
ភោជនីយដ្ឋានលំអង នៅសៀមរាប ប្រកាន់ខ្ជាប់នូវគោលការណ៍បន្លែសរីរាង្គ ពីសួនបន្លែដល់តុអាហារភ្ញៀវ។ រូបថត សហការី
សៀមរាប៖ ភោជនីយដ្ឋានខ្មែរ ១ នៅរាជធានីភ្នំពេញ និង ២ ទៀតនៅទឹកដីខេត្តសៀមរាប ត្រូវបានដាក់ចូលក្នុងចំណាត់ថ្នាក់ឆ្នើមនៃបញ្ជីភោជនីយដ្ឋានប្រចាំអាស៊ី Essence of Asia 50 best list។
ភោជនីយដ្ឋាននេសាទ នៅភ្នំពេញ ភោជនីយដ្ឋាន លំអង ហ្វាមធូថេប៊ល និងដើមត្នោត នៅសៀមរាប ស្ថិតក្នុងចំណោមភោជនីយដ្ឋានមកពី ៤៩ ទីក្រុងនៃ ២០ ប្រទេស រាប់ចាប់តាំងពីប៉ាគីស្ថាន រហូតដល់ជប៉ុន ដែលត្រូវបានរាប់បញ្ចូលក្នុងបញ្ជីភោជនីយដ្ឋានឆ្នើមទាំង ៥០ ប្រចាំអាស៊ី Essence of Asia នេះ។
ក្នុងសេចក្ដីប្រកាសក៏បានលើកពីចលនាប្រើប្រាស់គ្រឿងផ្សំពីសួនដំណាំបម្រើភ្ញៀវដល់តុអាហារផ្ទាល់ ដែលប្រកាន់ខ្ជាប់ដោយភោជនីយដ្ឋានលំអងនៅទឹកដីសៀមរាបអង្គរ។
ដោយប្រើប្រាស់បន្លែសរីរាង្គក្បែររបងហាង និងសហគមន៍ផ្ទាល់ មេចុងភៅ សេង សុធា តែងរំលេចនូវម្ហូបដ៏មានឱជារស និងសោភណភាពស្រស់ឆើតលើចានអាហារ ដែលធ្វើឲ្យភ្ញៀវមកទទួលទានមិនរំលងនឹងទាញទូរស័ព្ទមកថតសម្រាប់បង្អួតគេឯងនៅតាមបណ្ដាញសង្គមអ៊ីនស្តាក្រាម។
ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃវិស័យបដិសណ្ឋារកិច្ច ក្រុមចំណាត់ថ្នាក់ភោជនីយដ្ឋានឆ្នើមប្រចាំនៅអាស៊ី (Asia''s 50 Best Restaurants) សហការជាមួយក្រុមហ៊ុន S.Pellegrino & Acqua Panna បង្កើតនូវចំណាត់ថ្នាក់ភោជនីយដ្ឋានមួយបែបទៀតមានឈ្មោះថា Essence of Asia ដោយផ្ដោតទៅលើប្រភេទភោជនីយដ្ឋានតំណាងឲ្យរសនិយមនៃវិស័យម្ហូបអាស៊ី។

ភោជនីយដ្ឋានលំអង នៅសៀមរាប ប្រកាន់ខ្ជាប់នូវគោលការណ៍បន្លែសរីរាង្គ ពីសួនបន្លែដល់តុអាហារភ្ញៀវ។ រូបថត សហការី
លោក វីលៀម ឌ្រូ នាយកមាតិកានៃក្រុមចំណាត់ថ្នាក់ភោជនីយដ្ឋានឆ្នើមប្រចាំនៅអាស៊ី បានថ្លែងនៅក្នុងសេចក្ដីប្រកាសថា៖ «យើងពិតជាមានកិត្តិយសក្នុងការបង្ហាញនូវបណ្ដុំចំណាត់ថ្នាក់មួយទៀតគឺ Essence of Asia collection។ ក្នុងអំឡុងពេលដែលបណ្ដាភោជនីយដ្ឋាននានាត្រូវការការគាំទ្រពីយើង បណ្ដុំចំណាត់ថ្នាក់នេះតំណាងឲ្យរសនិយមរបស់អ្នកធ្វើដំណើរ និងឱជារសអាហារ ដែលឆ្លុះបញ្ចាំងពីមគ្គុទ្ទេសក៍ គុណតម្លៃមិនអាចកាត់ថ្លៃបាននៃបទពិសោធទទួលទានអាហាររសជាតិដើម ពោរពេញដោយភាពសម្បូរបែប។ ដោយឆ្លុះបញ្ចាំងនូវតថភាពវិស័យម្ហូបនៅអាស៊ីក្នុងបណ្ដុំចំណាត់ថ្នាក់នេះបានរាប់បញ្ចូលនូវហាងអាហារចិញ្ចើមផ្លូវ ភោជនីយដ្ឋានដែលទទួលបានការស្ញប់ស្ញែងជាយូរអង្វែង អាជីវកម្មម្ហូបអាហារមានគោលដៅរួមចំណែកដល់មនុស្សធម៌ និងហាងអាហារកែច្នៃប្រឌិតដ៏ថ្មីសន្លាង»។
បណ្ដាភោជនីយដ្ឋានឆ្នើមជាប់ក្នុងបញ្ជី គឺជាអាជីវកម្មបម្រើម្ហូបអាហារដែលរួមចំណែកលើកស្ទួយប្រពៃណីវប្បធម៌ជនជាតិដើម ថែរក្សានូវរូបមន្តម្ហូបបុរាណ អាយុកាលរាប់សតវត្សរ៍របស់ជាតិសាសន៍ខ្លួន និងដើរតួនាទីសំខាន់នៅក្នុងសហគមន៍ផងដែរ។
Essence of Asia នឹងចាក់ផ្សាយការប្រកាសជាផ្លូវការនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ៕