
ស៊ុបប្រហិតយក្ស នៅឯសៀមរាប។ រូប សហការី
សៀមរាប: អ្នកដែលទៅលេងទឹកដីសៀមរាបអង្គរ ក្រៅពីដើរទស្សនាប្រាង្គប្រាសាទនៅពេលថ្ងៃ វេលារាត្រីចូលមកដល់ ភ្ញៀវទេសចរភាគច្រើនប្រាកដជាទៅលេងតំបន់ផាប់ស្ទ្រីតជាមិនខាន។
តែបច្ចុប្បន្ននេះ មានកន្លែងដើរលេង និងញ៉ាំអាហារជាច្រើនកន្លែងនាពេលយប់ក្រៅពីតំបន់ផាប់ស្ទ្រីត ដូចជាផ្សាររាត្រី និងផ្សារកុងតឺន័រ ជារសនិយមថ្មីសម្រាប់យុវជនសម័យនេះ។
ស្ថិតនៅមិនឆ្ងាយពីផាប់ស្ទ្រីត ផ្សាររាត្រីកុងតឺន័រថ្មីមួយទើបតែនឹងបើក គឺ ផ្សាររាត្រីអេហ្វែលថាមខនធេនន័រ សៀមរាប Eiffel Time Container Night Market - Siem Reap រៀបចំរចនាប្លែកជាមួយភ្លើងពណ៌ចម្រុះ។
ជាពិសេសការរចនាតូបកុងតឺន័រនីមួយៗស្អាតខុសប្លែកពីគ្នា។ នៅក្នុងផ្សាររាត្រីនេះគឺសម្បូរទៅដោយម្ហូបខុសៗគ្នា និងភេសជ្ជៈដ៏ច្រើនជម្រើស។
នៅក្នុងចំណោមតូបទាំងអស់នោះមានតូបមួយលក់ ស៊ុបប្រហិតយក្ស មានក្លិនឈ្ងុយកាត់ច្រមុះតែម្តង ដោយនៅក្នុងប្រហិតយក្សនេះមានបង្កប់នូវពងទា សាច់ជ្រូកចិញ្ច្រាំ និងពោត ធ្វើឲ្យរសជាតិវាឆ្ងាញ់ប្លែកមាត់។
ភ្ញៀវអាចកុម្ម៉ង់ដាក់ក្នុងកំប៉ុងក្រដាសងាយស្រួលដើរកាន់ញ៉ាំទៅកន្លែងមួយទៀត។ ក្នុងស៊ុបប្រហិតមួយកំប៉ុងក្រដាសនេះ មានជាប្រហិតយក្សមួយដុំធំ នុយ និងស៊ុបឆ្អឹងជ្រូក លាយជាល្ហុង និងការ៉ុត មានតម្លៃ ៤០០០ រៀល អាចញ៉ាំបានម្នាក់ឯងឆ្អែតល្មម។
ផ្សាររាត្រីអេហ្វែលថាមខនធេនន័រ សៀមរាប ស្ថិតនៅផ្លូវស៊ីវត្ថា ទល់មុខឆៀងខាងត្បូងកាណាឌីយ៉ា ១០ ម៉ែត្រ ទូរស័ព្ទលេខ ០៩៨ ៩៩៩៩៨៨៕