ភ្នំពេញ៖ ទម្លាក់​ទូរស័ព្ទ​ចុះ​ក្រោម​ថត​សាច់​ក្រហម​ផ្កា​ឈូក​ក្បែរ​ឆ្នាំង​ស៊ុប​ កញ្ញា សួន ម៉ូនីកា ចាប់​យក​ចង្កឹះ​កៀប​សាច់​បន្ទះៗ​ឡើង រួច​ជ្រលក់​ចូល​​ក្នុង​ទឹក​ស៊ុប​កំពុង​ពុះ​ហុយ​ មុន​ពេល​ទំពា​យ៉ាង​ឆ្ងាញ់​ពិសា។​


កញ្ញា ម៉ូនីកា ជា​អតិថិជន​កម្ពុជា​ដែល​ការ​ចំណាយ​លើ​អាហារ​ស៊ុប​បែប​ជប៉ុន​នេះ ​គឺ​ជា​ឱកាស​ដ៏​កម្រ​របស់​ខ្លួន តែ​យុវតី​រូប​នេះ​ផ្ដោត​លើ​អាហារ​សុខភាព​ជា​ជាង​ការ​ត្បិត​ត្បៀត​ប្រាក់​កាស។ នោះ​ជា​អ្វី​ដែល​នាយក​គ្រប់គ្រង​ទូទៅ​ភោជនីយដ្ឋាន​ On-Yasai Shabu Shabu Cambodia​ លោក គឹម វ៉ាង មាន​ការ​យល់​ស្រប​ចំពោះ​ចំណុច​នេះ។

លោក គឹម​ វ៉ាង​ វ័យ​ ៤០ ឆ្នាំ ​​ប្រាប់​​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​សម្រាប់​យីហោ​​នេះ​លេខ ​១ នៅ​ជប៉ុន​​​ ហើយ​ក៏​មាន​ជាង​ ៥០០ សាខា ​នៅ​តាម​បណ្តា​ប្រទេស​ផង​​ដែរ​។ ​យើង​ឃើញ​ថា​ អាហារ​ជប៉ុន​ក៏​ចាប់​ផ្តើម​មាន​ការ​ពេញ​និយម​នៅ​ស្រុក​ខ្មែរ​​​ដែរ​ ដូច​ពី​មុន​មក​យើង​ឃើញ​មាន​ពពួក​ Fast Food ច្រើន​ ឬ​សាច់​អាំង​បែប​ជប៉ុន​ ស៊ូស៊ី ទើប​ពេល​នេះ​យើង​ចង់​បន្ថែម​ប្រភេទ​ទឹក​ស៊ុប​របស់​ជប៉ុន​ទៀត​ ព្រោះ​យើង​សម្លឹង​​មើល​ឃើញ​ថា​ យើង​អាច​មាន​ឱកាស​ក្នុង​ការ​នាំ​យក​ទឹក​ស៊ុប​លេខ ​១ របស់​ជប៉ុន​មក​កាន់​ស្រុក​ខ្មែរ​បាន​»​។


ក្រោយ​បើក​ដំណើរការ​​រយៈពេល​ ៦ ខែ​​​ ដែល​មាន​ភ្ញៀវ​ជាតិ​រហូត​ដល់​ ៩០ ភាគ​រយ​ ​លោក វ៉ាង បាន​អះអាង​ថា​៖​ «​អាហារ​ជប៉ុន​ ចិន​ ថៃ វៀតណាម​ ខ្មែរ​យើង​អាច​ទទួល​រសជាតិ​អាហារ​ទាំង​នេះ​បាន​ ពី​ព្រោះ​ខ្មែរ​យើង​ចូល​ចិត្ត​រសជាតិ​បែប​មុតៗ ជា​មួយ​ពណ៌​ចូល​ចិត្ត​បែប​ថ្លា​ច្រើន​ជាង​ខ្ទិះៗ។ ចំពោះ​ខ្មែរ​​យើង​ភាគ​ច្រើន​គាត់​ចូល​ចិត្ត​ញ៉ាំ​បៀរ តែ​ពេល​មក​ដល់​គាត់​បែរ​ជា​ចូលចិត្ត​ស្រា​ជប៉ុន​ទៅ​វិញ​ ដោយសារ​​វា​មិន​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​ មិន​ឆួល​​​ពិបាក​លេប​ និង​មិន​ពិបាក​ក្នុង​​ខ្លួន​ដែរ​»​។


អតិថិជន​រីករាយ​អាហារ​សាច់​គោ ជ្រូក និង​គ្រឿង​សមុទ្រ​ ជ្រលក់​ចូល​ទឹក​ស៊ុប​នាំ​ចូល​ពី​ជប៉ុន​​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​


ទឹក​ស៊ុប​​​មាន​ជម្រើស​ច្រើន​ប្រភេទ​​​ រួម​​ជាមួយ​បន្លែ​ និង​សាច់​ស្រស់ៗ​ជា​ពិសេស​សាច់​គោ​ល្បី​ប្រចាំ​ហាង។​ ​​​ទឹក​ស៊ុប​ ៩ ​ប្រភេទ​សម្រាប់​ជ្រើស​រើស​ មាន​​ដូចជា ទឹក​ស៊ុប ស៊ូគីយ៉ាគិ ទឹក​ស៊ុប​ឆ្អឹង​ជ្រូក​ ទឹក​ស៊ុប​សារាយ​ ទឹក​ស៊ុប​ហឹរ​ រួមទាំង​​ទឹក​ស៊ុប ​៣ ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​ចូល​ចិត្ត​ពិសា គឺ​​ Wagyu Soup ចម្អិន​មក​ពី​គោ Wagyu ​នៅ​ជប៉ុន ប៉ូវ​កម្លាំង​ ទឹក​ស៊ុប​ហឹរ​ម៉ុងហ្គោលី​ ​ចម្អិន​មក​ពី​គោ​ជប៉ុន​ដោយ​មាន​រសជាតិ​ហឹរ​ និង​ទឹក​ស៊ុប​ចិន​សែ​ចម្រុះ​ ​ដែល​ផ្សំ​ពី​ថ្នាំ​ចិន​​​ជួយ​ដល់​សុខ​ភាព​ មិន​ក្ដៅ​ខ្លួន​។

ចំណែក​ឯ​ ​ស៊ុប​ទឹក​សណ្តែក​​ ជា​ទឹក​ស៊ុប​​​ពេញ​និយម​ជាង​គេ​នៅ​ជប៉ុន​ ដោយ​​ទឹក​ស៊ុប​ទាំង​ ៩ ​ប្រភេទ ​ត្រូវ​បាន​គិត​តម្លៃ​ទៅ​តាម​ប្រភេទ​ឆ្នាំង (ឆ្នាំង​ធំ​អាច​ជ្រើស​រើស​ទឹក​ស៊ុប​​​ ២ ប្រភេទ​ តម្លៃ ៩ ដុល្លារ​ ឆ្នាំង​ធំ​ដែល​មាន​ទឹក​ស៊ុប​តែ ១ ​ប្រភេទ ​តម្លៃ​ ៧ ដុល្លារ និង​ឆ្នាំង​តូច​តម្លៃ​ ៣ ដុល្លារ)។

អ្នក​គ្រប់គ្រង​ទូទៅ On-Yasai Shabu Shabu ​ដែល​​នាំ​យក​សាច់​គោ​មក​ពី​ប្រទេស ​ជប៉ុន​ ប្រទេស ​អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក​ បាន​​ប្រៀប​ធៀប​​ថា​ សាច់​គោ​ជប៉ុន​ដែល​ចិញ្ចឹម​នៅ​ជប៉ុន​ជា​ប្រភេទ​គោ​ល្អ​មាន​តម្លៃ​ថ្លៃ​ មាន​សាច់​ពណ៌​ផ្កា​ឈូក​ ផុយ​​ និង​​​ខ្លាញ់​នៅ​ចន្លោះ​សាច់​ដូច​ប្រហោង​ដោយ​មិន​ប៉ះ​ពាល់​សុខ​ភាព​ និង​មិន​ធ្វើ​ឲ្យ​ឡើង​គីឡូ​។ គោ​ជប៉ុន​ចិញ្ចឹម​នៅ​អូស្រ្តាលី​មាន​​ពណ៌​មិន​ស្អាត​ល្អ​នោះ​ទេ​ ដោយសារ​ផ្អែក​ទៅ​លើ​ការ​ចិញ្ចឹម​ និង​អាកាស​ធាតុ​។ ចំណែក​គោ​នៅ​ អាមេរិក​មាន​ពណ៌​ក្រហម​ស្មើ​​ល្អ​ និង​មាន​ខ្លាញ់​ស្រដៀង​​គោ​នៅ​ជប៉ុន​។

ទិដ្ឋភាព​តុ​អាហារ​ក្នុង​ភោជនីយដ្ឋានជប៉ុន On Yasai Shabu Shabu Cambodia​​។ រូបថត យូសុះ អាប់ឌុល​រ៉ាស់ហ៊ីម

លោក​ គឹម​ វ៉ាង​ បញ្ជាក់​​​ថា​៖​ «​On-Yasai Shabu Shabu យើង​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ហាង ​fast food ដោយសារ​តែ​សម្ភារ គ្រឿង​ផ្សំ​ និង​របស់​គ្រប់​យ៉ាង​ដែល​ប្រើ​សុទ្ធ​តែ​មាន​គុណភាព​ ហើយ​យើង​ក៏​ផ្តោត​សំខាន់​​​លើ​អនាម័យ​ អាហារ​នៅ​ទី​នេះ​ពេល​ញ៉ាំ​ហើយ​មិន​ព្រួយ​បារម្ភ​រឿង​ឡើង​គីឡូ ឡើង​ជាតិ​​​អាស៊ីត ហើយ​ថែម​ទាំង​ជំនួយ​ដល់​សុខភាព​ទៀត​ផង​។ និយាយ​ពី​សេវាកម្ម​វិញ​ បុគ្គលិក​ត្រូវ​ស្វាគមន៍​ភ្ញៀវ​ និង​គោរព​ភ្ញៀវ​ទាំង​ចូល ឬចេញ​ដោយ​ភាសា​ជប៉ុន​ និង​ពេល​កុម្ម៉ង់​ម្ហូប​តម្រូវ​ឲ្យ​បុគ្គលិក​បន្ទន់​ជង្គង់​​និយាយ​ជាមួយ​ភ្ញៀវ​ដោយ​ការ​គោរព»។​

On-Yasai Shabu Shabu មាន​ប្រភេទ​សាច់​គោ​សម្រាប់​ជ្រើសរើស ​ដូច​ជា​ Japanese Premium Wagyu Rosu (៣៤ ដុល្លារ) សាច់​គោ​នាំចូល​ពី​អូស្ត្រាលី​ Australian Wagyu Striploin (២២ ដុល្លារ) Australian Wagyu Beef Rump (១៩ ដុល្លារ) Australian Striploin, Australian Chuck Roll (៨​ ដុល្លារ) និង​សាច់​គោ​នាំចូល​ពី​សហរដ្ឋ​អាមេរិក​ ដូចជា​ US Boneless (១២ ដុល្លារ) US Beef Chuck Eye Roll (៨ ដុល្លារ) និង​ US Short Plate (៥,៥ ដុល្លារ) រួមទាំង​ Beef Tongue (៧ ដុល្លារ)។

លោក​ គឹម​ វ៉ាង ដែល​​​បញ្ចប់​ការ​សិក្សា​បរិញ្ញា​ជាន់​ខ្ពស់​​ផ្នែក​សេដ្ឋកិច្ច​នៅ​​សាកលវិទ្យា​ជាតិ​គ្រប់គ្រង​ ​រៀប​រាប់​ពី​ការ​ចម្អិន​ទឹក​ស៊ុប​​ថា​៖​ «​គោ​នៅ​ជប៉ុន​​ យើង​មិន​អាច​នាំចូល​ក្រៅ​ពី​សាច់​បាន​ទេ។ អ៊ីចឹង​ទឹក​ស៊ុប​គេ ​គឺ​គ្មាន​រូបមន្ត​ក្នុង​ការ​ចម្អិន​​​ គឺ​យក​ទឹក​ស៊ុប​មក​ពី​ម្ចាស់​​យីហោ​ដើម​នៅ​ឯ​ជប៉ុន​តែ​ម្តង​ ដោយ​យើង​យក​មក​ទឹក​ស៊ុប​នោះ​វា​កក​ យើង​គ្រាន់​តែ​យក​មក​រំលាយ​នៅ​ក្នុង​ឆ្នាំង​ក្តៅ​តែ​ប៉ុណ្ណោះ​​»​។

On Yasai Shabu Shabu ផ្ដល់​សេវាកម្ម​ស្ដង់ដា​ជប៉ុន​​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់​ហ៊ីម

ចំណែក​គ្រឿង​ផ្សំ​សុទ្ធ​តែ​នាំយក​មក​​ពី​ប្រទេស ​ជប៉ុន​ និង​ប្រភេទ​សាច់​ក្រៅ​ពី​សាច់​គោ​ដូចជា ​សាច់​ជ្រូក​នាំចូល​មក​ពី​សហរដ្ឋ​អាមេរិក​ សាច់​មាន់​មក​ពី​ដាណឺម៉ាក និង​សាច់​ចៀម​នាំ​ចូល​មក​ពី​ប្រទេស ​អូស្ត្រាលី។ ​គ្រឿង​សមុទ្រ​ស្រស់ៗ ​​នាំ​មក​ពី​ខេត្ត​កោះកុង​ និង​ព្រះសីហនុ​។

On Yasai Shabu Shabu បើក​ទទួល​ភ្ញៀវ​ចាប់​ពី​ម៉ោង​ ៩ ព្រឹក រហូត​ដល់​ម៉ោង​​ ១១ យប់​ ដោយ​ទើប​តែ​មាន​ ១ សាខា​ ​នៅ​​​ផ្លូវ ​៣១៥ សង្កាត់​បឹង​កក់ ១ ខណ្ឌ​ទួល​គោក ជិត​ផ្សារ​ទំនើប​ទួល​គោក។ អ្នក​គ្រប់គ្រង​​ផ្តោត​ទៅ​លើ​ទឹក​ស៊ុប​ជប៉ុន​លេខ​ ១ រូប​នេះ​​​បញ្ជាក់​ថា​ ​លោក​គ្រោង​បើក​សាខា​​ទី ​២ ស្ថិត​នៅ​បឹង​កេង​កង​​៕

វីដេអូ៖