ក្រុងឡាហាវ៉ាន៖ នៅ​គុយបា​ជា​ទី​ដែល​រថយន្ដ​អាមេរិក​ចាស់​ជាង​អាយុ​ពលរដ្ឋ​ជា​មធ្យម​រមែង​ត្រូវបាន​មើលឃើញ​នៅលើ​ដង​វិថី​ក្នុង​ទីក្រុង លោក ប៉ាប្លូ ម៉ានសូ បាន​ប្រក​បរបរ​ដ៏ពេញនិយម ជាមួយ​ជំនាញ​ជួសជុល​រថយន្ដ Chevrolets ហៅខ្លីៗ​ថា Chevy តាំងពី​ស៊េរី​ឆ្នាំ ១៩៥៥ ឆ្នាំ ១៩៥៦ និង​ឆ្នាំ ១៩៥៧។

ជាង​ជួសជុល​រថយន្ដ​ស្វ័យ​សិក្សា​ប្រកបមុខរបរ​ក្នុង​រោង​ជាង​ដែល​លោក​បាន​បង្កើតឡើង​តាំងពី ១៥ ឆ្នាំមុន​នៅក្នុង​ទីក្រុង​តូច​ប្លាតាស​ភាគ​កណ្ដាល​ដែន​កោះ​នៃ​ប្រទេស​កុម្មុយនីស្ដ​មួយ​នេះ។


លោក​បាន​កែច្នៃ​រថយន្ដ Chevy ពី​ម៉ាស៊ីន​ដែល​លោក​ផលិតឡើង​ដោយ​ខ្លួនឯង​ក្នុងប្រទេស​ដែល​ទណ្ឌកម្ម​អាមេរិក​បាន​បន្ដ​រារាំង​ការនាំ​ចូល​គ្រឿងបន្លាស់​រថយន្ដ​ និង​ជំនួញផ្សេង។


លោក ម៉ានសូ អាយុ ៥៣ ឆ្នាំ​បាន​ប្រាប់ AFP ថា៖ «រថយន្ដ​ទំនើប​មិន​ធ្វើឱ្យ​ចាប់អារម្មណ៍​ឡើយ»។


លោក​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការស្វែងយល់​ពី​ជំនាញ​ជួសជុល​ និង​កែច្នៃ​រថយន្ដ​ចាស់ៗ ដោយ​ខិតខំ​ធ្វើការ​ទាំងយប់​ និង​ថ្ងៃ ក៏ដូចជា​រៀន​តាម​បទពិសោធ​ជាក់ស្ដែង។


លោក​ បាប្លូម៉ានសូ ​ព្យាយាម​រៀនសូត្រ​ដោយ​ខ្លួនឯង​ក្នុង​ការកែច្នៃ​រថយន្ត​បុរាណចាស់។ រូបថត AFP


កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​បាន​តបស្នង​ហើយ​បច្ចុប្បន្ន​ម្ចាស់​រថយន្ដ​ម៉ូដែល Chevrolet មកពី​គ្រប់​ច្រកល្ហក​នៃ​ប្រទេស​គុយបា បាន​តាម​ស្វែងរក​លោក​ក្នុង​ការជួសជុល​រថយន្ដ​របស់​ពួកគេ។

លោក ម៉ានសូ បាន​និយាយ​យ៉ាង​មាន​មោទនភាព ដោយ​បាន​បង្ហាញ​ការកុម្ម៉ង់​ពី​សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី និង​អេស្ប៉ាញ​ថា៖ «មនុស្សម្នា​ជាច្រើន​នាំគ្នា​ផ្ដល់​គ្រឿងបន្លាស់​មកពី​ប្រទេស​នានា»។

នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី ២០ ពលរដ្ឋ​គុយបា បាន​នាំចូល​រថយន្ដ​អាមេរិក​រាប់ម៉ឺន​គ្រឿង រួមទាំង​ម៉ូដែល​ថ្មី។ ប៉ុន្ដែ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​បានប្រកាស​ក្នុង​ឆ្នាំ ១៩៦២ ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ ហ្វ៊ីដែលកាស្ដ្រូ​ បាន​បញ្ឈប់​ការនាំ​ចូល។

លោក​កាស្ដ្រូ ​បាន​ឆ្លើយតប​នា​គ្រានោះ​ថា៖ «យើង​ត្រូវការ​ត្រាក់ទ័រ មិនមែន​ប្រភេទ​រថយន្ដ Cadillacs ឡើយ»។

ម៉ូដែល​រថយន្ដ​បុរាណ Chevrolets ឆ្នាំ ១៩៥០ ស្ថិត​ក្នុង​ការប្រកួត​រថយន្ដ​លើកដំបូង​ដែល​គាំទ្រ​ដោយ​អង្គភាព​កីឡា​គុយបា។ រូបថត AFP

បច្ចុប្បន្ន​វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​រថយន្ដ​ចាស់ៗ​អាមេរិក ៦ ម៉ឺន​គ្រឿង​ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ដល់​ឆ្នាំ ១៩៥០ កំពុង​ចរាចរ​នៅ​ប្រទេស​គុយបា។

រថយន្ដ​ទាំងនោះ​ត្រូវបាន​ថែទាំ​យ៉ាង​ល្អ​ដោយ​ម្ចាស់​របស់​វា ដែល​ពឹង​អាស្រ័យ​ពួកវា​លើ​ការដឹកជញ្ជូន​ប្រចាំថ្ងៃ​តែ​ក៏​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងប្រទេស​ដែល​រថយន្ដ​ក៏​ជា​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ផងដែរ។

លោក​ ម៉ានសូ ​ខ្លួនឯង​ក៏​ជា​ម្ចាស់​រថយន្ដ Chevrolet Bel Air ពណ៌​ក្រហម​លាយស​ផលិត​ឆ្នាំ ១៩៥៥ ផងដែរ ដោយ​លោក​បាន​រក្សា​នូវ​ទម្រង់​ដើម​ស្ទើរតែ​ទាំងស្រុង​លើកលែង​តែ​ម៉ាស៊ីន ដែល​ត្រូវបាន​ជំនួស​ដោយ​ម៉ាស៊ីន Toyota វិញ។

ទាំងនេះ​ជា​ការកែប្រែ​យ៉ាង​ធំ​សម្បើម​ដើម្បី​ឱ្យ​រថយន្ដ Chevys បន្ដ​រស់នៅ​ប្រទេស​គុយបា​ដោយ​ម៉ាស៊ីន​ដើម​របស់​ពួកវា​មិនអាច​ទ្រាំទ្រ​នឹង​ការប្រើប្រាស់​ដ៏​យូរអង្វែង​បានឡើយ។

ដុកទ័រ​រថយន្ត​ចាស់ៗ​លោក​ ម៉ានសូ ​បាន​និយាយថា រថយន្ដ Chevrolet អស់​ទំនើប​ត្រឹម​ឆ្នាំ ១៩៥៥ ហើយ​ឆ្នាំ​នោះ រួមទាំង​ឆ្នាំ ១៩៥៦ និង​ឆ្នាំ ១៩៥៧ គឺជា «ឆ្នាំ​ដ៏ជោគជ័យ» សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ដ​អាមេរិក ដែល​លោក​ជ្រើសរើស​វា ធ្វើជា​ទ្រព្យ​ដ៏វិសេស៕ HR

លោក​ យូសបែលសូសា ​អាយុ ៣៣ ឆ្នាំ​ពលរដ្ឋ​គុយបា​ជិះ​រថយន្ដ Chevrolet Impala ឆ្នាំ ១៩៥៩។ រូបថត AFP

រថយន្ត​បុរាណ​អាយុកាល​ជាង​កន្លះ​សតវត្សរ៍​ដ៏ច្រើន​គ្រឿង​គឺជា​ភាពទាក់ទាញ​ទេសចរ​មកកាន់​ទីក្រុង​នៅ​គុយបា។ AFP

រថយន្ដ​ចាស់ៗ​អាមេរិក ៦ ម៉ឺន​គ្រឿង​ចាប់ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ដល់​ឆ្នាំ ១៩៥០ កំពុង​ចរាចរណ៍​នៅ​ប្រទេស​គុយបា។

ដងវិថី​នានា​នៅ​គុយបា​មាន​វត្តមាន​រថយន្ត​ចាស់ៗ​សល់​តាំងពី​សម័យ​ឆ្នាំ ១៩៤០ ដល់​ឆ្នាំ ១៩៥០។

អ្នករត់​តាក់ស៊ី​ជូត​សម្អាត​រថយន្ត​បុរាណ​របស់ខ្លួន​ត្រៀមខ្លួន​ស្វាគមន៍​ភ្ញៀវទេសចរ។ AFP