ភ្នំពេញៈ ក្រោយពី​បានចេញ​ផ្សាយ​សៀវភៅ​ដែលមាន​ចំណងជើង​ «​ប៊ុន រ៉ានី-ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា ជា​ភាសា​ខ្មែរ​កាលពី​ចុង​ឆ្នាំ​ ២០១៩ ​នោះ​ពេលនេះ​ត្រូវបាន​បកប្រែ​រួច ហើយ​បាន​បោះពុម្ព​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​លើក​ទី​ ១ ​កាលពី​ថ្ងៃ​សៅរ៍ ទី​ ១៦ ​ខែ​ឧសភា​ចំនួន​ ១ ​ម៉ឺន​ច្បាប់​សម្រាប់​ទីផ្សារ​សៀវភៅ​នៅ​កម្ពុជា​។

លោក ឆាយ សុផល អ្នកកាសែត​ខ្មែរ​ជើងចាស់​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​មើលឃើញ​ថា ទទួលបាន​សិទ្ធិ​អាទិភាព​ចងក្រង​សៀវភៅ​ស្ដីពី​ប្រវត្តិ ក្រុមគ្រួសារ​របស់​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ខ្ញុំ​បាន​ទទួល​សារ​តាម​អ៊ីមែល​ផង និង​តាម​ហ្វេសប៊ុក​ផង ព្រមទាំង​មាន​សំណើ​ពី​បណ្ណាគារ​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ថា ពួកគេ​ចង់​បាន​សៀវភៅ​ពី​ប្រវត្តិ​របស់​ស្ត្រី​ទី​ ១ ​នៃ​កម្ពុជា ទើប​ខ្ញុំ​ប្រឹងប្រែង​ធ្វើ​សៀវភៅ​នេះ​ជា​ភាសា​អង់គ្លេស​។ ការធ្វើ​សៀវភៅ​ ១ ​ច្បាប់ៗ​គឺ​ពិតជា​មិន​ងាយស្រួល​ពេក​ទេ​តែ​ធ្វើ​ម៉េច បើ​ខ្ញុំ​ធ្លាក់​ខ្លួន​ក្នុង​អាជីព​នេះ​ទៅហើយ​»​។

លោក សុផល ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​សៀវភៅ​ដែល​មាន​ចំណងជើង​ជា​ភាសា​អង់គ្លេស​សរសេរ​ថា «BUN-RANY THE WIFE OF CAMBODIA''S STRONG MAN» ត្រូវបាន​បកប្រែ​ដោយ​ក្រុម​អ្នកជំនាញ និង​មាន​ការកែសម្រួល​ពី​ជនជាតិ​អាមេរិក​។ សៀវភៅ​នេះ​ក៏​ជា​ការចូលរួម​ចំណែក​អបអរ​ចំពោះ​សម្ដេច​ទាំង​ ២ (​ហ៊ុន សែន-ប៊ុន រ៉ានី​) ដែល​មាន​ចៅ​ទី​ ២១ ​នៅ​សប្ដាហ៍​នេះដែរ​»​។


លោក ឆាយ សុផល បញ្ជាក់ថា​លោក​បាន​ចំណាយពេល​ស្រាវជ្រាវ និង​ចងក្រង​សៀវភៅ​នេះ​ចាប់​តាំងពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៩ ហើយ​ក្រៅពី​ការស្រាវជ្រាវ​តាមរយៈ​ឯកសារ​នានា លោក​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី អនុញ្ញាត​ឱ្យ​ជួប​សម្ភាស​ផ្ទាល់​ដើម្បី​រំឭក​អំពី​ប្រវត្តិ​ទាំង​នោះដែរ​។

លោក ឆាយ សុផល ក៏បាន​បញ្ជាក់​ទៀត​ថា សៀវភៅ «​បងប្អូន​ប្រុស​ទាំង​ ៣» ដែល​រៀបរាប់​ពី​សាវតារ កូនប្រុស​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភរិយា​របស់​លោក លោកស្រី ប៊ុន រ៉ានី ក៏​នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​នៅ​ខែ​មិថុនា​នេះ ខណៈ​ដែល​សៀវភៅ​ដែល​មាន​ចំណងជើង​ថា ហ៊ុន សែន នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​ ៤០ ​ឆ្នាំ​នឹង​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​នៅក្នុង​អំឡុង​ខែសីហា​ឆ្នាំ​នេះដែរ​។


«BUN RANY THE WIFE OF CAMBODIA''S STRONG MAN» គឺជា​សៀវភៅ​លើក​ទី ៣ ដែល​លោក ឆាយ សុផល បាន​ស្រាវជ្រាវ និង​ចងក្រង​ជា​សៀវភៅ​និយាយ​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​របស់​លោក ហ៊ុន សែន​។ សៀវភៅ​ទី ១ គឺ​លោក ឆាយ សុផល បាន​រៀបរាប់​ពី​ជីវិត​នយោបាយ និង​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាង ៤០ ឆ្នាំ​សៀវភៅ​ទី ២ រៀបរាប់​អំពី​កូនប្រុស​ទាំង ៣ របស់​លោក ហ៊ុន សែន មុននឹង​ចេញផ្សាយ​សៀវភៅ​ទី ៣ និយាយ​ពី​ភរិយា​របស់​លោក ហ៊ុន សែន នេះ​។

យោងតាម​ខ្លឹមសារ​ខ្លះ​នៅក្នុង​សៀវភៅ​មាន​ចំណងជើង​ថា «​ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» បាន​ឲ្យ​ដឹង​ដោយ​បាន​រៀបរាប់​ពី​ជីវិត​លោកស្រី ប៊ុន រ៉ានី តាំងពី​នៅ​ជា​កុមារភាព​រួម​ទាំង​ប្រវត្តិ​ការសិក្សា ការក្លាយ​ជា​កងទ័ព​ព្រៃ ការបែកបាក់​ពី​ស្វាមី ការបាត់បង់​កូន និង​ការស្ថិត​ក្រោម​ការ​តាម​សម្លាប់​ផ្ដាច់​ពូជ​ជាដើម​។ សៀវភៅ​នេះ​ក៏​បង្ហាញ​អំពី​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​លោកស្រី ប៊ុន រ៉ានី ដែល​ត្រូវបំពេញ​តួនាទី​ជា​ម្ដាយ ជា​ភរិយា​របស់​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ហើយ​ពិសេស​គឺ​អារម្មណ៍​ក្នុង​នាម​ជា​ភរិយា​ថ្នាក់ដឹកនាំ​កំពូល​ដែល​ត្រូវ​បាន​គេ​ប្រមាថ​កន្លងមក​។

ខ្លឹមសារ​ខ្លះ​នៃ​សៀវភៅ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា លោកស្រី ប៊ុន រ៉ានី បាន​បាត់បង់​ឪពុក​នៅក្នុង​ហេតុការណ៍​បាញ់សម្លាប់​ដោយ​ទាហាន​ខ្មែរក្រហម​នៅ​ឆ្នាំ ១៩៨០ ហើយ​ក្រោយមក​លោកស្រី​បាន​ដើរតួនាទី​ជា​អ្នកមើល​ម្ដាយ និង​មើល​ថែកូនៗ​ជាច្រើន​នាក់ ហើយ​ស្ថិត​ក្នុង​នាម​ជា​ជំទាវ​របស់​រដ្ឋមន្ត្រី​ការបរទេស​នាពេលនោះ ប៉ុន្តែ​លោកស្រី​បែរជា​រលូត​កូន​ដោយសារ​តែ​ខំប្រឹង​ធ្វើ​ការងារ​ធ្ងន់ៗ​ដូចជា រែក​ទឹក និង​យួរ​ទឹក​ទៅវិញ​។

សៀវភៅ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា លោកស្រី ប៊ុន រ៉ានី ក៏​ចេះ​ក្បួនសឹក និង​ធ្លាប់​ធ្វើ​សង្គ្រាម​តតាំង​នឹង​សត្រូវ​ដោយ​អាច​ប្រើ​កាំភ្លើង​ជាច្រើន​ប្រភេទ និង​ចេះ​គប់​គ្រាប់បែក​ជាដើម ហើយ​បើតាម​ការស្រាវជ្រាវ​គឺ​ប្រវត្តិ​ទាំងនេះ​កម្រ​មាន​ស្ដ្រី​របស់​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ណាមួយ​ធ្លាប់​ឆ្លងកាត់​ដូច​លោកស្រី ប៊ុនរ៉ានី ឡើយ​។ ​

លោក សុផល ថ្លែង​ថា​៖ «​ជា​សាស្ត្រាចារ្យ​ព័ត៌មាន​ និង​អ្នកជំនាញ​ព័ត៌មាន​ដែរ ខ្ញុំ​តែងតែ​ឆ្លៀតពេល​ពី​ការងារ​ស្នូល កត់ត្រា​ទុក​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​ទទួល​បាន​ព័ត៌មាន​ខ្លះៗ​តាមរយៈ​ការសាកសួរ​សម្ដេច​កិត្តិ​ដោយផ្ទាល់ ព្រមទាំង​សន្សំ​ឯកសារ​មួយចំនួន​ទៀត​ពី​ការស្រាវជ្រាវ​ចេញ​ពី​ប្រភព​នានា​ធ្វើជា​ឯកសារ​យោង​ដែល​អាច​ឲ្យ​ខ្ញុំ​ចងក្រង​សៀវភៅ (​ទាំង​នោះ​បាន​) សម្រាប់​អ្នកជំនាន់​ក្រោយ​»៕