ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​មេដឹកនាំ​សហជីព​ចំនួន​ ៥ ​នាក់​ និង​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ពី​អំឡុង​ចុង​ឆ្នាំ​ ២០១៣ និង​ដើម​ ២០១៤ ខណៈ​បណ្តឹង​មេ​សហជីព​ទាំង​ ៦ ​នាក់​នោះ​​ក៏​ត្រូវ​បាន​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ​ដែរ​។


នៅក្នុង​បន្ទប់​សវនាការ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​ដែរ​មិន​មាន​វត្តមាន​មេដឹកនាំ សហជីព​ទាំង​ ៦ ​នាក់​នោះ​ទេ ប៉ុន្តែ​មាន​វត្តមាន​លោក ទឹម វុទ្ធី និង​លោក សោម ឌីណា ជា​មន្ត្រី​នគរបាល​ក្នុង​ចំណោម​មន្ត្រី​នគរបាល​ជាង​ ១០ ​នាក់​ដែល​ជា​ជនរងគ្រោះ​។

នៅក្នុង​សវនាការ​លោក​ សោម ឌីណា ជា​មន្ត្រី​នគរបាល​ខណ្ឌ​សែនសុខ​បាន​រៀបរាប់​ប្រាប់​ចៅក្រម​ថា លោក​ត្រូវ​បាន​មេ​របស់​លោក​បញ្ជា​ឲ្យ​ទៅ​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែង​ធ្វើបាតុកម្ម​នោះ​ហើយ​ពេល​ទៅ​ដល់​លោក​បាន​ឃើញ​ក្រុម​បាតុករ​ជាច្រើន​រយ​នាក់​កំពុង​ស្រែក​ទាមទារ​ពី​ការដំឡើង​ប្រាក់​​ខែ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​កំពុង​សម្រួល​ចរាចរណ៍ ស្រាប់តែ​មាន​មនុស្ស​ ១ ​ក្រុម​ប្រហែល​គ្នា​ ២០ ​នាក់​បាន​គប់​ដំបង​ និង​ខ្លះ​គប់​ដុំ​ថ្ម​មក​លើ​កម្លាំង​ប្រដាប់​អាវុធ ហើយ​លោក​ត្រូវ​គេ​គប់​នឹង​ដុំថ្ម​ត្រូវ​កដៃ​ខាង​ស្តាំ​ដាច់​សរសៃ ហើយ​គេ​ដឹក​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក ឌីណា ថ្លែង​ទៅកាន់​ចៅក្រម​ថា​៖ «​ពេល​នោះ​ខ្ញុំ​មិន​ដឹង​ថា​ក្រុម​សហជីព​ណា​គប់​ត្រូវ​ខ្ញុំ​ទេ ហើយ​ក៏​ខ្ញុំ​មិន​ស្គាល់​មុខ​ដែរ ព្រោះ​ពេល​នោះ​យប់​ងងឹត ប៉ុន្តែ​កាលពី​ពេល​ថ្ងៃ ខ្ញុំ​ជិះ​ម៉ូតូ​កាត់​ហ្វូង​បាតុករ ខ្ញុំ​ឮ​គេ​ថា​ក្រុម វ៉ន ពៅ ខ្ញុំ​គ្រាន់​តែ​ដឹងថា ក្រុម​បង្ក​ជា​ក្រុម​សហជីព ហើយ​ចំពោះ​សំណង​គឺ​ខ្ញុំ​មិន​ទាមទារ​ទៀត​ទេ​»​។

ដោយឡែក​លោក ទឹម វុទ្ធី ជា​អនុប្រធាន​នគរបាល​ប៉ុស្តិ៍​វាលវង់ ខណ្ឌ ៧ ​មករា​បាន​រៀបរាប់​ប្រាប់​ចៅក្រម​ដែរ​ថា នៅ​យប់​ថ្ងៃទី​ ១ ​ខែ​មករា​ឆ្នាំ​ ២០១៤​។ លោក​ ម៉ក់ ជីតូ បាន​បញ្ជា​លោក​ផ្ទាល់​ឲ្យ​ចុះ​ទៅ​សម្រួល​ចរាចរណ៍​នៅ​ផ្លូវ​វេងស្រេង​ដែល​កំពុង​កើត​មាន​បាតុកម្ម​។ ពេល​ទៅ​ដល់​ទី​នោះ​លោក​បាន​ជួយ​សម្រួល​ចរាចរណ៍ ព្រោះ​មាន​រថយន្ត​ធំ ២ ទៅ ៣ ​គ្រឿង​បាន​ដាក់​រាំងផ្លូវ ហើយ​ក៏​មាន​ក្រុម​អនាធិបតេយ្យ​ស្រែក​ឡូឡា​ទាមទារ​ដំឡើង​ប្រាក់ខែ​។


លោក​បន្ត​ថា​ពេល​ដែល​លោក​កំពុង​បំពេញ​ការងារ ស្រាប់តែ​មាន​ក្រុម​អនាធិបតេយ្យ​ ១ ​ក្រុម​បាន​គប់​ដុំថ្ម​ត្រូវ​ចំ​ភ្នែក​ខាង​ឆ្វេង ហើយ​ត្រូវ​ក្រុម​ការងារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ប៉ុន្តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់​ពេក លោក​ក៏​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា ភ្នែក​ដែល​គេ​គប់​ត្រូវ​នោះ​មិន​អាច​មើល​ឃើញ​ទៀត​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​នៅ​យប់​មាន​បាតុកម្ម​នោះ​ខ្ញុំ​មិន​ស្គាល់​ថា ក្រុម​ណា​ជា​ក្រុម​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ជា​ក្រុម​សហជីព​។ ខ្ញុំ​សុំ​ទាមទារ​សំណង​ ៤០ លាន​រៀល​»​។ រីឯ​ជនរងគ្រោះ​ម្នាក់​ទៀត​ដែល​មិន​មាន​វត្តមាន​នៅ​​ក្នុង​តុលាការ បាន​ទាមទារ​សំណង​ ២០ ​លាន​រៀល​។

លោក​ព្រះរាជអាជ្ញារង លី សុផាណា តំណាង​អយ្យការ​បាន​សន្និដ្ឋាន​ថា បន្ទាប់ពី​បាន​ស្តាប់​ការឆ្លើយ​បំភ្លឺ​ពី​ជនរងគ្រោះ និង​ពិនិត្យ​លើ​អង្គហេតុ​ និង​តាមរយៈ​ការ​បញ្ចាំង​ស្លាយឃ្លីប​វីដេអូ​ពី​សកម្មភាព​បាតុកម្ម​នោះ​លោក​សន្និដ្ឋាន​ថា ពិតជា​មាន​អំពើ​នេះ​កើត​មាន​មែន​។

លោក​ថ្លែង​ថា​៖ «​អំពើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា បាន​កើតឡើង​យ៉ាង​ពិត​ប្រាកដ ហើយ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ រោងចក្រ​កាត់ដេរ និង​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះ​។ ខ្ញុំ​សូម​ឲ្យ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ពិចារណា​តាម​ច្បាប់​»​។

លោក ចៅក្រម អ៊ឹម វណ្ណៈ បាន​ថ្លែង​ថា​នៅក្នុង​សំណុំ​រឿង​នេះ​មាន​ជន​ជាប់ចោទ​ឈ្មោះ អាត់ ធន់​, ឈ្មោះ ម៉ម ញឹម​, ឈ្មោះ ប៉ាវ ស៊ីណា​, ឈ្មោះ ជា មុន្នី​, ឈ្មោះ រ៉ុង ឈុន និង​ឈ្មោះ យ៉ាង សោភ័ណ្ឌ​។ ប៉ុន្តែ​ក្នុង​រឿង​នេះ​ដែរ​លោក ខេន លូ ជា​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​បាន​ដក​ពាក្យបណ្តឹង​វិញ​ហើយ​កាលពី​ថ្ងៃទី ​២ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ។

នៅក្នុង​លិខិត​ដក​ពាក្យបណ្តឹង​នោះ​លោក​ ខេន លូ លើក​ឡើង​ថា​៖ «​ដោយ​មាន​ការជំរុញ​ពី​នាយករដ្ឋមន្ត្រី​សម្តេច​ ហ៊ុន សែន ឲ្យ​ខាង​សហជីព​ពន្លឿន​ក្តីក្តាំ​របស់​ខ្លួន​ជាមួយ​ក្រសួង​ការងារ​ និង​ក្រសួង​យុត្តិធម៌ ហើយ​ដែល​ជា​ការជំរុញ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដូច្នេះ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​បាន​ដក​ពាក្យ​បណ្តឹង​វិញ ដោយ​គ្មាន​ទាមទារ​សំណង​អ្វី​ឡើយ​ពី​ជន​ជាប់ចោទ​ទាំង​ ៦​ ​នាក់​»​។

លោក គីម សុជាតិ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក អាត់ ធន់ បាន​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​មាន​ការចុះបញ្ជី​ទទួល​ស្គាល់​ពី​សហជីព​របស់​គាត់​ត្រឹមត្រូវ​ពី​ក្រសួង​មហាផ្ទៃ ហើយ​សកម្មភាព​របស់​គាត់​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​។ លោក​ថ្លែង​ថា​៖ «​នៅ​ថ្ងៃ​កើត​ហេតុ​នោះ​កូនក្តី​ខ្ញុំ​មិន​ស្ថិត​នៅ​ទី​នោះ​ទេ​...​រឿង​នេះ​គ្មាន​សាក្សី​បញ្ជាក់​ច្បាស់លាស់ និង​គ្មាន​ភ័ស្តុតាង​ទេ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​ឲ្យ​កូនក្តី​ខ្ញុំ​រួច​ពី​បទ​ចោទ​»​។

លោកស្រី សាម សុគន្ធា​, លោកស្រី ប៊ុត សិរីចរិយា​, លោក លី សុចិត្ត្រា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក រ៉ុង ឈុន​, លោក ប៉ាវ ស៊ីណា និង លោកស្រី​ យ៉ាង សោភ័ណ្ឌ បាន​សន្និដ្ឋាន​ដូច​គ្នា​ថា បើ​ពិនិត្យ​លើ​អង្គហេតុ និង​តាម​ចម្លើយ​ជនរងគ្រោះ​បញ្ជាក់​ថា​ពិតជា​មាន​អំពើ​នោះ​កើតឡើង​មែន ប៉ុន្តែ​នៅ​ពេល​កើតហេតុ​នោះ​លោក រ៉ុង ឈុន​, លោក ប៉ាវ ស៊ីណា និង លោក ស្រីយ៉ាង សោភ័ណ្ឌ មិន​ស្ថិត​នៅ​កន្លែង​កើតហេតុ​ទេ​។ ពួកគាត់​មាន​ភារកិច្ច​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួង​ការងារ​​ស្ដីពី​ប្រាក់​ឈ្នួល​កម្មករ​។ ដូច្នេះ​សូម​លោក​ចៅក្រម​ទម្លាក់​បទចោទ ហើយ​ឲ្យ​ពួកគាត់​រួចខ្លួន​។ ម្យ៉ាង​ភាគី​សហគម​រោងចក្រ​ក៏​ដក​ពាក្យបណ្តឹង​ហើយ​ដែរ​។ ​ប៉ុន្តែ​លោក ជា មុនី និង​លោកស្រី​ ម៉ម ញឹម មិន​មាន​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឡើយ​នៅ​ថ្ងៃទី​ ៧ ​ធ្នូ​នោះ ដោយសារ​លោក​មេធាវី​កៅ​ទី​អវត្តមាន​ក្នុង​សវនាការ​។

នៅក្នុង​លិខិត​អញ្ជើញ​ដែល​ចុះ​ហត្ថលេខា​ដោយ​ព្រះរាជអាជ្ញារង លី សុផាណា បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​ ៦ ​នាក់​នោះ​ត្រូវ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, បទ​គំរាមកំហែង​ថា​នឹង​ធ្វើឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​ និង​បទ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វេងស្រេង ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ថ្ងៃទី​ ២៥ ​ធ្នូ ឆ្នាំ​ ២០១៣ ​ដល់​ថ្ងៃទី​ ១៣ ខែ​មករា ឆ្នាំ​​ ២០១៤​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម អ៊ឹម វណ្ណៈ បាន​ថ្លែង​ឲ្យ​ដឹង​ថា សាលក្រម​នៃ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃទី​ ១១ ​ខែ​ធ្នូ ឆ្នាំ​ ២០១៨ ខាង​មុខ​៕