The Ann Coffee ល្បី​នំ ចំណី និង​ភេសជ្ជៈ​ឃ្យូតៗ ឆ្ងាញ់​ជាប់​ចិត្ត

Content image - Phnom Penh Post
កូនជ្រូក​ដ៏​ឃ្យូត​​អើត​កពីកែវ​កាហ្វេ​ឡាតេ និង​កូន​ខ្លាឃ្មុំ​អង្គុយ​លើ​កែវ​ភេសជ្ជៈ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្នំពេញ៖ ការ​រចនា​ហាង​ពណ៌ ស្រទន់ និង​គ្រឿង​តុបតែង​លម្អ​បែប​ឃ្យូតៗ The Ann Coffee រំលេច​ភាព​គួរឱ្យ​ស្រឡាញ់​តាំងពី​បរិវេណ​ហាង រហូតដល់​ក្នុង​កែវ​ភេសជ្ជៈ និង​ចាន​អាហារ​របស់ខ្លួន។

តុក្កតា​ខ្លាឃ្មុំ​ដ៏​ឃ្យូ​ត​អង្គុយ​ក្នុង​កែវ​ទឹក​សូកូឡា និង​កូនជ្រូក​ដ៏​គួរឱ្យ​ខ្នាញ់​ដេក​ហាមាត់​ក្នុង​កែវ​កាហ្វេ ដែល​ធ្វើឱ្យ​អ្នកឃើញ​ហើយ​សឹង​មិន​ចង់​ដាច់ចិត្ត​ឱ្យ​វារ​លាយ។

នំ​ម៉ាក់​ខា​រូ​ន​ចម្រុះ​ពណ៌​តូច​ច្រឡឹង គួរឱ្យ​ចង់​ថតរូប​ឱ្យ​ឆ្អែតឆ្អន់​មុននឹង​ដាច់ចិត្ត​ដាក់ចូល​មាត់​ញ៉ាំ។

ចំណីអាហារ និង​ភេសជ្ជៈ​ដ៏​ឃ្យូតៗទាំងនេះ ជា​សមិទ្ធផល​របស់​ម្ចាស់​ហាង​ជនជាតិ​តៃវ៉ាន់ វី​វី ដូ ដែល​បាន​ទៅ​សិក្សា​រូបមន្ត​ឆុង​កាហ្វេ ធ្វើ​ភេសជ្ជៈ រួមទាំង​អាហារសម្រន់ នៅ​ប្រទេស​កូរ៉េ ដើម្បី​យកមក​បង្កើត​រូបមន្ត​ថ្មី​ខ្លួនឯង​បន្ថែម​សម្រាប់​ការបើក​ហាង​នេះ។

ចាប់​តាំង​បើក​កាលពី​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ រយៈពេល​ប្រហែលជា​បាន​ជាង ៣ ខែ អតិថិជន​បានមក​ជា​ហូរហែ រហូត The Ann Coffee បាន​ពង្រីក​ចំនួន២សាខា។

អ្នកគ្រប់គ្រង​ហាង ឡក់ អាន​លីកា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «ដោយសារ​តែ​កាល​មួយរយៈ​មុន​កូ​វីដ​ផ្ទុះ​លើក​ទី២ យើង​មាន​ភ្ញៀវ​ត្រឹមតែ ២០០ ទៅ ៣០០ នាក់ ​ក្នុង ១ ថ្ងៃ​ប៉ុណ្ណោះ​គិត​ទាំង​អ្នក​ខ្ចប់​ចេញ។ តែបើ​មុន​ការផ្ទុះ​កូ​វីដ​អតិថិជន​ច្រើន​រហូត​យើង​ពិបាក​នៅក្នុង​ការកំណត់​ចំនួន​ណាស់»។

Content image - Phnom Penh Post
រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កញ្ញា​បាន​បន្តថា៖ «អ្នកខ្លះ​ពេល​មកហើយ​មិនមាន​កន្លែង​អង្គុយ​គាត់​សុខចិត្ត​ឈរ​ចាំ។ ឯ​ខ្លះទៀត​ក៏​សុខចិត្ត​ទៅ​កន្លែង​ណា​ផ្សេង​សិន​ហើយ​ត្រឡប់មក​វិញទៀត»។

ច្បាស់​ណាស់​ថា​ ការដែល​ភ្ញៀវ​សម្រុក​មក​ទាំង​គំហុក​បែបនេះ ព្រោះតែ​ភាព​ប្លែក​ពិសេស​របស់​រសជាតិ​ភេសជ្ជៈ និង​ម្ហូប​តែម្ដង​ដែល​សូម្បីតែ​ភ្ញៀវ​ជនជាតិ​បរទេស​ក៏​មក​អ៊ូអរ​នៅពេល​ព្រឹក​ដែរ។

ភេសជ្ជៈ​ដែល​ពេញនិយម​សម្រាប់​អតិថិជន​ជាងគេ​គឺ​កាហ្វេ​ពងមាន់​ស្រែ Special Egg Coffee, Orange Lemongrass Peach Tea និង Ice Latte កាហ្វេ​ឡា​តេ​ត្រជាក់​ដ៏​ឆ្ងាញ់។

កញ្ញា អាន​លីកា បាន​ប្រាប់​ពី​រសជាតិ​របស់​កាហ្វេមួយៗយ៉ាង​ដូច្នេះ​ថា៖ «កាហ្វេ​ពងមាន់​ស្រែ​គឺ​វា​ប្លែក​ណាស់ គ្មាន​ក្លិនឆ្អាប​អ្វី​ទាំងអស់។ សម្រាប់ Orange Lemongrass Peach Tea នេះ​ក៏មាន​ការ​ពេញនិយម​បំផុត​ដែរ ក្លិន​ពី​ស្លឹកគ្រៃ​ក្នុង​ភេសជ្ជៈ​ជា​អ្វីដែល​កម្រ ធ្វើឱ្យ​អតិថិជន​ទទួលបាន​រសជាតិ​ដ៏​សម្បូរបែប»។

កញ្ញា​បន្តទៀតថា៖ «សម្រាប់​កាហ្វេ​ឡា​តេ​ត្រជាក់ គឺ​ត្រូវ​បានដាក់​បម្រើភ្ញៀវ​ដោ​យមក​ជាមួយនឹង​កែវ​កាហ្វេ​ផ្សេង កែវ​ទឹក​ស្ករ​ផ្សេង កែវ​ទឹកដោះគោ​ឆៅ​ផ្សេង និង​កែវ​ទឹកកក​ផ្សេង។ នៅពេល​ទទួលទាន ភ្ញៀវ​អាច​ចាក់​ទៅតាម​កម្រិត​ខ្លាំង ឬ​ខ្សោយ តាម​ចំណូលចិត្ត​របស់ខ្លួន»។

Content image - Phnom Penh Post
នំម៉ាក់ខារូន​ចម្រុះពណ៌ និង​បង្អែម​ជា​ច្រើន​មុខ​ទៀត​ នៅ​ហាង The Ann Coffee។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

នៅក្នុង​ភេសជ្ជៈមួយៗគឺមាន​ការតាក់តែង​ដោយ​រូប​ខ្លាឃ្មុំ​តាម​ដោយ​ពណ៌ផ្សេងៗ និង​កាហ្វេ​ដែលមាន​រូប​កូនជ្រូក​ដ៏​គួរឱ្យ​ខ្នាញ់។

ហាង​ក៏មាន​បម្រើ​អាហារសម្រន់​ដូចជា គីម​បាប់ (បាយ​រុំ​កូរ៉េ) សាំង​វិច​ឥន្ទធនូ និង​នំ​បុ័ង​សាច់​ពិសេស។

សាំង​វិច​ឥន្ទធនូ​ធ្វើឱ្យ​ភ្ញៀវ​ជាប់ចិត្ត​មែនទែន។ ជំនួស​ឱ្យ​ស្នូល​សាច់ ឬ​ប្រហិត​ក្នុង​នំ​បុ័ង ឥន្ទធនូ​មាន​ស្នូល​ដំណាប់​ផ្លែឈើ​មាន​ចម្រុះ​ពណ៌។ ពេល​កាច់​នំប៉័ង​ទាញ​វា​ចេញពី​គ្នា ឥន្ទធនូ​ដ៏​ឆ្ងាញ់​នឹង​លាត​ចេញមក។

នំ​បុ័ង​សាច់​ពិសេស​ក៏​មិនគួរ​មើលរំលង​ដែរ។ នៅ​ចន្លោះ​នំប៉័ង​មាន​រំលេចបន្លែស្រស់ៗដូចជា ចំណិត​ត្រសក់ ការ៉ុត ខ្ទឹមបារាំង ស្លឹក​ខ្ទឹម ជីរ សាច់ចិញ្ច្រាំ និង​សាច់​ប៉ា​តេ​លាយ​ប​ញ្ជូ​លគ្នា​យ៉ាង​ទំនង។

តម្លៃ​អាហារសម្រន់​ចាប់ពី ១ ដុល្លារ ទៅ ៣,៥ ដុល្លារ និង​តម្លៃ​ភេសជ្ជៈ​គឺ ១,៥ ដុល្លារ ទៅ ៣,៥ ដុល្លារ។

Content image - Phnom Penh Post
ការ​តុបតែង​ហាង The Ann Coffee មាន​លក្ខណៈ​ឃ្យូតៗ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកគ្រប់គ្រង​ហាង​វ័យ ២៣ ឆ្នាំ​រូបនេះ បាន​ប្រាប់ថា គ្រប់ផ្នែក​នៃ​ហាង​នេះ​ទាំង​សេវាកម្ម អាហារ​ទាំង​ភេសជ្ជៈ និង​ការតុបតែង​ទទួលបាន​ការកោតសរសើ​រ​ពី​ភ្ញៀវ។

យ៉ាងណាមិញ កញ្ញា អាន​លីកា លើកឡើងថា៖ «ខ្ញុំ​គិតថា​ហាង​នេះ​គឺ​ល្អ​គ្រប់គ្រាន់​ហើយ។ បើ​មាន​អ្វីមួយ​ដែល​យើង​ចង់​ធ្វើ​នោះ​គឺ​ការពង្រីក​ហាង​តែ​ទីនេះ​យើង​មិនអាច​ពង្រីក​ទៅណា​ទេ ហេតុនេះ​ទើប​យើង​បើក​សាខា​ថ្មី​ដើម្បី​បំពេញតម្រូវការ​អតិថិជន​របស់​យើង។ ដោយ​ទីតាំង​ថ្មី​គឺជា​ហាង​មាន​ទីធ្លា​ធំ​ទូលាយ និង​មាន​ដល់​ទៅ ២ ជាន់។ ពេលនេះ​អតិថិជន​មិនចាំបាច់​ត្រូវ​រង់ចាំ​យូរ​ទៀត​ទេ»។

The Ann Coffee បើក​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង ៦ ព្រឹក ​ដល់​ម៉ោង ៩ យប់។ សាខា​ទី១ នៅ​ជិត​វិមានឯករាជ្យ និង​សាខា​ទី២ នៅ​ផ្លូវ៦៣ កែង ៣៣៤ បឹង​កេងកង​ទី១៕

ព័ត៌មានថ្មីៗ