
រូបថតដោយ Nataly Lee បង្ហាញពីសម្លម្ជូរគ្រឿងទាផ្លែត្នោត ជាមូលហេតុមួយនៃការកកើត សៀវភៅម្ហូប «ញ៉ាំ : រូបមន្ដពីផ្ទះបាយកម្ពុជា»។ សហការី
ភ្នំពេញ៖ ពេលអ្នកស្រី រស់ រតនៈ ធ្វើដំណើរទៅលេងសាច់ញាតិក្នុងខេត្ដសៀមរាប និងពេលចាស់ៗក្នុងភូមិធ្វើម្ហូបសម្លម្ជូរគ្រឿងទាផ្លែត្នោត អ្នកស្រីចាប់ចិត្ដនឹងរសជាតិរបស់វា។
អ្នកភូមិបានចំណាយពេលជាច្រើនម៉ោងធ្វើសម្ល ១ មុខនេះ ចាប់តាំងពីការចាប់ និងធ្វើទារហូតដល់កាត់ និងជីកបន្លែ ហាន់ និងបុកគ្រឿងផ្សំក៏ដូចជាការឡើងត្នោតបេះផ្លែផងដែរ។
អ្នកស្រី រតនៈ បានរំឭកថា៖ «ការស្វែងយល់ដំណាក់កាលនៃការរៀបចំចម្អិនសម្លនេះបង្កើតបានជាបទពិសោធនៃការទទួលទានមិនអាចបំភ្លេចបាន»។
សម្ល ១ មុខនេះបង្ហាញពីភាពប៉ិនប្រសប់ និងកិច្ចសហការយ៉ាងល្អ ដែលពួកគេចេះចាំនូវរូបមន្ដទាំងនេះតៗគ្នាពី ១ ជំនាន់ទៅ ១ ជំនាន់ទៀត ដោយគ្មានការចងក្រងជាសៀវភៅ ឬក៏ត្រូវបានបំផ្លាញអស់។
នេះគឺជាមូលហេតុមួយនៃការកកើតសៀវភៅម្ហូប «ញ៉ាំ : រូបមន្ដពីផ្ទះបាយកម្ពុជា» ដែលបានបង្ហាញពីម្ហូបប្រពៃណីខ្មែររាប់សិបមុខ ដោយខ្លះមានអាយុកាលរាប់ពាន់ឆ្នាំឯនោះ។
ជាមេចុងភៅស្រីដ៏ល្បីល្បាញម្នាក់នៅកម្ពុជា អ្នកស្រី រតនៈ ហៅ Chef Nak បានចងក្រងរូបមន្ដម្ហូបខ្មែរប្រមាណ ៨០ មុខ និងសហការជាមួយអ្នកថតរូបកូនកាត់ខ្មែរ-អូស្ដ្រាលី ណាតាលី លី ដើម្បីផលិតសៀវភៅម្ហូប ២២៧ ទំព័រ។
បោះពុម្ពក្នុងឆ្នាំ ២០១៩ ទាំងភាសាជាតិ និងអង់គ្លេស ដែលម្ចាស់ស្នាដៃចង់ផ្សព្វផ្សាយដល់ដៃស្ត្រីមេផ្ទះក្នុងស្រុក និងអន្ដរជាតិ។ «ញ៉ាំ» ពេលនេះអាចរកទិញបាននៅសហរដ្ឋអាមេរិក និងអូស្ដ្រាលី តាមរយៈវេបសាយយក្ស អាម៉ាហ្សូនក្នុងតម្លៃ ៣៩ ដុល្លារ។

Chef Nak ក្នុងកម្មវិធីចម្អិនអាហារ Khmer Special Vegetable Cardamom Shoot។ សហការី
Chef Nak ដែលមានបេសកកម្មលើកតម្កើង អភិវឌ្ឍ និងអភិរក្សមុខម្ហូបខ្មែរ និងនាំយករសជាតិអាហារដ៏វិសេស ក៏ដូចជាវប្បធម៌ដ៏សម្បូរបែបទៅកាន់វេទិកាពិភពលោកបាននិយាយថា៖ «យើងជឿថា ម្ហូបខ្មែរគឺជាទម្រង់សិល្បៈ ដែលស្ថិតក្នុងកេរដំណែលសិល្បៈវប្បធម៌របស់កម្ពុជា»។
អ្នកស្រីបានឱ្យដឹងថា៖ «តាមរយៈសៀវភៅរូបមន្ដម្ហូប ការបង្រៀនផ្ទាល់ និងវីដេអូផ្សេងៗក៏ដូចជាបទពិសោធសេវាកម្មឯកជនពិសេស យើងរំពឹងថានឹងបង្ហាញពិភពលោកអំពីសិល្បៈនៃការរស់នៅរបស់ខ្មែរតាមបែបប្រពៃណី»។
Chef Nak បានប្រមែប្រមូលរូបមន្ដម្ហូបប្រពៃណីខ្មែរតាមតំបន់នានាក្នុងប្រទេស ដោយយោងតាមប្រភពនៃការចងចាំពីកុមារភាព រហូតដល់ការធ្វើដំណើរ និងស្រាវជ្រាវស៊ីជម្រៅនៅទីឋានជនបទ។
មេចុងភៅរូបនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «រូបមន្ដដែលខ្ញុំជ្រើសរើសសម្រាប់ដាក់ចូលក្នុងសៀវភៅ «ញ៉ាំ» គឺផ្អែកលើមុខម្ហូប ដែលខ្ញុំអាចរកឃើញ ចូលចិត្ដទទួលទាន និងចងក្រងពេញមួយឆាកជីវិតនេះ។ មុខម្ហូបទាំងអស់មកពីតំបន់ផ្សេងៗទូទាំងប្រទេស ហើយខ្លះខ្ញុំជឿថា មានប្រវត្ដិតាំងពីរាប់ពាន់ឆ្នាំមុនម្ល៉េះ»។

នំបញ្ចុកសម្លខ្មែរ ដែលមានបន្លែចម្រុះ និងគ្រឿងផ្សំដ៏សម្បូរបែប។ សហការី
អ្នកស្រីបន្ដថា៖ «ខ្ញុំមិនអាចធ្វើវាទៅបានទេ បើគ្មានដៃគូ ណាតាលី លី ជាអ្នកជំនាញថតរូប និងរចនាទំព័រសៀវភៅដ៏ល្អ ដែលធ្វើឱ្យយើងមើលឃើញសម្រស់មុខម្ហូបយ៉ាងស្រស់ស្អាត»។
រូបមន្ដទូទៅអាចមានត្រឹមឈ្មោះមុខម្ហូប បរិមាណ បញ្ជីមុខគ្រឿងផ្សំ និងរង្វាស់ រួចរៀបចំ និងចម្អិនអាហារជាមួយដំណាក់កាលនីមួយៗរួមទាំងរយៈពេលនៃការចម្អិនផង។
ផ្ទុយទៅវិញ បើអ្នកណាមានសំណាងបានប្រទះឃើញរូបមន្ដបែបប្រពៃណី ពួកគេនឹងគ្រាន់តែបញ្ចូលវិធីដូចខាងលើ។ ការបន្ថែមទម្ងន់ រង្វាស់ និងការណែនាំល្អៗមួយចំនួនទៀត ដែលពិបាកស្វែងរកដោយចៃដន្យ។ ដូច្នេះ ក្នុងដំណើរការសរសេរសៀវភៅ «ញ៉ាំ» មេចុងភៅត្រូវស្វែងយល់រូបមន្ដទាំងនោះដោយខ្លួនឯង។
អ្នកស្រីគិតថា អ្វីដែលមានសារៈសំខាន់បំផុតមួយនៃមុខម្ហូបខ្មែរគឺគ្រឿងផ្សំ។ ការស្រាវជ្រាវ «ញ៉ាំ» ភាគច្រើនគឺស៊ើបអង្កេតអំពីគ្រឿងផ្សំទាំងនោះ។
Chef Nak បានឱ្យដឹងថា អ្នកស្រីចង់ឱ្យសៀវភៅនេះលាតត្រដាងពីគ្រឿងផ្សំដ៏សម្បូរបែប និងបង្ហាញពីអត្ថប្រយោជន៍ផ្នែកជីវជាតិអាហារជំនួយផ្នែកសុខភាពរាងកាយ និងសារសំខាន់នៃវប្បធម៌។
អ្នកស្រីនិយាយថា៖ «សៀវភៅម្ហូបអាចចាប់ផ្ដើមពីវិធីចម្អិន តែភារកិច្ចអភិវឌ្ឍន៍ម្ហូបប្រពៃណីត្រូវពឹងអាស្រ័យលើមនុស្ស។ សៀវភៅអាចញ៉ាំងទឹកចិត្ដមនុស្សឱ្យចូលចិត្ដចម្អិនកាន់តែច្រើន ស្វែងយល់ពីរូបមន្ដប្រពៃណី ក៏ដូចជាប្រវត្ដិមុខម្ហូបរបស់ពួកគេ ព្រមទាំងអត្ថប្រយោជន៍នៃមុខម្ហូបនីមួយៗ និងគ្រឿងផ្សំផងដែរ»។
សម្រាប់ព័ត៌មានលម្អិត សុំចូលទៅកាន់វេបសាយ https://chefnak.com/ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់មេចុងភៅស្រី រស់ រតនៈ @chefnak៕ HR

រូបថតដោយ Nataly Lee បង្ហាញពីសម្លផ្សិត និងរូបភាព Chef Nak បង្ហាញក្ដាមស្រែរស់រវើក។ សហការី