
ឈុតស៊ុបរសជាតិជូរហឹរ ជាមួយបន្លែ សាច់ និងប្រហិតច្រើនមុខមានតម្លៃចាប់ពី ៤២០០០៛។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ ចាប់ផ្តើមពីការផ្សព្វផ្សាយលក់នៅតាមបណ្តាញសង្គមមក មានត្រឹម ៤ ទៅ ៥ តុ ហាងស៊ុបដែលល្បីថាឆ្ងាញ់ I''m Spicy Soup របស់ពិធីការិនី និងតារាសម្ដែងរូបស្រស់ កញ្ញា ជីជី បានពង្រីកហាងដែលមានទីធ្លាធំទូលាយ ដើម្បីតបមកវិញនូវតម្រូវការរបស់អតិថិជនឲ្យមានភាពងាយស្រួលក្នុងការមកទទួលទានស៊ុបដែលមានរសជាតិជូរហឹរ។
កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុដែលឆ្លៀតពេលពីការងារសិល្បៈបើកហាងថា៖ «ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលធ្លាប់មានបទពិសោធក្នុងការធ្វើស៊ុបអីដែរ ចេះតែចៀនឆាអីធម្មតា ប៉ុន្តែបងស្រីរបស់បងគាត់ធ្លាប់បានទៅញ៉ាំកន្លែងគេ ហើយក៏យកមកធ្វើញ៉ាំនៅផ្ទះជារឿយៗពេលខ្លះមានកម្មវិធីនៅផ្ទះហៅមិត្តភក្តិមកជុំគ្នាផឹកស៊ីអីតិចតួចហើយក៏មានស៊ុបហ្នឹងឲ្យពួកគាត់ញ៉ាំដែរ ពួកគាត់ក៏ថា ស៊ុបនេះអាចញ៉ាំបានអ៊ីចឹងក៏បែកគំនិតបើកលក់តែម្តងទៅ»។
I''m Spicy Soup មានលក់មីស៊ុបហឹរ លតស៊ុបហឹរ នំបញ្ចុកហឹរ មីសួរស៊ុបហឹរ និងស៊ុបកម្ទេចមី តម្លៃ ១០ ០០០៛។ ប្រភេទស៊ុបរសជាតិជូរហឹរដែលមានបន្លែ ១ ចានធំ សាច់ និងប្រហិតសម្រាប់ឈុតតូចតម្លៃ ៤២ ០០០៛ ឈុតកណ្តាល ៤៨ ០០០៛ និងឈុតធំ ៦៥ ០០០៛។

ខ្យងកឺកឺដ៏ពេញនិយមមួយចានតម្លៃ ២៥០០០៛។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ពិធីការិនីស្រស់ស្អាតរូបនេះក៏បានឲ្យដឹងដែរថា៖ «ពីមុនមកខ្ញុំរៀនផ្នែកសណ្ឋាគារ និងទេសចរណ៍ ប៉ុន្តែរៀនមិនបានចប់ទេគឺត្រឹមឆ្នាំទី ៣ ក៏ត្រូវព្យួរឈ្មោះទុកដោយសារបងរវល់ក្នុងការងារសិល្បៈច្រើន ហើយក៏ឆ្លៀតបើកមុខរបររកស៊ីតែម្តងទៅដោយបានចាប់ផ្តើមពីការបើកហាងលក់សម្លៀកបំពាក់ និងបន្តមករហូត (បើកហាងស៊ុប) នេះឯង»។
បន្ទាប់ពីស៊ុបដែលពិសេសជាមុខម្ហូបដែលល្បីប្រចាំហាង I''m Spicy Soup ក៏នៅមានជាប្រភេទស៊ុបខួរមានតម្លៃ ១៤ ០០០៛ ខ្យងកឺកឺមានតម្លៃ ២៥ ០០០៛ និងលៀសហាល ១ កំប៉ុង ៥ ០០០៛ ដែលទទួលបានការគាំទ្រខ្លាំងនាពេលថ្ងៃត្រង់។
I''m Spicy Soup ស្ថិតនៅផ្លូវលេខ ១១២ ម្ដុំក្តាន់ ២ និងទូរស័ព្ទ ០៧៨ ៦៩៩ ៩៩៨ និង ០១៥ ២៩៩ ៩៣៣៕

ពិធីការិនីរូបស្រស់ កញ្ញា ពេជ្រ សូលីដា ហៅ ជីជី។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
វីដេអូ៖