ភ្នំពេញ: ជា​ហាង​អាហារ​អ៊ុយក្រែន​ដ៏កម្រ​នៅ​ប្រទេស​កម្ពុជា Jungle Cat Phnom Penh ស្វាគមន៍​អ្នក​ផ្សងព្រេង​ខាង​រសជាតិ​ម្ហូប​មកពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​មកកាន់​កន្លែង​ទទួលទាន​អាហារ​រសជាតិ​ដើម ហើយ​បរិយាកាស និង​រចនាប័ទ្ម​ប្រពៃណី​អ៊ុយក្រែន​ពិតៗ​។


ម្ចាស់​ហាង​ដ៏រួសរាយ​លោក វីតាលី ផបភីក (Vitaliy Popik) មាន​ជំនាញ​ចុងភៅ​ស្រាប់ ធ្លាប់​បាន​បើក​ភោជនីយដ្ឋាន​យីហោ​ដូចគ្នា​ដ៏ល្បីល្បាញ Jungle Cat Kiev នៅ​ប្រទេស​អ៊ុយក្រែន​។

នៅ​ឆ្នាំ ២០១៤ ក្រោយពី​បុរស​អ៊ុយក្រែន​វ័យ ៦០ ឆ្នាំនេះ​បានមក​លេង​កម្ពុជា លោក​ក៏​ជាប់​ចិត្តនឹង​ប្រទេស​នេះ ហើយ​កើត​គំនិត​ចង់​មក​រស់នៅ និង​បើក​អាជីវកម្ម​។


លោក​បាន​ថ្លែង​ជា​ភាសា​អ៊ុយក្រែន​ដោយ​មាន​មិត្តភក្ដិ​ជួយ​បកប្រែ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​មកដល់​កម្ពុជា​កាល​ពី ៦ ឆ្នាំមុន​ជា​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​។ ខ្ញុំ​ពិតជា​រីករាយ​នឹង​ស្នាក់នៅ​ប្រទេស​នេះ​ណាស់ ពិសេស​ប្រជាជន វប្បធម៌ និង​ធម្មជាតិ​នៅ​ស្រុក​នេះ​»​។


ម្ចាស់​ហាង​ជនជាតិ​អ៊ុយក្រែន លោក វីតាលី ផបភីក​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម


ដូច​ទៅនឹង​ហាង​របស់​លោក​នៅ​អ៊ុយក្រែន​ជាប់​ទន្លេ Dnieper ហាង Jungle Cat Phnom Penh ក៏មាន​ទីតាំង​ក្បែរ​មាត់ទន្លេ​ចតុមុខ​ដែរ​។

លោក វីតាលី បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ធ្វើការ​តុបតែង​ហាង​ដោយ​ខ្លួនឯង ដោយ​រក្សា​ប្រពៃណី​អ៊ុយក្រែន​ធ្វើឲ្យ​ភ្ញៀវ​មក​អង្គុយ​នៅទីនេះ បី​ដូចជា​ស្ថិត​នៅផ្ទះ​ប្រជាជន​អ៊ុយក្រែន​ដែរ​»​។

ហាង Jungle Cat Phnom Penh បម្រើ​ម្ហូប​ប្រពៃណី​អ៊ុយក្រែន​ដោយ​ប្រើ​គ្រឿងផ្សំ​ក្នុងស្រុក មក​ចម្អិន​តាម​រូបមន្ត​ដើម​អ៊ុយក្រែន លើកលែង​តែ​គ្រឿងផ្សំ​ណា​ដែល​មិន​មាន​នៅ​កម្ពុជា និង​ត្រូវបាន​នាំចូល​ផ្ទាល់​ពី​ប្រទេស​កំណើត​របស់លោក​។

ម្ហូប​ភាគច្រើន​តម្លៃ​ត្រឹមតែ ៣ ទៅ ៤ ដុល្លារ​ដោយ​ថោក​បំផុត ២,៥ ដុល្លារ និង​ថ្លៃ​បំផុត ៧,៥ ដុល្លារ​។

ម្ហូប​ពេញនិយម​ជាងគេ​គឺ ត្រីហឺរីង​ជាមួយ​ខ្ទឹមបារាំង​ក្រហម ញាំ​ដំឡូងបារាំង​សាច់មាន់​ឆ្អើរ និង​សាច់​ភ្លៅ​ជ្រូក​ប្រឡាក់​ប្រៃ​ជាមួយ​ខ្ទឹមស។

ចង្អុល​លើ​ចាន​ត្រី​ស្រស់ និង​បន្លែ​ពណ៌​ក្រហមឆើត តម្លៃ​តែ​ជាង ៤ ដុល្លារ លោក​បញ្ជាក់​ថា​៖ «​នេះ​ជា​ត្រី Herring ដែល​មិន​មាននៅ​កម្ពុជា​ទេ​។ ប្រជាជន​នៅ​អ៊ុយក្រែន និង​រុស្ស៊ី​ឲ្យ​តែ​ឃើញ​ត្រី​នេះ ពួកគេ​ពិតជា​ភ្ញាក់ផ្អើល ដូច្នេះ​ទើប​យើង​ត្រូវ​ដឹក​វាពី​អ៊ុយក្រែន​មួយ​លើក ៣០ គីឡូក្រាម​ដោយ​ប្រើពេល ២៤ ម៉ោង​តាម​យន្តហោះ​»​។

ភ្ញៀវ​នឹង​ទទួលបាន​គឺ​ស្រា​អាល់កុល​ខ្លាំង​នាំចូល​ពី​អ៊ុយក្រែន Moonshine ១​ កូន​កែវ​ឥតគិតថ្លៃ ដោយ​រសជាតិ​ពេញនិយម​ជាងគេ​គឺ ឈឺរី​។

ចង់​ភ្លក្ស​ម្ហូប​អ៊ុយក្រែន​រសជាតិ​ដើម​ហាង Jungle Cat មាន​អាសយដ្ឋាន​ផ្ទះ​លេខ ៨ ផ្លូវ​លេខ ១១០ កែង​ផ្លូវ​មាត់ទន្លេ​។ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៧០ ២៨៩៦៤៤៕

Khat Leakhena

វីដេអូ៖