កណ្តាលៈ គិត​មកដល់​ថ្ងៃ​ម្សិលមិញ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​ជះ​ទឹក​អាស៊ីត​ទៅលើ​ស្ត្រី​ជា​ប្រពន្ធ ប៉ុន្តែ​បាន​ខ្ទាត​ទៅ​ត្រូវ​លើ​កូនប្រុស​ខ្លួនឯង អាយុ​ទើប​ជាង ១ ខួប បណ្តាល​ឲ្យ​រងរបួស​ស្រាល នៅ​ភូមិ​ដុល ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី ១៤ ខែមករា។


លោក មែន សុខ​ឃឿន អ​ធិការ​ស្រុក​ខ្សាច់កណ្តាល បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ អ៊ុក កុម្ភៈ អាយុ ២២ ឆ្នាំ​ត្រូវជា​ប្តី​របស់​ស្ត្រី​ឈ្មោះ រ៉ា ស្រី​និច្ច អាយុ ១៩ ឆ្នាំ ហើយ​ក្មេងរងគ្រោះ​ជា​កូន​មាន​អាយុ ១ ឆ្នាំ ៦ ខែ។

លោក​ប្រាប់ថា៖ «ពេលនេះ ស្ថានភាព​ជំងឺ​របស់​ក្មេងរងគ្រោះ បាន​ធូរស្រាល​ហើយ បន្ទាប់ពី​ព្យាបាល​របួស​រួចមក។ ទឹកអាស៊ីត​នោះ​ខ្សោយ​ដែរ​ទេ​ដែល​គ្រាន់តែ​ធ្វើ​ឲ្យ​របកក្រហមៗនៅលើ​ស្បែ​កមុខ។ ចំណែក​ជនសង្ស័យ​ត្រូវ​កម្លាំង​យើង​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន»។

លោក​រំឭក​ប្រាប់​តាម​សម្តី​សាច់ញាតិ​របស់​ក្មេងរងគ្រោះ​ថា ជនសង្ស័យ​ឈ្មោះ ​អ៊ុក កុម្ភៈ បាន​យក​ស្ត្រី​ឈ្មោះ រ៉ា ស្រី​និច្ច​ ជា​ប្រពន្ធ មិនបាន​រៀបការ​ទេ​និង​បានកូន​ប្រុស​ម្នាក់ (ក្មេងរងគ្រោះ)។ លោក​ថ្លែងថា រយៈពេល​រស់នៅ​ជាមួយគ្នា​នោះ ពួកគេ​តែងតែ​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​តែងតែ​បង្ក​អំពើហិង្សាជារឿយៗលើ​ប្រពន្ធ។

នៅមុន​ថ្ងៃកើតហេតុ​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា ដោយសារតែ​បុរស​ជា​ប្តី ខឹង​ស្ត្រី​ជា​ប្រពន្ធ​ដែល​ចង់​លែងលះ​ជាមួយ​ខ្លួន។ នៅ​ថ្ងៃកើតហេតុ ស្ត្រី​ជា​ម្តាយ​ដែល​រស់នៅ​ភ្នំពេញ​បាន​នាំ​កូន ទៅលេង​ស្រុក​របស់ខ្លួន​នៅ​ឃុំ​សន្លុង។


នៅពេលនោះ​ជនសង្ស័យ​បាន​ទូរស័ព្ទ​ណាត់ជួប​ស្ត្រី​ជា​ប្រពន្ធ ប៉ុន្តែ​នាង​មិន​ព្រម​ជួប។ លុះ​នៅ​ម៉ោង៧យប់ ថ្ងៃទី ១៤ ខែមករា នាង​បាន​បីកូន​ទៅ​ទិញ​ម្ហូប​ជាមួយ​ស្ត្រី​ឈ្មោះ ​ម៉ៃ ស្រី​ឡា ស្របពេលនោះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​សេ ១២៥ មក​ក្បែរ​ហើយក៏​ជះទឹក​អាស៊ីត​លើ​ស្ត្រី​ជា​ម្តាយ​ក្មេង​ប៉ុន្តែ​បែរជា​ខ្ទាត​ទៅ​ត្រូវ ក្មេង​រង​គ្រោះ​ទៅ​វិញ៕