ភោជនីយដ្ឋាន​ដែល​ច្នៃ​ម្ហូប​បែប​កូនកាត់​ខ្មែរ-បារាំង តាម​រដូវ​កាល Cuisine Wat Damnak នឹង​បង្ហាញ​វត្តមាន​នៅ​ភ្នំពេញ​ឆាប់ៗ​នេះ

Content image - Phnom Penh Post
ចុងភៅបារាំង​លោក ​Joannès Rivière នាពេលចម្អិន​ម្ហូប​។ រូបថត សហ​ការី

ភ្នំពេញ៖ ភាព​ល្បី​ផ្នែក​ម្ហូបអាហារ​កូនកាត់​បែប​ខ្មែរ-បារាំង ឈ្មោះថា​ភោជនីយដ្ឋាន Cuisine Wat Damnak ដែល​ប្រើតែ​គ្រឿងផ្សំ​ក្នុងស្រុក​នៃ​តំបន់​ជុំវិញ​ទឹកដី​អង្គរ និង​ផលានុផល ដែល​បាន​ដាំ​ដុះនៅក្នុង​ស្រុក នៅតាម​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ហើយ​តែងតែ​ផ្លាស់ប្តូរ​នូវ​មុខម្ហូប​ជា​រៀងរាល់​សប្តាហ៍​នោះ កំពុងតែ​ត្រៀមពង្រាយ​មន្ត​ស្នេហ៍​ខ្លួន​មួយ​បន្ថែមទៀត នៅលើ​ទឹកដី​នៃ​រាជធានី​ភ្នំពេញ នាពេលឆាប់ៗនេះ គឺ​នៅ​ដើមខែ​មីនា ឆ្នាំ ២០២១។

ភោជនីយដ្ឋាន Cuisine Wat-Damnak ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ភោជនីយដ្ឋាន​ល្អ​រយៈពេល ២ ឆ្នាំ ជាប់​គ្នា​ក្នុងចំណោម​ភោជនីយដ្ឋាន​ល្អ​បំផុត​ទាំង ៥០ នៃ​តំបន់​អាស៊ី (Asia's 50 Best Restaurants) មាន​ទីតាំង​មូលដ្ឋាន ស្ថិតនៅតាម-បណ្ដោយ​វិថី ៧ មករា ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កម្រើក ក្រុង និង​ខេត្តសៀមរាប។ ចំណែកឯ​ទីតាំង​ថ្មី ដែល​ត្រៀម​បើកសម្ពោធ នៅក្នុង​រាជធានីភ្នំពេញ​នោះ ស្ថិតនៅលើ​ដង​វិថី​សម្តេច​មង្គល​អៀម (ផ្លូវ​លេខ ២២៨) សង្កាត់​បឹងរាំង ២ ខណ្ឌដូនពេញ នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ងួន វេ​ង​ឆាយ គឺជា​សហស្ថាបនិក​ភោជនីយដ្ឋាន Cuisine Wat Damnak ខណៈ​សហ​ស្ថាបនិក​ម្នាក់ទៀត ជា​មេ​ចុងភៅ​ឆ្នើមជនជាតិបារាំង​គឺ​លោក Joannès Rivière។ នៅពេល​សួរថា​តើ​ម្ហូបអាហារ​អ្វី​ឆ្ងាញ់ និង​ប្រចាំត្រកូល​នោះ លោក ងួន វេ​ងឆាយ បានលើកឡើង​ដូច្នេះ​ថា៖ «តាម​ធម្មតា​មុខម្ហូប​នៅ​ទីកន្លែង​យើង​ គឺ​ប្រើ​របៀប​ធ្វើ​ម្ហូបអាហារ​បត់បែន​ទៅតាម​ស្ថានភាព​នៃ​ចំណូលចិត្ត​រប​ស់​ភ្ញៀវនៅក្នុង​តំបន់។ ជាពិសេស មេ​ចុងភៅ​យើង​គឺ​លោក Joannès Rivière ជា​ជនជាតិ​បារាំង ដែល​លោក​បានមក​រស់នៅ​ស្រុក​ខ្មែរ​ជិត ២ ទសវត្សរ៍​មកហើយ​នោះ គាត់​តែងតែ​រិះរក​គំនិត​ច្នៃ​ម្ហូប​នានា ទៅតាម​ភាពជាក់ស្តែង​នៃ​ភោគផល​ដំណាំ បន្លែ និង​សាច់ ដែលមាន​ក្នុង​តំបន់ ឬ​តាម​ចំណូលចិត្តប្រចាំថ្ងៃ​ដូចជា​បងប្អូន​ខ្មែរ​យើង​ដែរ។

Content image - Phnom Penh Post
លោក ងួន វេងឆាយ សហស្ថាបនិក​ភោជនីយ​ដ្ឋាន Cuisin Wat Damnak​​។ រូបថត សហ​ការី

លោក Joannès Rivière គាត់​ក៏មាន​ការស្វែងយល់​អំពី​ជីវភាព និង​របៀប​រស់នៅ​រប​ស់បង​ប្អូន​ខ្មែរ​បាន​ច្រើន​រួមទាំង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ច្រើន​ទៀតផង។ ដូច្នេះ​នៅពេល​ទៅ​ផ្សារ​ដើម្បី​ទិញ​បន្លែបង្ការ និង​សាច់ម្តងៗ យកមក​ធ្វើ​ម្ហូប​នៅ​ហាង​របស់​យើង​នោះ​គឺ​គាត់​រមែង​ស្វែងយល់​ពី​របប​អាហារ​ប្រចាំថ្ងៃ​របស់​បងប្អូន​ខ្មែរ​យើង ហើយក៏​នឹក​ច្នៃ​ជា​មុខម្ហូប​តាមបែប​រសជាតិ​របស់​ខ្មែរ»។

លោក ងួន វេ​ង​ឆាយ សហ​ស្ថាបនិកភោជនីយដ្ឋាន Cuisine Wat Damnak ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង និង​ធ្លាប់​បម្រើ​ការងារ​នៅ​ខេត្តសៀមរាប​មួយរយៈ​នៅ​ស​ណ្ឋាគារ Hotel de la Paix មុននឹង​លោក​បាន​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហបុរី ជំនាញ​បដិសណ្ឋារកិច្ច និង​ភោ​ជនីយ​ដ្ឋា​ន (hospitality and restauration) នៅ​ឆ្នាំ​ ២០០៧ បាន​បន្តថា៖ «យើង​ប្រើតែ​គ្រឿងផ្សំ​ក្នុងស្រុក នៃ​តំបន់​ជុំវិញ​ទឹកដី​អង្គរ និង​ផលានុផល ដែល​ដាំ​ដុះ​នៅក្នុង​ស្រុក​តាម​ខេត្ត​មួយចំនួនក្នុងប្រទេស​កម្ពុជា លើកលែងតែ​ផលិតផល​មួយចំនួន ដែល​យើង​ប្រើ​ផលិតផល​ផ្សេង នាំចូល​មានដូចជា ទឹកដោះគោ សូកូឡា ខ្ទឹមស ផ្សិត​ខ្មៅ​ស្ងួត និង​ប្រេង​ចម្អិន​អាហារ មាន​មូលដ្ឋាន​នៅលើ​ទឹកដី​ក្រុង​អង្គរ​នោះ ខណៈ​នៅ​កន្លែង​ថ្មី​នេះ យើង​ក៏​ប្រើ​វិធី​ដូចគ្នា​អ៊ីចឹង​ដែរ សម្រាប់​មុខម្ហូប​នានា។

ដោយឡែក​ចំពោះ​បញ្ជី​ម្ហូបនៅ​ភោជនីយដ្ឋាន Cuisine Wat Damnak នៅ​ខេត្តសៀមរាប តែងតែមាន​ការប្តូរ​មុខម្ហូប​រៀងរាល់ ១​ សប្តាហ៍​ម្តង ឬ​អាច​ចេញមុខ​ម្ហូប​តាម​រដូវ​កាល​ភោគផល​នៃ​បន្លែបង្ការ ឬ​ផលានុផល កសិផល​របស់​ប្រជាជន​ខ្មែរ​ក្នុង​តំបន់ ដែលមាន​បម្រើភ្ញៀវ​សម្រាប់​អាហារ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច។

Content image - Phnom Penh Post
លោក​ Joannès Rivière ពេលទៅផ្សារទិញបន្លែ។ រូបថត សហ​ការី

ខណៈ​វត្តមាន​ភោជនីយដ្ឋាន Cuisine Wat Damnak នៅក្នុង​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​បើក​បម្រើ​បងប្អូន​នៅ​ដើមខែ​មីនា ឆ្នាំ ២០២១ ខាងមុខនេះ ក៏មាន​បម្រើ​អាហារ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​ផងដែរ តែ​ចំពោះ​បញ្ជី​នៃ​ម្ហូប​វិញ ក៏​នឹងត្រូវ​ប្តូរមុខម្ហូប​រៀងរាល់២សប្តាហ៍​ម្តងវិញ ដោយសារ​យើង​ក៏​ចាំមើល​ដែរ​តាម​ស្ថានភាព​នៃ​អំណោយផល​ជាក់ស្តែង​នៃ​ភោគផល បន្លែបង្ការ ឬ​ផលានុផល កសិផល​របស់​ប្រជាជន​ខ្មែរ ក្នុង​រាជធានី​ភ្នំពេញ មួយរយៈ​សិន​ដែរ»។

នៅមុន​ពេល​ចាប់​ដៃគូ​រកស៊ី​ជាមួយនឹង​មេ​ចុងភៅ​ជនជាតិ​បារាំង​លោក Joannès Rivière ដោយ​ការបើក​ភោជនីយដ្ឋាន Cuisine Wat Damnak ដំបូង នៅ​ឆ្នាំ ២០១៨ លោក ងួន វេ​ង​ឆាយ ក៏​ធ្លាប់មាន​បទពិសោធ​ជាច្រើន​ឆ្នាំ បម្រើ​ការងារ​នៅក្រៅ​ប្រទេស​ផងដែរ ដូចជានៅក្នុង​ឆ្នាំ ២០១៣ លោក​បាន​បម្រើ​ការងារ​នៅឯ​រី​សត​ដ៏​ប្រណីត​ឈ្មោះ Luxury Fiji Resort នៃ​តំបន់​កោះ Vomo Island ស្ថិតនៅលើ​ទឹកដី​ប្រទេស​ដែន​កោះ​ហ្វី​ជី ដោយ​លោក​ជា​អ្នកគ្រប់គ្រង​ខាង​ម្ហូបអាហារ និង​ភេសជ្ជៈ ( Food and Beverage Manager)។

នៅ​ចន្លោះ​ក្នុង​ឆ្នាំ ២០១៤-២០១៦ លោក​បានមក​ធ្វើការ​នៅក្នុង​ស​ណ្ឋាគារ Studio City Hotel នៅ​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ដោយ​លោក​កាន់ការងារ​ជា​អ្នកគ្រប់គ្រង​ខាង​ម្ហូបអាហារ និង​ភេសជ្ជៈដដែល ខណៈ​នៅ​ចន្លោះ​ឆ្នាំ ២០១៦-២០១៨ លោក ងួន វេ​ង​ឆាយ បាន​ទៅធ្វើ​ការ​នៅឯ​សណ្ឋាគារ Wynn Palace Hotel នៅក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន ដដែល ដោយ​លោក​គ្រាន់តែ​មកកាន់​ការងារ​តំណែង​ថ្មី​គឺជា​អ្នកគ្រប់គ្រង​ផ្នែក Cafe Fontana វិញ។ នៅ​ឆ្នាំ ២០១៨ នោះដែរ លោក​ក៏បាន​វិលត្រឡប់មក​ស្រុក​ខ្មែរ​វិញ និង​ចាប់​ដៃគូ​រកស៊ី​បើក​ភោជនីយដ្ឋាន Cuisine Wat Damnak នេះ៕

Content image - Phnom Penh Post
ទិដ្ឋភាព​ភោជនីយ​ដ្ឋាន​ Cuisin Wat Damnak នៅខេត្ត​សៀមរាប។ រូបថត សហ​ការី

ព័ត៌មានថ្មីៗ