លោក​ ហ៊ុន សែន៖ ខ្ញុំ​មាន​លទ្ធភាព​រំលត់ភ្លើង​សង្គ្រាម​ តែ​គ្មាន​លទ្ធភាព​ប្រដៅ​អ្នក​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​បំផ្លាញ​ជាតិ

Content image - Phnom Penh Post
លោក​ ហ៊ុន សែន ​ចែក​អំណោយ​ជូន​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​។ រូបថត SPM

បន្ទាយមានជ័យៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោក​មានលទ្ធភាព​ក្នុង​ការរំលត់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា​បាន ប៉ុន្តែ​លោក​គ្មាន​លទ្ធភាព​ប្រៀនប្រដៅ​ដល់​ក្រុម​ដែល​លោក​ហៅថា មាន​បំណង​បំផ្លាញ​ជាតិ​ដោយ​ការធ្វើ​បដិវត្តន៍​ពណ៌​ទេ​។ ទោះ​យ៉ាងណា​លោក​នឹងមិន​ចរចា​នយោបាយ​ជាមួយ​អ្នកណា​ទាំងអស់​។

លោក​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​សៅរ៍ ទី​ ២៤ ខែតុលា ខណៈ​លោក​បន្ត​ចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ទីនោះ​ដែលជា​ដំណើរ​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​លើក​ទី​ ២ ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​លទ្ធភាព​ត្រឹមតែ​រំលត់ភ្លើង​សង្គ្រាម​ប្រដាប់អាវុធ​តែប៉ុណ្ណោះ តែ​ខ្ញុំ​អត់​មានលទ្ធភាព ដើម្បី​នឹង​ធ្វើ​គ្រូអាចារ្យ​ប្រដៅ​មនុស្ស​ ១ ​ក្រុម​ដែល​ប៉ុនប៉ង​បំផ្លាញ​ជាតិ​តាមរយៈ​សកម្មភាព​គេ​ហៅថា បដិវត្តន៍​ពណ៌​នោះទេ​។ ខ្លះ​គេ​បាន​និយាយ​ជាមួយ​ខ្ញុំ អគ្គរដ្ឋទូត​ប្រទេស​ខ្លះ គេ​និយាយ​ជាមួយ​ខ្ញុំ គេ​ថា​ឯកឧត្តម ដោះស្រាយបាន​ជាមួយ​នឹង​ទ័ពព្រៃ​ខ្មែរក្រហម ថា​អ៊ីចឹង​ចុះ​។ ប៉ុន្តែ​ហេតុអ្វី​បាន​ជា ឯកឧត្តម​មិនអាច​ដោះស្រាយ​ជាមួយនឹង​ពួកនេះ​បាន​? បងប្អូន​ទាំងឡាយ​អើយ បើ​អ្នកណា​ក៏​សុទ្ធតែ​យួន ឱ្យតែ​ដើរ​តាម ហ៊ុន សែន យួន​ទាំងអស់​អ៊ីចឹង​ឱ្យ​ធ្វើ​ម៉េច​»​។

លោក​ ហ៊ុន សែន លើកឡើង​ពី​ចំណុច​នេះ​នៅពេល​លោក​រំឭក​ពី​ប្រវត្តិ​នៃ​ការបង្រួបបង្រួម​ជាតិ ក្រោយ​របប​ខ្មែរក្រហម ការចរចា​មុន​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ ​តុលា ១៩៩១ ​និង​នយោបាយ​ឈ្នះៗ​របស់​លោក​ក្នុង​ការធ្វើ​សមាហរណកម្ម​ខ្មែរក្រហម​ដែល​បញ្ចប់សង្គ្រាម​ពេញលេញ​នៅ​ថ្ងៃទី​ ២៩ ធ្នូ ឆ្នាំ ១៩៩៨​។

លោក​ថ្លែងថា អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​តែង​ចាត់ទុក​អ្នកគាំទ្រ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​របស់លោក​ថា ជា​យួន​។ ពួកគេ​ក៏មាន​នយោបាយ​ហៅថា «​មាន​ឯង អត់​អញ​»​។ លោក​បញ្ជាក់ថា ប្រសិនបើ​ក្រុម​អ្នកប្រឆាំង​នៅតែ​បន្តសកម្មភាព​បែបនេះ លោក​ក៏​មិន​ធ្វើ​អ្វី​ជាមួយ​ពួកគេ​ដែរ ព្រោះ​មិនអាច​នៅ​ជាមួយ​គ្នា​បាន ហើយ​ក្រុម​អ្នកប្រឆាំង​មិន​មាន​គោលបំណង​ស្មោះសរ​ណាមួយ​ក្នុង​ការរួបរួម​ទេ ក្រៅតែពី​ប្រើ​វិធី​បំផ្លាញ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អ្នកខ្លះ​ថា នឹង​មាន​ដំណោះស្រាយ ខ្ញុំ​អត់​ត្រូវ​ការធ្វើ​ដំណោះស្រាយ​នយោបាយ​ជាមួយ​អ្នកណា​ទាំងអស់ ព្រោះ​អ្នក​ទាំងឡាយ​ត្រូវ​ដោះស្រាយ​ជាមួយ​ច្បាប់​តែប៉ុណ្ណឹង​។ អត់​មាន​មក​ត្រូវការ​មក​ចរចា​នយោបាយ​ខ្ញុំ​សុំ​ប្រកាស​ឲ្យ​ជនរួមជាតិ​បានដឹង ខ្ញុំ​មិនត្រូវ​ការចរចា​ជាមួយ​អ្នកណា​ទាំងអស់​។ អ្នក​ដែល​ធ្វើ​ខុសច្បាប់​គឺ​មាន​តែ​តុលាការ​ ១ ​គត់ ហើយ​អ្នក​ដែល​តុលាការ​កាត់ទោស​ហើយ ត្រូវ​មក​ជាប់គុក​សិន​។ បន្ទាប់ពី​ជាប់គុក​ហើយ អាហ្នឹង​ចាំ​និយាយ​គ្នា​។ អ្នកឯង​រួចផុត​ពី​គុក​បង្កើត​បក្សនយោបាយ អាហ្នឹង​ជា​សិទ្ធិ​របស់​អ្នកឯង​»​។

ពាក់ព័ន្ធ​នឹង​ការរំឭក​ដល់​ខួប​ទី​ ២៩ ​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ៊ុន សែន ​បាន​បង្ហើប​ថា លោក​បានឃើញ​សារ​ដែល​បញ្ជា​ចេញពី​អ្នកប្រឆាំង​រស់នៅ​សហរដ្ឋអាមេរិក​ឲ្យ​អ្នក​ក្នុងស្រុក​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន និង​នៅមុខ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​។

កាលពី​ថ្ងៃ​សុក្រ ទី​ ២៣ ខែ​តុលា មានការ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ចិន​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ចម្រុះ​បាន​រារាំង​ក្រុមអ្នកតវ៉ា​ដែល​ព្យាយាម​ដាក់​ញត្តិ​។ ក្រៅពីនេះ​ក៏​មាន​អ្នក​តវ៉ា​នៅមុខ​ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​បារាំង ដោយ​ពួកគេ​បានដាក់​ញត្តិ​នៅ​ទីនោះ​។ នេះ​បើតាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​យល់ឃើញ​ថា​ការចរចា​គឺជា​រឿង​ចាំបាច់​កាលណា​ពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​មួយ​ក្នុង​ប្រទេស​នៅមាន​ស្មារតី​ជំទាស់ បើទោះបី​ជា​ពួកគេ​គ្មាន​បក្ស​ដែល​គេ​គាំទ្រ​ក៏ដោយ​ហើយ​ការចរចា​គឺ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជាតិ​។ វា​ក៏​ជា​ដំណោះស្រាយ​មួយ​ដែរ នៅពេល​ដែល​ក្រុម​អ្នកប្រឆាំង​ឈប់​ប្រឆាំង ហើយ​ងាក​មក​ចូលរួម​ធ្វើ​នយោបាយ​បន្ទាប់ពី​ឆ្លងកាត់​នីតិវិធី​តុលាការ​។ ប៉ុន្តែ​លោក​មិន​ជឿថា ក្រុម​អ្នកប្រឆាំង​បាន​ធ្វើ​បដិវត្តន៍​ពណ៌​នោះទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ការបញ្ចប់​ [​ជម្លោះ​] ការសម្របសម្រួល ខ្ញុំ​ជឿរ​ថា សម្ដេច​នៅតែមាន​លទ្ធភាព​ធ្វើ​អ៊ីចឹង​។ លោក​មានលទ្ធភាព​ចរចា ២៣ តុលា ​បញ្ចប់សង្គ្រាម​បាន​សូម្បីតែ​ពួក​ខ្មែរក្រហម​ដែល​កាលសម័យ​នោះ​នៅក្រៅ​ច្បាប់ ក៏​លោក​កៀង​មក​ចូល​អស់ ពិបាក​ចូល ប៉ុន្តែ​រួបរួម​បាន​។ ដូច្នេះ​យើង​អត់​មាន​កាន់​អាវុធ​ប្រឆាំង​អី​ផង រឿង​អី​រួបរួម​មិនបាន​។ ខ្ញុំ​យល់ថា មាន​លទ្ធភាព​បើ​សម្ដេច​មាន​ឆន្ទៈ​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា បុគ្គល​ម្នាក់​អាច​ធ្វើ​នយោបាយ​បាន​ទាល់តែ​បុគ្គល​នោះ​មាន​សម្បទា​នយោបាយ​គ្រប់គ្រាន់​។ ប្រសិនបើ​ពួកគេ​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ក្លាយជា​ពិរុទ្ធជន​ហើយ​ពួកគេ​មិនមាន​លក្ខណសម្បត្តិ​អ្វី​ទៅ​ចរចា​ជាមួយ​អ្នក​ផ្សេង​ទេ កុំថាឡើយ​ចរចា​រឿង​នយោបាយ​សូម្បី​ចរចា​ធ្វើ​ជំនួញ ក៏​គ្មាន​អ្នកណា​ចរចា​ជាមួយ​ដែរ​។

លោក​បន្តថា បើ​មើល​ប្រវត្តិ​នៃ​ការដឹកនាំ​ និង​ការធ្វើ​នយោបាយ​របស់​លោក​ ហ៊ុន សែន ជាទូទៅ​លោក​ធ្វើការ​ជាមួយ​មនុស្ស​ច្រើន​ប្រភេទ ទាំង​អ្នក​ស្អប់ ទាំង​អ្នកធ្វើ​សង្គ្រាម​លើ​សមរភូមិ​ជាមួយ​គ្នា ទាំង​នៅ​តុ​ចរចា​។ ប៉ុន្តែ​វា​ទាមទារ​ឲ្យ​អ្នក​ទាំងអស់​នោះ​មាន​ឆន្ទៈ​រួមមួយ​គឺ​ឆន្ទៈ​ជាតិ ទើប​អាច​ធ្វើការ​ជាមួយ​បាន​។ បើ​អត់​មាន​ឆន្ទៈ​ជាតិ​ទេ មិន​អាច​ធ្វើការ​ជាមួយ​គ្នា​បាន​ទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​អ៊ីចឹង​អ្វី​ដែល​សម្ដេច​លោក​មាន​ប្រសាសន៍ គឺ​ដោយសារ​តែ​ក្រុមប្រឆាំង គាត់​ប្រកាន់​គោលការណ៍​មួយ​គឺ​មាន​ឯង​អត់​អញ​។ ទង្វើ​នយោបាយ​របស់​គាត់​ភាគច្រើន​គឺ​ទង្វើ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ជាតិ​។ ដូច្នេះ​ជា​ការលំបាក​មួយ​ដែល​អ្នកដឹកនាំ​មានអំណាច​ពេញលេញ ហើយ​ទៅ​សម្របសម្រួល​ជាមួយ​អ្នក​ដែល​មាន​និន្នាការ​បំផ្លាញ​ផលប្រយោជន៍​ជាតិ​»៕

វីដេអូ៖

ព័ត៌មានថ្មីៗ