
មន្ត្រីនគរបាលនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៣ ខែសីហា។ រូបថត GID
ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃសម្រេចផ្អាកការស្នើសុំតែងតាំងមន្ត្រីនគរបាលថ្នាក់នាយរងប៉ុស្តិ៍ នាយរងការិយាល័យ និងអនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីឲ្យកំណែទម្រង់ស្ថាប័នមានប្រសិទ្ធភាព។ នេះបើតាមលិខិតជូនដំណឹងរបស់លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក គៀត ច័ន្ទថារិទ្ធ ថ្លែងថាបច្ចុប្បន្ននេះមុខតំណែងមន្ត្រីនគរបាលជាតិ ថ្នាក់នាយរងប៉ុស្តិ៍ នាយរងការិយាល័យ និងអនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍មានការកើនឡើងគួរឲ្យកត់សម្គាល់។
លោកថ្លែងថា៖ «ដូច្នេះដើម្បីទប់ស្កាត់ការតែងតាំងមុខតំណែងលើសពីតម្រូវការកំណត់ក្នុងរចនាសម្ព័ន្ធរបស់នាយកដ្ឋាន ការិយាល័យ អង្គភាពពុំសមស្របទៅនឹងទំហំការងារ និងធានាបាននូវប្រសិទ្ធភាពក្នុងការដឹកនាំគ្រប់គ្រង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើគ្រប់បណ្ដានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ផ្អាករាល់ការលើកសំណើសុំតែងតាំងមុខតំណែងមន្ត្រីនគរបាល នាយរងប៉ុស្តិ៍ នាយរងការិយាល័យ និងអនុប្រធាននាយកដ្ឋាន»។
លោកថា ការតែងតាំង និងការផ្ទេរសម្រួលភារកិច្ច មន្ត្រីនគរបាលពីនាយកដ្ឋាន ការិយាល័យ អង្គភាពនៅក្នុងរចនាសម្ព័ន្ធដែលលើសពីតម្រូវការជាក់ស្ដែងត្រូវរង់ចាំការធ្វើវិភាគមុខងារ និងការសម្រេចពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមុនសិន។
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ពីម្សិលមិញថា អគ្គនាយកដ្ឋានពិតជាបានចេញលិខិតស្នើឲ្យផ្អាកតែងតាំងមុខតំណែង និងផ្ទេរសម្រួលភារកិច្ចមន្ត្រីមែន។
កាលពីម្សិលមិញលោក គៀត ច័ន្ទថារិទ្ធ ក៏បានដឹកនាំកិច្ចប្រជុំមួយស្តីពីការវិភាគមុខងារ និងចំនួនក្របខណ្ឌរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ការវិភាគមុខងារនេះ គឺជាការអនុវត្តទិសដៅរបស់ក្រសួងមហាផ្ទៃក្នុងការកែទម្រង់ស្ថាប័នអង្គភាពចំណុះក្រសួងមហាផ្ទៃក្នុងគោលបំណង ដើម្បីធ្វើការវាយតម្លៃរកឲ្យឃើញពីតម្រូវការជាក់ស្តែងនៃទំហំការងាររបស់អង្គភាពនីមួយៗ និងតម្រូវការក្របខ័ណ្ឌដែលត្រូវការប្រើប្រាស់ពិតប្រាកដ។
លោកថា ការកែទម្រង់នេះធ្វើយ៉ាងណាធានាឲ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការប្រើប្រាស់ថវិកាជាតិ។ លោកបានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យត្រូវខិតខំបន្តយកចិត្តទុកដាក់គ្រប់គ្រងមន្ត្រីក្រោមឱវាទទាំងការបំពេញការងារ និងវិន័យដោយស្មារតីសាមគ្គីភាព និងភាពស្និទ្ធស្នាល។
លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងពីម្សិលមិញ កំណែទម្រង់នេះធ្វើឡើងនៅគ្រប់អគ្គនាយកដ្ឋានទាំងអស់។ លោកបញ្ជាក់ថា៖ «ជារួមគ្រប់អគ្គនាយកដ្ឋានទាំងអស់ចំណុះក្រសួងកំពុងធ្វើកិច្ចការនេះ ដោយស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាលផង និងរបស់ក្រសួងមហាផ្ទៃផង»។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា ស្វាគមន៍ចំពោះការសម្រេចបែបនេះ ខណៈដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងឥទ្ធិពលនៃជំងឺកូវីដ១៩។ ក្រសួង និងស្ថាប័ននានាក៏គួរតែផ្អាកការតែងតាំងមុខតំណែង ឬការជ្រើសរើសមន្ត្រីដែលមិនមានភាពចាំបាច់ខ្លាំង ដើម្បីទុកថវិកាជាតិទប់ទល់នឹងវិបត្តិកូវីដ ១៩។
លោកថ្លែងដូច្នេះថា៖ «ក្នុងសម័យដែលមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយសារកូវីដ ហើយចំណូលជាតិថយ ការចំណាយត្រូវតែមានការរឹតត្បិត ហើយត្រូវមានប្រសិទ្ធភាព។ ខ្ញុំគិតថា ក្នុងកាលៈទេសៈលំបាកនេះរដ្ឋាភិបាលគួរតែពិចារណាក្នុងការតែងតាំងមន្ត្រីថ្មី ឬជ្រើសតាំងថ្មី។ គួរយកមន្ត្រីដែលមានស្រាប់ឲ្យចូលធ្វើការពេញលេញ ពេញម៉ោងទាំងអស់គ្នានោះនឹងមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ហើយ»។
លោកបន្តថា៖ «បើឡើងតំណែង ឡើងប្រាក់បៀវត្សរ៍ ហើយកើនចំណាយរបស់រដ្ឋ។ ក្នុងកាលៈទេសៈនេះ យើងព្យាយាមសន្សំសំចៃ ហើយយើងព្យាយាមធ្វើការឲ្យមានប្រសិទ្ធភាពខ្ពស់។ រដ្ឋាភិបាលបានតាំងចិត្តថា ទោះបីកូវីដក៏ដោយ ក៏មន្ត្រីរាជការ មិនត្រូវបានកាត់ប្រាក់ខែទេ។ ប៉ុន្តែទោះយ៉ាងណាប្រាក់សម្រាប់អភិវឌ្ឍនៅសល់តិចតួចណាស់។ ដូច្នេះនៅក្នុងពេលនេះមិនគួរប្រញាប់ក្នុងការឡើងតួនាទីឋានៈទេ»៕