ឧត្តរមានជ័យៈ អភិបាល​ស្រុក​អន្លង់​វែង​លោកហោ ​ជិន​វិ​រៈ​យុទ្ធ ​កាលពី​ថ្ងៃទី២១ ខែតុលា​ បាន​ច្រានចោល​ព័ត៌មាន​ដែលសង្ស័យ​ថា​ អាជ្ញាធរ​ស្រុក​អន្លង់វែង​ឃុបឃិត​ជាមួយ​ឈ្មួញ​យក​ដីព្រៃ​សហគមន៍​ជាង​២០ហិកតា ​ស្ថិតនៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង​ ស្រុក​អន្លង់​វែង​ ទៅ​បម្រើ​ប្រយោជន៍​បុគ្គល ​ក្រោមលេស​យកទៅ​បង្កើត​«រដ្ឋបាល​ឃុំ​ថ្មី»​ ដោយសន្យា​ចុះចេញ​ពីតំណែង ​បើលោក​មានការជាប់​ពាក់ព័ន្ធ​។


លោក ​ហោ ជិន​វិ​រៈ​យុទ្ធ​ ថ្លែងថា ​ការចោទប្រកាន់​មកលើ​អាជ្ញាធរ​បែបនេះ​ គឺជា​ការ​បំ​ផ្លើស និង​ផ្សាយ​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ព្រោះ​ជាក់ស្ដែង​អាជ្ញាធរ​ជា​អ្នកទប់​ស្កាត់​រាល់​បទល្មើស​កាប់​ទ​ន្ទ្រា​ន​ដីព្រៃ​សហ​គមន៍​នេះ ហើយ​ថា​លោក​ក៏​មិនបាន​ប្រើ​លេស​បង្កើត​រដ្ឋបាល​ថ្មី​អ្វី​ដែរ។ លោក​បញ្ជាក់ថា ​លោក​គ្មាន​ដីធ្លី ​ហើយក៏​មិនបាន​បញ្ជា​ឲ្យ​មន្ត្រី​រំលោភ​យក​ដី​តំបន់​នោះដែរ​ ប៉ុន្ដែ​ជាក់ស្ដែង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ​បាននាំគ្នា​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​នោះ ​ហើយ​អាជ្ញាធរ​ខំប្រឹង​ការពារ​ទប់ស្កាត់​យ៉ាង​សកម្ម​ ព្រោះ​ជនខិលខូច​ទាំងនោះ​តែងតែ​លើកគ្នា​មក​កាប់​ព្រៃឈើ​យក​ដី។ លោក​កំពុង​ស្រាវជ្រាវ​រក​ជន​ខិល​ខូច​ដែល​នៅ​ពី​ក្រោយខ្នង​រង់ចាំ​បញ្ជា​ឲ្យ​ពលរដ្ឋ​ចូលមក​ទន្ទ្រាន​ដី​នៅ​ទីនោះ។

លោកជិន ​វីរៈ​យុទ្ធ ​អះអាងថា​៖«ខ្ញុំ​សូម​ប្រាប់ថា ​បើ​រកឃើញ​ដី​ខ្ញុំ ឬ​ដី​មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​នៅ​ទីនោះ ឲ្យ​មន្ត្រី​នោះ​ទទួល​ខុសត្រូវ ​ហើយ​បើ​ប៉ះចំ​ដី​ខ្ញុំ​មែន ខ្ញុំ​សុខចិត្ត​ចុះ​ចេញពី​តំណែង ​ព្រោះ​ខ្ញុំ​ធ្លាប់​ទាមទារ​ឲ្យ​ធ្វើ​អត្ដ​សញ្ញាណ​ដី​នៅ​ទី​នោះ​។ ខ្ញុំ​ធ្លាប់​ចុះទៅ​ទីនោះ​ពិនិត្យ​មើល​ការកាប់​ទន្ទ្រាន ​ប៉ុន្ដែ​ពលរដ្ឋ បែរជា​មក​ឡោម​ព័ន្ធ​ខ្ញុំ ខ្លាច​ខ្ញុំ​ទៅយក​ដី​នៅ​ទីនោះ ហើយ​ខ្ញុំ​ប្រាប់​វិញ​ថា ខ្ញុំ​មកនេះ គឺ​មក​ការពារ​ព្រៃ​ទេ មិនមែន​មក​កាប់​ឈើ​យក​ដី​ទេ»។

លោក ស៊ត​ ពេក ​ប្រធាន​សហគមន៍​សាមគ្គី​សង្គ្រោះ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ​អាជ្ញាធរ​ស្រុក​អន្លង់វែង​បានស្នើ​មក​ស​ហ​គម​ន៍​សុំ​ដី​ទំហំ​ប្រមាណ​២០ហិកតា​ ដើម្បី​សាងសង់​សាលារៀន ​មន្ទីរពេទ្យ ​និង​ធ្វើ​វត្ត​អារាម ​ព្រោះ​តំបន់​នោះ​គ្រោង​បង្កើតជា​ប្រព័ន្ធ​រដ្ឋបាល​ឃុំ​ថ្មី ​សម្រាប់​ការបង្កើត​ខេត្ត​ថ្មី​មួយទៀត។ ​ដោយ​បានឃើញ​សំណើ​នេះ ​ដែល​នឹង​យកទៅ​បម្រើ​ប្រ​យោ​ជ​ន៍​សាធារណៈ​ ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ​លោក​ក៏​មិនបាន​ហាមឃាត់​អ្វី​នោះទេ ​ប៉ុន្តែ​ពេល​អាជ្ញាធរ​ដាក់​ត្រាក់ទ័រ​ចុះ​មក​ឈូសឆាយ ​ហើយ​ប្រជា​សហគមន៍​ទៅ​សួរនាំ​រក​ឯកសារ​ផ្សេងៗ​ស្រាប់តែ​មិនឃើញ​បង្ហាញ​នោះ​ឡើយ​។

លោក​បញ្ជាក់ថា​៖«បន្ទាប់ពី​រក​មិនឃើញ​មាន​ឯកសារ​បញ្ជាក់​ផ្សេងៗនេះ​ ធ្វើ​ឲ្យ​ប្រជា​សហគមន៍​មានការ​សង្ស័យថា ​អា​ជ្ញា​ធរ​ស្រុក​អន្លង់វែង​កំពុង​តែមាន​គម្រោង​ឃុបឃិត​ជាមួយ​ឈ្មួញ​មាន​លុយ ​ដើម្បី​លេប​យក​ដី​នោះ​ទៅធ្វើជា​កម្មសិទ្ធិ​របស់​ពួកគេ ហើយ​ពួក​ខ្ញុំ​ក៏បាន​ហាមឃាត់ភ្លាមៗដែរ»។


លោកស៊​ត ពេក ​បន្ថែមថា តំបន់​ព្រៃ​សាមគ្គី​សង្គ្រោះ​ព្រៃឈើ​នេះ ត្រូវបាន​បង្កើត​ដោយ​អនុក្រឹត្យ​តាំងពី​ឆ្នាំ២០០២ ដែលមាន​ដីព្រៃ​ប្រមាណ៤ពាន់​ហិកតា ​ដែលជា​កន្លែង​ផ្តល់​អនុផល​ផ្សេងៗ​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ប្រជាពលរដ្ឋ ​និង​កន្លែង​ថែរក្សា​ការពារ​សត្វព្រៃ​កម្រៗ​ជាច្រើន ប្រភេទ​កំពុង​រស់នៅ​ក្នុងព្រៃ​នោះដែរ។

លោកភួង លី​ណា ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​​ថ្លែងថា លោកក៏​បានទទួល​ព័ត៌មាន​នេះដែរ ប៉ុន្ដែថា​តំបន់​នេះ មិន​មែន​​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់លោក​ទេ។ លោក​ថា នៅ​ថ្ងៃស្អែក ទី២២ តុលា​នេះ លោក​អភិបាលខេត្ត​កោះ​ប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តំបន់​នេះ។

លោក​បន្តថា​៖«សម្រាប់​ខាង​ខ្ញុំ ​តំបន់​ដែល​យើង​ធ្វើការ​គ្រប់គ្រង​ កំណត់​ច្បាស់​តែម្ដង គឺមាន​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខា​វ័​ន្ដ និង​តំបន់​ការពារ​ប្រាសាទ​បន្ទាយ​ឆ្មារ។ ​ខ្ញុំ​បានទទួល​ព័ត៌មាន​ដែរ ​តែ​អត់​សូវ​ច្បាស់​ទេ អ៊ី​ចឹង​នៅ​ថ្ងៃទី២២ ​តុលា​នេះ យើង​នឹង​ប្រជុំ​រឿង​ហ្នឹង​ហើយ​»។

លោក​ ស្រី ណា​រ៉េ​ន មន្ត្រី​សម្របសម្រួល​ Adhoc ​ប្រចាំខេត្ត​ឧ​ត្តរ​មានជ័យ​បាន​ថ្លែងថា ​បញ្ហា​កាប់​ទន្ទ្រានព្រៃ​យក​ដី​នៅ​តំបន់​នោះ​មាន​ស្ទើ​ររៀងរាល់​ថ្ងៃ ​ប៉ុន្ដែ​លោក​មិនបាន​ដឹងថា ​អាជ្ញាធរ​ស្រុក​ឃុបឃិត​គ្នា​ឈូសឆាយ​ដីព្រៃ​ ដោយ​ប្រើ​លេស​បង្កើត​រដ្ឋបាល​ឃុំ​ថ្មី​នេះ​ទេ។

លោក​បន្តថា ​ប៉ុន្ដែ​លោក​ធ្លាប់​បានឮអាជ្ញាធរ​បាន​ប្រាប់​លោក​ថា ​ឃុំ​អន្លង់វែង​គ្រោង​នឹង​បំបែក​ជា​ពីរ​ឃុំ ព្រោះ​ឃុំ​មួយ​នេះ​មាន​ភូមិ​ចំនួន ​១០ ភូមិ ​ដែល​ធ្វើ​ឲ្យ​ពិបាក​គ្រប់គ្រង ​និង​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ភូមិ«ខ្ញុំ​ថា គេ​បំបែក​ឃុំ​អន្លង់វែង ​ប៉ុន្ដែ​មិនដឹងថា គេ​ជ្រើស​យកទៅ​តាំង​កន្លែង​ណា​ទេ។ ហើយ​អា​រឿង​គេ​ឈូសឆាយ​ដីព្រៃ​នេះ គឺ​គេ​ឈូសឆាយ​ស្ទើ​ររាល់ថ្ងៃ ព្រោះ​ខ្វះ​ការសហការ​គ្នា ជាមួយ​សហគមន៍ ​និង​អាជ្ញាធរ»។

លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​បានទេ៕