ព្រះសីហនុៈ ​អភិ​បាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​សម្រេច​សុំ​លា​លែង​ពីតំណែង​ ក្រោ​យ​ពីមាន​ឧបទ្ទវ​ហេតុរ​លំបាក់​អគារ ​៧​ ជាន់​ បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ប្រមាណ​ ៥០ នាក់ ​ខណៈ​លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​តាម​សំណើ​នេះ ​ស្រប​ពេល​ដែល​លោក ញឹម វណ្ណ​ដា ទេស​រដ្ឋ​មន្ត្រី និង​ជា​អនុ​ប្រធាន​ទី១ នៃ​គណៈ​កម្មា​​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ដោយ​ឲ្យ​កាន់​តួនាទី​ថ្មី។


លោក​ ហ៊ុន​ សែន បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាល​ពី​ម្សិលមិញ ​ខណៈ​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដោយ​ផ្ទាល់​ថា ក្នុង​ពេល​ដែល​លោក​បំពេញ​កា​រងារ​នៅ​ខេត្ត​ព្រះ​សីហនុ លោក ​យន្ត​ មីន អភិ​បាល​ខេត្ត​ព្រះ​សី​ហនុ​ បាន​ទទួល​ស្គាល់​កំហុស​លើ​ការ​គ្រប់​គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បណ្តាល​ឲ្យ​​មានរឿង​ឈឺ​ចាប់​កើត​ឡើង។

លោក​នា​យក​រដ្ឋ​មន្ត្រី​បាន​សរ​សេរ​បន្ត​ថា៖ ​«គាត់ (យន្ត មីន) បាន​ស្នើ​មក​ខ្ញុំ​ដើម្បី​លាលែ​ង​ចេញ​ពី​អភិ​បាល​ខេត្ត​ព្រះ​សី​ហនុ។​ ខ្ញុំ​បាន​យល់​ព្រម​ឲ្យ​គាត់​លា​លែង​ និង​បាន​ពិភាក្សា​ជា​មួយ​ សម្តេច ស ខេង យក​ឯកឧ​ត្តម ​គួច ចំរើន ពី​អភិ​បាល​ខេត្ត​កំពង់ចាម មក​ធ្វើជា​អភិបាល​ខេត្ត​ព្រះសីហនុ​វិញ»។

បើទោះជា​មានការ​ស្នើសុំ​លាលែង​ពី​តំណែង​បែបនេះ​ក្តី ក៏​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា លោក យន្ត មីន នឹង​បន្ត​ដឹកនាំ​យុទ្ធនាការ​រុករក និង​សង្គ្រោះ​ក្នុង​ឧបទ្ទវហេតុ​តទៅ​ទៀត រហូត​ចប់​កិច្ចការ និង​អភិបាល​ខេត្ត​ថ្មី ចូលកាន់​តំណែង។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើ​សេចក្តីសម្រេច​មួយទៀត ដោយ​បាន​ដក​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ ចេញ​ពី​តំណែង​ផង​ដែរ៖ «ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដក​ឯកឧត្តម ញឹម វណ្ណដា ចេញ​ពី​តំណែង​ជា​ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយ​មូលហេតុ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ភូតភរ»។


ពាក់ព័ន្ធ​នឹង​ការប្រកាស​លាលែង​ពី​តំណែង និង​ការទទួល​កំហុស​ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន​ឧបទ្ទវហេតុរ​លំបាក់​អគារ ៧ ជាន់​នេះ លោក យន្ត មីន បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក និង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​បង្ហាញ​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង និង​បាន​សុំការ​អភ័យ​ទោស​ពី​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ទាំងអស់​ក្នុង​ឧបទ្ទវហេតុ​នេះ។ លោក​ក៏បាន​ប្រកាស​ពី​ការ​ទទួល​ខុស​ត្រូវ​ស្រប​ពេល​លោក​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី​ដើម្បី​លាលែង​ពី​តំណែង​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «សម្តេចក៏បានផ្តល់​ការយល់ព្រម​ហើយ​ដែរ។ ជាមួយ​នេះ ខ្ញុំ​បាទ​សុំ​ការ​អភ័យ​ទោស​ពី​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី សម្តេច​ក្រឡា​ហោម សម្តេច ឯកឧត្តម លោក​ជំទាវ ចំពោះ​កង្វះខាត​នៃ​ការ​បំពេញ​ភារកិច្ច​របស់​ខ្ញុំបាទ​កន្លង​មក​នេះ។ ខ្ញុំ​សុំ​ការ​អភ័យ​ទោស​និង​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់​ចំពោះ​កង្វះ​ខាត​របស់​ខ្ញុំ​កន្លង​មក​ដ្បិត​អី​ខ្ញុំ​បាន​ខំ​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ»។

ចំណែក លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី១ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មិន​អាច​ទាក់ទង​បានទេ ដោយសារ​ទូរស័ព្ទ​លោក​ទាំង ២ ខ្សែ​មិន​អាច​ទាក់ទង​បាន កាល​ពី​ម្សិលមិញ។

លោក ញឹម វណ្ណដា ដែលទើបផ្លាស់ប្ដូរតំណែង​​។ ហេង ជីវ័ន

យ៉ាងណាក្ដី ក្រោយពី​ប្រកាស​ដកតំណែងភ្លាមៗ​ព្រះមហា​ក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​បាន​ចេញ​ព្រះរាជ​ក្រឹត្យ ២ ដាច់​ដោយ​ឡែក​ពីគ្នា​ដោយ​លិខិត​មួយ​បញ្ចប់​តំណែង​លោក ញឹម វណ្ណដា និង​លិខិត​មួយ​ទៀត សម្រេច​តែងតាំង​លោក​ក្នុង​មុខ​តំណែង​ថ្មី​គឺជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ដ្រី​ដដែល ចំណែក​តំណែង​ជា​អនុ​ប្រធាន​ទី១ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ត្រូវ​បាន​ជំនួស​ដោយ លោក គន់ គីម។

គិត​មកទល់​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ មាន​មនុស្ស​ស្លាប់​ប្រមាណ ២៨ នាក់ និង​អ្នក​របួស​ធ្ងន់​ស្រាល ២៦ នាក់ ខណៈ​ជន​រងគ្រោះ​ដែល​រួច​ពី​ការ​រលំបាក់​អគារ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​អះអាងថា មាន​មនុស្ស​ជាច្រើន​ទៀត​កំពុង​កប់​ក្នុង​អគារ ក្នុង​នោះ​ក៏មាន​ជនជាតិ​ចិន​ផងដែរ ជាពិសេស គឺ​នៅ​ជាន់​ទី១ និង​ជាន់​ទី២។

ជនរងគ្រោះ​ម្នាក់ ដែល​បាន​រួច​ចេញពី​គំនរ​បាក់បែក​ដោយមាន​របួស​កែងជើង​និង​នៅ​មាន​អារម្មណ៍​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន គឺ​លោក ទុំ ខន បាន​រៀបរាប់​ពី​ព្រឹត្តការណ៍​ក្នុង​ពេល​កើត​ហេតុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​បន្ទប់​សំណង់​អគារ​ដែល​លោក​សម្រាក​គឺ​នៅ​ជាន់​ទី៤ មាន​សមាជិក ៥ នាក់។ បុរស​វ័យ ៤៤ ឆ្នាំ​រូបនេះ បាន​បន្តថា ខណៈ​ដែល​កំពុង​សម្រាន្ត​លង់លក់​ក្រោយ​ធ្វើការ​អស់កម្លាំង​ដល់​ម៉ោង ១២ កណ្តាល​អាធ្រាត្រ​នោះ លោក​បាន​ភ្ញាក់​ដឹង​ខ្លួន​ស្រប​ពេល​មិន​ប៉ុន្មាន​វិនាទី​នៅ​ពេល​អគារ​រលំ​ដួល។

លោក​បាន​បញ្ជាក់ថា៖ «ដូច​អត់​ឲ្យ​ដឹង មាន​មូល​ហេតុអ្វី​ផង ស្រាប់តែ​ស្រឹប​មក​តែម្តង បើ​ពេល​ខ្ញុំ​ដឹងខ្លួន ដូចជា មិន​បាន ១ នាទី​ផង ហើយ​ក៏​ងងឹត​ស្លុប មើល​អ្វី​មិន​ឃើញ។ ប៉ុន្តែ​ពេល​មាន​ចន្លោះ​តាម​បង្អូច​ដែល​គេ​មិន​ទាន់​ដាក់​កញ្ចក់ ចេះតែ​លូន​ចេញ​មក ក៏​ឃើញ​ខ្លួន​នៅ​លើ​គំនរ​បាក់បែក​បាត់​ទៅ​ហើយ និង​ខំ​ស្រែក ជួយ​រក​អ្នក​ដទៃ​ទៀត»។

លោក ទុំ ខន ដែល​ទើប​ចូលធ្វើការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ បានបញ្ជាក់​បន្ថែម​ថា ជាទូទៅ ចំនួន​កម្មករ​ដែល​ធ្វើការ​ក្នុង​អគារ ទាំង​ជនជាតិ​ចិន និង​ខ្មែរ គឺមាន ជាង ១០០ នាក់ ប៉ុន្តែ​អ្នក​ដែល​សម្រាក​ក្នុង​អគារ​នៅ​ពេល​យប់​គឺមាន​ប្រមាណ ៥០ ទៅ ៦០ នាក់​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ជាន់ៗ អាច​មាន​កម្មករ​ចន្លោះ​ពី ១០ ទៅ ១៥ នាក់។

លោក​បាន​បន្ថែមថា៖ «អ្នកសម្រាក​ទាំងអស់​គឺមាន​ខ្មែរ​ភាគច្រើន ហើយ​ជនជាតិ​ចិន​ភាគ​តិច ដែល​សម្រាក​ក្នុង​អគារ​ហ្នឹង​ដែរ ហើយ​ជនជាតិ​ចិន នៅ​ជាន់​ក្រោមៗ ព្រោះ​ពួកគេ​នៅ​សម្រាក​ក្នុង​ប្រអប់​ជណ្ដើរ​យន្ត​ដែល​គេ​អាច​នៅ​រស់​ហើយ​ឮថា មាន​តេ​ឆ្លើយឆ្លង​គ្នា​នៅ​ពេល​ភ្លាមៗ តែ​ឥឡូវ​ប្រហែល​មិន​ទាន់​កាយ​ដល់​ទេ​ដឹង»។

ស្រដៀង​គ្នា​នេះដែរ ជន​រងគ្រោះ​ម្នាក់ទៀត លោក លូ ប៊ុនធឿន វ័យ ៣៣ ឆ្នាំ មកពី​ខេត្ត​ពោធិ៍សាត់​ដូច​លោក ទុំ ខន ដែរ​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​លោក​ទើប​ធ្វើការ​ក្នុង​អគារ​នេះ​បាន​ជាង ១ សប្តាហ៍ ក៏មាន​អារម្មណ៍​ថា ចម្លែក​ដែរ​ព្រោះ​តែ​សង្កេត​មើល​ពី​បច្ចេកទេស​សាងសង់​របស់​ពួកគេ​វា​ខុសគ្នា​ទៅនឹង​កន្លែង​ដែល​លោក​ធ្លាប់​ធ្វើការ​ពី​មុនៗ​មក។

ជនរងគ្រោះ​រូបនេះ​បញ្ជាក់ថា៖ «ដូចជា​វា​ខុស​ស្តង់ដា ព្រោះតែ​យើង​ធ្លាប់ធ្វើ​នៅ​ខាងក្រៅ ខុសពី​សំណង់​អគារ​នេះ។ គេ​យក​ដែក​ជ្រុង​មក​ចាប់​ប៊ូឡុង​តៗគ្នា ហើយ​គេ​យក​ឥដ្ឋ​មក​ដាក់​ចំ​កណ្តាល។ ចម្លែក​ណាស់ គេ​បែរជា​ធ្វើ​ពី​លើ​ដេញ​ចុះមក​ក្រោម​វិញ​ហើយ​ខុសគ្នា​ ១ ទៀត​គេ​មិន​ចាក់​ពុម្ព​ទេ គឺ​ប្រើ​គ្រឿង​ដែក​សុទ្ធ ដែល​មិនដឹង​យក​ដែក​ហ្នឹង​មក​ពី​ខាង​ណា ខ្ញុំ​មិន​សូវ​ដឹង​ដែរ»។

កន្លងទៅ​អាជ្ញាធរខេត្ត​ព្រះ​សីហ​នុ ធ្លាប់បាន​បញ្ជាក់ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​បន្ត​បន្ទាប់​ថា សំណង់​អគារ​ខាងលើ​ដែល​មាន​ម្ចាស់​ឈ្មោះ ជីង គ័ង ជា​ជនជាតិ​ចិន បាន​សាង​សង់​លើ​ផ្ទៃដី​ទំហំ ៥៨៣ ម៉ែត្រការ៉េ មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ហើយ​អាជ្ញាធរ​ធ្លាប់បាន​ហាម​ឃាត់​មិនឱ្យ​សាងសង់​ចំនួន ២ ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ។

ការឆ្លើយ​បែបនេះ​ក៏បង្ក​ជា​ប្រតិកម្ម​និង​ការរិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល ប្រជា​ពលរដ្ឋ​រួមទាំង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ផង ទើប​ឈាន​ដល់​ថ្ងៃទី ២៣ មិថុនា រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដោយ​មាន​សមាជិក​ចំនួន ១៥ រូប ដើម្បី​ត្រួត​ពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ស្តង់ដារ​ សុវត្ថិភាព​ គុណភាព​ សំណង់​នៅ​តាម​ការដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រៅ​ពី​តួនាទី​នេះ ក្រុម​ការងារ​នេះ ក៏មាន​ភារកិច្ច​ត្រួតពិនិត្យ​លក្ខណ​សម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នៅ​តាម​ការដ្ឋាន​សំណង់​រួមទាំង​ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ​ដែល​បាន​សាងសង់​រួច​និង​កំពុង​ធ្វើ​អាជីវកម្ម​ផងដែរ។

ទោះយ៉ាងណា​នៅពេល​សួរថា តើ​មូល​ហេតុអ្វី បានជា​សំណង់​អគារ​កម្ពស់ ៧ ជាន់​នេះ​រលំ​បាក់​រាប​ដល់​ដី​បែប​នេះ លោក ឡៅ ទិព្វ​សីហា រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​រូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មការ​ដែល​ទើប​បង្កើត​ថ្មី​នេះ មិនបាន​ឆ្លើយតប​នោះទេ កាល​ពី​ម្សិលមិញ ដោយ​លោក​បាន​ចុច​បិទ​ទូរស័ព្ទ៕