
គោលបំណងចម្បងរបស់ Chef Nak គឺបង្ហាញពីភាពអស្ចារ្យនៃមុខម្ហូបការអភិវឌ្ឍ និងការអភិរក្សស្នាដៃក៏ដូចជារូបមន្ដតជំនាន់ឱ្យបានស្ថិតស្ថេរ។ សហការី
ភ្នំពេញ៖ ក្នុងវីដេអូម្ហូបចុងក្រោយបំផុតស្ដ្រីពាក់វ៉ែនតាមូល និងក្រណាត់ជួតក្បាលបានលើករុក្ខជាតិប៉ុនម្រាមដៃពណ៌សរៀបរាប់អំពីអត្ថប្រយោជន៍រុក្ខជាតិព្រៃភ្នំចំពោះសុខភាពប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួនលើបណ្ដាញសង្គមបំណងបង្ហាញម្ហូប ១ មុខ ប្រចាំខេត្ដប៉ៃលិននោះគឺ អន្លក់ក្រវាញត្រីផាត់។
នេះជាវីដេអូបង្ហាញអំពីការបង្រៀនធ្វើម្ហូបរបស់ស្ដ្រីមេចុងភៅដ៏ល្បីល្បាញជាមួយការបង្ហាញសកម្មភាពច្បាស់ៗក៏ដូចជាការរៀបរាប់អំពីរូបមន្ដជាមួយគ្រឿងគ្រៅនីមួយៗអមដោយការតាំងបង្ហាញបន្លែកសិផលក្នុងស្រុកយ៉ាងស្រស់ស្អាត។
អ្នកស្រី រស់ រតនៈ ហៅ Chef Nak បានផលិតវីដេអូបង្រៀនវិជ្ជាធ្វើម្ហូបបែបខ្មែរជាច្រើន និងបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកបំណងឱ្យពលរដ្ឋបានស្គាល់ និងរៀនចម្អិននៅតាមផ្ទះរៀងៗខ្លួន។
មេចុងភៅស្រីដែលព្យាយាមគាស់កកាយរករូបមន្ដម្ហូបប្រពៃណីខ្មែរនៅគ្រប់ច្រកល្ហក និងបានចងក្រងជាសៀវភៅម្ហូប «ញ៉ាំ: រូបមន្ដពីផ្ទះបាយកម្ពុជា» តែងតែបង្ហាញការចម្អិនម្ហូបខ្មែរក៏ដូចជាបានអញ្ជើញភ្ញៀវកិត្ដិយសបញ្ចេញស្នាដៃចម្អិនម្ហូបរបស់ខ្លួនក្នុងកម្មវិធី Lunch Time Live ប្រចាំសប្ដាហ៍ក្នុងទំព័រហ្វេសប៊ុកផ្លូវការ។
Chef Nak បាននិយាយថា៖ «កម្មវិធី Lunch Time Live ត្រូវបានរៀបចំឡើងសម្រាប់ការកម្សាន្ដ និងបង្កើតទំនាក់ទំនងតាមអនឡាញជាមួយអ្នកគាំទ្ររបស់យើង»។

ក្នុងវីដេអូមានបង្ហាញសកម្មភាពច្បាស់ៗ និងការរៀបរាប់អំពីរូបមន្ដជាមួយគ្រឿងគ្រៅនីមួយៗអមដោយការតាំងបង្ហាញបន្លែកសិផលក្នុងស្រុកយ៉ាងស្រស់ស្អាត។ សហការី
មេចុងភៅស្រីដែលខិតខំផ្សព្វផ្សាយមុខម្ហូបជាតិនៅលើឆាកអន្ដរជាតិរូបនេះបានបន្ដថា៖ «យើងតែងតែអញ្ជើញភ្ញៀវកិត្ដិយសម្នាក់ដែលជួយដល់សង្គមជាតិយើង។ យើងបានស្នើសុំភ្ញៀវរូបនោះនាំយកម្ហូបមួយមុខមកបង្ហាញអំឡុងពេលនៃកម្មវិធីនោះដែលជាការចែករំលែកចំណេះដឹងផ្ទាល់ខ្លួន។ ដូច្នេះវាជាការផ្សាយពីសកម្មភាពចម្អិនផ្ទាល់ពីស្នាដៃភ្ញៀវរបស់យើង»។
អ្នកស្រីបានឱ្យដឹងថាគោលបំណងចម្បងរបស់អ្នកស្រីគឺបង្ហាញពីភាពអស្ចារ្យនៃមុខម្ហូបការអភិវឌ្ឍ និងការអភិរក្សនូវស្នាដៃក៏ដូចជារូបមន្ដតជំនាន់ឱ្យបានស្ថិតស្ថេរ។
Chef Nak បានលើកឡើងថាសមត្ថភាពចម្អិនម្ហូបដោយប្រើវិធីសាស្ដ្រសាមញ្ញពីសំណាក់មនុស្សជំនាន់មុន មានការបាត់បង់នៅតាមតំបន់ខ្លះក្រៅទីជនបទនៃប្រទេស។
អ្នកស្រីប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ជាក់ស្ដែងវិធីងាយៗដែលប្រជាជនយើងធ្វើសម្លប្រហើរដែលជាប្រភេទស៊ុបផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងពេញនិយមនោះអ្វីដែលត្រៀមមុនគេ គឺគ្រឿងដែលត្រូវហាន់ស្ដើងៗ និងបុកបញ្ចូលគ្នា។ នៅទីជនបទខ្លះគេហៅមុខម្ហូបនេះថាសម្លក់ផ្សិតហើយគេគ្រាន់តែដំគ្រឿងផ្សំទាំងអស់ដាក់ក្នុងឆ្នាំ និងស្ងោរតែម្ដង»។
មេចុងភៅដែលធ្លាប់បានអញ្ជើញភ្ញៀវកិត្ដិយសជាច្រើនចូលរួមកម្មវិធី Lunch Time Live ប្រចាំសប្ដាហ៍ មុនពេលការផ្ទុះរីករាលដាលជំងឺកូវីដ១៩រូបនេះបានបន្ដថា៖ «វាផ្ដល់អត្ថប្រយោជន៍ជីវជាតិ និងរសជាតិដូចគ្នាហើយវាកាន់តែងាយស្រួលថែមទៀត»។

មេចុងភៅល្បី Chef Nak និងភ្ញៀវកិត្តិយស Chef Mengly ក្នុងកម្មវិធី Lunch Time Live ប្រចាំសប្ដាហ៍ក្នុងទំព័រហ្វេសប៊ុកផ្លូវការ។ សហការី
នៅក្នុងបរិបទកូវីដដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានទាំងលើបញ្ហាសុខភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋជាច្រើនបានជួបនូវវិបត្ដិផ្លូវចិត្ដ និងសុខភាពចុះទ្រុឌទ្រោម។
ដើម្បីទប់ទល់នឹងកត្ដាសុខភាពមេចុងភៅ Chef Nak បានណែនាំឱ្យពលរដ្ឋទទួលទាននូវអាហារសុខភាពដែលអាចរកបាននៅក្នុងបន្លែត្រី និងផ្លែឈើ។
អ្នកស្រីនិយាយថា៖ «កូវីដ បានបង្កផលប៉ះពាល់ដល់មនុស្សទាំងអស់អំឡុងពេលវេលាដ៏លំបាកនេះសំខាន់ណាស់ដែលយើងត្រូវរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ដឱ្យល្អក៏ដូចជាចងចាំថាវិបត្ដិនេះនឹងរសាត់បាត់ទៅវិញមិនខាន»។
អ្នកស្រីបន្ថែមថា៖ «ស្របពេលនេះសុខភាពផ្លូវកាយ និងផ្លូវចិត្ដពិតជាសំខាន់។ ចូរធ្វើសមាធិលំហាត់ប្រាណ និងជជែកជាមួយមិត្ដភក្ដិដ៏ជឿទុកចិត្ដគ្នា និងសមាជិកក្រុមគ្រួសារដែលអាចជួយដល់ស្ថិរភាពផ្លូវចិត្ដ»។
Chef Nak បានបញ្ជាក់ថា៖ «ការទទួលទានអាហារជំនួយសុខភាពជីវជាតិ និងបង្កើនប្រព័ន្ធស៊ាំជំងឺក៏ជាកត្ដាសំខាន់ផងដែរ។ ខ្ញុំសូមណែនាំសារធាតុជួយសុខភាពមួយចំនួនដូចជាផ្លែឈើប្រភេទក្លែបរួមមានក្រូចឆ្មាក្រូចពោធិ៍សាត់ និងក្រូចត្លុងខ្ញីខ្ទឹមសធញ្ញជាតិពពួកម្ទេសប្លោកផ្កាខាត់ណាបៃតង បន្លែស្លឹកបៃតងត្រីពពួកងាវអយស្ទ័រទឹកដោះគោជូរ ផ្លែល្ហុងទុំក៏ដូចជាផ្លែឈើតាមរដូវជាច្រើនទៀត»។
អ្នកម្ដាយកូន២ រូបនេះបានលើកឡើងថាគ្រាន់តែជាទឹកតែលាយខ្ញីបន្ថែមទឹកក្រូចឆ្មារស្ងោរស៊ុបមាន់ដាក់ខ្ទឹមសច្រើនញាំដែលដាក់បន្លែស្លឹកបៃតង និងម្ទេសប្លោកចំហុយផ្កាខាត់ណាបៃតងច្របាច់ទឹកក្រូចឆ្មារបន្ដិច ឬឆាសាច់មាន់ជាមួយខ្ញីជាដើម។
សម្រាប់ព័ត៌មានបន្ថែម និងការទស្សនាវីដេអូចម្អិនម្ហូបខ្មែររបស់មេចុងភៅស្រីChef Nak សុំចូលទៅកាន់ហ្វេសប៊ុកផ្លូវការ@chefnak៕

អ្នកស្រី រស់ រតនៈ ហៅ Chef Nak បានផលិតវីដេអូបង្រៀនវិជ្ជាធ្វើម្ហូបបែបខ្មែរជាច្រើនលើបណ្ដាញសង្គម។ សហការី