
អ្នកស្រីមានលក់សម្ភារធ្វើបង្អែម និងផ្ដល់វគ្គបង្រៀនធ្វើអនឡាញក្នុងតម្លៃសមរម្យ។ សហការី
ភ្នំពេញ៖ ស្ថិតនៅលើទម្រក្រដាស ៤ ជ្រុងចាហួយពណ៌ស្រស់ឆើតត្រូវបានតាក់តែងជានំខួបកំណើតមានតុក្កតាឃ្យូតៗជារូបក្មេងប្រុស ក្មេងស្រី កូនសត្វ ផ្លែឈើ និងផ្កាគ្រប់ម៉ូដចម្រុះពណ៌។
ទាំងស្អាត ទាំងគួរឱ្យចង់ញ៉ាំ ចាហួយនំខេក ជាជម្រើសបង្អែមពោរពេញដោយសោភណភាព និងរសជាតិប្លែក ដែលកំពុងទទួលបានចំណាប់អារម្មណ៍ច្រើនពីអតិថិជនជាអ្នកទទួលទាន និងជាអ្នកប្រាថ្នាចង់រៀនធ្វើដោយផ្ទាល់។
អ្នកស្រី កុក សុធីរ៉ា ម្ចាស់ហាង ផ្ទះបង្អែម គិរីបៃតង ស្វាគមន៍អតិថិជនទាំង ២ ភេទ ដោយអ្នកស្រីមានលក់ទាំងចាហួយតាមអនឡាញ និងមានបើកវគ្គបង្រៀនអនឡាញ។
ដំណើរដើមទងនៃការចាប់ផ្ដើមដំណើរការនំចាហួយខេកនេះត្រូវបានស្ត្រីជាអតីតបុគ្គលិកក្រុមហ៊ុនទេសចរណ៍រូបនេះប្រាប់ ភ្នំពេញប៉ុស្តិ៍ថា៖ «កាលពីចុងឆ្នាំ ២០១៤ បន្ទាប់ពីឈប់ពីការងារខ្ញុំបើកហាងបោកអ៊ុតទំនើប ខ្ញុំមានបុគ្គលិកច្រើន ខ្ញុំក៏ទំនេរច្រើន។ ខ្ញុំមើលទូរស័ព្ទឆែកមើលពីនេះពីនោះហើយប្រទះភ្នែកនឹងចាហួយហ្នឹង»។
អ្នកស្រីបានរំឭកប្រាប់ថា៖ «កាលណោះខ្ញុំឃើញចាហួយនៅក្នុងកូនកែវ និងមានរូបកូនទា គួរឱ្យស្រលាញ់យ៉ាងខ្លាំង និងប្លែកពីគេ។ ខ្ញុំចាប់ផ្ដើមស្វែងរកព័ត៌មានបន្ថែមទៅរៀនហើយឃើញថានៅថៃ។ ខ្ញុំក៏ចុះទៅរៀនដល់ផ្ទះគ្រូនៅថៃផ្ទាល់»។

ចាហួយខេកមានរូបតុក្កតា តួអក្សរ ផ្កា និងផ្លែឈើចម្រុះពណ៌។ សហការី
ត្រឡប់មកវិញអ្នកស្រីក៏ចាប់ផ្តើមធ្វើចាហួយលក់ឆ្នាំ ២០១៥ ចាប់ផ្តើមបង្រៀនផ្ទាល់នៅផ្ទះដើមឆ្នាំ ២០១៨ ហើយក៏ចាប់បង្រៀនតាមអនឡាញ និងយកសម្ភារចូលមកលក់ដាក់ជាហាងពាក់កណ្តាលឆ្នាំ ២០១៨ ដោយលែងទទួលបង្រៀនផ្ទាល់វិញ។
អ្នកស្រីបើកលក់ដំបូងតែចាហួយប៉ុណ្ណោះតែទទួលបានលទ្ធផលល្អណាស់។ អ្នកស្រី សុធីរ៉ា បានសម្គាល់ឃើញថា បងប្អូនខ្មែរភាគច្រើនស៊ាំជាមួយនំខេកមានគ្រីម ប៉ុន្តែភាពប្លែករបស់ចាហួយខេកគឺរសជាតិល្មមសម្រាប់អ្នកមិនចូលចិត្តផ្អែមដែលងាយធ្វើឱ្យរងាន់ និងទទួលទានបានទាំងក្មេងទាំងចាស់។
អ្នកស្រីបានឱ្យដឹងថា៖ «មានបងប្អូនផ្ញើសារមកប្រាប់ថា យាយគាត់ចូលចិត្តញ៉ាំណាស់ គាត់ថាឆ្ងាញ់ ញ៉ាំទៅមិនរងាន់មិនផ្អែមពេក លើកក្រោយគាត់នឹងកុម្ម៉ង់ទៀត»។
ដោយចង់ចែករំលែកចំណេះធ្វើឱ្យទូលំទូលាយ និងផ្ដល់ភាពងាយស្រួលដល់សិស្សនៅឆ្ងាយៗទាំងតាមបណ្ដាខេត្ត និងនៅក្រៅប្រទេស អ្នកស្រីមានគំនិតបង្រៀនអនឡាញ។

ចាហួយផ្ការៀបជាប្រអប់អាចជូនជាអំណោយដ៏ស្អាតប្លែក និងមានរសជាតិឆ្ងាញ់។ សហការី
ដោយរូបអ្នកស្រីផ្ទាល់ក៏មមាញឹកនឹងរបរលក់អនឡាញ ការបង្រៀនអនឡាញអំណោយផលដល់ពេលវេលាសិក្សាងាយបត់បែនតាមជាក់ស្ដែង ហើយវាក៏មានតម្លៃធូរថ្លៃជាងការមករៀនផ្ទាល់។
អ្នកគ្រូបង្រៀនធ្វើបង្អែមវ័យ ៤១ ឆ្នាំរូបនេះក៏បានពន្យល់ពីវគ្គសិក្សាពីចម្ងាយផងដែរថា៖ «ការបង្រៀនអនឡាញគឺខ្ញុំបង្កើតក្រុមផ្ទាល់ខ្លួនមួយក្នុងហ្វេសប៊ុក។ ខ្ញុំនឹងបង្ហោះវីដេអូបង្រៀនពីមេរៀនលម្អិត និងផ្ដល់ការណែនាំតាំងពីគ្រឿងផ្សំ និងសម្ភារដែលត្រូវប្រើ ការប្រើប្រាស់ជញ្ជីង ស្លាបព្រាវាល់ផ្សេងៗដល់ពួកគាត់»។
អ្នកស្រីបន្តថា៖ «បន្ទាប់ពីពួកគាត់សាកល្បងធ្វើ ពួកគាត់នឹងផ្ញើវីដេអូមកហើយខ្ញុំនឹងកែតម្រូវពួកគាត់រាល់ការខ្វះខាត គឺគាត់រៀនមួយចេះ។ អ្នកណាចង់រៀនវគ្គណាខ្ញុំនឹងទាញគាត់ចូលក្រុមនោះ បន្ទាប់ពីគាត់បង់ថ្លៃរួច។ មកដល់ពេលនេះខ្ញុំមានជាង ១០ វគ្គហើយ»។
អ្នកស្រីក៏បានឱ្យដឹងដែរថាអតិថិជនមួយចំនួនដែលមិនធ្លាប់រៀនបែបនេះ បានឆាតមកក្នុងផេចប្រាប់អ្នកស្រីថាពួកគាត់ចង់រៀនតែមិនសូវជឿជាក់ថាការបង្រៀននេះមានប្រសិទ្ធភាព។

ចាហួយផ្ការៀបជាប្រអប់អាចជូនជាអំណោយដ៏ស្អាតប្លែក និងមានរសជាតិឆ្ងាញ់។ សហការី
ជាមួយនឹងភ័ស្តុតាងស្ដែងចេញតាមរយៈស្នាដៃស្អាតៗរបស់កូនសិស្ស ដែលបានចុះឈ្មោះរៀនអនឡាញ អ្នកស្រី សុធីរ៉ា បានអះអាងថា វាមិនដូចការមើលក្នុង YouTube ដែលគេបង្រៀនមិនបានឃើញបច្ចេកទេសទាំងអស់ទេ។ សម្រាប់អ្នកស្រីកូនសិស្សឆ្ងល់ត្រង់ណាគាត់អាចឆាតសួរអ្នកស្រីបានគ្រប់ពេល។
ការសិក្សាពីបង្អែមនំចាហួយមាន ៣ វគ្គ ដោយក្នុង ១ វគ្គ ១០ ០ដុល្លារ បើសិស្សចូលទាំង ៣ វគ្គតម្លៃតែ ១៥០ ដុល្លារទេ។ វគ្គផ្សេងៗគឺតម្លៃ ៥០ ដុល្លាដូចជាវគ្គនំច័ក្កច័ន នំស្នូលសណ្ដែក បាណាណាខាប់ខេក និងបង្អែមច្រើនទៀត។
ការចុះឈ្មោះឥឡូវនេះរហូតដល់ថ្ងៃទី ៣០ ខែមេសាគ្រប់វគ្គទាំងអស់មានការបញ្ចុះតម្លៃ ៥០ ភាគរយ។
ក្នុងចំណោម ១០ វគ្គអ្នកស្រីមាន ៣ វគ្គសម្រាប់ការប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជារួមមានសង់ខ្យាដុត ទឹកសូសស្ត្រប៊ើរី និងសូកូឡា និងបង្អែមដង្កូវដោយមានប្រម៉ូសិន ១ វគ្គ ១០ ដុល្លារ ឬតាមសទ្ធា។

ម្ចាស់ហាង ផ្ទះបង្អែម គិរីបៃតង មានលក់ទាំងចាហួយខេក និងវគ្គបង្រៀនធ្វើបង្អែមអនឡាញ។ សហការី
ក្រៅពី ១០ វគ្គខាងលើអ្នកស្រីក៏បានឱ្យដឹងដែរថាអ្នកស្រីបាននិងកំពុងព្យាយាមបង្កើតវគ្គថ្មីៗ និងប្លែកៗច្រើនបន្ថែមទៀត ដូចជាថ្ងៃ ២៥ មេសាកន្លងទៅ អ្នកស្រីបានបើកវគ្គថ្មីសង់ខ្យា ៩ រសជាតិ និងវគ្គជាបន្តបន្ទាប់ទៀតគឺវគ្គបាយដំណើបចម្រុះ និងបង្អែមសៀម។
អ្នកដែលចង់កុម្ម៉ង់ហូបវិញគឺតម្លៃចាហួយចាប់ពី ២០ ដុល្លារ ឯនំផ្សេងៗមានពី ១ ទៅ ៥ ដុល្លារតាមប្រភេទនំ និងការវេចខ្ចប់។
អ្នកស្រីបានប្រាប់ពីគោលបំណងធំដែលអ្នកស្រីបង្រៀនថា៖ «ខ្ញុំបើកបង្រៀន ព្រោះចង់ឱ្យខ្មែរយើងមានរបស់ញ៉ាំឆ្ងាញ់ដែលមានតម្លៃសមរម្យហើយក៏ចង់ចែករំលែកជំនាញទាំងនេះដល់ស្ត្រីៗឱ្យយកទៅប្រកបមុខរបរ។ ពួកគាត់មិនបាច់មានហាងក៏បានឱ្យតែធ្វើឆ្ងាញ់ និងមានអនាម័យ»។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ផ្តាំទៅអ្នកអាន ជាពិសេសស្ត្រីមេផ្ទះ កុំគិតថាយើងមិនអាចធ្វើបាន ព្រោះសមត្ថភាពមនុស្សម្នាក់ៗគ្មានដែនកំណត់ទេឱ្យតែយើងចង់ធ្វើចង់រកលុយចិញ្ចឹមគ្រួសារ ហើយយើងត្រូវព្យាយាមជាមួយវាព្រោះមុខរបរលក់របស់ញ៉ាំគឺជាមុខរបរសន្សំភ្ញៀវបើចង់ធ្វើតែ ១ ឆាវគឺអត់ជោគជ័យទេបើយើងចេះ ១០ មុខមិនដែលរកលុយមិនបាន ១ មុខទេ»។
ព័ត៌មានបន្ថែមពីការជាវចាហួយដ៏ច្នៃប្រឌិត និងការរៀនធ្វើបង្អែមនាន ផ្ទះបង្អែម គិរីបៃតង Bakery Supply អាចទំនាក់ទំនងបានតាមទំព័រហ្វេសប៊ុក @kbshbakery៕

អ្នកស្រី កុក សុធីរ៉ា និងបង្អែមរចនាឡើងដូចផ្លែឈើស្រស់ពិត។ សហការី

ចាហួយត្រូវបានរចនាជាទម្រង់ផ្កាដ៏រស់រវើកចម្រុះពណ៌។ សហការី