សំណុំរឿង​ប្រមាណ​ ១ ​ម៉ឺន​ករណី​ជាប់គាំង​នៅ​តុលាការ ​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​យុទ្ធនាការ​រយៈពេល​ ៦ ​ខែ

Content image - Phnom Penh Post
លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ​។ ហុង មិនា

ភ្នំពេញៈ ក្រសួងយុត្តិធម៌​ក្នុង​ពេល​ខាងមុខ​នឹងដាក់​ចេញ​នូវ​យុទ្ធនាការ​មួយ ដែល​មាន​រយៈពេល​ ៦ ​ខែ ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នៃ​សំណុំរឿង​ប្រមាណ​ ១ ​ម៉ឺន​ករណី​នៅ​តុលាការ ហើយ​ក្នុងនោះ​មាន​ ៧០ ​ភាគរយ​ជា​បទល្មើស​គ្រឿងញៀន​។ នេះ​បើតាម​ការអះអាង​របស់​លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​។

ការអះអាង​បែបនេះ​ធ្វើ​ឡើង​ពី​ម្សិលមិញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​យុត្ដិធម៌​» ​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នាទី​ស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក​ ជិន ម៉ាលីន បាន​ថ្លែងថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​ [​ក្រសួងយុត្តិធម៌ អង្គវង្ស វឌ្ឍានា​] បាន​ជួបពិភាក្សា​ជាមួយ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា ហើយ​បានដាក់​ចេញ​នូវ​វិធានការ​មួយ​ដែល​មាន​ការឯកភាព​ពី​សម្តេចតេជោ​ [​ហ៊ុន សែន​] ​ប្រមុខ​រដ្ឋាភិបាល​រួចហើយ ដោយ​នឹង​ដាក់ចេញ​នូវ​យុទ្ធនាការ​មួយ​ដែល​អនុវត្ត​សម្រាប់​រយៈពេល​ ៦ ​ខែ​។ យុទ្ធនាការ​សម្រាប់​អនុវត្ត​រយៈពេល​ ៦ ​ខែ​ក្នុង​ការរំដោះ​ឲ្យ​អស់​សំណុំ​រឿងចាស់​ដែល​កកស្ទះ​នៅតាម​តុលាការ​»​។

មន្ត្រី​នាំពាក្យ​រូបនេះ​បញ្ជាក់ថា ការកកស្ទះ​នៃ​សំណុំ​រឿងនេះ​បាន​កើតឡើង បន្ទាប់ពី​កម្ពុជា​បាន​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដែល​បាន​ធ្វើ​ឲ្យ​សំណុំរឿង​មាន​កាន់តែ​ច្រើន​។ ក្នុងនោះ​សំណុំរឿង​ដែល​បាន​ជាប់គាំង​ប្រមាណ​ ១ ​ម៉ឺន​ករណី​ក្នុង​ឆ្នាំ​នេះ និង​មាន​ប្រមាណ​ ៧០ ​ភាគរយ​គឺជា​បទល្មើស​គ្រឿងញៀន​។

លោក ជិន ម៉ាលីន បាន​បញ្ជាក់ថា​៖ «​បញ្ហា​កំពុង​តែ​កើតមាន​នៅតាម​សាលាដំបូង​នៃ​ការកកស្ទះ​សំណុំរឿង ហើយ​នៅតាម​ពន្ធនាគារ​កកស្ទះ​នៃ​អ្នក​ជាប់ឃុំ ព្រោះតែ​ការអនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ ដូច្នេះ​ទៅ​មុខ​ទៀត​នឹង​កាន់តែ​កើន​តទៀត​។ ការងារ​នេះ​ត្រូវការ​ដោះ​បន្ទាន់​មិន​អាច​រង់ចាំ​រយៈពេល​យូរ​បាន​ទេ​»​។

ស្រប​ពេលដែល​ព័ត៌មាន​លម្អិត​នៃ​យុទ្ធនាការ​នេះ​នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នោះ​លោក​ ជិន ម៉ាលីន គ្រាន់តែ​ប្រាប់​ឲ្យ​ដឹង​ខ្លះៗ​ថា យុទ្ធនាការ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​សាកល្បង​នៅ​រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​មួយ​ដែលមាន​ភាពជាប់គាំង​នូវ​សំណុំរឿង​ច្រើនជាងគេ​ទូទាំង​ប្រទេស​។ ក្នុងករណី​ដែល​ការអនុវត្ត​ទទួល​បាន​ជោគជ័យ ក្រសួង​នឹង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នៅ​ទូទាំងប្រទេស​តែម្តង​។

Content image - Phnom Penh Post
លោក​ ជិន ម៉ាលីន ថ្លែង​ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ ហុង មិនា

លោក​ គុជ គឹមឡុង អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​មាន​មតិយោបល់​ចំពោះ​គម្រោង​នៃ​ការដាក់ចេញ​យុទ្ធនាការ​នេះ​នោះ​ទេ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​ទទួល​បាន​ដំណឹង​នេះ​នៅឡើយ​ដែរនោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការសម្រេច​នេះ​នៅ​ថ្នាក់​ក្រសួង ប៉ុន្តែ​ខាង​តុលាការ​យើង​មិនទាន់​ដឹង​ទេ ហើយ​ខ្ញុំ​ក៏​មិនអាច​បញ្ចេញ​មតិយោបល់​អ្វី​ពី​រឿង​នេះដែរ​»​។

អ្នកជំនាញ​ផ្នែក​ច្បាប់​លោក​មេធាវី សុក សំអឿន ក៏​មិនទាន់​អាច​វាយតម្លៃ​បាន​នោះដែរ ចំពោះ​យុទ្ធនាការ​ក្នុង​ពេល​ខាងមុខ​នេះ​ដោយ​លោក​ថា​មិនដឹង​វិធានការ​នោះ​មាន​អ្វីខ្លះ​? ប៉ុន្តែ​អ្វីដែល​លោក​មើលឃើញ​ពី​បញ្ហា​ដែល​បង្ក​ការរារាំង និង​បង្ក​ឲ្យ​មាន​ភាពជាប់គាំង​សំណុំរឿង​នោះ គឺ​អាច​បង្ក​មកពី​ភាពស្មុគស្មាញ​នៃ​នីតិវិធី​នៅតាម​ប្រព័ន្ធតុលាការ​មួយចំនួន ដែល​ទាមទារ​ឲ្យ​មាន​ការកែប្រែ​។

ជាមួយ​គ្នា​នោះ​លោក​លើកឡើង​ថា ការបែងចែក​តួនាទី​របស់​ចៅក្រម​មិន​ដាច់ស្រេច​ទៅតាម​ជំនាញ​នីមួយៗ ដូចជា​ចៅក្រម​ស៊ើប ឬ​ចៅក្រម​ជំនុំជម្រះ ក៏​ជា​វិធានការ​មួយ​ដែល​ចាំបាច់​គួរតែ​អនុវត្ត​ផងដែរ ព្រោះ​មិនត្រូវ​ដាក់​លាយឡំ​គ្នា​នោះ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អាច​ដឹង​ព្រោះ​កន្លងមក​ឃើញ​មាន​ការមមាញឹក​ច្រើន​ដែរ​ដែល​ប្រហែល​ជា​ត្រូវ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​នីតិវិធី​នៃ​ដំណោះស្រាយ​ហ្នឹង​ដែល​ស្មុគស្មាញ​ច្រើន​។ យើង​អាច​កាត់​ខ្លះ​អី​ទៅ វា​ក៏​អាចពាក់ព័ន្ធ​នឹង​យុទ្ធនាការ​នេះ​»​។

បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដដែល​បាន​ឲ្យ​ដឹងថា សំណុំរឿង​ចាស់ៗ​ប្រមាណ​ ១ ​ម៉ឺន​ករណី​ក្នុង​ ១ ​ឆ្នាំៗ​ត្រូវបាន​តុលាការ​ដោះស្រាយ​នៅ​ទូទាំង​ប្រទេស​ស្រប​ពេលដែល​រយៈពេល​នេះ​ក៏​មាន​សំណុំរឿង​ថ្មីៗ​កើតឡើង​បន្តបន្ទាប់​ទៀត​ប្រមាណ​ ១ ​ម៉ឺន​ករណី​ដូចគ្នា ដែល​ជា​ហេតុ​នាំឲ្យ​មាន​ការកកស្ទះ​ដល់​ឆ្នាំ​បន្ទាប់​៕