ភ្នំពេញ: សំណង់ផ្ទះ​ឈើ​ទើប​សង់​ថ្មី​របស់​ពលរដ្ឋ​ចំនួន ៧ គ្រួសារ នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី ២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​រុះរើ​វិញ​កាល​ពី​ម្សិលមិញ​ដោយ​អះអាង​ថា បាន​សង់​លើ​ដី​អភិវឌ្ឍន៍​របស់​រដ្ឋ ប៉ុន្ដែ​ពលរដ្ឋ​យល់​ព្រម​ចាក​ចេញ​ដោយ​គ្មាន​ការ​តវ៉ា។ នេះ​បើ​តាម​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ។


លោក ជា ពិសី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រោយ​ទទួលបាន​បទបញ្ជា​របស់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​យក​គ្រឿង​ចក្រ ១ គ្រឿង​ទៅ​ឈូស​ឆាយ និង​រុះរើ​សំណង់​ដែល​ទើប​សង់​ជា​ខ្នម​តូចៗ​នៅ​លើ​ដី​បឹង ១ កន្លែង ក្នុង​ភូមិ​សាស្ត្រ​ខាងលើ។

លោក​បាន​បន្តថា ប្រតិបត្តិការ​នេះ អាជ្ញាធរ​បានសម្រេច​រុះ​រើ​ទាំងស្រុង​ចំពោះ​ខ្ទម​តូចៗ ប្រក់ស័ង្កសី ១១ ខ្នង ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ចំនួន ៧ គ្រួសារ ខណៈ​បាន​លួច​សាង​សង់​រំលោភ​យក​ដី​អភិវឌ្ឍន៍​របស់​រដ្ឋ​ក្នុង​ខណ្ឌ​ឫស្សីកែវ «ឥឡូវ​នេះ គាត់​យល់ព្រម​ចាក​ចេញ និង​រុះរើ​ខ្នម​ដែល​ពួកគាត់​បាន​សាងសង់​ហ្នឹង​ចេញ​ហើយ​គឺ​គ្មាន​ការ​តវ៉ា​អ្វី​ទេ»។

លោក កែវ ចន្ថា នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​សង្កាត់​ទួល​សង្កែ ២ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កាល​ពី​ថ្មីៗ​នេះ មាន​ជន​មួយ​ក្ដាប់​តូច​បាន​មក​ចាប់​ដី​ក្នុង​តំបន់​នេះ យ៉ាង​អនា​ធិបតេយ្យ ហើយ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ក្នុង​មូលដ្ឋាន និង​ដី​រដ្ឋ​ផង ទើប​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ប្រញាប់​ទប់ស្កាត់។

លោក​បញ្ជាក់ថា៖ «បន្ទាប់ពី​អាជ្ញាធរ​យើង​បាន​ចុះ​ណែនាំ​ជាច្រើនលើក​មកគាត់​រុះរើ​ចេញ​វិញ​ខ្លះ ហើយ​មួយ​ចំនួន​ទៀត ត្រូវបាន​អាជ្ញាធរ​ចុះ​រុះរើ​ដោយ​ផ្ទាល់​តែម្ដង។ ឥឡូវនេះ គាត់​ចេញ​អស់​ហើយ ហើយ​អត់​មាន​អ្នក​តវ៉ា​អ្វី​ទេ ព្រោះ​គាត់​ដឹងថា គាត់​មក​ធ្វើ​សកម្មភាព​ខុស​ច្បាប់»។


តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ​ចុះ​ថ្ងៃទី ៩ មេសា បាន​បង្ហាញ​ថា ដើម្បី​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ពលរដ្ឋ​ដែល​មាន​ដីធ្លី​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ និយាយ​ដោយ​ឡែក និង​និយាយ​ជារួម ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ក៏​ដូចជា ទប់ស្កាត់​កុំ​ឲ្យ​ចលនា​នេះ​រីក​រាល​ដាល​នោះ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឡើយ។

សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់ថា៖ «ក្រៅពី​វិធានការ​ខាងលើនេះ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់​វិធានការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​ជន​រឹងរូស​និង​មិន​រាង​ចាល​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​បង្ក​ចលនា​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់​សាធារណៈ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន» ។

តាម​កំណត់ហេតុ​របស់​សង្កាត់​ទួល​សង្កែ២ចុះ​ពី​ថ្ងៃទី៧ មេសា បាន​បង្ហាញ​ថា ក្រោយ​ពី​បានចុះ​ណែនាំ​កុំ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រព្រឹត្ត​ខុស​ច្បាប់​កន្លង​មក អាជ្ញាធរ​ក៏បាន​សម្រេច​ផ្អាក​ការ​សាង​សង់​ខ្នម​របស់​ពលរដ្ឋ​ចំនួន ៧ គ្រួសារ ដែល​មាន ឈ្មោះ ផាន ចិត្ត ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ, ទេព ធីតា ភេទ​ស្រី អាយុ ២៥ ឆ្នាំ, អ៊ិត រ៉ាវ៉េត ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ, សាន់ រឿន ភេទ​ស្រី អាយុ ៥៧ ឆ្នាំ, ហឿន បូរី ភេទ​ស្រី អាយុ ៣៣ ឆ្នាំ, សុខ សាវឿន ភេទ​ស្រី អាយុ ៤៩ ឆ្នាំ និង​ឈ្មោះ អ៊ិត កណ្ណី​ន្ថា ភេទ​ស្រី អាយុ ២៨ ឆ្នាំ ដោយ​ពួកគាត់ជា​ពលរដ្ឋ​ស្នាក់ នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី ២ ខណ្ឌ​ឫស្សីកែវ ។

កំណត់ហេតុ​បញ្ជាក់ថា៖ «ប្រជាពលរដ្ឋ​ចំនួន ៧ គ្រួសារ​នេះ បាន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋានដោយ​សុខចិត្ត ព្រម​ផ្អាក​ការ​សាង​សង់​លើ​ដី​រដ្ឋ​បន្ត​ទៀត ហើយ​ព្រម​ផ្ដិត​ស្នាម​មេដៃ​ស្ដាំ​លើ​កំណត់​ហេតុ​ទុកជា​ការ​ចំណាំ​ស្រាប់»។

យ៉ាងណាក្ដី ប្រជាពលរដ្ឋ​ទាំង ៧ គ្រួសារ​នេះ មិនទាន់​អាចស្វែងរក​ប្រភព​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ៕