ភ្នំពេញៈ រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស​បានសម្រេច​ផ្តល់ជំនួយ​ ៦ ​លាន ហ្វ្រង់ស្វ៊ីស​បន្ថែមទៀត ដើម្បី​បន្ត​គាំទ្រ​ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ឆ្នាំ​ទៀត ដែល​ជា​ការចូលរួម​ធ្វើឲ្យ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រោង​ដោះ​ឲ្យ​អស់​នៅក្នុង​ឆ្នាំ​ ២០២៥ ខាងមុខ​។


ការសម្រេច​ផ្ដល់ជំនួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ ស្វ៊ីស​ ប្រចាំ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីស្ដីការ​ក្រសួងការបរទេស កាលពី​ថ្ងៃទី​ ១២ ខែ កុម្ភៈ ឆ្នាំ​ ២០២០​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្តរជាតិ​ថ្លែងថា​៖ «​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៩ ស្វ៊ីស​បានផ្តល់​ហិរញ្ញវត្ថុ​ដល់​វិស័យ​ដោះមីន ៣ ៤៥០ ០០០ ដុល្លារ​អាមេរិក​។ ស្វ៊ីស​បន្ត​ជួយ​ដល់​វិស័យ​ដោះមីន​ ៦ ​លាន ហ្វ្រង់ស្វ៊ីស​ (​ប្រហែល​ ៦ ​លាន​ដុល្លារ​) ​បន្ថែមទៀត​សម្រាប់​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៥ ដែល​រាជរដ្ឋាភិបាល​កំណត់​យក​ធ្វើ​​ជា​គោលដៅ​ដោះ​ឲ្យ​អស់​មីន​ពី​ផ្ទៃដី​​នៅ​កម្ពុជា​»​។

លោក កុយ គួង បាន​ថ្លែង​ថា​ក្នុង​ជំនួប​នេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​ស្វ៊ីស​ក៏​បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​កន្លងមក​ដែល​រដ្ឋាភិបាល​ស្វ៊ីស​បាន​ផ្តោត​ជា​សំខាន់​លើ​វិស័យ​សុខាភិបាល​ដែល​ពាក់ព័ន្ធ​ទៅនឹង​សុខភាព​របស់​កុមារ​។ លោកស្រី Helene Budliger Artieda បាន​ថ្លែងថា ប្រទេស​ស្វ៊ីស​នៅតែ​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ទោះបី​ជា​​សព្វថ្ងៃ​មន្ទីរពេទ្យ​នេះ​គ្រប់គ្រង​ដោយ​ខ្មែរ​ក៏ដោយ​។

បើតាម​លោក កុយ គួង រដ្ឋាភិបាល​ស្វ៊ីស​បាន​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ មក​ម្ល៉េះ​ដែល​គិត​មកទល់​ឆ្នាំ​ ២០១៨ ប្រទេស​ស្វ៊ីស​បាន​ផ្តល់ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ប្រមាណ​ ៦០ ​លាន ហ្វ្រង់ស្វ៊ីស​ដែល​ប្រហែល​នឹង​ ៦០ ​លាន​ដុល្លារ​អាមេរិក​។


លោក កុយ គួង បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ជំនួប​នោះ​លោក ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស្វ៊ីស​ដែល​កន្លងមក​តែង​បាន​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏ដូចជា​សង្គមកិច្ច ជាពិសេស​គឺ​លើ​ផ្នែក​​សុខាភិបាល​ដោយ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​កន្លងមក​។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ប្រាប់​លោកស្រី Helene Budliger Artieda ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ធ្វើយ៉ាងណា​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ មាន​ដំណើរការ​រហូត ហើយ​ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ទូលំទូលាយ​ផងដែរ​។ ​ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​វិភាគទាន​ ១ ​ឆ្នាំៗ​ ១០ ​លាន​ដុល្លារ​អាមេរិក​។ ជាងនេះទៅទៀត​កម្ពុជា​មាន​មូលនិធិ​គន្ធបុប្ផា​ផងដែរ​ដែល​អាច​បរិច្ចាគ​ប្រមាណ​ ៥ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ​ខណៈ​កាកបាទក្រហមកម្ពុជា​ក៏​បរិច្ចាគ​ ១ ​លាន​ដុល្លារ​អាមេរិក​ ១ ​ឆ្នាំៗ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កុយ គួង​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក​ទទួលបាន​ព័ត៌មាន​ពី​ការផ្ដល់​ជំនួយ​របស់​ប្រទេស​ស្វ៊ីស​នេះដែរ ប៉ុន្ដែ​មិនទាន់​ដឹងថា​ធ្វើ​តាមរយៈ​តំណាង​អង្គការ​ណាមួយ និង​ដោយ​វិធី​ណា​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ដឹង​ខ្លះ​ដែរ​ពី​រឿងនេះ ប៉ុន្ដែ​គ្រាន់តែ​ថា​កន្លង​មក​ជំនួយ​របស់​ស្វ៊ីស​បាន​ផ្ដល់ជូន CMAC តាមរយៈ UNDP ប៉ុន្ដែ​ឥឡូវ​គាត់​ឈប់​ជួយ​តាម​វិធី​នេះហើយ ប្រហែល​ជា​គេ​ឲ្យ​ទៅតាម​រយៈ​អង្គការ​សង្គម​ស៊ីវិល​ណា​ផ្សេង​»​។

យោងតាម​ទិន្នន័យ​របស់​ CMAC ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ថ្ងៃទី​ ២៦ ​ខែ​ធ្នូ ឆ្នាំមុន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ ២០១៩ CMAC ​បាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ជាង ៣៦ ០០០ គ្រាប់​លើ​ផ្ទៃដី​ជិត ៦ ៧០០ ​ហិកតា ​នៃ​តំបន់​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ ៤៨៧ ​ទីតាំងនៅ​ទូទាំង​ប្រទេស​ ខណៈ​ដែល​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ដោះមីន​ឲ្យ​អស់​នៅត្រឹម​ឆ្នាំ​ ២០២៥៕