ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃកាលពីម្សិលមិញបានព្រមព្រៀងគ្នាបន្តជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ដើម្បីរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែននៃប្រទេសទាំង ២។
កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំង ២ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃលើកទី ១៤ នៅទីក្រុងភ្នំពេញដោយមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់នៃប្រទេសទាំង ២ ក្រោមការដឹកនាំរបស់លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកប្រាវីត វង់ស៊ូវ៉ាន់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃប្រទេសថៃ។
យោងតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ លើកទី១៤ ដែលចេញផ្សាយក្រោយកិច្ចប្រជុំកាលពីម្សិលមិញបានឲ្យដឹងថា៖ «កិច្ចប្រជុំបានបញ្ជាក់អំពីសារៈសំខាន់ នៃការប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី១៤ ដែលបានផ្តល់នូវការណែនាំ និងទិសដៅដើម្បីជំរុញឲ្យទំនាក់ទំនង ល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដ៏មានសារៈប្រយោជន៍ រវាងកងទ័ពទាំង ២ នៅគ្រប់កម្រិតទាំងអស់ កាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាការលើកកម្ពស់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន»។
សេចក្ដីថ្លែងការណ៍រួមនេះបានឲ្យដឹងថា ភាគីទាំង ២ បានពិនិត្យឡើងវិញនូវលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗដែលដាក់ចេញដោយ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ លើកទី១៣ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៨ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដូចជា កិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន បញ្ហាពលករ ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយបណ្តាអង្គភាព សន្តិសុខថៃ ក្នុងតំបន់ព្រំដែន បញ្ហាកសិកម្ម បញ្ហាសុខភាពសាធារណៈការអភិវឌ្ឍជីវភាពរស់នៅ ការអប់រំ សាសនា និងវប្បធម៌។
សេចក្តីថ្លែងការណ៍រួម បានឲ្យដឹងទៀតថា កិច្ចប្រជុំត្រូវបានរៀបចំឡើងដោយយោងទៅតាមកិច្ចព្រមព្រៀងនៃការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែនក៏ដូចជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងកងទ័ព និងកងឯកភាពសន្តិសុខពាក់ព័ន្ធដទៃទៀតរបស់កម្ពុជា និងថៃ។ ភាគីថៃនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃលើកទី ១៥។
លោក ទៀ បាញ់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «កិច្ចប្រជុំគណៈកម្មាធិការព្រំដែនលើកនេះមាន លក្ខណពិសេស ពីព្រោះយើងបានត្រួតពិនិត្យ និងបានធ្វើបច្ចុប្បន្នភាពតាម បណ្តោយព្រំដែន ក៏ដូចជាបណ្តាទិសផ្សេងៗមានការវិវឌ្ឍល្អណាស់»។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងបានធ្វើល្អបំផុតដោយសារតែថាយើងបានត្រួតពិនិត្យបានយ៉ាងហ្មត់ចត់នៅតាម បណ្តោយព្រំដែន ទាំងខាងសមុទ្រផងដែរ។ យើងឃើញថា កិច្ចសហប្រតិបត្តិការបានល្អជាពិសេស ការទំនាក់ទំនងគ្នា រវាងអង្គភាពទាំងឡាយនៅតាមបណ្តោយព្រំដែនដោយសារតែពួកគេបានយល់ច្បាស់ អំពីគោលការណ៍ដែលគណៈកម្មការ ព្រំដែនទូទៅកម្ពុជាថៃបានដាក់ចេញនាពេលកន្លងមក»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានមើលឃើញថា ស្ថាភាពសន្តិសុខ នៅតាមបណ្តោយព្រំដែនរវាង ប្រទេស កម្ពុជា និងប្រទេស ថៃ គឺស្ថានភាពល្អប្រសើរ និងមិនមានបញ្ហាចម្រូងចម្រាសដោយសារតែប្រទេសទាំង ២ បានធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាដោយសន្តិវិធី។
លោកបានបញ្ជាក់ថា៖ «ពេលមានបញ្ហាអ្វីកើតឡើងគឺនាំគ្នាដោះស្រាយ សន្តិវិធីដោយផ្អែកលើមូលដ្ឋាន គតិយុត្ត និងកិច្ចព្រមព្រៀង ដែលមានរវាងប្រទេសទាំង ២។ បច្ចុប្បន្ននេះគឺមានលក្ខណៈល្អប្រសើរ»។
លោក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ មករា ថា ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះកងទ័ពជើងគោកបានត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបបានចំនួន ៥ ១៩៣ ករណីនៅតាមខ្សែបន្ទាត់ព្រំដែន។ លោកក៏បានប្រៀបធៀបស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនក្នុងឆ្នាំ ២០១៨ ថាមានភាពល្អប្រសើរជាងឆ្នាំ ២០១៧ ទៅទៀត។
លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ បានថ្លែងថា កម្ពុជា និងថៃបានរកឃើញបង្គោលព្រំដែនចំនួន ៧៣ បង្គោលដែលបានបោះនៅសម័យអាណានិគមនិយមបារាំងនៅអំឡុងឆ្នាំ ១៩១៩ និង ១៩២០។
លោកស្រីថ្លែងថា៖ «ទៅថ្ងៃមុខ យើងអាចដាំបង្គោលបន្ថែម ពីព្រោះព្រំដែនយើងជាមួយថៃជាង ៨០០ គីឡូ យើងមានតែ ៧៣ បង្គោលទេដូច្នេះបង្គោលនេះវាតិច យើងត្រូវការបោះបន្ថែមឡើងវិញ ហើយបង្គោលដែលបាក់បែកយើងត្រូវជួសជុលកែលម្អឡើងវិញ»។
លោកស្រីបន្ថែមថា ក្នុងចំណោមបង្គោលទាំង ៧៣ មានបង្គោល ៤៥ បានឯកភាពគ្នាខណៈ ២៨ បង្គោលទៀតភាគីទាំង ២ មិនទាន់បានឯកភាពគ្នានៅឡើយ ហើយភាគីទាំង ២ បាននិងកំពុងចរចាដោះស្រាយដោយសន្តិវិធី៕