សៀមរាបៈ​ ​សមា​ជិក​​សមា​ជិកា​ចំនួន​ ​៣៥០ ​នាក់ ​នៃគណៈ​​​អចិ​ន្រៃ្តយ៍​គណៈ​កម្មា​ធិ​ការ​កណ្ដាល​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ ​(​ស​.​ស​.​យ.ក​)​ កាល​ពី​ម្សិល​មិញ​បាន​សម្រេច​ជ្រើស​រើស​បញ្ចូល​បន្ថែម​សមា​ជិក​ថ្មី​ចំនួន ​២០​ រូប​ ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រ​ជុំ​ ២​ ថ្ងៃ​ នៅ​ក្នុង​ ខេត្ត​សៀមរាប។​


​យោង​តាម​ហ្វេស​ប៊ុក​ ​ស​.​ស​.​​យ​.ក​.​ ​នៅ​ថ្ងៃ​អា​ទិត្យ​ម្សិល​មិញ​​ ​​បញ្ជាក់​ថា​៖ ​«​ការ​បន្ថែម​សមា​ជិក​ថ្មី​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​នៃ​ចំនួន​សមា​ជិក​ទូ​ទាំង​ប្រទេស​​ ក៏​ដូច​ជា​ការ​កើន​ឡើង​នៃ​ភារកិច្ច​ ​និង​ការទទួល​ខុស​ត្រូវ​របស់​ ​ស​.​ស​.​យ​.​ក ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹ​ង​ការ​វិវឌ្ឍ​ជាក់​ស្តែង​នៃ​សង្គម​ ​ជា​ពិសេស​ក្នុង​បរិបទ​បដិ​វត្តន៍​ឧស្សា​ហ​កម្ម​ ​៤.០​ និង​ដើ​ម្បី​​ត្រៀម​ខ្លួន​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុ​វិ​ស័យ​ឆ្នាំ​ ២០៣០​ និង​ ២០៥០»។

​លោក​ ​សោម ​រត​នា ​សមា​​ជិក ​(​ស​​.​ស​.​យ​.​ក​)​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ​ស​.​ស.​យ​.​ក​ ​​នឹង​អាច​ទាក់​ទាញ​យុវ​ជន​ឲ្យ​ចូល​រួម​កាន់​តែ​ច្រើន​ ពី​ព្រោះ​សមា​ជិក​ ​ស​.​ស​.​យ​.​ក​ ហាក់​បី​ដូច​ជា​មាន​ការ​ប្រឹង​ប្រែង​ខ្ពស់​ ហើយ​ ស​.​ស​.​យ​.ក​ ​ច​ង់​​ពង្រីក​យន្ត​ការ​ទាក់​ទាញ​យុវ​ជន​ឲ្យ​បាន​ទូលំ​ទូ​លាយ​ថែម​ទៀត​ ​និង​ការ​ផ្តល់​ឱកាស​ដក់​ពួកគាត់​កាន់​តែ​ច្រើន។​ ​

​លោក​ ​រតនា ​បញ្ជាក់​ថា​៖​ ​«​សម្រាប់​ខ្ញុំ​ គិត​ថា​ វា​នឹង​អាច​ជា​ឱកាស​ល្អ​សម្រាប់​យុវ​ជន​យើង ដោយ​សារ​តែ​យើង​ក៏​បាន​ពិភា​​ក្សា​គ្នា​ពី​រឿង​ថា​ ​ត្រូវ​បង្កើ​ត​ភាព​ជា​ដៃ​គូ ជា​មួយ​នឹង​ខាង​ឯក​ជន ​និង​វិស័យ​សាធារណៈ​ ហើយ​ជា​មួយ​នឹង​អន្តរ​ជាតិ​ទៀត​ដើម្បី​បង្កើត​ឱ​កាស​ឱ្យ​យុវ​ជន​ ​ព្រោះ​កន្លង​មក​ យើង​ធ្វើ​នៅ​ក្នុង​ក្របខ័ណ្ឌ​​ត្រឹម​តែ​ប្រទេស​ ការងារ​ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង​ទេ​ កិច្ច​ប្រជុំ​នេះ ​នឹង​ពង្រី​កល​ទ្ធភាព​ភាព​ជា​ដៃ​គូ​ដើម្បី​បង្កើត​ជា​វេ​ទិកា​ឲ្យ​​​យុវ​ជន​កាន់​តែ​មាន​ឱកាស​អភិវឌ្ឍ​ខ្លួនឯង»៕