោល​គោលការណ៍​ទាំង​ ២ នេះ​បាន​នាំឱ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល និង​អំពើ​ឃោរឃៅ​អាក្រក់​បំផុត​ប្រចាំ​សតវត្សរ៍​ទី​ ២០​។ អ្នកការទូត​ពិតប្រាកដ​គួរតែ​ប្រើប្រាស់​ប្រាជ្ញា ជំនាញ និង​បទពិសោធ ចំណេះដឹង និង​គតិបណ្ឌិត​រាប់​ទសវត្សរ៍​របស់ខ្លួន​ដើម្បី​ពន្លត់ភ្លើង​។ គាត់​គួរតែ​ចាក់ទឹក​លើ​ភ្លើង មិនមែន​សាំង​នោះទេ​។

លោក ឈាង វណ្ណរិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) យល់ឃើញ​ថា ការលើកឡើង​របស់​លោក Kausikan គឺជា​មតិ​ផ្ទាល់ខ្លួន​សុទ្ធសាធ​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ទិសដៅ​ ឬ​បំណង​នៃ​គោលនយោបាយ​ការបរទេស​របស់​សិង្ហបុរី​ទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​គ្មានអ្វី​មាន​តម្លៃ​ជាង​ឯករាជភាព និង​អធិបតេយ្យភាព​ទេ ហើយ​នេះ​ក៏​ត្រូវតែ​អនុវត្ត​សម្រាប់​រដ្ឋ​តូច​ដូចជា​កម្ពុជា​ដែរ ដែល​បាន​ចម្រុងចម្រើន​ក្នុង​ការរក្សា​ស្វ័យភាព​នៃ​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​នៅក្នុង​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​មិន​សមរម្យ និង​អយុត្តិធម៌​»​។

អ្នកវិភាគ​នយោបាយ​លោក​ ឡៅ ម៉ុងហៃ ថ្លែងថា ប្រសិនបើ​ប្រទេសមួយ​ត្រូវបាន​ដឹកមុខ​ដោយ​មហាអំណាច​ហើយ​ប្រទេស នោះ​មិន​គ្រប់លក្ខណៈ​សម្រាប់​ជា​សមាជិក​អាស៊ាន​នោះ វា​មិនមែន​ជា​រឿង​មិន​សមស្រប​ទេ​ក្នុង​ការអំពាវនាវ​ឱ្យ​ដក​ប្រទេស​នោះ​ចេញពី​សមាគម​តំបន់​។

លោក​ ជែម សុខ អ្នកវិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា​ទស្សនៈ​របស់ Bihalari Kausi-kan មិនមែន​និយាយ​ចេញពី​គំនិត​ផ្ទាល់ខ្លួន​ទេ គឺជា​គំនិត​របស់​សម្ព័ន្ធមិត្ត​ដែល​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ​។ លោក Kausikan គ្រាន់តែ​ជា​ប្រអប់មាត់​សម្រាប់​បញ្ចេញ​គំនិត​របស់​សម្ព័ន្ធមិត្ត ហើយ​ការរិះគន់​របស់លោក​ជា​គំនុំគំកួន​មួយ​បន្សល់ទុក​តាំងពី​ឆ្នាំ​​ ២០១២ ដែល​ពេលនោះ​កម្ពុជា និង​ឡាវ​មិន​គគ្រឹកគគ្រេង​ជាមួយ​នឹង​ប្រទេស​ផ្សេងទៀត​ក្នុង​ការចេញ​អនុសាសន៍​របស់​អាស៊ាន​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។

លោក​ថ្លែងថា​៖ «​គាត់​យក​បញ្ហា​នេះ​ទៅ​បកស្រាយ​ថា កម្ពុជា និង​ឡាវ​មិន​បង្ហាញ​គោលជំហរ​អព្យាក្រឹតភាព​ដ៏សមសួន​របស់ខ្លួន​។ មនុស្ស​ដូច Bihalari Kausikan នេះ​គឺជា​ប្រអប់មាត់​របស់​សម្ព័ន្ធ​មួយ​ដែល​សម្ព័ន្ធ​នោះ​គ្រាន់តែ​បណ្ដែត​ពាក្យ​ថា បើ​កម្ពុជា និង​ឡាវ​ធ្វើ​ខុស​ម្ដងទៀត គេ​នឹង​ដេញ​ចោល​សមាជិកភាព​ចេញ​ [​ពី​] ​អាស៊ាន​។ បុគ្គល​នេះ​ជា​អ្នកការទូត ប៉ុន្តែ​មិន​យល់​ពី​ធម្មនុញ្ញ​របស់​អាស៊ាន និយាយ​តាមរបៀប​កំរោល​»​។

លោក​បន្តថា លោក Kausikan ធ្លាប់បាន​បញ្ចេញ​ភាព​កំរោល​របស់ខ្លួន​ឱ្យ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ឃើញ​រួចហើយ​កាលពី​កន្លងទៅ​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​កម្ពុជា បែរ​ជា​ញញឹម​ទៅវិញ​ដោយ​ការហួសចិត្ត ដែល​ឃើញ​គំនិត​ខ្វះ​ការយល់ដឹង​ពិតប្រាកដ​អំពី​ធម្មនុញ្ញ​អាស៊ាន​។ ទោះយ៉ាងណា ការខ្វះ​ការយល់​ដឹង​របស់​លោក Kausikan ធ្វើឡើង​ដោយ​ចេតនា​សម្រាប់​សម្ព័ន្ធមិត្ត ប៉ុន្តែ​មិន​តំណាងឱ្យ​ផលប្រយោជន៍​របស់​អាស៊ាន​។ លោក​ក៏​សង្កេតឃើញ​ថា មាន​ប្រទេស​មហាអំណាច​ខ្លះ​កំពុង​ជ្រៀតជ្រែក​ផ្ទៃក្នុង​ប្រទេស​នៅ​អាស៊ាន​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា ការស្នើឱ្យ​ដក​បេក្ខភាព​កម្ពុជា និង​ឡាវ​ចេញពី​សមាគម​អាស៊ាន គ្រាន់​តែ​ជា​គំនិត​ស្រមើស្រមៃ​ប៉ុណ្ណោះ ព្រោះ​គ្មាន​ប្រទេស​អាស៊ាន​ណា​អាច​ដក​ប្រទេស​ទាំង​​ ២ ​នេះ​បាន​ទេ បើតាម​គោលការណ៍​មតិរួម (​កុងសង់ស៊ីស​)​។

អ្នកសិក្សា​ស្រាវជ្រាវ​ជើងចាស់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​យល់ឃើញ​ថា​រដ្ឋាភិបាល​តាមរយៈ​ទំនាក់ទំនង​ការទូត គួរ​ស្នើ​ប្រទេស​សិង្ហបុរី​ឱ្យ​ប្រាប់​ទៅ​ក្រុមអ្នកវិភាគ​ទាំងនេះ​ឱ្យមាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។ បើទោះបី​ជា​ការលើក​ឡើង​នេះ​គ្រាន់តែ​ជា​មតិ​របស់​បុគ្គល​ក៏ដោយ ពួកគេ​មិនគួរ​ប្រើប្រាស់​វេទិកា​របស់គេ​ដើម្បី​វាយប្រហារ​លើ​ប្រទេស​ណាមួយ​ទេ​។

លោក​បន្តថា បើ​មើល​លើ​ភាពជាក់ស្ដែង សិង្ហបុរី​មាន​និន្នាការ​ទៅ​លោកខាងលិច គឺ​សហរដ្ឋ​អាមេរិក​។ កាលពីមុន​ថ្នាក់ដឹកនាំ​ប្រទេស​នេះ​ធ្លាប់​គាំទ្រ​ខ្មែរក្រហម​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា របៀបវារៈ​របស់គាត់​គឺ​ចង់​រិះគន់​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន វា​គឺជា​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​ចិន​។ ប៉ុន្តែ​គាត់​ត្រូវតែ​យល់ថា កម្ពុជា​ក៏ដូចជា​សិង្ហបុរី​គឺជា​ប្រទេស​តូច​។ ប្រទេស​តូច​ត្រូវតែ​រាប់អាន​មិត្ត​ជាមួយ​ប្រទេស​ទាំងអស់​ដើម្បី​រស់​បាន ទាំង​ជាមួយ​ប្រទេស​លោកខាងលិច និង​ខាងកើត​។ គេ​មិន​អាចមក​បន្ទោស​យើង​ដោយសារ​តែមាន​ទំនាក់​ទំនង​ជាមួយ​ចិន​ទេ​។ សិង្ហបុរី​ខ្លួនឯង​ក៏​ខូច​ដែរ ព្រោះ​ប្រទេស​នេះ​ត្រូវ​ជាមួយ​គ្រប់​ប្រទេស​ដែល​មាន​ផលប្រយោជន៍​ដល់​ខ្លួន​»​។

លោក​បន្តថា​៖ «​កម្ពុជា​ក៏​ដូចគ្នា ថ្នាក់ដឹកនាំ​ត្រូវ​រក​វិធី​គ្រប់យ៉ាង​ដើម្បី​អភិវឌ្ឍ​ប្រទេស​ឱ្យទៅ​មុខ​។ ដូច្នេះ​គេ​មិនអាច​រិះគន់​កម្ពុជា​ដោយសារ​រឿងនេះ​ទេ​។ គេ​អាច​រិះគន់​បាន​ក្នុង​រឿង​អ្វីមួយ ប៉ុន្តែ​មិនអាច​និយាយថា ឱ្យ​ដេញ​ប្រទេស​នេះ​ចេញ ប្រទេស​នោះ​ចេញ​ទេ​»៕

ព័ត៌មានថ្មីៗ