
បង្អែមប្រក្រុងលាយគ្រាប់ជីរត្រូវបានដាក់លក់នៅតាមផ្សារនានា ជាពិសេស រូបភាពនេះនៅផ្សារទួលទំពូង។ ហ៊ាន រង្សី
ភ្នំពេញ៖ សណ្ឋានជាល្បាយខាប់អន្ធិល ពណ៌បៃតង ស្រោចទឹកស្ករ លាយខ្ទិះដូង និងល្ង ប្រក្រុងជាមុខបង្អែមដ៏ពេញនិយម និងឆ្ងាញ់ពិសា ត្រូវបានដាក់លក់តាមទីផ្សារនានា។
មិនមានមនុស្សច្រើននោះទេ ដែលស្គាល់រុក្ខជាតិវល្លិមួយប្រភេទនេះ សម្រាប់ធ្វើជាបង្អែមចាហួយដ៏មានអត្ថប្រយោជន៍ចំពោះសុខភាព ដែលពលរដ្ឋខ្មែរភាគច្រើនជឿថា វាជួយផ្ដល់ធាតុត្រជាក់ក្នុងរាងកាយ។
ជាមួយចំណូលចិត្ដទទួលទានបង្អែមប្រក្រុងតាំងពីកុមារភាព យុវជន សាន រស្មី ជាអ្នកឌីហ្សាញនៅក្រុមហ៊ុនឯកជនមួយ បានបង្ហោះវីដេអូស្ដីពីការធ្វើបង្អែមប្រក្រុងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក៏ដូចជាការបង្ហាញពីការប្រើប្រាស់រុក្ខជាតិវល្លិព្រៃនេះផងដែរ។

លោក រស្មី អាយុ ៣០ ឆ្នាំ ដែលផ្ដិតយកទេសភាព និងទស្សនីយភាពប្លែកៗនៃតំបន់ទេសចរណ៍ជាច្រើនបង្ហោះចែកចាយលើហ្វេសប៊ុក បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «កន្លងមក ខ្ញុំផលិតវីដេអូតំបន់ទេសចរណ៍ខ្លះៗ ហើយខ្ញុំចាប់អារម្មណ៍ចង់បង្ហាញវិធីធ្វើប្រក្រុងនេះយូរហើយ ហើយគាប់ជួនបងខ្ញុំបានផ្ដល់យោបល់ពីការផលិតវីដេអូស្ដីពីប្រក្រុង ខ្ញុំក៏ធ្វើវា»។
ជាអ្នកស្គាល់ច្បាស់ពីដើមវល្លិព្រៃឈ្មោះ ប្រក្រុង ដោយសារតែចំណូលចិត្ដទទួលទានបង្អែមប្រក្រុងតាំងពីកុមារភាព អ្នកស្រុកជើងព្រៃនៃខេត្ដកំពង់ចាមរូបនេះ បានដកដើមប្រក្រុងមកដាំដល់ក្បែររបងផ្ទះ ដើម្បីងាយស្រួលបេះបោចធ្វើជាបង្អែមដ៏ឆ្ងាញ់ពិសា។
ម្ចាស់ទំព័រហ្វេសប៊ុក Rak Smei-Gallery បន្ដថា៖ «កាលពីនៅតូចៗ ខ្ញុំឧស្សាហ៍បេះវាមកធ្វើបង្អែមប្រក្រុងញ៉ាំ។ អ៊ីចឹង គ្រាន់តែក្រឡេក ក៏ស្គាល់ច្បាស់តែម្ដង»។
លោកចែករំលែកវិធីធ្វើបង្អែមប្រក្រុងតាមរយៈវីដេអូលើទំព័រហ្វេសប៊ុកថា ដំបូងត្រូវកាត់ស្លឹក ឬដើមរបស់វា រួចលាងទឹកសម្អាត ដែលងាយកម្ចាត់ស្នាមប្រឡាក់ដោយសារស្លឹករបស់វាមានសភាពរអិល។
បន្ទាប់មក លាងស្បៃសម្រាប់ច្រោះ រួចទុកមួយឡែក លាងម៉ាស៊ីនក្រឡុកដោយដាក់ទឹកស្អាតក្រឡុកចោលមួយទឹក ដាក់ស្លឹកចូល និងធ្វើការក្រឡុក ដោយចាក់ទឹកប្រមាណកន្លះលីត្រ (តាមការចង់បាន រាវ ឬខាប់)។ ក្រោយពីក្រឡុកម៉ដ្តល្អហើយ យកស្បៃស្អាតមកដាក់ច្រោះ ដោយប្រើដៃច្បូតស្បៃឱ្យច្រោះល្អ រួចកូរល្បាយឱ្យស្មើសាច់ល្អ។
ចុងក្រោយ ចាក់ចូលថាស ឬចាន ឬប្រអប់ទៅតាមចំណូលចិត្ដ និងទុកចោលឱ្យរឹងរយៈពេលប្រមាណ ១ ម៉ោង។
លោកប្រាប់ថា៖ «វិធីរបៀបថ្មី ខុសគ្នាថា របៀបចាស់ យើងធ្លាប់យកស្លឹកវាមកបុកនឹងត្បាល់ រួចច្រោះស្បៃ ហើយវិធីថ្មី យើងប្រើម៉ាស៊ីនក្រឡុក។ យើងក៏ត្រូវប្រយ័ត្នដោយកុំឱ្យស្ងួតពេក។ បើយើងដាក់ទឹកស្ទើរ ដើមក៏ដូចជាស្លឹករបស់ប្រក្រុងអាចធ្វើឱ្យស្អិតរឹង ដែលអាចធ្វើឱ្យគាំងម៉ាស៊ីន។

ការប្រមូលផលរុក្ខជាតិប្រក្រុងមុនពេលកិន ឬបុក។ហុង មិនា
រុក្ខជាតិប្រក្រុង ឬព្រះក្រុងជាប្រភេទវល្លិ ដើមតូចឆ្មារមានរោម និងវារតោងទ្រើង ដែលមានប្រវែង ៨ ម៉ែត្រ។ ស្លឹករបស់វាជាប្រភេទស្លឹកទោលដុះឆ្លាស់ទង រាងស្ទើរមូល និងមានរោម ដែលប្រែទៅជាសភាពរឹងដូចចាហួយ ពេលច្របាច់លាយទឹកទុកមួយសន្ទុះ។
ប្រក្រុងមានផ្កាជាកញ្ចុំចេញពីប្រគាបស្លឹក ពណ៌បៃតង និងលឿង ហើយផ្លែរបស់វាមានសាច់រាងមូល ទុំពណ៌ទឹកក្រូច ឬក្រហម។ វាដុះតាមដីវាល ដីទួលព្រៃរបោះនៃតំបន់ព្រៃភ្នំ។
ថ្វីដ្បិតតែប្រក្រុងជារុក្ខជាតិព្រៃយ៉ាងណាក៏ដោយ វាក៏អាចដុះនៅតាមចម្ការកសិដ្ឋានផងដែរ ខណៈប្រើជាប្រយោជន៍សម្រាប់ផលិតជាបង្អែមដ៏មានប្រជាប្រិយ។
កញ្ញា ណាណា ជាអ្នកលក់ដើមប្រក្រុង និងបង្អែមប្រក្រុង នៅស្រុកគិរីវង់ ខេត្ដតាកែវ ដែលឪពុកម្ដាយជាអ្នកដាំ និងលក់ដើមប្រក្រុង និងបង្អែមប្រក្រុង ៤-៥ ឆ្នាំ ហើយកញ្ញាទើបចាប់ផ្ដើមលក់តាមអនឡាញ ១ ឆ្នាំ បានឱ្យដឹងថា ប្រក្រុងមានការពេញនិយមខ្លាំង។
កញ្ញាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ដើមប្រក្រុងពិតជាលក់ដាច់ខ្លាំង ដែលពួកខ្ញុំធ្វើការបណ្ដុះសឹងមិនចង់ទាន់ការកុម្ម៉ង់ ព្រោះវាពិបាកដុះដែរ ស្ទើរតែកន្លះឆ្នាំ ទើបបានកូនលក់»។

ក្រោយកិន ឬបុករួច រុក្ខជាតិប្រក្រុងត្រូវបានច្រោះយកទឹក រួចទុកមួយសន្ទុះ។ហុង មិនា
កញ្ញា ណាណា ដែលឪពុក-ម្ដាយមានទ្រើងប្រក្រុងបាន ២-៣ ចម្ការតូចៗតាមរយៈការបណ្ដុះគ្រាប់បានបន្ដថា៖ «ខ្ញុំអត់ដែលផ្សាំដើមយកមកដាំផង ពីព្រោះខ្ញុំទម្លាប់ដាំដោយប្រើគ្រាប់វា។ យើងត្រូវចំណាយពេលបណ្ដុះដែរ ពីព្រោះវាជារុក្ខជាតិព្រៃ ដែលមិនតែងតែដុះភ្លាមដូចត្រកួន ឬស្ពៃឯណា។ ជួនកាល ដាក់ទៅ ៤-៥ ខែ ទើបចាប់ផ្ដើមដុះ»។
ជាក់ស្ដែង អ្នកខ្លះទិញគ្រាប់យកទៅដាំប្រើពេលរហូតដល់ ៥-៦ ខែ អត់ដុះ អស់សង្ឃឹមដោយគិតថា វាអត់ដុះ។ ប៉ុន្ដែដល់ពេល ៣-៤ ខែ ក្រោយ វាក៏ចាប់ដុះដោយឯកឯង។
កូនស្រីម្ចាស់ចម្ការប្រក្រុងយាយពុំរូបនេះ បន្ដថា៖ «ពេលបណ្ដុះវាដុះស្លឹក ៤-៥ សន្លឹក យើងអាចដាក់លក់បានហើយ ហើយមួយកូនខ្ញុំលក់តម្លៃ ១ ម៉ឺនរៀល ដែលផ្ញើគ្រប់ទីកន្លែង។ យើងអាចដាំដាក់ផើង ឬផ្ទាល់ដីក៏បាន។ បើយើងចេះថែទាំល្អ ៥-៦ ខែ យើងអាចបេះស្លឹកមកធ្វើបង្អែមបានហើយ»។
កញ្ញា ណាណា មានសេវាកម្មលក់បង្អែមប្រក្រុង រួមទាំងទឹកស្ករ និងខ្ទិះដូងតម្លៃ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម៕