កំពង់​ឆ្នាំងៈ​ នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ នៅ​ថ្ងៃ​ទី​ ១៨ ​ខែ​តុលា​នេះ​ បាន​​ធ្វើ​កោ​សល្យ​វិច័យ​សាក​សព​ក្មេង​ស្រី ២​ នាក់​ បន្ទាប់​ពី​ត្រូវ​សាច់​ញាតិ​ប្រទះ​ឃើញ​ក្នុង​កេស​ឈើ​លើ​ផ្ទះ​នៅ​ភូមិ​ថ្មី​ឃុំ​ផ្សារ​ដែក ស្រុក​បរិ​បូ​រណ៍ ​។


លោក ឌុ​ច ចំរើន ប្រ​ធាន​ការិ​យា​ល័យ​ព្រហ្មទ​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ប្រាប់​​ថា​ករណី​ក្មេង​ស្រី​២​នាក់​ដែល​ត្រូវ​បាន​ជន​ល្មើស​សម្លាប់​នោះ​លោក​មិន​ទាន់​ដឹង​ប្រា​កដ​ថា​បណ្តាល​មក​ពី​អ្វី​ទេ​។

លោក​បញ្ជាក់​​យ៉ាង​ខ្លី​ថា ​៖ «ករ​ណី​នេះ​ខ្ញុំ​មិន​ដឹង​ថា​មក​ពី​អ្វី​ទេ ហើយ​ខ្ញុំ​កំពុង​តែ​ធ្វើ​កិច្ច​ការ​នេះ​»។

ប៉ុន្តែ​បើ​តាម​​ប្រភព​ពី​គេ​ហ​ទំព័រ​របស់​អគ្គ​ស្ន​ង​ការ​នគរ​បាល​ជាតិ​បាន​សរ​សេរ​ថាក្មេង​ស្រី​ទាំង​២​នាក់​មាន​ឈ្មោះ ​អ៊ុ​ល​ លក្ខិ​ណា ​អាយុ​១៤​ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​ អ៊ុ​ល​ ធីតា ​អាយុ​៧​ឆ្នាំ ពួក​គេ​រស់​នៅ​ក្នុង​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ​។

តាមសមត្ថ​កិច្ច​នគរ​បាល​ស្រុក​បូ​រិ​បូ​រណ៍​ម្នាក់​សុំ​មិនឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដែរ​ថា ហេតុ​ការ​ណ៍​នេះ​បាន​បង្ក​​ការ​ភ្ញាក់​ផ្អើល​កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃទី​១៨​តុលា ខណៈ​​ ឈ្មោះ ភី វុទ្ធី ត្រូវជា​ពូ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ​​បាត់​ក្មួយ​ហើយ​ពេល​គាត់ឡើង​​លើ​ផ្ទះក៏​ប្រទះ​ឃើញ​ក្មេង​រង​គ្រោះ​ត្រូវ​គេ​សម្លាប់​ដាក់​ក្នុង​កេស​ឈើ​។


បើ​តាម​មន្ត្រី​នគរ​បាល​រូប​នោះ​ថា​ឪ​ពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ជា​កម្មករ​ទើបធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​ប្រ​ហែល​មួយ​សប្តាហ៍​មុន​ថ្ងៃ​កើត​ហេតុ​ប៉ុណ្ណោះ​។

ចំណែក​​សាក​សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា​អាច​ត្រូវ​ជន​ល្មើស​សម្លាប់​មុន​ថ្ងៃ​កើត​ហេតុ​១​ថ្ងៃ​ដោយសាក​សព​ពួក​គេ​ត្រូវ​ជន​សង្ស័យ​វាយ​លើ​ផ្ទៃ​មុខ​ដែល​សង្ស័យ​ថា​ជា​ករ​ណី​រំលោភ​សម្លាប់​៕