
សមាគមអ្នកនិពន្ធធ្វើសន្និសីទកាសែត ពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ សមាគមអ្នកនិពន្ធខ្មែរ និងក្រុមអ្នកស្រឡាញ់អក្សរសាស្រ្ដជាតិ បានស្ម័គ្រចិត្ដរួមគ្នាផ្ដើមបង្កើតគម្រោង «កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល» ដើម្បីត្រួតពិនិត្យ និងកែសម្រួលកំហុសអក្ខរាវិរុទ្ធខ្មែរឲ្យមានភាពត្រឹមត្រូវ ឆ្លើយតបទៅនឹងការឆ្ពោះទៅកាន់បដិវត្ដន៍ឧស្សាហកម្មទី៤ (ទំនើបកម្មបច្ចេកវិទ្យាចុងក្រោយ) របស់កម្ពុជា។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាប្រធានគ្រប់គ្រងគម្រោងកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបើកបង្ហាញគម្រោងនេះ កាលពីម្សិលមិញថា ការបង្កើតកម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធខ្មែរនេះ ដើម្បីធ្វើឲ្យអក្សរសាស្រ្ដជាតិខ្មែររឹតតែមានភាពទំនើបទាន់សម័យ និងជួយសម្រួលដល់ដំណើរប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ និងការបោះពុម្ពផ្សាយនៅកម្ពុជា ពិសេសនៅក្នុងវិស័យអប់រំ ចំពោះបញ្ហាកំហុសអក្ខរាវិរុទ្ធខ្មែរ។
ដោយសង្កេតឃើញផលវិបាកនៃការប្រើប្រាស់ភាសាខ្មែររបស់អ្នកប្រើប្រាស់ទូទៅមានកំហុស ហើយមិនច្បាស់លាស់ក្នុងការប្រើប្រាស់ ទាំងក្រសួងស្ថាប័ន បុគ្គល អ្នកអាជីព ហើយលំបាកក្នុងការបើកវចនានុក្រម ឬពិបាកទុកដាក់វចនានុក្រមតាម ទើបសមាគមអ្នកនិពន្ធខ្មែរ សហការជាមួយបញ្ញវន្ដ ១ ក្រុមបង្កើតកម្មវិធីនេះឡើង។
លោកបានបន្ដថា៖ «ការបង្កើតកម្មវិធីនេះក្នុងគោលបំណងលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍភាសាខ្មែរ ឱ្យមានសុក្រឹត និងសង្គតិភាព ដើម្បីបន្ថែមភាពងាយស្រួលភាសាខ្មែរ ដើម្បីបំពេញបន្ថែមទំនើបភាសាជាតិនៅក្នុងវិស័យនានា ក្នុងស្ថាប័នជាតិ និងអន្ដរជាតិរួមចំណែក ទំនើបកម្មដោយប្រព័ន្ទឌីជីថល (Digitalization)»។
លោក ប្រណីត បន្ថែមថា៖ «ដំបូងយើងបង្កើតកម្មវិធីនេះឡើងក្នុងគំនិតថា ដើម្បីកុំឲ្យក្រុមអ្នកនិពន្ធសរសេរខុស ចង់ឲ្យអ្នកនិពន្ធសរសេរអក្ខរាវិរុទ្ធខ្មែរលែងមានខុសទៀត ប៉ុន្ដែក្រោយមក យើងក៏មានគំនិតមួយទៀតថា ចង់ឲ្យអ្នកនៅជុំវិញយើងសរសេរភាសាអក្ខរាវិរុទ្ធខ្មែរលែងខុសដែរ ទើបយើងចាប់ផ្ដើមបង្កើតគម្រោងកម្មវិធីនេះឡើងសម្រាប់ទាំងអស់គ្នាតែម្ដង បើសិនជាមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ នឹងបន្ដជះឥទ្ធិពលដល់អ្នកជុំវិញខ្លួន ពិសេសយុវវ័យ និងក្មេងៗជំនាន់ក្រោយនឹងមានកំហុសលើការសរសេរភាសាខ្មែរនេះរឹតតែខ្លាំងឡើង»។
លោក ដាញ់ ហុង អ្នកគ្រប់គ្រងបច្ចេកទេសនៃការបង្កើតគម្រោងនេះ និងជាអ្នកសរសេរកម្មវិធីនេះដោយផ្ទាល់ផងនោះ បានលើកឡើងថា កម្មវិធីត្រួតពិនិត្យអក្ខរាវិរុទ្ធនេះ ព័ត៌មាន ឬទិន្នន័យអក្ខរាវិរុទ្ធដែលប្រើប្រាស់ទាំងស្រុង នឹងដកស្រង់ចេញពីវចនានុក្រមខ្មែរបោះពុម្ពលើកទី៥ វចនានុក្រមអក្ខរាវិរុទ្ធខ្មែរ សទ្ទានុក្រម វចនានុក្រម បច្ចេកសព្ទ ឬវាក្យសព្ទ របស់ក្រសួងស្ថាប័ននានា ដែលបានឆ្លងកាត់ការប្រជុំអនុម័តដាក់ឲ្យប្រើប្រាស់ពាក្យដោយវិទ្យាស្ថានជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីនេះជាប្រភេទកម្មវិធី វេបអ៊ែប (Web App) ដោយគ្រាន់តែភ្ជាប់បណ្ដាញអ៊ីនធឺណិត នឹងអាចចូលទៅប្រើប្រាស់បាន ដោយចូលទៅកាន់តំណភ្ជាប់ khmerwriters.com រួចបញ្ចូលអត្ថបទភាសាខ្មែរទៅក្នុងកម្មវិធី នោះកម្មវិធីនេះនឹងត្រួតពិនិត្យ កែតម្រូវរាល់អក្ខរាវិរុទ្ធដែលសរសេរខុសនោះ។
លោក ប៉ា ចន្ទរឿន នាយកមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍ និងសីលធម៌កម្ពុជា និងជាទីប្រឹក្សាគ្រប់គ្រងគម្រោងកម្មវិធីនេះថ្លែងថា គម្រោងនេះ គឺត្រូវការពេលវេលាចំនួន ២ ឆ្នាំ និងថវិកាប្រមាណ ៤ ម៉ឺនដុល្លារ ដើម្បីធ្វើ និងត្រូវការរយៈពេល ១០ ឆ្នាំ ដើម្បីធ្វើបច្ចុប្បន្នភាពបន្ថែមទៀត។
លោកបានឲ្យដឹងថា ក្រុមការងារដែលកំពុងធ្វើកម្មវិធីនេះបច្ចុប្បន្នសុទ្ធតែជាអ្នកស្ម័គ្រចិត្ដ ដោយធ្វើមិនគិតពីផលកម្រៃអ្វីឡើយ ហើយនៅពេលបញ្ចប់គម្រោងកម្មវិធីនេះនឹងដាក់ឲ្យសាធារណជនប្រើប្រាស់ដោយឥតគិតថ្លៃ។
លោក ម៉ៅ ស៊ុយពិសិដ្ឋ មន្រ្ដីតំណាងពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមក្នុងសន្និសីទសារព័ត៌មានបង្ហាញគម្រោងកម្មវិធីនេះដែរកាលពីម្សិលមិញថ្លែងថា កម្មវិធីនេះពិតជាល្អ និងអាចជួយកែសម្រួលផ្នែកអក្ខរាវិរុទ្ធខ្មែរបានច្រើន។
លោក ម៉ៅ ស៊ុយពិសិដ្ឋ បានថ្លែងផងដែរថា៖ «ការបង្កើតកម្មវិធីនេះ វាបានជួយសម្រួលឲ្យយើង ក្នុងការកែប្រែពីការសរសេរអក្សរខ្មែរដែលខុសឲ្យបែរជាត្រឹមត្រូវឡើងវិញ។ ថ្វីដ្បិតថា នេះគឺជាជំហានដំបូងមិនទាន់ដាក់ឲ្យដំណើរការ ប៉ុន្ដែវាក៏ជាការរីកចម្រើនដែរ ពិសេសបានជួយកែតម្រូវច្រើនលើផ្នែកពាក្យ»៕