ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ OCIC កំពុង​សហការ​រៀបចំ​ដាក់​ឱ្យ​ប្រើប្រាស់​ស្រឡាង​ជា​បណ្តោះអាសន្ន​ ដើម្បី​ចម្លង​ពី​កោះនរា​ទៅ​កាន់​កោះពេជ្រ​នៅ​ចុងខែ​កុម្ភៈ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរណ៍​ពី​កំណាត់​ផ្លូវជាតិ​លេខ​ ១ និង​ស្ពាន​ព្រះមុនីវង្ស​ដែលជា​ក្តីកង្វល់​របស់​ពលរដ្ឋ​នាពេល​បច្ចុប្បន្ន​។

មុន​ដាក់ឱ្យ​ដំណើរការ​ស្រឡាង​បណ្តោះអាសន្ន អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង កាលពី​ថ្ងៃទី​ ១៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ទីតាំង​ដាក់​ស្រឡាង​ឆ្លងកាត់​ពី​កោះនរា​ទៅកាន់​កោះពេជ្រ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព ។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ បន្ថែមកាលពី​ថ្ងៃទី​ ២២ កុម្ភៈ​​ថា ក្រុមការងារ​កំពុង​ធ្វើកា​រលើ​រឿងនេះ​ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍​ឱ្យបាន​ឆាប់រហ័ស​។


លោក​ថា​៖ «​យើង​ត្រៀម​ដាក់​ស្រឡាង​ចម្លង​ចំនួន​ ៤ ខ្ញុំ​ចង់ឱ្យ​បានដាក់​ដំណើរការ​ឆាប់ៗ​នៅ​ចុងខែ​កុម្ភៈ​នេះ​ជា​ការគ្រោងទុក តែ​អាស្រ័យ​ទៅ​លើ​ជាក់ស្តែង​យើង​កំពុង​ទាក់ទង​ទៅ​កំពង់ដរ​អរិយក្សត្រ​ថា​តើ​គាត់​មាន​លទ្ធភាព​​ផ្តល់​ខ្លះ​ឱ្យ​យើង​ទាន់​ទេ យ៉ាងហោច​ណាស់​ក៏មាន​ស្រឡាង​ ២ ​បណ្តោះអាសន្ន​សិន ចាំ​ពេល​គាត់​ធ្វើបាន​ទៀត​យើង​នឹង​បន្ថែមទៀត​»​។

យ៉ាងនេះ​ក្តី លោក​បាន​គូសបញ្ជាក់​ថា អ្នក​ដែល​ធ្វើដំណើរ​តាម​ស្រឡាង​នេះ គិត​កម្រៃ​ធម្មតា ព្រោះ​រដ្ឋ​ពុំមែន​ជា​អ្នក​​វិនិយោគ​ឡើយ គ្រាន់តែ​ជា​អ្នកសម្របសម្រួល​ត្រួសត្រាយ​ផ្លូវ​ប៉ុណ្ណោះ​។ លោក​ថា​៖ «​អ្នកវិនិយោគ​គាត់​ជា​អ្នកធ្វើ​យើង​ជា​អ្នក​សម្រួល​គាត់​រដ្ឋ​មាន​លុយ​ឯណា​ដើម្បី​ទិញ​ប្រេង ទិញ​ស្រឡាង ហើយ​ការបង់ថ្លៃ​សេវា​ធ្វើ​ដូច​តម្លៃ​ជិះ​ស្រឡាង​អរិយក្សត្រ​ដែរ​»​។


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះនរា​ដែល​ប្រកបរបរ​រត់​ម៉ូតូឌុប លោក បុរី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​​ ដោយ​បាន​បង្ហាញ​ការសាទរ​ចំពោះ​ការដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​បណ្តោះអាសន្ន​នេះ ខណៈ​លោក​ស្នើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ស្រឡាង​ឱ្យបាន​ច្រើន​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​។

លោក​ថ្លែងថា​៖ «​ពេល​ឃើញ​គេ​ប្រកាស​ដាក់​ស្រឡាង​យើង​សប្បាយចិត្ត ដោយសារ​យើង​រស់នៅ​ខាង​ស្ពាន​ច្បារអំពៅ​ស្ទះ​ខ្លាំង ពេល​ដាក់ឱ្យ​ឆ្លង​នឹង​កាត់​បន្ថយ​ស្ទះ​មួយចំណែក​ដែរ អ៊ីចឹង​អ្នកជិះ​ពី​កៀនស្វាយ​មក​អាច​ជិះ​តាមផ្លូវ​ជាតិ​លេខ​ ១ ​វាង​ចូល​កំពង់ចម្លង​កោះនរា​នេះ​»​។ ​តែ​ខ្ញុំ​សំណូមពរ​ថាបើ​ស្រឡាង​មាន​ ១ ​ក៏​ចម្លង​អត់​ទាន់​ដែរ លុះត្រាតែ​មាន​ ២ ឬ​ ៣ ​សម្រាប់​ដឹក​ទៅមក​ទើប​គ្រប់គ្រាន់​»​។

លោក បុរី បានឱ្យ​ដឹង​ដែរ​ថា បញ្ហា​ការកកស្ទះ​ចរាចរណ៍​កើតឡើង​រៀងរាល់ថ្ងៃ ពេលព្រឹក និង​ពេល​ល្ងាច ជាពិសេស​ស្ទះ​ខ្លាំង​ចាប់ពី​អនុវិទ្យាល័យ​ច្បារអំពៅ​។

ពលរដ្ឋ​ម្នាក់ទៀត​លោក ព្រំ រដ្ឋា រស់នៅ​សង្កាត់​ច្បារអំពៅ​ ២ ​បាន​និយាយថា ការដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​បណ្តោះអាសន្ន​នេះ​គឺជា​ដំណោះស្រាយ​ដែល​អាចជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​មួយចំណែក​តូច​តែប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ព្រោះថា​រយៈ​ចម្ងាយ​នៃ​ការធ្វើដំណើរ​ដោយ​យានយន្ត​បូក​ទាំង​ការកកស្ទះ​ ឬ​ស្មើនឹង​​ការចំណាយ​ពេល​ជិះ​ស្រឡាង​ទៅហើយ អ៊ីចឹង​ប្រហែល​អ្នកដំណើរ​អាច​ជ្រើស​យក​មធ្យោបាយ​ជិះ​ស្រឡាង​តែត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​»​។

យ៉ាងណាក៏ដោយ លោក​ស្នើ​ដល់​រដ្ឋាភិបាល​គប្បី​ពន្លឿន​ការសាងសង់​ស្ពាន​ពី​កោះនរា​ឆ្លងទៅ​កាន់​តំបន់​កោះ​ពេជ្រ​ឱ្យបាន​ឆាប់រហ័ស ហើយ​បន្ថែម​សមត្ថកិច្ច​នៅ​ម្តុំ​ច្បារអំពៅ​ឱ្យបាន​ច្រើន​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​នៅ​តំបន់​នេះ​។

គួរបញ្ជាក់​ផងដែរ ស្ពាន​ខ្សែកាប​បេតុង​តភ្ជាប់​ពី​តំបន់​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ទីក្រុង​រណប​កោះពេជ្រ​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​តាំងពី​ខែតុលា​ឆ្នាំ​ ២០២០ ​ដោយ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ​ ៣៥ ​ខែ​។ ​ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង​ ៨២៤ ​ម៉ែត្រ និង​ទទឹង​ប្រវែង​ ២៤,៥ ​ម៉ែត្រ និង​មាន​សសរ​ខ្សែកាប​កម្ពស់​ ៦០ ​ម៉ែត្រ​ចំនួន​ ២ ​ដើម ដែលមាន​ចម្លាក់​ក្បាច់​ខ្មែរ​ផងដែរ​៕

វីដេអូ៖