ក្រុង​សិង្ហបុរី៖ តាក់ស៊ី​​ហោះ​ស្រដៀង​ Drone បាន​បង្អួត​រាង​នៅ​លើ​ផ្ទៃ​ទឹក​ប្រទេស ​សិង្ហបុរី ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​ក្រុមហ៊ុន​ផលិត​បច្ចេកវិទ្យា​នេះ​រំពឹង​ថា យាន​ដឹក​ជញ្ជូន​នេះ​នឹង​ធ្វើ​បដិវត្ដន៍​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង​ដ៏​ណែន​តាន់តាប់​នៃ​តំបន់​អាស៊ី​។

យាន​ដែល​បំពាក់​ស្លាប ​១៨ គ្រាប់​ អភិវឌ្ឍ​​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Volocopter និង​ជាមួយ​ពីឡុត​បញ្ជា​ខាង​លើ​ស្រាប់​អំឡុង​ពេល​ធ្វើ​តេស្ដ​ហោះហើរ ដោយ​ចេញ​ដំណើរ​ពី​ជ្រោយ​ខ្ពស់​មួយ​កន្លែង និង​ហោះ​ប្រមាណ ២,៣០ នាទី​ ជុំវិញ​ខណ្ឌ ម៉ារីណា បេ​។


ភ្លៀង​ខ្លាំង​នា​ពេល​ព្រឹក​ស្ទើរ​តែ​ខក​ខាន​ការ​ហោះហើរ​សាក​ល្បង​ទៅ​ហើយ តែ​ផ្ទៃ​មេឃ​ស្រាប់​ប្រែ​ស្រឡះ​ដែល​ផ្ដល់​ឱកាស​ឲ្យ​តាក់ស៊ី​កៅអី ​២ ​ប្រតិបត្ដិការ​ដោយ​អាគុយ ហោះ​ដោយ​គ្មាន​សំឡេង​រំខាន​លើ​ប្រជុំ​អគារ​ខ្ពស់ៗ​។


ខណៈ​តាក់ស៊ី​ហោះ ស្រដៀង​ឧទ្ធម្ភាគចក្រ​តែ​ប្រើ​បច្ចេកវិទ្យា​ Drone អាច​ហោះហើរ​ស្វ័យ​ប្រវត្ដិ​ វា​មាន​អ្នក​បើកបរ​ម្នាក់​អំឡុង​ពេល​ធ្វើ​តេស្ដ​សម្រាប់​មូលហេតុ​សុវត្ថិភាព​។


Volocopter ត្រូវបាន​តេស្ដ​ហោះហើរ​​នៅ​ទីក្រុង​ឌូបៃ និង​ហែលស៊ិនគី ​​​អាល្លឺម៉ង់ និង​ឡាស​វេហ្គាស តែ​ផ្លូវ​ហោះហើរ​​​សិង្ហបុរី ​គឺ​ជា​ការ​សាកល្បង​លើក​ដំបូង​នៅ​កណ្ដាល​ក្រុង​។


តាក់ស៊ីហោះ​មាន​សណ្ឋាន​ដូច​ ដ្រូន​ខ្នាត​ធំ ត្រូវបានគេ​រំពឹង​ថា​នឹង​អាច​ដឹក​អ្នកដំណើរ​បញ្ចៀស​ការ​កក​ស្ទះចរាចរណ៍​​។ រូបថត AFP


ទីក្រុង​ដ៏​មាន​សណ្ដាប់​ធ្នាប់​មួយ​នេះ​ទំនង​ជា​ស្ថិត​ក្នុង​គម្រោង​ទីក្រុង​ទទួល​សេវាកម្ម​នេះ​មុន​គេ ដោយ​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​រយៈពេល​ពី ២ ទៅ ៤ ឆ្នាំ​ទៀត ហើយ​ក្រុមហ៊ុន Volocopter រំពឹង​ថា​នឹង​ណែនាំ​យាន​ហោះ​នេះ​ដល់​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ី។

តម្លៃ​សម្រាប់​ការ​ហោះហើរ​នៅ​មិន​ទាន់​កំណត់​ តែ​ Volocopter មាន​បំណង​ដាក់​ឲ្យ​ថ្លៃ​ជាង​តម្លៃ​តាក់ស៊ី​ឡាន​បន្ដិច​ប៉ុណ្ណោះ​។

អគ្គនាយក​ Volocopter លោក Florian Reuter បាន​និយាយ​ថា​៖ «ជា​ទូទៅ យើង​មើល​ឃើញ​តំបន់​អាស៊ី​ជា​ទីផ្សារ​ដ៏​ធំ ​ដែល​គួរ​ទទួល​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ​ ហើយ​យើង​មាន​បំណង​ចង់​ចាប់​ផ្ដើម​ពី​សិង្ហបុរី​មុន​»។

លោក​បាន​ប្រាប់​ថា ក្រុមហ៊ុន​ចង់​នាំ​ឲ្យ​សេវាកម្ម​នេះ​មក​ទីក្រុង​មួយ​ចំនួន​ទៀត ដូចជា ហ្សាការតា ម៉ានីល និង​បាងកក​ ព្រម​ទាំង​ផ្នែក​ខ្លះ​នៃ​ប្រទេស ​ឥណ្ឌា និង​ចិន​។

ទីក្រុង​ធំៗ​ជា​ច្រើន​នៅ​អាស៊ី​ល្បី​​ខាង​ស្ទះ​ចរាចរណ៍​ខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​រាប់​លាន​នាក់​ចំណាយ​ពេល​វេលា​យូរ និង​អាច​ខក​ជើង​យន្ដហោះ ព្រម​ទាំង​ជំនួប​ប្រជុំ​សំខាន់ៗ​។

Volocopter ប្រឈម​ការ​ប្រកួត​ប្រជែង​មួយ​ចំនួន រួម​ទាំង Uber និង​ Kitty Hawk ជា​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​សហ​ស្ថាបនិក Google លោក Larry Page​។

នាយក​ប្រតិបត្ដិរូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​វា​ហាក់​ដូច​ជា​រឿង​អព្ភូតហេតុ​វិទ្យាសាស្ដ្រ​បន្ដិច​ចំពោះ​អ្នក​ខ្លះ តែ​ខ្ញុំ​គិត​ថា ពេល​នេះ យើង​នឹង​ចាប់​ផ្ដើម​ប្រើ​សក្ដានុពល​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ​»៕ AFP/HR