
លោក ស ថេត ព្រមានជាថ្មីចំពោះអ្នកនៅតែប្រើស្លាកលេខយានយន្ត ន.ប គ្មានការអនុញ្ញាតត្រឹមត្រូវ។ រូបថត នគរបាល
ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត បានព្រមានចាត់វិធានការជាថ្មី ចំពោះអ្នកដែលនៅបន្តប្រើរថយន្តពាក់ស្លាកលេខ ន.ប គ្មានការអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែលោកបានរំឭកឲ្យអ្នកពាក់ព័ន្ធករណីនេះភ្ញាក់រឭកដោយខ្លួនឯង ដើម្បីបញ្ចៀសបញ្ហាប្រឈមនឹងផ្លូវច្បាប់។
ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យការបិទឡូហ្គោនគរបាលជាតិ (សញ្ញារាជសីហ៍) លើរថយន្តមួយចំនួនរបស់អង្គភាពនគរបាលនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៣ ខែមិថុនា លោក ស ថេត បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវប្រើយានយន្តអង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការយកយានយន្តរបស់អង្គភាពទៅប្រើជាលក្ខណៈឯកជន ឬបម្រើឲ្យក្រុមគ្រួសារដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចការរួមរបស់អង្គភាព និងស្ថាប័ន។
ទន្ទឹមនឹងនេះលោក ស ថេត បានព្រមានថា៖ «អ្នកប្រើប្រាស់យានយន្តដែលពាក់ស្លាកលេខ ន.ប មិនមានការអនុញ្ញាតត្រូវតែដោះចេញជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចយើងនឹងចាត់វិធានការទៅតាមច្បាប់ដោយគ្មានការលើកលែងឡើយ»។
លោក គង់ រតនៈ នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាត់ទុកការព្រមាននេះថា ជាការពញ្ញាក់ស្មារតីដល់អ្នកដែលនៅតែបន្តការប្រើប្រាស់លេខ ន.ប គ្មានការអនុញ្ញាតឲ្យភ្ញាក់រឭកចៀសវាងប្រឈមនឹងផ្លូវច្បាប់។
លោកថា៖ «យើងគាំទ្រចំពោះសារព្រមាននេះ ប៉ុន្តែយើងចង់ឃើញការចាត់វិធានការជាក់ស្ដែងតាមច្បាប់ប្រសើរជាងការបញ្ចេញសារព្រមាននេះ»។
លោកបានបន្តថា វិធានការសំខាន់គឺត្រូវចាប់យកយានយន្តនោះទុកជាសម្បត្តិរដ្ឋ និងត្រូវកសាងសំណុំរឿងបញ្ជូនជនប្រព្រឹត្ត និងវត្ថុតាងទៅតុលាការ។
បើតាមការកត់សម្គាល់របស់លោក រតនៈ រថយន្តដែលពាក់ស្លាកលេខ ន.ប និង ខ.ម គ្មានការអនុញ្ញាតនោះ ជាទូទៅគឺត្រូវបានគេនាំចូលគេចពន្ធ ហើយអ្នកដែលប្រើស្លាកលេខ ន.ប និង ខ.ម ភាគច្រើនជាមន្ត្រីក្នុងក្របខ័ណ្ឌនគរបាលជាតិ និងក្នុងកងយោធពលខេមរភូមិន្ទ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ២៣ មិថុនា ថា ពេលនេះក្រសួងកំពុងរឹតបន្តឹងការចេញស្លាកលេខ ន.ប ដល់មន្ត្រីសម្រាប់បំពាក់លើយានយន្តដែលមិនមែនជារបស់អង្គភាព និងកំពុងបន្តចាត់វិធានការលើបុគ្គលដែលនៅបន្តប្រើស្លាកលេខ ន.ប លើយានយន្តផ្ទាល់ខ្លួនគ្មានការអនុញ្ញាត។
លោក គឹមខឿន បញ្ជាក់ថា៖ «តួលេខយានយន្តដែលប្រើស្លាកលេខ ន.ប មានច្បាប់ និងគ្មានច្បាប់នោះ ខ្ញុំមិនមានទេ។ ករណីនេះក្រសួងកំពុងណែនាំដល់គ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធឲ្យរឹតបន្តឹង និងចាត់វិធានការតាមច្បាប់ហើយ»។
ស្រដៀងគ្នានេះលោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិក៏បានថ្លែងដែរថា សមត្ថកិច្ចជំនាញនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធបានចុះស្រាវជ្រាវ និងបង្ក្រាបករណីប្រើប្រាស់ស្លាកលេខ ខ.ម នេះបានជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា៖ «បុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះ គឺមិនត្រឹមតែប្រឈមការចាប់រឹបអូសយានយន្តជាសម្បត្តិរដ្ឋទេ ថែមទាំងត្រូវចាប់បញ្ជូនទៅឲ្យតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ»។
កាលពីសប្ដាហ៍មុន សមត្ថកិច្ចនគរបាលជំនាញបានរកឃើញ និងចាប់រថយន្តស៊េរីទំនើបចំនួន ៣ គ្រឿងដែលប្រើស្លាកលេខ ន.ប គ្មានការអនុញ្ញាតត្រឹមត្រូវ ហើយមានការសង្ស័យថា រថយន្តស៊េរីទំនើបទាំង ៣ គ្រឿងនោះត្រូវបានគេនាំចូលគេចពន្ធ។ នេះបើយោងតាមលោក ឈួន វ៉ុន អ្នកនាំពាក្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃ ២៣ មិថុនា។
លោកបានថ្លែងថា ចំណាត់ការរបស់សមត្ថកិច្ចជំនាញនៅពេលនេះមិនផ្ដោតសំខាន់តែលើស្លាកលេខ ន.ប និង ខ.ម នោះទេ ប៉ុន្តែស្លាកលេខធម្មតាដែលក្លែងបន្លំក៏ត្រូវចាប់ផងដែរ៕
វីដេអូ៖